Thursday, September 29, 2011

​កំណត់ហេតុ ពី​ទ្វារ​មួយគូរ​នៅ​ប្រាសាទភ្នំជីសូរ​

    ​ក្រោយ​ពីស​.​វ​ទី ១៤ មក ដូច​ប្រាសាទ​ដទៃៗ​ឯទៀត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្ថិតក្នុង​សម័យកាល​មួយ​មាន វិបត្តិ​នៅឡើយ​ដែរ ប្រាសាទភ្នំជីសូរ​ស្ថាបនា​ឡើង​ដោយ ព្រះបាទ​សុរិយា​វរ្ម័នទី​១ នៅ​ស​.​វ​ទី​១១ ក៏បាន​ប្រែក្លាយ​ទៅជា​ពុទ្ធ​សាសន​ដ្ឋា​ន​មួយ​ដ៏​សំខាន់ ក្នុង​ខេត្តតាកែវ ។ គឺ​ក្នុង​បរិបទ​សង្គម​វប្បធម៌​នេះហើយ ទើប​មានការ​ឆ្លាក់​នូវ​ប្រអប់ទ្វារ​មួយគូ ធ្វើ​អំពី​ឈើ សម្រាប់​ខ័​ន្ទ​មណ្ឌប ដ៏​ស័ក្តិសិទ្ធិ​នៃ​ប្រាង្គ​កណ្តាល នៃ​ទេវស្ថាន​ខាងលើនេះ ដើម្បី​មូលហេតុ​សាសនា ។ ការកែច្នៃ​នេះ ក៏ដូចជា​ចម្លាក់​ទ្វារ​មួយគូ លាប​ពណ៌​គួរ​ឲ្យ​ជក់ចិត្ត​ណាស់ គឺ​ត្រូវបាន​អនុវត្ត​ឡើង​នៅក្នុង​អំឡុង ស​.​វ​ទី​១៧ យ៉ាង​ប្រាកដ ។​
​    ​សូមជម្រាបថា ទ្វារបាល​ឬ​ឆ្មាំទ្វារ​ខាងស្តាំ ស្ថិតក្នុង​ឥរិយាបទ​ឈរ នៅលើ​សត្វ​រមាស​ភ្លើង​តូច​មួយ ដោយនៅ​ដៃ​មាន​កាន់ដំបង គួរ​ឲ្យ​ព្រឺព្រួច ។ អ្វីដែល​អស្ចារ្យ​នោះ​គឺ ដូច​ករណី​ទ្វារបាល​នា​សម័យ​បាយ័ន នៅ​ទីក្រុង​ស្រី​ទេព នៅ​ខេត្ត​ពេជ្រ​ប៊ូ​ន ដែរ ជើង និង ដៃ របស់​ទេវតា​បន្ទាប់បន្សំ​ទាំងពីរ​នេះ បំពាក់​ដោយ​កងដៃ​និង​កងជើង​ជាស​ត្វ​ពស់ ។ ចំណែក​ទ្វារបាល​ខាងឆ្វេង​មាន​យានជំនិះ​គឺជា​សត្វ​ជ្រូក  ។​

ក្លោង​ទ្វារ​ឈើ​ផាត់​ពណ៌ ក្រោយ​អង្គរ និង​រូប​ពង្រីក ប្រាសាទភ្នំជីសូរ (​ថត​ ឆ្នាំ​១៩៩៣)​

​     ​ជា​អកុសល​ថ្មីៗ​នេះ សន្លឹក​ទ្វារ​មួយ​ក្នុងចំណោម​សន្លឹង​ទ្វារ​ទាំងពីរ ត្រូវបាន​គេ​លួច​បាត់ទៅហើយ ។ សន្លឹក​ទ្វារ​មួយទៀត ដែល​នៅ​សេសសល់​នោះ ក៏ត្រូវ​អាជ្ញាធរ​ដឹកយក​ទៅ​តម្កល់ទុក​នៅ​ខេត្តតាកែវ ។ ខាងលើនេះ​គឺជា​ព័ត៌មាន ដែល​យើង​បានទទួល ដោយ យោង​លើ​ខ្លឹមសារ នៃ​បទសម្ភាសន៍​មួយ កាលពី​ខែធ្នូ ឆ្នាំ​២០១០ ។​
​    ​យើង​នៅ​ចងចាំ​ថា កាលពី​ខែឧសភា ឆ្នាំ​១៩៩៣ យើង​បានស្នើ​ទៅ​អាចារ្យវត្ត ឲ្យ​មេត្តា​ដឹក​ទ្វារ​ទាំងពីរ​នេះ ដើម្បី​យកទៅ​រក្សាទុក​នៅឯ ទី​រួម​ខេត្ត ដែលមាន​សុ​វត្ថិភាព​ជាង តែ​វា​ជាការ​ឥតន័យ ។​
​    ​តាម​ប្រភពព័ត៌មាន​មួយ ដែល​គួរ​ឲ្យ​ជឿជាក់ថា ការដែល​ក្រុមចោរ​ជំនាញ​បាន​លួច​ប្លន់​វត្ថុ​វប្បធម៌​ជាតិ ដោយ​ជោគជ័យ​នោះ ក៏​ដោយសារ​មានការ​ឃុ​ប​ខិត​ពី​មនុស្ស​នៅ​ទីនោះ​ដែរ ។ ដូច្នេះ គប្បី​មានការ​ស៊ើបអង្កេត​ដើម្បី​យក​ជន​ទុច្ចរិត​ទៅ​ផ្តន្ទាទោស​តាមច្បាប់ ៕ (​ម​.​ត្រា​ណេ​)

ប្រភព​បុ​រេ​អង្គរ​នៃ​ព្រះ​សិ​អារ្យ​មេ​តេ​យ្យ​ខ្មែរ​

  ​រហូតដល់​សព្វថ្ងៃ អ្នក​ស្រាវ​ជាវ​បរទេស​ដោយឡែក​សៀម ចាត់ទុកថា ចម្លាក់​បុរាណ​ទាំង​ប៉ុន្មាន តំណាង​ព្រះ សិ​អារ្យ​មេ​តេ​យ្យ ដែល​គេ​បាន​រកឃើញ​នៅក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន ជាពិសេស​ក្នុង​ភូមិភាគ​ឦសាន គឺជា​សិល្បៈ​ខ្មែរ តែ​បានទទួល ឥទ្ធិពល​ពី​សិល្បៈ​មន​ឬ​ជួនកាល​ជា​សិល្បៈ​មន​តែម្តង ដែល​ត្រូវបាន​រលត់​សង្ខា​នៅ​ចុង​ស​.​តទី​១៣ ដើម​ស​.​តទី​១៤ ដោយ​វាតទី និយម​របស់​នគរ​សុខោទ័យ និង​អយុធ្យា ។ មាន​អ្នកនិពន្ធ​ខ្លះទៀត ថែមទាំង​ហ៊ាន​ប្រកាសថា ពុទ្ធបដិមា​កម្ម​ខ្មែ​បែប​មហាយាន ទាំងនោះ គឺជា​សិល្បៈ​របស់​នគរ​ចនសៈ ដែលជា​រដ្ឋ​ឯករាជ ឬ ស្វយ័ត​មួយ​ដែល​មិនមែនជា​ខ្មែរ ។ ព្រោះ​រដ្ឋ​ចនសៈ​នេះ ស្ថិតនៅ “​ក្រៅ​រាជធានី​ប្រទេស​កម្ពុជា​” ទោះបី​នគរ​នេះ​បាន​ប្រើប្រាស់ ឬ​និយាយ​ភាសា​ខ្មែរ​និង​ចេះ​និយម​ភាសាសំស្ក្រឹត​ក៏ដោយ ។​
​    ​ថ្វីត្បិតតែ​សេចក្តី​អះអាង​ខាងលើនេះ ត្រូវបាន​លោក ប័​ស្សឺ​លី​យេ ច្រានចោល​ក៏ដោយ មុនពេល​លោក​ចែក​ឋាន លោក​បានបញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ថា ខេត្ត​នគររាជ​សីមា ក៏ដូចជា​ខេត្ត​បុរីរម្យ គឺជា​ភាគ​មួយ នៃ ចក្រភព​កម្ពុជទេស យ៉ាង​ប្រាកដ ។ ជា​អកុសល លោក​ពុំទាន់​បាន​វែកញែក​ជាក់លាក់​នៅឡើយ ។ ម្យ៉ាងវិញទៀត លោក​ក៏​ពុំបាន​បង្ហាញ​នូវ ភស្តុតាង​ណាមួយ​ជា​ចម្លាក់​បុរាណ​បុ​រេ​អង្គរ ដែល​គេ​បាន​ជួបប្រទះ​នៅ​កម្ពុជា ឬ​នៅ​វៀតណាម​ខាងត្បូង​ជាដើម ដើម្បី​ជាការ​បំ​ភ្លឹ​អំពី​បញ្ហា​ខាងលើនេះ​នៅឡើយ​ដែរ ។ ដូច្នេះ មាន​ប្រវត្តិវិទូ​តិច​ណាស់ ដែល​បាន​ជ្រាប​អំពី​បញ្ហា​សាំញ៉ាំ​នេះ ហើយ​រហូតដល់​សព្វថ្ងៃ នៅតែមាន​ភាព ច្របូកច្របល់​ដដែល ។

នៅ​កម្ពុជា​ក្រោម (Cf. Le Thi Lien), អង្គរបុរី​កម្ម​សិទ្ធ​ឯកជន (​ថត ២០០៩)​

​     ​ថ្មីៗ​នេះ​កង្វះខាត​នៅតែមាន ឧទាហរណ៍​ជាក់ស្តែង ការស្រាវជ្រាវ​របស់​ឧ​រៃ​ស្រី ( Cf. ឧ​រៃ​ស្រី វរៈ​សារិន ២៥៤៥ “ ព្រះ​បដិមា​កម្ម​សំរឹទ្ធ​ថ្មី រកឃើញ​ថ្មី​មកពី​បាន​ផាយ របស់​សារមន្ទីរ​ជាតិ​ព្រះ​នគរ ” ប្រជុំ​អត្ថបទ​ខ្មែរ​បោះពុម្ព ក្រុម​បុរាណវិទ្យា មហា​វិទ្យា​សិល្បៈករ ថ្ងៃ​អង្គារ ទី​៨ ខែតុលា ពុទ្ធសករាជ ២៥៤៥, បាងកក​) នៅតែ​គ្មាន​តម្លាភាព ហើយ​ពុំ​ប្រកបដោយ​លក្ខណៈ ជា​វិទ្យាសាស្ត្រ ដែល​គេ​អាច​ទទួលយកបាន​នៅឡើយ ។​
​    ​សូមជម្រាបថា នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ គេ​ឃើញ​មាន​ចម្លាក់​តំណាង​ឲ្យ​ព្រះ​ពោធិសត្វ​ខាងលើនេះ មួយ​ព្រះអង្គ​ដែរ ដែល​បានមកពី​ខេត្ត​បុរីរម្យ ដូច​ករណី​ចម្លាក់​មួយចំនួនទៀត ដែលជា​កម្មសិទ្ធិ​របស់​សារមន្ទីរ​ហ្គី​មេ និង​សារមន្ទីរ​នៅ​សហរដ្ឋអាមេរិក​ជាដើម ។ ចំពោះ​ពុទ្ធបដិមា​បុ​រេ​អង្គរ​ទាំងនោះ​ផ្ទុយ​ពី​នៅ​ថៃ គេ​ចាត់ទុកថា​ជា​សិល្បៈ​ខ្មែរ​មុន​អង្គរ​សុទ្ធសាធ ។​
​    ​ដូចនេះ ជាទូទៅ​អ្នកប្រាជ្ញ​បរទេស ហាក់ដូចជា​បានបញ្ជាក់​ប្រភព​ខ្មែរ នៃ​ចម្លាក់​សំរឹទ្ធ​ទាំងនោះ​រួចស្រេច​ទៅហើយ គឺ​មិនគួរ​ឲ្យ​សង្ស័យ​ឡើយ ។ ប៉ុន្តែ​បញ្ហា​ដែល​ចោទ​នៅទីនេះ គឺថា​តើ ក្នុងករណី​ណា​ដែល​យើង​អាច​និយាយបានថា សិល្បៈ​ខ្មែរ​បែប​មហាយាន​ខាងលើនេះ មិន​បានទទួល​ឥទ្ធិពល​ពី​សិល្បៈ​មន  ។ តើ​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​ដែនដី​សន្ត​កម្ពុជា​បច្ចុប្បន្ន ដែល​សព្វថ្ងៃ បានក្លាយ​ទៅជា​ប្រទេស​វៀតណាម​ខាងត្បូង​នោះ យើង​មាន​ចម្លាក់​ព្រះ​ស្រី​អារ្យ​ម​ត្រ័យ ដូច​នៅ​ខេត្ត​បុរីរម្យ ឬ រ៉​យ អែ​ត​នៅ​ប្រទេស​សៀម​បច្ចុប្បន្ន​ដែរឬទេ ?

ព្រះ​ស្រី​អាមៃ​ត្រ័យ​, បុរីរម្យ (Cf.Bunber and. Latchford, USA និង​សារមន្ទីរ​ហ្គី​មេ​)

​     ​គប្បី​ជ្រាបថា ជនជាតិខ្មែរ​នៅ​កម្ពុជា​ក្រោម ( Cf. Le Thi Lien, 2006, Buddhist and Hindu Art in the cuu Long River Delta . Vietnam ) និង កម្ពុជា​បច្ចុប្បន្ន ជាពិសេស​នៅក្នុង​ខេត្តតាកែវ បាន​ប្រារព្ធ​លទ្ធិ​ព្រះពុទ្ធសាសនា​មហាយាន តាំងពី​សម័យ​នគរ​ភ្នំ ម្ល៉េះ ហើយ​ការបូជា​ព្រះ​ពោធិសត្វ​អង្គ​នេះ ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​បដិមា​កម្ម​មួយចំនួន​ដែល​គេ​បាន​រកឃើញ ហើយ​សព្វថ្ងៃ​ត្រូវបាន​តម្កល់ នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។ យើង​អាច​លើក​ជា​ឧទាហរណ៍ នូវ​ចម្លាក់​មេ​ត្រ័យ នៅ​ស្រុក​ទ្រង់​ឌៀង ខេត្ត វិញ​ឡុង (Cf.Malleret,L.,1963 , Le Cibassac, PEFEO,vol XlIII, & XXXVIII) នៅ​ប្រាសាទអកយំ ខេត្តសៀមរាប​ជាដើម ដើម្បី​ចង្អុលបង្ហាញ​នូវ​ភាព​រីកចំរើន នៃ សាសនា​ខាងលើនេះ ។ ការរកឃើញ​នូវ​ចម្លាក់​ថ្មីៗ​មួយចំនួនទៀត នៅ​ខេត្តកំពង់ស្ពឺ ក៏​ជា​សក្ខីកម្ម​បន្ថែម​ថ្មី​មួយទៀត​បង្ហាញថា ផ្ទុយ​ពី​អ្នក​ប្រវត្តិវិទូ​ថៃ ដែលមាន​ការយល់ច្រឡំ​ថា ការហូរចូល​នៃ​សិល្បៈ​បែប​មហាយាន​នេះ ពី​មជ្ឈមណ្ឌល​ឥណ្ឌា​នានា ត្រូវបាន​ជ្រួត​ជ្រាបចូល​កំពង់ផែ​អូរ​កែវ​មុនគេ ហើយពី​ទីនេះ ក៏បាន​លាតសន្ធឹង​បន្តិច​ម្តងៗ​រហូតដល់​ខេត្តតាកែវ កំពង់ស្ពឺ សៀមរាប​អង្គរ សិរី​សោ​ភ័​ណ្ឌ ខេត្ត​សុ​រិ​ន្ទ្រ និង​បុរីរម្យ​ទៅវិញ​ទេ ។ មានន័យថា ក្នុងដំណាក់កាល​ដំបូង ខ្មែរ​មិនទាន់​បានទទួល​នូវ​ឥទ្ធិពល​ពី​បងប្អូន​មន ដែល​រួម​ឈាមជ័រ​ជាមួយ​ខ្មែរ​យើង​នៅឡើយ​ទេ ។​
​    ​ដូចនេះ គួរ​កំណត់​សម្គាល់ថា ចរន្ត​លទ្ធិ​មហាយាន ពុំបាន​ហូរ​ចូល​ពី​ឈូង​សមុទ្រ​សៀម ឬ​ពី​ទីក្រុង​អ៊ូ​ថង ដែល​ស្ថិតនៅ​វាលទំនាប​នៃ​ដង​ទន្លេ​ចៅ​ប្រា​យ៉ា ហើយ​បាន​ជ្រួតជ្រាប​លាតសន្ធឹង​ដល់​ខេត្ត​សុ​រិ​ន្ទ្រ បុរីរម្យ បាត់តំបង សៀមរាប​អង្គរ នោះទេ ទោះបីជា​នៅ​តំបន់​ទាំងនោះ ចម្លាក់​បែប​មហាយាន​ជាច្រើន​ត្រូវបាន​គេ​ជួបប្រទះ​ក៏ដោយ ។ ជាការ​ពិតណាស់ បើ​គេ​ទទួលស្គាល់​ហេតុការណ៍​នេះ ទស្សនៈ​របស់​អ្នកស្រាវជ្រាវ​ថៃ ដែល​មិនបាន​ពន្យល់​ប្រភព នៃ សិល្បៈ​បែប​មហាយាន​ខាងលើនេះ យ៉ាង​ជាក់ច្បាស់ ហើយ​អ្វីមួយ​ជាការ​ខុសឆ្គង ខាង​ទស្សនៈទាន​ផ្ទុយ​នឹង​ប្រវត្តិសាស្ត្រ​នោះ ពុំ​ត្រូវបាន​ទទួលស្គាល់ថា ត្រឹមត្រូវ​ពី​មតិ​អន្តរជាតិ ម្តងណា​ឡើយ​( Cf. Bunker and Latchford, 2004. Adoration and Glory-The Golden Age of Khmer Art, Chicago )
​    ​ជាការ​ពិតណាស់ បើសិនជា​គេ​ថា សិល្បៈ​បែប​មហាយាន​ខាងលើនេះ ជា​ឥទ្ធិពល​របស់​មន​សុទ្ធសាធ ចុះ​ហេតុអ្វី​បែរ​ជាមាន​ចម្លាក់ ព្រះ​ស្រី​អារ្យ​មេ​ត្រ័យ​ដូចគ្នា​ទាំងស្រុង ទាំង​លក្ខណៈ​បុគ្គល​នៃ​ចម្លាក់ ដូចជា​នៅ​កម្ពុជា​ក្រោម និង​នៅ​ខេត្តកំពង់ស្ពឺ និង​តាកែវ​ទៅវិញ ? បើ​យើង​ទទួលស្គាល់ថា សិល្បៈ​បុ​រេ​អង្គរ​នៅ​ថៃ ជា​ឥទ្ធិពល​របស់​សិល្បៈ​មន ទាំងនេះ​មានន័យថា ឥទ្ធិពល​នៃ វប្បធម៌​មន លើ​សិល្បៈ​ចេនឡា ( ពីស​.​តទី​៦ ដល់ទី​៨ ) មិន​សម​ហេតុផល​ឡើយ ហើយ​គឺ​ក្នុងករណី​នេះហើយ ដែល​យើង​ត្រូវតែ​តម្រូវ​ទស្សនៈ​ដែល​ឈរលើ​មតិ​ជាតិនិយម​ជ្រុល ខាងលើនេះ ៕ (​ម​.​ត្រា​ណេ​)

ប្រាសាទ​ព្រះ​គោ​

​សាងសង់ឡើង​នៅ​ឆ្នាំ​៨៧៩ ដោយ​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ (៨៧៧-៨៨៩ នៃ​គ​.​ស​) នៅមាន​ប​ច្ឆា​នាម ឥ​ស្វា​រៈ​លោកា ប្រាសាទ​ព្រះ​គោ មាន​តួ​ប៉ម​៦ រៀបចំ​ជា ២ ជួរ ត្រូវបាន​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ព្រះបាទ​ជ័យ​វរ្ម័នទី​២ ដោយ​បុព្វបុរស​របស់​ព្រះបាទ ឥន្ទ្រ​វរ្ម័នទី​១ ។​

ប្លង់​នៃ​ប្រាសាទបាគង​ឯកសារ​សាលា​បារាំង​ចុង​បូព៌ា​
    ​បើ​យើង​ពិនិត្យមើល​ឲ្យ​បាន​ត្រឹមត្រូវ យើង​នឹង​ឃើញថា ប្រាសាទ​នេះ ដែល​ត្រូវបាន​សាងសង់​លើ​ខឿន​មួយ មាន​កំពែង​៣ ជាន់ ទ្វារ​ចូល (​គោ​បុ​រៈ​) ២ កើត​និង​លិច និង​តួ​ប៉ម​៦ ស្ថិតក្នុង​កំពែង​មួយ​ដែល​រាង​៤​ជ្រុង​ស្មើ (​កំពែង​ទី​២) ដោយ​ហ៊ុមព័ទ្ធ​ដោយ​គូ​ទឹក ។ លក្ខណៈពិសេស នៃ ប្រាសាទ​ព្រះ​គោ នេះ ដែល​តាមពិតទៅ​គឺ​តំណាង​ឲ្យ​លោកធាតុ​វិទ្យា គឺជា​ប្រាង្គ ឬ តួ​ប៉ម​កណ្ដាល មាន​លក្ខណៈ​ខ្ពស់​ជាងគេ​ដែល​តំណាង​ឲ្យ​ភ្នំ​សុមេរុ ។​
​    ​ដោយ​សូម​រំលឹក​ផងដែរ​ថា រចនាប័ថ្ម​នៃ​ប្រាសាទ​នេះ ត្រូវបាន​ឲ្យ​ឈ្មោះថា រចនាបថ​ព្រះ​គោ​ដ៏​ល្បីល្បាញ​ក្នុង​ប្រវត្តិ​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ ។​
​     ​សិលាចារឹក​មួយ​ផ្ទាំង​យ៉ាង​វែង ដែល​ស្ថិតនៅ​គោ​បុ​រៈ​ទី​១ សរសេរ​ជា​ភាសាសំស្ក្រឹត​និង​ខ្មែរ បានផ្ដល់​ព័ត៌មាន​សំខាន់ៗ​សម្រាប់​ប្រវត្តិសាស្ត្រ​ខ្មែរ ។ ភាគ ក នៃ​សិលាចារឹក​សរសេរ​ជា​ភាសាសំស្ក្រឹត​បាន​ឲ្យ​ដឹងថា មានការ​កសាង​ព្រះ​បដិមា​តំណាង​ឲ្យ​ព្រះ​សិវៈ និង​ព្រះ​នាងទេវី នៅ​ឆ្នាំ​៨៩៧ ដើម្បី​ជាទី​សក្ការៈបូជា ។ យើង​ក៏​ដឹង​ទៀតថា ឫទ្ធានុភាព និង​ព្រះ​ជ័យ​ជេ​ស្ដា​របស់​ព្រះមហាក្សត្រ ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ ក៏​ត្រូវបាន​ពិពណ៌នា​យ៉ាង​ក្បោះក្បាយ​ដែរ ។ ទន្ទឹមនឹងនេះ យើង​ក៏​នឹង​បន្ថែមទៀតថា មានការ​ប្រារព្ធ​ពិធី​ទេវរាជ​នៅលើ​ភ្នំ​ម​ហេ​ន្ទ្រ​ប​វ័ត គឺ​ភ្នំ​គូលែន​បច្ចុប្បន្ន ដែល​គោលនយោបាយ​នា​សម័យ​នោះ ដើម្បី​សូម​ទទួល​ពរជ័យ​ពី​ព្រះអាទិទេព​សិវៈ ឬ​ទេវតា​ភ្នំ​ដ៏​មាន​ម​ហិ​ទ្ធិ​ប្ញ​ទ្ធ​។​

ទិដ្ឋភាព​រួម​នៃ​ប្រាសាទ​ព្រះ​គោ (​ថត ២០០៨)
    ​ផ្នែក​ម្ខាង​ទៀត​នៃ​សិលាចារឹក​ជា​ភាសា​ខ្មែរ បាន​បញ្ជាក់ថា នៅ​ឆ្នាំ​៨៩៣ នៃ​គ​.​ស​. មានការ​កសាង​រូប​ព្រះ​បរមេស្វរៈ​មួយអង្គ ដាក់​តម្កល់​នៅ​ប្រាង្គ​នៃ​ជួរ​ខាងកើត ដោយ​រូប​ព្រឹទ្ធិ​វិ​ន្ទ្រី​ស្វរៈ​នៅ​ប្រាង្គ​ខាងត្បូង ដើម្បី​ជាការ​គោរពបូជា ។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​ប្រព្រឹត្តឡើង​ក្នុង​រាជ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន ។​

ក្បាច់​ផ្តែរ​និង​ចម្លាក់​ព្រះ​គោ​នៅមុខ​ប្រាសាទ (​ថត ២០០៨)

​     ​ក្រៅពីនេះ នៅមាន​សិលាចារឹក​មួយ​ផ្ទាំង​ទៀត ចារ​នៅ​ឆ្នាំ​១០០៥ ពិពណ៌នា​អំពី​ដណ្តើម​រាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ដោយ​ព្រះបាទ​សុរិយោ​វរ្ម័នទី​១ ។​
​លក្ខណៈសម្បត្តិ​ដ៏​ពិសេស នៃ​ក្រុម​បារាំង ព្រះ​គោ គឺ​ប្រាសាទ​នេះ រំលេច​នូវ​ក្បាច់ក្បូរ​យ៉ាង​ល្អ​ស្អាត ធ្វើ​អំពី​កំទេច​បាយអ​នៅតាម​ជញ្ជាំង​ខាងក្រៅ ដោយមាន​វត្តមាន​ចម្លាក់​តំណាង​ទ្វារបាល​ក្នុង​ឥរិយាបថ​ឈរ ហើយ​មាន​លំពែង​នៅ​ដៃ​។ ទោះ​ចម្លាក់​ទាំងនេះ បាន​ធ្លា​ក់រុះ​រាយ​ជាច្រើន​អន្លើ​ក្ដី ប៉ុន្តែ​រក្សា​នូវ​សោភណភាព​គួរ​ឲ្យ​គយគន់ ហើយ​ផ្តល់​យើង​នូវ​លទ្ធភាព​ស្វែងយល់​អំពី​អ្វី​ដែលជា​កម្រិត​ចេះដឹង​ផ្នែក​ បច្ចេកទេស​ក្នុងការ​លំអ​ប្រាង្គ​ប្រាសាទ​នៅ​ស​.​វ​.​ទី​៩ ។​

ក្លោងទ្វារ​និង​ក្បាច់​ផ្តែរ​ធ្វើ​ពី​ថ្មភក់ (​ថត ២០០៨)

​     ​បើ​ប្រៀបធៀប​ទៅនឹង​ក្បាច់លំអ​ជា​កំបោរ​បាយអ ប្រាសាទ​ព្រះ​គោ​និង​ប្រាសាទ​នា​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដូច​ករណី​ប្រាសាទ​កំពែង​លែង នៅ​ខេត្ត​ពេជ្រ​បុរី​ជាដើម យើង​អាច​និយាយបានថា បច្ចេកទេស​លំអ​ក្បាច់ក្បូរ​ធ្វើ​អំពី​កំបោរ​បាយអ គឺជា​ប្រវត្តិ​ដ៏​យូរលង់ ។​
​    ​គួរ​រំលឹក​ផងដែរ​ថា ប្រាសាទ​ព្រះ​គោ​មាន​កំពែង​៣​ជាន់ ជា​ថ្មបាយក្រៀម​និង​ឥដ្ឋ ។ កំពែង​ខាងក្រៅ​ដែលមាន​ទំហំ​ធំជាងគេ​ប្រវែង ៤០០​ម៉ែត្រ គុណ​នឹង​៥០០​ម៉ែត្រ ។ គេ​ឃើញ​មាន​គោ​បុ​រៈ​នៅ​ទិសខាងកើត​និង​ខាងលិច​ដែល​បាក់បែក ។ រីឯ​កំពែង​ខាងក្នុង​វិញ កំពែង​នេះ​ក៏មាន​ទ្វារ​ចូល ឬ​គោ​បុ​រៈ​ពីរ គឺ​មួយ​នៅ​ខាងកើត​និង​មួយទៀត​នៅ​ខាងលិច​ដូចគ្នា​ដែរ ។ ម្យ៉ាងវិញទៀត​ដូច​ពោល​ខាងលើ នៅ​ផ្នែក​កណ្ដាល​ខាងកើត នៅ​ទីលាន​គេ​ឃើញ​មាន​ចម្លាក់​គោ​ន​ន្ទិ​ន ពីរ ធ្វើ​អំពី​ថ្មភក់​ដែល​មុខ​រេ​ទៅរក​តួ​ប៉ម​ប្រាសាទ ។​

ទ្វារបញ្ឆោទ បណ្ណាល័យ​និង​ចម្លាក់​សិង្ហតោ (​ថត ២០០៨)

​     ​ក្រុម​ប្រាសាទ​ព្រះ​គោ ត្រូវបាន​សាងសង់​ខឿន​មួយ​ខ្ពស់​ពី​ដី​ដែលមាន​ទីលាន​រាប​ឬ​ស្មើ​ដែរ កន្លងមក​ទើបត្រូវ​បាន​គេ​រៀប​ឡើងវិញ​គួរ​ឲ្យ​ចាប់អារម្មណ៍ ៕ (​ម​.​ត្រា​ណេ​)

ប្រាសាទបាគង​

​ដូច​ប្រាសាទលលៃ ប្រាសាទ​ព្រះ​គោ និង ប្រាសាទព្រៃមន្ទីរ ដែរ ប្រាសាទបាគង ស្ថិតក្នុង​ក្រុម​រលួស តែ ស្ថិត​ចំ​កណ្តាល នៃ ទីក្រុង​អង្គរ​ទី​១ ឬ ហរិ​ហ​ល័យ ដោយមាន​ចម្ងាយ​ប្រមាណ​ជា ១២​គ​.​ម ពី​ទី​រួម​ខេត្តសៀមរាប​បច្ចុប្បន្ន ។ សូមជម្រាបថា ប្រាសាទ​អង្គរ​ទាំងនោះ ស្ថិត​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ទេ ពី ១ ទៅ ២​គ​.​ម កន្លះ​តែប៉ុណ្ណោះ ។​

ប្លង់​នៃ​ប្រាសាទបាគង (​ឯកសារ​បារាំង​)

​     ​ស្ថិតនៅ​ខាងត្បូង​នៃ​ប្រាសាទ​ព្រះ​គោ នៅក្នុង​ភូមិ​បាគង ស្រុក​បាគង​ខេត្តសៀមរាប ប្រាសាទបាគង​ត្រូវបាន​សាងសង់ឡើង ដោយ​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ នៅ​ឆ្នាំ​៨៨១ នៃ​គ​.​ស ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ ដ៏​មាន​មហិទ្ធិឫទ្ធិ ។ ប្រាសាទបាគង​ដែលជា​ប្រាសាទ​មុនគេ សាងសង់​អំពី​ថ្មភក់ ប្រកបដោយ​និម្មាបនកម្ម​ដ៏​ល្អ​ប្រណិត ដែលមាន​ឈ្មោះ​ដើម​ថា ថ្ម​នៃ​ឥសៈ  ហើយ​តំណាង​ភ្នំ​សុមេរុ ព្រោះ​ស្ថិត​ចំ​កណ្តាល​នៃ​ទីក្រុង​ហរិ​ហ​ល័យ ។​

តួ​ប៉​មល​ណ្តា​ល​កំពុង​ជួស​ជល់​និង​ក្រោយ​ការជួស​ជល់ (​ឯកសារ​បារាំង​)

​     ​ការសិក្សា​បាន​ឲ្យ​ដឹងថា ប្រាង្គ​កណ្តាល ឬ តួ​ប៉ម នៃ ប្រាសាទ ត្រូវបាន​ជួស​ជល់​នៅ ស​.​វ​ទី​១២ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដូច្នេះហើយ ក្បាច់ក្បូរ​លំអ​មួយចំនួន​ស្ថិតក្នុង​រចនាបទ​ថ្ម​អង្គរវត្ត ។ សូមជម្រាបថា រវាង​ឆ្នាំ​១៩៣៦ និង ១៩៤៤ កំពូល​នៃ​ប្រាង្គ​កណ្តាល​នេះ​ដែលរ​លំបាក់ ត្រូវបាន​ជួសជុល​ដោយ​លោក ហ្លែ​ស្ស ។

ប្លង់​ប្រាសាទបាគង តំណាង​ឲ្យ​ចក្រ​វា​ឡ (​ឯកសារ​សិលា​បារាំង​ចុង​បូព៌ា ) និង តួ​ប៉ម​ឬ​ប្រាង្គ​កណ្តាល (​ថត​ឆ្នាំ ​២០០៣)

​     ​ប្រាសាទបាគង មាន​កំពែង ២ ជាន់ គឺ​កំពែង​ខាងក្រៅ​និង​កំពែង​ខាងក្នុង ។ កំពែង​ខាងក្រៅ​មាន​ទំហំ ៩០០ x ៧០០ ម៉ែត្រ ហ៊ុមព័ទ្ធ​ដោយ​គូ​ទឹក ដែល​តំណាង​ឲ្យ​មហាសមុទ្រ​នៃ លោកធាតុ​វិទ្យា​ឥណ្ឌា ។ ផ្លូវ​ចូលកាន់​ប្រាសាទ​មាន​ពីរ គឺ​ខាងកើត​និង​ខាងលិច ដែល​លំអ​ដោយ​នាគ​ញី​ឈ្មោល​មួយគូ​រលូន​អម​សងខាង​ផ្លូវ ។ តែ​ឥឡូវនេះ ត្រូវបាន​បាក់បែក​សឹងតែ​ទាំងអស់ គ្រាន់តែ​បន្សល់​នូវ​ក្បាល និង ដងខ្លួន​មួយចំនួន​ដែល​រេចរឹល​ប៉ុណ្ណោះ ។ រីឯ​ចម្លាក់​លំអ​ទាំងឡាយ​នៅតាម​ជញ្ជាំង​នៃ​ខឿន ត្រូវបាន​ខូចខាត​ទាំងអស់ លើកលែងតែ​ថ្ម​មួយ​ដុំ​នៅលើ​ជញ្ជាំង​ខាងត្បូង នៅ​ថ្នាក់​ទី​៤ ឆ្លាក់​រូប​យក្ខ​ដែល​សែ​ស​សល់ ។​


​    ​ដូច​ពោល​ខាងលើ ប្រាសាទបាគង គឺជា​ប្រាសាទភ្នំ​មាន​រាង​ជា​សាជី ស្ថិតក្នុង​កំពែង​ទី​៣ គឺ​ប្រាសាទភ្នំ ដែល​ដូច​ពោល​ខាងលើ តំណាង​ឲ្យ​ភ្នំ​សុមេរុ នៅ​ចំ​កណ្តាល​ទ្វីប​ទាំង ៥ ដែល​នៅទីនេះ​តំណាង​ដោយ​ថ្នាក់​ទាំង ៥ នៃ ប្រាសាទ ។ សូមជម្រាបថា ថ្នាក់​ទាំង​៤ ផ្នែក​ខាងក្រោម​តំណាង​ឲ្យ​ភព​ទាំង ៤ នៃ​ចក្រ​វា​ឡ ដែលមាន​តាំង​រូប​គ្រុឌ យក្ស​និង​នាគ​ជាដើម នៅ​គ្រប់មុខ​ប្រាសាទ​ទាំង ៤ ទិស តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ ។ រីឯ​ថ្នាក់​ទី ៥ គឺជា​ទេវស្ថាន​ឬ​ឋានសួគ៌ តំណាង​ដោយ​ប្រាង្គ​កណ្តាល​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ភ្នំ​សុមេរុ ផ្ទាល់ ។ 
​យើង​ឃើញ​មាន​ប្រាសាទ​ឥដ្ឋ​ចំនួន ៨ ស្ថិត​ជុំវិញ​ប្រាសាទ​ផ្នែក​ខាងក្រោម ។ នៅលើ​បាទ​ដ្ឋា​ន​យើង​ឃើញ​មាន​ជណ្តើរ​នៅ​គ្រប់​អ័ក្ស ។ ជណ្តើរ​ទាំងនោះ នាំ​សាសនិកជន​ទៅកាន់​ទីលាន នៃ ថ្នាក់​នីមួយៗ បន្តបន្ទាប់​លើ​គ្នា ពិសេស​ទៅកាន់​ប្រាង្គ​កណ្តាល ដែលជា​កន្លែង​ស័ក្តិសិទ្ធិ​ជាងគេ​បំផុត ។ មើល​ពី​ចំងាយ​តួ​ប៉ម​កណ្តាល​នេះ​ផុស​ឡើង​ផុតពី​ដំបូល​សំណង់​ប្រាសាទតូចៗ នៅ​ជុំវិញ ធ្វើ​អំពី​ថ្ម ដែលជា​ប្រាសាទ​ឧបសម្ព័ន្ធ ។
​ដូចនេះ ប្រាសាទ​របស់​យើង ត្រូវបាន​សាងសង់ឡើង​តាម​លោកធាតុ​វិទ្យា​ឥណ្ឌូ​-​ខ្មែរ តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ ហើយ​គឺជា​និមិត្តរូប​នៃ​ចក្រ​ក្រ​វា​ឡ ។​
​សូម​រំលឹក​ឡើង​ថា គឺ​នៅក្នុង​ប្រាង្គ​កណ្តាល​ខាងលើ​នេះហើយ ដែល​ក្នុង​អតីតកាល ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ បាន​កសាង​ព្រះ​វិស្ណុ​មួយអង្គ ដៃ​៨ ព្រមទាំង​លិង្គ​រាជ្យ​មួយ​ឈ្មោះថា ស្រី​ឥន្ទ្រ​ស្វរៈ ដើម្បី​ជា​និមិត្តរូប​នៃ​សម័យកាល​របស់​ទ្រង់ ។ តាម​ខ្លឹមសារ​សិលាចារឹក ដែល​គេ​បាន​រកឃើញ​នៅ​ឆ្នាំ​១៩៣៥ យើង​ដឹង​ទៀតថា ការកសាង​បារាយណ៍​មួយ​យ៉ាង​ធំ​ឈ្មោះថា ឥន្ទ្រា​ត​ត្ត​កៈ ដើម្បី​ផ្តល់​ទឹក​សម្រាប់​វិស័យ​កសិកម្ម ៕ (​ម​.​ត្រា​ណេ​)

សោម​សូត្រ​នៃ​ប្រាសាទភ្នំរុង​

   ​ចេញពី​ទី​រួម​ខេត្ត​បុរីរម្យ​ឆ្ពោះទៅកាន់​ប្រាសាទភ្នំរុង ស្ថិតនៅលើ​កំពូលភ្នំ​ភ្លើង​មួយ​ដែល​រលត់​កាលពី ១ លាន​ឆ្នាំ​មុននេះ នៅតាម​ដងផ្លូវ​គេ​នឹង​ឃើញ​ទេសភាព​ដ៏​ល្អ​ស្រស់បំព្រង ហើយ​ក្រោយពី​ឆ្លង​ផុត​កាំជណ្តើរ​ជា​ថ្នាក់ៗ ដែលមាន​បង្កាន់ដៃ​ជា​រូប​នាគរាជ គេ​នឹង​ឃើញ​ប្រាសាទ​សិលា​មួយ​ដ៏​ស្កឹមស្កៃ លេចធ្លោ​ឡើង​នៅ​ចំ​ពីមុខ ហាក់បីដូចជា​ភ្នំ​សុមេរុ​ដ៏​ធំ​សម្បើម​គួរ​ស្ញប់ស្ញែង​អស្ចារ្យ ។ គេ​មាន​អារម្មណ៍​ថា ហាក់បីដូចជា​នៅលើ​ទេវស្ថាន ឆ្ងាយ​ផុតពី​ទុក្ខព្រួយ​ទាំងឡាយ​នៃ​លោកិយ ។​

សោម​សូត្រ​នៅ​ប្រាសាទភ្នំរុង (​ថត​១៩៨០)​
   ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ដើមកំណើត​ខ្មែរ​ក្នុង​ភូមិភាគ​ឥសាន នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ជាពិសេស​ចាស់ៗ ចាត់ទុក​ប្រាសាទ​ខាងលើនេះ ថា​ជាវ​ត្ថុ​ស័ក្តិ​សិទ្ធ ដោយសារ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​ពេញ​បូ​ណ៌ និង​៥​រោច ខែមេសា ទ្វារ​ទាំង ១៥ នៃ​ប្រាសាទ​នេះ ទទួលបាន​នូវ​កាំរស្មីព្រះអាទិត្យ​ចែងចាំង​ព្រម​គ្នា គួរ​ឲ្យ​ស្ញប់ស្ញែង​អស្ចារ្យ ។ នេះ​ជា​សញ្ញា​បង្ហាញ​នូវ​បច្ចេកទេស​សាងសង់​កប់​កំពូល នៃ​វិស្វករ​ខ្មែរ​នា​សម័យអង្គរ ។ លើសពីនេះ​ទៀត សម្ព័ន្ធភាព​រវាង​ស្ថាបត្យកម្ម​និង​តារាសាស្ត្រ គួរ​ឲ្យ​ស្ញប់ស្ញែង​ក្រៃ​លេង ។​
​    ​សព្វថ្ងៃនេះ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ដែល​កើត​នៅលើ​ប្រា​សទ​នេះ មិន​គ្រាន់តែ​បានធ្វើ​ឲ្យ​ប្រាសាទភ្នំរុង ក្លាយទៅជា​កន្លែង​បន់ស្រន់​មួយ​ដ៏​ពូកែ​ស័ក្តិ​សិទ្ធ​ជាទីបំផុត​ទេ ថែមទាំង​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​បរទេស​ផងដែរ ។ ដូច្នេះហើយ បានជា​បច្ចុប្បន្ននេះ មនុស្ស​នៅ​ខេត្ត​បុរីរម្យ ឬ​អាណាខេត្ត​ជិត​ឆ្ងាយ ម្នីម្នារ​មក​ទស្សនា​ព្រឹត្តិការណ៍​អ​ច្ឆិ​រិ​យ​ជា​រៀងរាល់ឆ្នាំ ។​
​    ​ប្រាសាទ​ថ្ម​នេះ​ត្រូវបាន​សាងសង់ឡើង​នៅ​សម័យអង្គរ​ហើយ​បាន​បន្សល់ទុក​នូវ​ សោម​សូត្រ​មួយ​គួរ​ឲ្យ​យកចិត្តទុកដាក់​ជាទីបំផុត ។ គឺ​តាមរយៈ​វត្តមាន​នៃ​ថ្ម​នេះហើយ ដែល​ធ្វើ​ឲ្យ​យើង​យល់​អំពី​សារៈសំខាន់​នៃ​ទេវស្ថាន​នេះ ក្នុងពេល​បុណ្យទាន​ម្តងៗ ។​
​    ​តើ​សោម​សូត្រ​គឺជា​អ្វី ?
​    ​សោម​សូត្រ​ដែលជា​និមិត្ត​រូបតំណាង​ឲ្យ​ព្រះ​ឥសូរ ឬ ព្រះ​សិវៈ គឺជា​ថ្ម​ចម្លាក់ ថ្ម​មាន​រាង​វែង សម្រាប់​បង្ហូរ​ទឹកមន្ត​ពី​ខាងក្នុង​ប្រាសាទ ចេញ​ក្រៅ​ប្រាសាទ ដើម្បី​សេចក្តីត្រូវការ​របស់​ប្រជាជន ជាពិសេស​ក្នុងពេល​បុណ្យទាន​ម្តងៗ ដូចជា​ពិធី​សិវរាត្រី​ជាដើម ។​
​ក្នុង​ជំនឿ​របស់​អ្នកស្រុក ដែល​កាន់​លទ្ធិ​ព្រហ្មញ្ញសាសនា ជាពិសេស​ពួក​ព្រាហ្មណ៍ សកម្មភាព​ប្រចាំថ្ងៃ​នៃ​ជីវិត​របស់​ពួកគេ​ស្ថិត​ជុំវិញ​ព្រះ​សិវលិង្គ និង សោម​សូត្រ​ខាងលើនេះ ។ ដោយហេតុថា អ្នកណា​បាន​ស្រង់ទឹក​មន្ត​ជាទី​ស័ក្តិ​សិទ្ធ ដែល​ហូរ​ចេញពី​ស្នាន​ទ្រោ​ណិ​នេះ (​លិង្គ​និង​ទម្រ​) ក្រោយពី​ប្រសិទ្ធ​ពរជ័យ​ដោយ​ពួក​ព្រាហ្មណ៍​រួច នឹងមាន​សិរី​សួស្តី​គ្រប់ប្រការ​ពុំខាន ។ រីឯ​រោគា​ជម្ងឺ​តម្កាត់​ផ្សេងៗ ក៏ត្រូវ​សះស្បើយ​ផងដែរ ។​
​    ​សព្វថ្ងៃនេះ អ្នកស្រុក​ក្នុង​តំបន់ ស្ទើរតែ​ភ្លេច​នូវ​សារៈសំខាន់​របស់​សោម​សូត្រ​នេះហើយ ត្បិត​ការផ្លាស់ប្តូរ​ទម្រង់​សាសនា ពី​ព្រហ្មញ្ញសាសនា ទៅជា​ព្រះពុទ្ធសាសនា ប៉ុន្តែ​មានតែ​អ្នកស្រាវជ្រាវ​មួយចំនួន​តូច​ទេ ដែល​ដឹង​អត្ថន័យ​ស៊ីជម្រៅ​របស់​វា ។​
​    ​ម្យ៉ាងវិញទៀត ថ្ម​សោម​សូត្រ​វែង​នេះ យ៉ាងហោចណាស់​ក៏​រវាង ២ ម៉ែត្រ ទៅ ៣​ម៉ែត្រ ដែរ បាន​រង​នូវ​ការ​ទ្រុឌទ្រោម​ដោយ​កត្តា​មនុស្ស និង​ធម្មជាតិ ជាហេតុ​ធ្វើ​ឲ្យ​បាក់​ជា​ពីរ​កំណាត់ ។​
​    ​ដោយសារតែ​មូលហេតុ​ជំនឿ​សាសនា​ខាងលើនេះ ជា​ផ្នែក​មួយ​នៃ​សំណង់​ស្ថាបត្យកម្ម ប្រាង្គ​ប្រាសាទបុរាណ ទើប​យើង​សូម​លើកយក​សារៈសំខាន់​នៃ​សោម​សូត្រ​នោះមក​បង្ហាញជូន ។​
​    ​រួម​សេចក្តី​មក ប្រាសាទភ្នំរុង​តាំងពី​អតីតកាល​រហូតដល់​ប​ច្ចុ​ប្បន្ន នៅតែ​ទាក់ទាញ​សាសនិក​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន នៅក្នុង​ប្រទេស​ថៃ​មក​បន់ស្រន់ ពោលគឺ​នៅតែ​ជា​កន្លែង​គោរព​សក្ការៈ​ស័ក្តិ​សិទ្ធ​បំផុត សម្រាប់​ជនជាតិខ្មែរ​ភាគតិច​នៅក្នុង​ភូមិភាគ​ឥសាន នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ។ ហើយ​វត្តមាន​របស់​ថ្ម​សោម​សូតរ​ខាងលើនេះ ក៏​ជាស​ញ្ញា​មួយ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​លក្ខណៈ​ពិសិដ្ឋ​នៃ​ទេវា​ល័យ​ដ៏​ ស្កឹមស្កៃ​នេះ ក្នុង​អតីតកាល​ដ៏​យូរលង់​មួយ​ដែរ ៕ (​ម​.​ត្រា​ណេ​)

ប្រាសាទ​ស្វាយ​អៀ នៅ​ខេត្តកំពង់ធំ​

    ​ស្ថិតនៅលើ​ទួល​មួយ​ហ៊ុមព័ទ្ធ​ដោយ​គូ​ទឹក ប្រាសាទ​ស្វាយ​អៀ គឺជា​ប្រាសាទ​មួយ ដែល​ត្រូវបាន​សាងសង់ឡើង​នៅ​សតវត្ស​ទី​១០ នៃ​គ​.​ស ហើយ​មាន​ចម្ងាយ​ប្រមាណ​ជា​៤៣ គ​.​ម នៅ​ទិស​ខាងជើង​ឆៀង​ខាងលិច នៃ ទី​រួម​ខេត្តកំពង់ធំ​បច្ចុប្បន្ន ។​

ទិដ្ឋភាព ​រួម​នៃ​ទីតាំង​ប្រាសាទ មើល​ពីលើ​អាកាស (Google Earth) និង គូ​ទឹក​ជុំវិញ​ប្រាសាទ ចេញពី : B. Bruguier et J. Lacroix, 2010 – Sambor Prei Kuk et le bassin du Tonle Sap, Guide archeoloique du Cambodge Tome II
    ​ការចុះ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ប្រាសាទ​ស្វាយ​អៀ​ពី​ដើម​មាន​ប្រាសាទ​ឥដ្ឋ​ចំនួន​ទៅ​៣ រាង​៤​ជ្រុង​ស្មើ តែ​ឥឡូវនេះ នៅសល់​តែមួយ គឺ​ប្រាសាទ​កណ្តាល បែរមុខ​ទៅ​ទិសខាងកើត​ដូច​ព្រះវិហារ​មួយ ដែល​ស្ថិត​នៅមុខ​សំណង់​ស្ថាបត្យកម្ម​ខាងលើនេះ ។ យើង​បាន​រកឃើញ​នៅ​ឆ្នាំ​១៩៩៣ (​ខណៈដែល​តំបន់​នេះ​នៅមាន​អសន្តិសុខ​នៅឡើយ​ដោយ​ខ្មែរក្រហម​) នូវ​ផ្តែរ​មួយចំនួន​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​មកពី​ប្រាង្គ​នៅ​ទិស​ខាងជើង និង​ខាងត្បូង ដែល​បាន​បាត់បង់​ទៅហើយ ។​

ទិដ្ឋភាព​រួម​នៃ​ប្រាសាទ​ស្វាយ​អៀ​ទិស​ខាងត្បូង និង សសរ​ពេជ្រ​នៅ​ទិសខាងកើត (​ម​.​ត ២០០១)

​     ​ជាទូទៅ​ទ្រង់ទ្រាយ​នៃ​ប្រាង្គ​កណ្តាល​នេះ នៅ​រក្សាបាន​លក្ខណៈ​ដើម​របស់ខ្លួន​ថ្វីត្បិតតែ​ខឿន​ត្រូវ​កប់​ក្នុង​ដី​ ក៏ដោយ ។ ដូច​ប្រាសាទ​នានា នា​សម័យ​នោះដែរ ក្បាច់​ផ្តែរ​ប្រអប់ទ្វារ និង​សសរ​ពេជ្រ រាង​៨​ជ្រុង​ធ្វើ​អំពី​ថ្មភក់ ។​    ​

ក្បាច់​រា​ហ៊ូ​នៅលើ​ផ្ទាំង​ផ្តែរ បា​ល័​ង្ក​ក្នុង​ប្រាសាទ និង ក្បាច់​ផ្តែរ​មើល​ពី​ចំហៀង (​ម​.​ត ២០០១)

​     ​ក្រៅពីនេះ យើង​ក៏​ដឹង​ទៀតថា មាន​បារាយណ៍​មួយ​យ៉ាង​ធំ ទំហំ​ប្រមាណ​ជា​២២០​គុណ​១៥០​ម៉ែត្រ ។ ត្រង់នេះ​ធ្វើ​ឲ្យ​យើង​និយាយបានថា ដូនតា​ខ្មែរ​សម័យអង្គរ​ពិតជា​បាន​ប្រើ​ទឹក​ពី​បារាយណ៍​នេះ ដើម្បី​មូលហេតុ​កសិកម្ម ។ យ៉ាងណាមិញ​ទឹកដី​ក្នុង​តំបន់​នេះ ក៏​ពិត​ជាមាន​ប្រជាជន​រស់នៅ​យ៉ាង​កុះករ​ដែរ ។​

ក្បាច់​ផ្តែរ​លំអ​ដោយ ព្រះឥន្ទ​ជិះ​ដំរី និង​ព្រះ​ពុទ្ធអង្គ​កំពុង​សមាធិ (​ម​.​ត ២០០១)

​     ​ដោយសារតែ​ចម្លាក់​ផ្តែរ​ចំនួន​៣ ដែល​សព្វថ្ងៃ​ត្រូវបាន​ត​ម្ត​ល់​ក្នុង​ព្រះវិហារ នៃ វត្ត​ស្វាយ​អៀ នេះ ពាក់ព័ន្ធ​ទៅនឹង​ទេវ​កថា​ព្រហ្មញ្ញសាសនា យើង​អាច​និយាយបានថា ក្រុម​ប្រាសាទ​ស្វាយ​អៀ ជាពិសេស​ប្រាង្គ​កណ្តាល បង្ហាញ​ពី​ការបូជា​ព្រះ​ឥន្ទ្រាធិរាជ ។ មានន័យថា វត្តមាន​របស់​ចម្លាក់​ព្រះឥន្ទ្រ​ជិះ​លើ​ដំរី ដែលជា​ប្រធានបទ​របស់​ក្បាច់​ផ្តែរ ទាំង​៣​មិនមែនជា​រឿង​ចៃដន្យ​ឡើយ ប៉ុន្តែ​វា​ទាក់ទិន​ទៅនឹង​ការ​បដិបត្តិ​ព្រះអាទិទេព​អង្គ​នេះ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​មហន្តរាយ​ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត និង​ដើម្បី​បានទទួល​នូវ​ភ្លៀង​សម្រាប់​កសិផល​ក្នុងសង្គម ។ កុំភ្លេចថា រហូតដល់​សព្វថ្ងៃ​អ្នកស្រុក​ខ្មែរ​នៅតែ​មានជំនឿថា សត្វ​ដំរី​តំណាង​ឲ្យ​ទឹកភ្លៀង​ដោយ​ពុំមាន​សត្វ​ណា​មានគុណ​សម្បត្តិ​ពិសេស​ ជាង​សត្វ​នេះ​ទេ ដែល​អាច​នាំមក​នូវ​ភាព​ផូរផង់ ។​

ចម្លាក់​ក្បាច់​ផ្តែរ និង​រូប​ផ្តែរ​ពង្រីក​នៅក្នុង​ព្រះវិហារ (​ម​.​ត ២០០១)

​     ​ជាថ្មី​ម្តងទៀត សូម​រំលឹកថា ចម្លាក់​ផ្តែរ​ទាំងនេះ ពិតជា​បង្ហាញ​ប្រាប់​យើង​អំពី​ប្រព័ន្ធ​ជំនឿ​សាសនា​យ៉ាង​ប្រាកដ ដែលមាន​លក្ខណៈ​ធំ​ទូលាយ​របស់​មនុស្ស​ខ្មែរ នា​សម័យអង្គរ ។​

ក្បាច់​ផ្តែរ​នៅក្នុង​ព្រះវិហារ (​ម​.​ត ២០០១)

​     ​ជា​អវសាន ចំណុច​ជា​វិជ្ជមាន​មួយទៀត ដែល​យើងគប្បី​​បញ្ជាក់​នៅទីនេះ​ដែរ​គឺ ដោយសារតែ​នៅលើ​ចំហៀង​នៃ​ក្បាច់​ផ្តែរ ប្រាង្គ​កណ្តាល មាន​ចម្លាក់​ព្រះពុទ្ធ​អង្គ​កំពុង​សមាធិ ទើប​យើង​អាច​និយាយបានថា ព្រហ្មញ្ញសាសនា​ត្រូវបាន​ប្រារ​ព្ឋ​ប្រតិបត្តិ​ជាមួយ​លទ្ធិ​ព្រះពុទ្ធសាសនា ៕ (​ម​.​ត្រា​ណេ​)

ការកែប្រែ​សំណង់​ស្ថាបត្យកម្ម​ប្រាសាទខ្មែរ​ទៅជា​ព្រះ​ធាតុ​នៅ​ប្រទេស​ថៃ និង​លាវ​

​ក្នុងចំណោម​សំណង់​ស្ថាបត្យកម្ម​ប្រាសាទខ្មែរ​ទាំងអស់ ដែល​បុព្វការី​ជន​ខ្មែរ​បាន​បន្សល់ទុក​នៅក្នុង​អតីត​ចក្រភព​កម្ពុជទេស សំណង់​ស្ថាបត្យកម្ម​ប្រាសាទ​បុ​រេ​អង្គរ និង អង្គរ​មួយចំនួន​នៅ​ប្រទេស​ថៃ និង លាវ បច្ចុប្បន្ន​ត្រូវបាន​ផ្លាស់ប្ដូរ​ទម្រង់​ទៅជា​ព្រះ​ធាតុ (​ប្រាះ​ថា​ត​) ឬ វត្ត​អារាម​ទៅវិញ ។ អំពី​បាតុភូត​សង្គម​នេះ គេ​ពន្យល់បាន​ដោយ​ងាយ ដោយសារ​មូលហេតុ ពីរ​យ៉ាង​៖
​    ​ទី​១. ស្ថិតនៅ​ទីប្រជុំជន​ផ្លូវ​កាត់​គ្នា ប្រាង្គ​ប្រាសាទ​ដែល​ពីមុន​ត្រូវបាន​កសាងឡើង ដើម្បី​ជាទីគោរព​សក្ការៈ​ចំពោះ​ព្រះអាទិទេព នៃ ព្រហ្មញ្ញសាសនា ឥឡូវនេះ​ក្រោយពី​ឱនភាព​នៃ​វប្បធម៌​សំស្ក្រឹត​បណ្ដាលមកពី​ការផ្លាស់ប្ដូរ​ សាសនា ពី​ព្រហ្មញ្ញសាសនា​ទៅ​ព្រះពុទ្ធសាសនា ស​.​ត​. ទី​១៣-១៤ បានក្លាយ​ទៅជា​ពុទ្ធ​សាសន​ដ្ឋា​ន​ទៅវិញ ។ ដូច្នេះហើយ គោលការណ៍​សមស្រប​នឹង​បរិបទ​សង្គម​វប្បធម៌ ដែល​តម្រូវ​ឲ្យ មានការ​ផ្លាស់ប្ដូរ​ទម្រ​ង់​សំណង់​ស្ថាបត្យកម្ម​បែប​ព្រាហ្មណ៍​និយម ជាពិសេស​នៅ​តំបន់​ណា​ដែលមាន​ការរីកចំរើន​ផ្នែក​សេដ្ឋកិច្ច ពោល​គឺមាន​សហគមន៍​យ៉ាង​កុះករ ។​
​    ​ទី​២. នៅក្នុង​ទំព័រ​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា ទឹកដី​ខ្មែរ​មួយ​ភាគ​ធំ​ដែល​ត្រូវបាន​បាត់បង់ រួមមាន​ប្រាង្គ ប្រាសាទខ្មែរ​មួយចំនួន​ផង​នោះ យើង​សង្កេតឃើញថា មាន​បំ​រែ​ទម្រង់​នៃ​ប្រាង្គ​ប្រាសាទខ្មែរ​ឲ្យ​ក្លាយទៅជា​ព្រះ​ធាតុ ឬ វត្ត​អារាម​បែប ថេរវាទ​ទៅវិញ ដោយ​ជនជាតិ​ថៃ និង លាវ ក្នុងឋានៈ​អ្នកកាន់កាប់​ថ្មី នៃ ដែនដី​ចាស់ ។ ទោះជា​ការបាត់បង់​ទម្រង់​ដើម នៃ ប្រាសាទខ្មែរ​មួយចំនួន គឺជា​ផលវិបាក​នៃ​ការស្វែងយល់​អំពី​ប្រវត្តិ​សិល្បៈ​បុរាណ​ក្ដី ក៏ប៉ុន្តែ​ភាគច្រើន​គេ​អាច​ដឹងថា សមាសភាព​ស្ថាបត្យកម្ម​ណាមួយ​ជា​របស់​ខ្មែរ ហើយ​មួយណា​ទៀត​ជា​សិល្បៈ ស្ថាបត្យកម្ម​របស់​ថៃ ឬ លាវ តាម​ការសិក្សា​វិភាគ​យ៉ាង​ល្អិតល្អន់ ។
​ខាងលើនេះ គឺជា​ការកត់សម្គាល់​ជាទូទៅ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ថៃ ប្រទេស​លាវ និង វៀតណាម​ខាងត្បូង ។​

អតីត ​ប្រាសាទ​សម័យ​ចេនឡា​បានក្លាយ​ទៅជា​ប្រាះ​ថា​ត​លាវ នៅ​ខេត្ត​សុវណ្ណ​ខេត្ត (​រូបថត ហ្គី​តូ​) និង វត្ត​ព្រះ​ធាតុ​ភ្នំ នៅ​ខេត្ត​នគរ​ភ្នំ (​ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)​

​    ​ដូចជា​នៅ​ប្រទេស​កម្ពុជា​ដែរ បម្រែបម្រួល​របស់​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​នៅ​បរទេស ដែល​ត្រូវបាន​កើតឡើង​ចាប់តាំងពី​សតវត្សរ៍ ទី​១៣ និង​១៤ មក មាន​ទ្រង់ទ្រាយ​ធំ អនុវត្ត​ឡើង​តាម​តម្រូវការ​នយោបាយ វប្បធម៌ និង​បច្ចេកទេស​របស់​ប្រជាជន​ចំណូល​ថ្មី ។ ប៉ុន្តែ​គេ​អាចបែងចែក​ជា​ពីរ​ផ្នែក​គឺ ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​ប្រាសាទ​ដែល​បាន​កើតឡើង​តាម​ការវិវត្ត​របស់​ស​ង្គ​ម ។​
​     ​សូម​រំលឹកថា ប្រាសាទខ្មែរ​នា​សម័យ​បុ​រេ​អង្គរ​ភាគច្រើន គឺជា​សំណង់​ធ្វើ​អំពី​ឥដ្ឋ​មាន​រាង​បួន​ជ្រុង​ស្មើ ឬ ៤​ជ្រុង​ទ្រវែង ហើយ​មាន​ជា​ថ្នាក់ៗ តូច​លើ ធំ​ក្រោម មាន​ទ្វារ​មួយ​បែរ​ទៅ​ទិសខាងកើត ហើយបី​ទៀត​បិទ​ដែលជា​ទ្វារបញ្ឆោត ។ ក្នុងការ​ជួសជុល​ស្ថាបត្យកម្ម​ខ្មែរ ជនជាតិ​ថៃ និង លាវ គ្រាន់តែ​បន្តុប​បន្ថែម​នូវ​ក្បាច់ក្បូរ​ធ្វើ​អំពី​បាយអ​តែប៉ុណ្ណោះ ព្រមទាំង​បន្ថែម​កំពូល​មួយ ដែលមាន​រាង​ស្រួច​នៅ​ពីលើ​ឲ្យ​ទៅជា​ព្រះ​ចេ​តី​យ៍ ឬ​ព្រះ​ធាតុ ។​
​    ​ឧទាហរណ៍​មួយ ក្នុងចំណោម​ឧទាហរណ៍​ពាក់ព័ន្ធ​នឹង​ការកែប្រែ​ទម្រង់​ប្រាសាទខ្មែរ​ឲ្យ​ ក្លាយទៅជា​ព្រះ​ធាតុ ដើម្បី​បង្ហាញ​អំពី​យន្តការ​នេះ គឺ​ព្រះ​ធាតុ​ជើង​ជុំ (​ប្រាះ​ថា​ត​ឆើ​ង​ឆុំ​) សតវត្សរ៍​ទី​១១ នៅក្នុង​សកល​នគរ នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន ។ តាមពិត ប្រាសាទ​នេះ គឺជា​ឧទាហរណ៍​មួយ​ក្នុងចំណោម​ឧទាហរណ៍​ដ៏​ប្រសើរ​ឯទៀត ដែល​យើង​បាន​ជួបប្រទះ​តាម​អាណាខេត្ត​នានា នៃ ព្រះរាជាណាចក្រ​ថៃ បច្ចុប្បន្ន ។ យ៉ាងណាមិញ យើង​ក៏​អាច​លើក​ករណី​ប្រាសាទព្រះធាតុ​ភ្នំ (​ប្រាះ​ថា​ត ផៈ​នុំ​) ផងដែរ ។​
​    ​ប្រសិនបើ​យើង​មើល​ពី​ចំងាយ ព្រះ​ធាតុ​ថៃ ឬ លាវ​នោះ ទាំង​មាន​លក្ខណៈ​មិន​ខុសប្លែក​ពី​ព្រះ​ធាតុ​ដទៃៗ នៃ​ប្រទេស​លាវ​ឡើយ ដោយ​នេះ​ជាការ​វិវត្តន៍​ធម្មតា ។​
​    ​ដូច្នេះ យើង​អាច​ពន្យល់ថា ព្រះ​ធាតុ​ខាងលើនេះ​ពិតជា​បាន កើតចេញពី​ប្រាសាទខ្មែរ​យ៉ាង​ប្រាកដ ដោយ​កំពូល​ខាងលើ​មាន​រាង​ស្រួច ដូច​ព្រះ​ចេតិយ​ទៅវិញ ។ ម្យ៉ាងវិញទៀត បើ​យើង​ពិនិត្យ​ការតុបតែង​ក្បាច់ក្បូរ​ផ្នែក​ខាងក្រៅ​វិញ យើង​ក៏​ដឹង​ទៀតថា វា​មាន​លក្ខណៈ​ខុសប្លែក​ពី​សិល្បៈ​ខ្មែរ​ដែរ ដោយហេតុថា ជា​ស្នាដៃ​របស់​សិល្បករ ថៃ​-​លាវ ។​
​    ​អាស្រ័យ​ដោយហេតុ​នេះហើយ ទើបបានជា​ផ្នែក​ខាងក្នុង​នៃ​សំណង់​ព្រះ​ធាតុ ដែល​ពី​បុរាណកាល គឺជា​កន្លែង​តំកល់​នូវ​រូបសំណាក​ទេវរូប ឥឡូវនេះ​ត្រូវបាន​ជំនួស​ដោយ​ចម្លាក់​បែប​ពុទ្ធ​និយម​ទៅវិញ ។​
​    ​តាម​ឧទាហរណ៍​នៃ​ការផ្លាស់ប្ដូរ​ទម្រង់​សិល្បៈ​ខាងលើនេះ យើង​អាច​សន្និដ្ឋានថា ការមកដល់​នៃ​ជនជាតិ​អម្បូរ​ថៃ​-​លាវ ក្នុង​តំបន់ ពិតជា​ត្រូវបាន​អនុវត្ត​ឡើង​នូវ​ចុង​ស​.​ត ទី ១៣ ដើម​ស​.​ត ទី ១៤ នៃ​គ​.​ស ។  មានន័យថា កាលបរិច្ឆេទ​នៃ​ការតាំង​លំនៅស្ថាន​របស់​ប្រជាជន​ថៃ និង​លាវ​ក្នុង​តំបន់ ព្រមទាំង​ចំណាស់​នៃ​វិស័យ​ស្ថាបត្យកម្ម​របស់ខ្លួន គឺជា​ព្រឹត្តិការណ៍​ដ៏​ថ្មីថ្មោង​នៃ​ប្រវត្តិសាស្ត្រ​នៅ​អាស៊ីអាគ្នេយ៍​យើង​ នេះ ។
​ម្យ៉ាងវិញទៀត ដូច​បាន​ពោល​ខាងលើ យើង​ក៏បាន​សង្កេតឃើញ​ផងដែរ​ថា ការផ្លាស់ប្តូរ​និន្នាការ​សាសនា​នេះ គឺមាន​មិន​ត្រឹមតែ​នៅ​ប្រទេស​ថៃ ឬ​លាវ​តែប៉ុណ្ណោះ​ទេ តែ​ក៏​មាននៅ​ប្រទេស​កម្ពុជា​ផងដែរ ដូច​ករណី​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទភ្នំជីសូរ ដែល​បច្ចុប្បន្ន​បានក្លាយ​ទៅជា​ព្រះ​ចេតិយ​មួយ​ដ៏​ពិសិដ្ឋ ជា​សក្ខីកម្ម​ស្រាប់ ។ ហើយ​បម្រែបម្រួល​ខាង​សំណង់​ស្ថាបត្យកម្ម និង​អត្ថន័យ​ដែល​យើង​អាច​រកឃើញ​ដោយ​វិធី​សិក្សា​ប្រៀបធៀប​ពាក្យ​ថា ថៃ​-​លាវ ផងដែរ ។ ពាក្យ​ប្រាះ​ថា​ត សៀម​-​លាវ ពិតជា​កើត ចេញពី​ពាក្យ​ពីរ​ម៉ាត់ គឺ​ព្រះ (​ពាក្យ​ខ្មែរ​) និង ធាតុ មកពី​សំស្ក្រឹត​-​បាលី ។
​    ​សរុបសេចក្ដី យើង​អាច​សង្កេត​ឥទ្ធិពល​នៃ​ប្រាង្គ​ប្រាសាទខ្មែរ លើ​ព្រះ​ធាតុ (​ប្រាះ​ថា​ត​) ថៃ​-​លាវ ដោយ​មូលហេតុ​ខាងលើ ។ (​ម​.​ត្រា​ណេ​)

​ប្រាសាទប្រែរូប

មូលហេតុ​នៃ​ការសាងសង់​ប្រាសាទប្រែរូប​នេះ​ឡើង គឺ​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា ក៏​មែនពិត ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ ក៏​ដើម្បី​តម្កល់​អដ្ឋិធាតុ​របស់​ស្តេច ដែល​សាងសង់​គឺ ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន ផ្ទាល់ ដូច​វត្តមាន​របស់​ក្តា​មឈូស​ថ្ម​មួយ​ដ៏​ធំ ស្ថិតនៅក្រោម​ជើង​ជណ្តើរ​ខាងកើត​តួ​ប្រាសាទ ដែលជា​ភស្តុតាង ។​
​    ​ផ្ទាំងសិលា​ចារឹក​ជា​ភាសាសំស្ក្រឹត ដែល​លោក ហ្ស​ក ស៊ឺ​ដេ​ស បាន​សិក្សា​បាន​ឲ្យ​ដឹងថា ប្រាសាទ​នេះ ត្រូវបាន​កសាងឡើង​នៅ​ឆ្នាំ ៩៦១ ដោយ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន ដ៏​មាន​ម​ហិ​ទ្ធិ​ឫទ្ធ ខ្លាំងក្លា​អស្ចារ្យ ។ ម្យ៉ាងវិញទៀត តាម​ខ្លឹមសារ​សិលាចារឹក​ខាងលើ យើង​ក៏បាន​ដឹង​ទៀតថា ស្តេច​អង្គ​នេះ ក៏បាន​ស្ថាបនា​លិង្គ​រាជ​ដ៏​ស័ក្តិ​សិទ្ធ​មួយ​ឈ្មោះ រា​ជេ​ន្ទ្រា​បាត្រ​ស្វរៈ តម្កល់​នៅ​ប្រាង្គ​ប្រាសាទ​កណ្តាល ។ រីឯ​ព្រះ​រូប​របស់​ទ្រង់​វិញ ដែលមាន​រូបភាព​ជា​ព្រះ​ឥសូរ ត្រូវបាន​តម្កល់​នៅ​ជើង​ប្រាសាទ​តាម​ជ្រុង​វិញ ។​

ប្រាសាទប្រែរូប (​ម​.​ត ១៩៩២) និង ប្លង់​នៃ​ប្រាសាទប្រែរូប​, ឯកសារ​បារាំង

​     ​សាងសង់ឡើង​អំពី​ឥដ្ឋ ហើយនឹង​ផ្ទាំង​ថ្មបាយក្រៀម ប្រាសាទប្រែរូប គឺជា​ប្រាសាទភ្នំ​ដ៏​សំខាន់​ជាងគេ​បំផុត ក្នុងអម្លុង ស​.​វ​ទី​១០ ដែលមាន​រាង​ជា​សាជី ដូចជា​ម្កុដ ៤ ជ្រុង​ព្នាយ ប្រថាប់​ដោយ​អាគារ​និង​គុហា​តូចៗ​ចំនួន ១២ នៅតាម​ជណ្តើរ ដើម្បី​តម្កល់​ព្រះ​សិវលិង្គ ដ៏​ជាទីគោរព​សក្ការៈ ។​
​    ​វិសាលភាព និង​ទ្រង់ទ្រាយ​ដ៏​សមសួន​នេះ ធ្វើ​ឲ្យ​គេ​រំភើបចិត្ត​យ៉ាង​ក្រៃលែង នៅពេលដែល​គេ​ឈរ​នៅលើ​ប្រាសាទ​នេះ ហើយ​ចោល​កន្ទុយភ្នែក​ទៅ​ទេសភាព​ជុំវិញ ។ ប្រាសាទប្រែរូប​មាន​កំពែង​ពីរ​ជាន់ ធ្វើ​អំពី​ថ្មបាយក្រៀម ដោយមាន​ទ្វារ​ចូល​ចំនួន ៤ មួយ​នៅ​ជ្រុង​នីមួយៗ ។ រីឯ​តួ​ប្រាសាទ​វិញ មាន​រាង​ជា​សាជី ដែលមាន​ជណ្តើរ​មាន​កាំ​ជា​ថ្នាក់ៗ សម្រាប់​ទ្រ​តួ​ប្រាសាទ ដែលមាន​ចំនួន ៥ ។ ម្យ៉ាងវិញទៀត តាមរយៈ​ជណ្តើរ​ទាំងនោះ គេ​អាច​ទៅកាន់​ប្រាង្គ​ប្រាសាទ​ទាំងនោះ យ៉ាង​ងាយស្រួល​ដែរ ។​
​    ​នៅ​ផ្នែក​ខាងកើត​នៃ​កំពែង​ខាងក្រៅ គេ​ឃើញ​មាន​ប្រាង្គ​ប្រាសាទពីរ​ក្រុម ស្ថិត​ម្ខាង​នៅលើ​គ្រឹះ​ដ៏​រឹងមាំ​មួយ ។ ហើយ​ប្រាង្គ​នីមួយៗ​មាន​ប្រវែង​ប្រមាណ​ជា ៥ ម៉ែត្រ ក្នុង​មួយ​ជ្រុង ។​
​     ​ដូច​ពោល​ខាងលើ ប្រាសាទប្រែរូប គឺជា​ប្រាសាទភ្នំ ដែល​តំណាង​ឲ្យ​ភ្នំ​សុមេរុ ដែល​ស្ថិត​លើ​ទេព​ស្ថាន​ត្រៃ​ត្រឹ​ង្ស ។ ម្ល៉ោះហើយ​ប្រាង្គ​កណ្តាល​មាន​ភាព​ធំ ហើយ​ល្អ​ប្រណីត​ជាងគេ គួរ​ឲ្យ​ស្ញប់ស្ញែង ហើយ​បើ​គេ​ប្រៀបធៀប​នឹង​ប្រាង្គ​ដ៏​ទៃៗ គេ​មាន​អារម្មណ៍​ថា ឧត្តមភាព​នៃ​សំណង់​នេះ គួបផ្សំ​និង​លិង្គ​រាជ ពិតជា​គ្របដណ្តប់​សង្កត់​លើ​ប្រាង្គ​ឯទៀតៗ ដែល​ស្ថិតនៅ​ជុំវិញ ។

ក្តារ​មឈូស​នៅ​ប្រាសាទប្រែរូប (​ម​.​ត ២០០៤)

​     ​សូម​ជម្រាប​ផងដែរ​ថា គំនិត​ផ្សេងទៀត​ដែល​គាំទ្រ​ការបកស្រាយ ដែលថា ប្រាសាទប្រែរូប​គឺជា​កន្លែង​តម្កល់​ព្រះ​អដ្ឋិធាតុ​ស្តេច គឺ​លិង្គ​រាជ​នៅក្នុង​ប្រាង្គ​កណ្តាល ខាងលើនេះ ដែលមាន​ឈ្មោះថា រា​ជេ​ន្ទ្រា​បាត្រ​ស្វរៈ ។ នេះ​បញ្ជាក់ថា លិង្គ​នេះ​គឺ​តំណាង​ឲ្យ​លិង្គ​របស់ ព្រះមហាក្សត្រ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន ពិតៗ​ឥត​ក្លែងក្លាយ ។​
​    ​សូម​ជម្រាប​ផងដែរ​ថា នៅ​ប្រទេស​ឥណ្ឌា​សម័យបុរាណ ពាក្យ ស្វរៈ ជា​ពាក្យ​សំ​ស្រឹ្ក​ត​មានន័យថា ព្រះ​សិវៈ ដែលជា​ទេវតា​នៃ​ភ្នំ​តែ​ក្នុង បរិបទ​ខ្មែរ​ពាក្យ​នេះ​តំណាង​ឲ្យ​ព្រះ​បដិមា របស់​ព្រះរាជា​វិញ ។ ដូច្នេះ​មានន័យថា រា​ជេ​ន្ទ្រា​បាត្រ​ស្វរៈ គឺជា​ចម្លាក់​របស់​ព្រះ​រាជេន្ទ្រ​វរ្ម័ន ដែលជា​ព្រះអាទិទេព​ខ្មែរ​ពិតៗ សម្រាប់​ធានា​វឌ្ឍនភាព​និង​និរន្តរភាព​នៃ​ទឹកដី​កម្ពុជា​ឲ្យ​គង់វង្ស ។​
​     ​ដើម្បី​មូលហេតុ​សាសនា ព្រះអង្គ​ក៏បាន​ស្ថាបនា​ប្រាសាទ​ដ៏​សំខាន់​មួយទៀត គឺ​ប្រាសាទ​មេបុណ្យ នៅ​ទិស​ខាង​បូព៌ា ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​ប្រាសាទ​ខាងលើ​នេះដែរ ៕ (​ម​.​ត្រា​ណេ)

ប្រភព​នៃ​ឥរិយាបទ​ប្រថាប់ របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ នៅ​សម័យអង្គរ​

​នៅលើ​ជញ្ជាំង​ថែវ​ប្រាសាទអង្គរវត្ត​ផ្នែក​ខាងលិច គេ​ឃើញ​មាន​ចម្លាក់​ប្រវត្តិសាស្ត្រ​មួយ ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ព្រះបាទ​សុ​វិ​យា​វរ្ម័នទី​២ កំពុង​ប្រថាប់​នៅ​កណ្តាល​ព្រះបរមរាជវាំង ក្នុង​ឥរិយាបទ​រាជ​សិលា ពោលគឺ​ទ្រង់​គង​ពែនភ្នែន យ៉ាង​សង្ហា​នៅលើ​បល្ល័ង្ក​មួយ​លំអ​ដោយ​នាគរាជ ដោយ​ព្រះបាទ​មួយ​សំ​យ៉ុង​ចុះក្រោម ។​
​    ​នៅ​ពី​ខាងមុខ​ត្រង់ គេ​ឃើញ​មាន​សព្វ​មុខមន្ត្រី​កំពុង​លុតជង្គង់​សម្តែង​គារវកិច្ច​ថ្វាយ​ទ្រង់ ក្នុងខណៈដែល​ពួក​អាមាត្យ​បាំង​ក្លស់​ផ្លិត និង​ស៊ែរ​ដេញ​មូស​យ៉ាង​ស្រគត់ស្រគុំ ។​
​នៅ​ជុំវិញ​ព្រះ​ហា​ក្សត្រ គេ​ឃើញ​មាន​ពួក​ព្រាហ្មណ៍​បុរោហិត ទុក​សក់វែង ស្លៀកសំពត់​លំអ​ដោយ​ក្បាច់រចនា​តូចឆ្មារ​ព្រមទាំង​ពួក​មន្ត្រីជាន់ខ្ពស់ នៃ​ព្រះបរមរាជវាំង នា​សម័យ​នោះ ។ ទិដ្ឋភាព​មួយ​ដែល​ទាក់ទាញ​អារម្មណ៍​របស់​យើង គឺ​ក្នុងចំណោម​ពួក​ព្រហ្ម​ណ៍​ទាំងនោះ​មាន​ព្រាហ្មណ៍​ម្នាក់​ដែល​អាចជា​ព្រះ​ បរមគ្រូ​របស់​ព្រះមហាក្សត្រ​សូត្រធម៌​ដោយ​ដៃ​ប្រឡេះ​គ្រាប់​ផ្គាំ ហាក់​កំពុង​អំពាវនាវ​បួងសួង​ឲ្យ​ព្រះអាទិទេព​អង្គរ​ផ្តល់​ចំពោះ​ ព្រះមហាក្សត្រ និង​នគរ​ខ្មែរ​នូវ​វិបុល​សុខ និង​សិរិ​សួស្តី ។ ឋានានុក្រម​នៃ​ពួក​នាម៉ឺន​មន្ត្រី​អាច​គូសបញ្ជាក់​តាមរយៈ​សម្លៀក​បំពាក់​ ប្រកបដោយ​ក្បាច់ក្បូរ ឬ​សាមញ្ញ ។​

ព្រះបាទ សុរិយា​វរ្ម័នទី ២ ស្ថិតក្នុង​ឥរិយាបថ រាជា​លីលា លើ​ប្រាសាទ​អង្គ​វត្ត ចម្លាក់​ព្រះ​កុ​បេ​រ៌ លើ​ជញ្ជៀន​ស្ពាន់ កម្ម​សិទ្ធ​ឯកជន និង ចម្លាក់​លើ​ត្បូង​កែវ អង្គរបុរី សម័យ​នគរ​ភ្នំ ស​.​តទី ៣-៤ (​សារមន្ទីរ​ជាតិពន្ធុវិទ្យា​ទួលគោក​, ម​.​ត ២០០៩)​

​     ​នៅ​ផ្នែក​ខាងក្រោម​គេ​ឃើញ​ក្រុម​បរិវារ​ជា​ស្ត្រី ដែល​នៅ​ដៃ​មាន​កាន់​នូវ​ដ​ង្វា​យ​ផ្សេងៗ ។ ពួក​ស្ត្រី​ទាំងនោះ​ខ្លះ​ពាក់​ខ្សែក កងដៃ​ធម្មតា​ខ្លះទៀត​ជា​ស្រីស្នំ​ពួកគេ​ពាក់​គ្រឿងអលង្កា​មានតម្លៃ ដូចជា​មកុដ និង​ខ្សែ​កមាស​ជាដើម ។
​    ​ដូច​ទើប​ពិពណ៌នា​រួច ស្តេច​ខ្មែរ​សម័យអង្គរ​អង្គ​នេះ​គង់​ធ្វើ​សវនាការ​ជាមួយ​សព្វ​នាម៉ឺន​ មន្ត្រី ដោយ​ទ្រង់មាន​ព្រះ​ហត្ថ​ធ្វេ​ង​ក្នុង​កាយវិការ​ប្រកបដោយ​ឫទ្ធី​អំណាច រីឯ​ខ្លួន​ដូច​ពែនភ្នែន​យ៉ាង​សមសួន ។ តើ​ឥរិយាបទ​នេះ​មាន​ប្រភព​មកពីណា​?
​     ​ការសិក្សា​អំពី​ឥរិយាបទ​ដៃ និង​ដងខ្លួន​របស់​ព្រះ​ពុទ្ធរូប និង​ទេវរូប​បុរាណ​នានា នៅ​ប្រទេស​ឥណ្ឌា បាន​ឲ្យ​ដឹង​យ៉ាង​ជាក់ច្បាស់​ថា​ព្រះមហាក្សត្រ​ព្រះបាទ​សុរិយា​វរ្ម័នទី​២ កំពុងស្ថិត​ក្នុង​ឥរិយាបទ​រាជា​លីលា ។ ដូច្នេះ​មានតែ​ព្រះមហាក្សត្រ​ទេ ដែល​ទ្រង់​អាច​ប្រថាប់​ក្នុង​ឥរិយាបទ​នេះ​បាន ។​
​    ​សូមជម្រាបថា សារមន្ទីរ​ជាតិ​ពុទ្ធ​វិទ្យា​ឯកជន នៅ​ទួលគោក​ក្បែរ​សាលា​ឥន្ទ្រ​ទេវី​មាន​វត្ថុ​សិល្បៈ​ថ្មី និង​បុរាណ​ជាច្រើន ដែល​មកពី​អង្គរបុរី ហើយ​ក្នុងចំណោម​ត្បូង​កែវ​ស្ល​មួយចំនួន​គេ​ឃើញ​មាន​រូប​អាទិទេព​ខ្លះ​ ស្ថិតក្នុង​ឥរិយាបទ​ដូចគ្នា នឹង​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ។​    ​ដូច្នេះ​ប្រការនេះ​គាំទ្រ​ទស្សនៈ​ដែល​ស្តីពី​ប្រភព​បុ​រេ​អង្គរ​នៃ​ឥរិយាបទ ​ប្រថាប់​របស់​ស្តេច​ខ្មែរ នា​សម័យអង្គរ ។ នេះ​ជាហេតុ​នាំ​ឲ្យ​យើង​សន្និដ្ឋានបានថា ព្រះមហាក្សត្រ​ខ្មែរ​ចាប់ពី​ដើម​សតវត្ស​ទី​១ ដល់​សតវត្ស​ទី​១៣-១៤ ទ្រង់​រមែងតែ​ប្រថាប់​ពែនភ្នែន​តាម​លំនាំ​ស្តេច​ឥណ្ឌា តែ​នា​សម័យ​ក្រោយៗ​មក​រហូតដល់​សម័យ​បច្ចុប្បន្ន​ប្រពៃណី ’​ជា​ផ្លូវការ​” នេះ​មិន​រក្សា​ឲ្យ​បាន​គង់វង្ស​ឡើយ​ដោយ​របត់​សង្គម​វប្បធម៌ ៕ (​ម​.​ត្រា​ណេ​)

ក្រុម​ប្រាសាទ​លិង្គ នៅ​កោះ​កេរ និង និមិត្តរូប​របស់ លិង្គ

​ក្រុម​ប្រាសាទ​លិង្គ​នៅ​ទីក្រុង​កោះ​កេរ ឬ​គោក​គគីរ ក្នុង​សិលាចារឹក មាន​ប្រាសាទ​ដែល​ផ្ទុក​ដោយ​រូបសំណាក​តំណាង​ឲ្យ​ព្រះ​សិវលិង្គ ចំនួន ៤ ។ នៅទីនេះ យើង​សូម​លើកយក​ប្រាសាទ​តែមួយ​មក​អធិប្បាយ ។​
​    ​ប្រាសាទ លិង្គ ជា​ប្រាសាទ​ស្ថិតនៅក្នុង​រចនាបថ​កោះ​កេរ (​ដើម​សតវត្ស​រិ៍​ទី​១០​នៃ​គ្រិស្តសករាជ​) ហើយ​មាន​រាង​៤​ជ្រុង​ស្មើ សាងសង់ ដោយ​ថ្មភក់ ប្រហែលជា​គេ​ដឹក​មកពី​តំបន់​ដែល​ស្ថិតនៅ​ឆ្ងាយ​បន្តិច ។ នៅលើ​ជញ្ជាំង​ខាងជើង​ផ្នែក​ខាងក្រៅ គេ​ឃើញ​មាន​បង្ហូរ​ទឹកមន្ត ឬ​សោម​សូត្រ​មួយ ជា​មាត់​របស់​យោនី​ដែល​ស្ថិតក្នុង​ប្រាសាទ ។​
​    ​គួរ​បញ្ជាក់ថា ការបង្ហូរ​ទឹកមន្ត បែបនេះ​តាម​រន្ធ​យោនី​ដែលមាន​ព្រះ​សិវលិង្គ​នៅ​ពីលើ​ជា​ប្រពៃណី​កើតចេញ​ ក្នុង​វប្បធម៌​ចេនឡា ដូច​ដែលមាន​ក្នុង​ប្រាសាទរបាំងរមាស​នៅ​ទីក្រុង​ឦសាន​បុ​រៈ ឬ​សម្បូរ​ព្រៃ​គុក​នា​ចុង​សតវត្ស​រិ៍​ទី​៦ និង​ដើម សតវត្សរ៍​ទី​៧ ។​

ប្រាសាទលិង្គ និងសោមសូត្របង្ហូរទឹកមន្តចេញពីប្រាសាទ (ថត ១៩៩៦)

​    ​តាម​ការស្រាវជ្រាវ​រប​ស់លោក អ៊ួ​ង វន ដែល​បាន​ចុះទៅ​ផ្ទាល់​ទីតាំង​ប្រាសាទ​លិង្គ ឬ​ប្រាសាទជ័យ បាន​កត់សម្គាល់ថា ប្រាសាទ​នេះ ស្ថិតនៅក្នុង​បរិវេណ​នៃ​ទីក្រុង​កោះ​កេរ ដែលជា​ព្រះ​រាជធានី​នៃ​ព្រះ​ជ័យ​វ​រ័​ន្ម​ទី​៤​នៅក្នុង​ខេត្តព្រះវិហារ ។​
​    ​ប្រាសាទជ័យ ឬ លិង្គ​មាន​ដល់​ទៅ​៤ ស្ថិត​ជា​ជួរ ហើយ​មាន​រាង​ដូចគ្នា សាងសង់​អំពី​ថ្មភក់ ។
​    ​គេ​សង្កេតឃើញ​នៅ​ចំ​កណ្តាល​ប្រាង្គ​ប្រាសាទ​នីមួយៗ នូវ​វត្តមាន​របស់​ព្រះ​សិវលិង្គ​ដ៏​ធំ​សម្បើម​អស្ចារ្យ ដោយមាន​ទំហំ​រវាង ១​ម៉ែត្រ ២០ ទៅ​១​ម៉ែត្រ​៤០​គុណ នឹង​១​ម៉ែត្រ​១០ ទៅ​១​ម៉ែត្រ​២០ ។ នេះ​ជា​ប្រាសាទ​ដែលមាន​លិង្គ​ដ៏​ធំជាងគេ​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុ​ជាប​ច្ចុ​ប្បន្ន ក៏​ដូច​ក្នុង​ចក្រភព​កម្ពុជទេស​ដែរ ។​
​    ​ភាព​វិសេសវិសាល​របស់​ព្រះ​សិវលិង្គ​ទាំងនោះ គឺ​ទ្រ​ដោយ​ទម្រ​ថ្ម តំណាង​ឲ្យ​ព្រះ​នាង​ឧមា​ប្រកបដោយ​ក្បាច់រចនា​យ៉ាង​ល្អ​ប្រណីត គឺ​លិង្គ និង​ទម្រ​ត្រូវបាន​ធ្លាក់​នៅលើ​ដុំថ្ម​ភ្នំ​មួយ​យ៉ាង​ធំ​ដែល​ផុស​ចេញពី​ ដីភ្នំ​តែម្តង ។ នេះ​ជា​អច្ឆរិយ​ភាពរ​បស់ទីតាំង ដែល​ធ្វើ​ឲ្យ​គេ​ស្ញប់ស្ញែង​នូវ ទេពកោសល្យ​របស់​បុព្វ​បុរស​ខ្មែរ​នា​សម័យបុរាណ​ក្នុងអំឡុង ១០០០​ឆ្នាំ​មុននេះ ។ ម្យ៉ាងទៀត​ការយក​ថ្ម​ដើម្បី​ធ្លាក់​ជា​លិង្គព្រះឥសូរ​ខាងលើនេះ ក៏​ជា​ភស្តុតាង​មួយ​បង្ហាញ​ឲ្យ​យើង​ដឹងថា : ទីតាំង​នេះ​មាន​លក្ខណៈ​ពិសិដ្ឋ​ដ៏​ជ្រាលជ្រៅ​បំផុត​សម្រាប់​សាសនិកជន​ខ្មែរ​ នា​សម័យបុរាណ ៕ (​ម​.​ត្រា​ណេ​)

Monday, May 16, 2011

ព្រះ​រាជ​ជីវ​ប្រវត្តិ​ព្រះ​ករុណា​ព្រះ​បាទ នរោត្តម សីហមុនី

ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុង​ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ ។
នៅ ​ក្នុង​​ពេល​ឆាប់ៗ​ខាង​មុខ​នេះ  ព្រះរាជា​ណាចក្រ​កម្ពុជា​នឹង​ប្រារព្វ​ពិធី​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះ​ ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។ ឆ្លៀត​ក្នុង​ឱកាស​នេះ  ​សួស្តី​ សូម​លើក​យក​ព្រះរាជ​ជីវ​ប្រវត្តិ​សង្ខេប​​របស់​ព្រះ​អង្គ​​ដើម្បី​ចែក​ជូន​ប្រិយមិត្ត​អ្នក​អាន​បាន​ជ្រាប ។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​គឺជា​ព្រះ​រាជ​បុត្រា​របស់​ ព្រះ​ករុណា​​ព្រះ​មហា​វិរក្សត្រ​ នរោត្តម សីហមុនី ព្រះ​វរ​រាជ​បិតា និង សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​វររាជមាតា ។ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ប្រសូត្រ​នៅ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ព្រះរាជា​ណាចក្រ​កម្ពុជា ។
សម្តេច ​ព្រះ​បរមនាថ នរោត្តម​ សីហមុនី​ កាល​​ព្រះ​អង្គសិក្សា​នៅសាលា​​ក្នុង​ទីក្រុង ប្រាគ នា​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ ១៩៦២ ។ ព្រះ​អង្គ​កំពុង​ទទួល​យក​បង្អែម​បន្ទាប់​ពី​សោយ​ក្រយា​ថ្ងៃ​ត្រង់​ ។

ឆ្នាំ១៩៥៣ គឺជា​ពេល​វេលា​មួយ​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ​ទាំង​ស្រុង​ពី​សំណាក់​អាណានិគម​និយម​បារាំង​ ។

ខាង ​ក្រោម​នេះ​គឺជា​ព្រះ​រាជ​ជីវ​ប្រវត្តិ​​សង្ខេប​របស់​ព្រះ​ករុណា​ព្រះ​បាទ​ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ។
  • ១៩៥៩-១៩៦២ ៖ សិក្សា​នៅ​សាលា​បឋម​សិក្សា​នរោត្តម ក្នុង​ទីក្រុង​ភ្នំពេញ ព្រះ​រាជា​ណាចក្រ​កម្ពុជា
  • ១៩៦២-១៩៦៧ ៖ សិក្សា​នៅ​សាលា​បឋម​សិក្សា​ និង មធ្យម​សិក្សា នៅ​វិទ្យាល័យប្រាគ ក្នុង​ប្រទេស​ឆេកូស្លូវ៉ាគី
  • ១៩៦៧-១៩៧១ ៖ សិក្សា​ផ្នែក​សិល្បៈ របាំ-តូរ្យតន្ត្រី-ល្ខោន នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រាគ ក្នុង​ប្រទេស​ឆេកូស្លូវ៉ាគី
  • ១៩៧០ ៖ មធ្យមសិក្សាប័ត្រ នៅ​ទីក្រុង​ប្រាគ ក្នុង​ប្រទេស​ឆេកូស្លូវ៉ាគី (និទ្ទេស​ល្អ​ណាស់)
  • ១៩៧១ ៖ ជ័យ​លាភី​លេខ​១ ផ្នែក​របាំ​បុរាណ នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ ប្រាគ
  • ១៩៧១-១៩៧៥ ៖ សិក្សា​នៅ​សាកល​វិទ្យាល័យ  បណ្ឌិត​សភា​ផ្នែក​​សិល្បៈ​​តន្ត្រី​ ប្រាគ
  • ១៩៧៥ ៖ បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​នៃ​បណ្ឌិត​សភា​ផ្នែក​សិល្បៈ​តន្ត្រី ប្រាគ (Praque)
  • ១៩៧៥ ៖ ព្រះ​រាជ​និពន្ធ​និក្ខេបបទ​ស្តី​អំពី​ទស្សនៈ និង ការ​គ្រប់​គ្រង​សាលា​សិល្បៈ​នៅ​ប្រទេស​កម្ពុជា
  • ១៩៧៥-១៩៧៦ ៖ ឧត្តមសិក្សា​ផ្នែក​ភាពយន្ត​នៅ​សាធារណរដ្ឋ​ប្រជា​មានិត​ប្រជា​ធិបតេយ្យ​កូរ៉េ
  • ១៩៧៦-១៩៧៩ ៖ ជាប់​ក្រោម​ការ​ឃុំឃាំង​ក្នុង​របប​ខ្មែរ​ក្រហម​ជាមួយ​ព្រះ​វរ​រាជ​បិតា និង ព្រះ​វររាជមាតា និង ព្រះ​អនុជ សម្តេច នរោត្តម នរិន្ទ្រ​ពង្ស
  • ១៩៧៩-១៩៨០ ៖ ព្រះលេខា​ផ្ទាល់​របស់​ព្រះ​វរ​រាជ​បិតា​ក្នុង​កំឡុង​ពេល​ព្រះអង្គ​គង់​ប្រថាប់​នៅ​ក្នុង​ប្រទេស​ចិន
  • ១៩៨១-២០០០ ៖ សាស្ត្រា​ចារ្យ​ផ្នែក​របាំ​បុរាណ​ និង ផ្នែក​គរុ​កោសល្យ​សិល្បៈ​នៅ​វិទ្យាស្ថាន​អភិរក្ស MARIUS PETIPA   GABRIEL FAURE និង W.A.MOZART នៅក្នុង​ទីក្រុង​ប៉ារីស
  • ១៩៨៤-១៩៨៨ ៖ ប្រធាន​សមាគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង និង ជា​អគ្គនាយក និង នាយក​សិល្បៈ​នៃ​ក្រុម​របាំ​បាឡេ "DEVA"
  • ១៩៨៨-១៩៩៣ ៖ អគ្គនាយក និង នាយក​សិល្បៈ​នៃ​សាជីវកម្ម​ខេមរ​​ភូមិន្ទ​ភាពយន្ត "ខេមរាភាពយន្ត"
  • ១៩៩២-១៩៩៣ ៖ តំណាង​អចិន្ត្រៃ​យ៍​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ជ្រើង ​តាំង​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​នៃ​កម្ពុជា
  • ១៩៩៣-២០០៤ ៖ ឯក​អគ្គរាជ​ទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ប្រចាំ​អង្គ​ការ​យូណេស្កូ
  • ២០០៤ ៖ សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​
នាពេល​ថ្មីៗ​​ចុង​ក្រោយ​នេះ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ​ ទទួល​បាន​សញ្ញា​បត្រ​បណ្ឌិត​កិត្តិយស (Doctor Honoris Causa) ពីក្រុម​ប្រឹក្សា​សិល្បៈ​របស់​ Academy of Performing Arts in Prague ''AMU'' នៅ​ក្នុង​ខែ​មិនា ឆ្នាំ២០១០ ហើយ​​​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ក៏ ​បាន​ក្លាយ​ទៅ​ជា​ព្រះ​រាជ​សមាជិក​​នៃ​​ស្ថាប័ន​កំពូល​របស់​បារាំង​ Academie des Inscriptions et belles lettres (AIBL) នៅ​ក្នុង​ខែ​ដដែល​នោះ​ផង​ដែរ ។
សម្តេច ​ព្រះ​បរមនាថ នរោត្តម​ សីហមុនី ក្នុង​ខណៈ​ពេល​ក្លាយ​ទៅជា​ព្រះ​រាជ​សមាជិក​របស់​ Academie des Inscriptions et belles lettres (AIBL) នៅទីក្រុង​ប៉ារីស ប្រទេសបារាំង ។

នៅ​ថ្ងៃ​ទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៤  ព្រះ​ករុណា​​ព្រះ​មហា​វិរក្សត្រ​ នរោត្តម សីហមុនី បាន​ប្រោស​ប្រទាន​តម្លើង​ព្រះ​គោរម្យ៍​ងារ​​ជា ស្តេច​ក្រុម​ឃុន
នៅ ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០០៣ ព្រះ​ករុណា​​ព្រះ​មហា​វិរក្សត្រ​ នរោត្តម សីហុ បាន​ប្រោស​ប្រទាន​​តែង​តាំង​ជា ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ ។
នៅ​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០០៤ ព្រះ​ករុណា​​ព្រះ​មហា​វិរក្សត្រ​ នរោត្តម សីហុ បាន​ប្រោស​ប្រទាន​តម្លើង​ព្រះ​គោរម្យ៍​ងារ​​ជា ព្រះបរមនាថ
នៅ ​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០០៤  សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវ​បាន​សមាជិក​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើសរើស​ជា​ឯកច្ឆន្ទ​តែង​ តាំង​ជា ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។

ក្រៅ​អំពី​ភាសា​ជាតិ  ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចេះ​ភាសា ៖ ​បារាំង ឆេក និង ភាសា​អង់គ្លេស ។

ព្រះ ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទទួល​បាន​គ្រឿង​ឥស្សរិយយស​ដ៏​ខ្ពង់​ខ្ពស់​មួយ​ចំនួន​ដូច​ជា ឥស្សរិយយស​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ថ្នាក់ មហាសេរីវឌ្ឍន៍  ឥស្សរិយយស​មុនីសារភ័ណ្ឌថ្នាក់ មហាសេរីវឌ្ឍន៍  Grand Officer De La Legion D'honneur នៃ​សាធារណរដ្ឋ​បារាំង និង Medaille D'argent De La Ville De Paris នៃ​សាធារណរដ្ឋ​បារាំង ៕

ដកស្រង់​ពី​វែបសាយត៍ www.norodomsihamoni.org

Monday, April 25, 2011

​រចនាបថ​ភ្នំ​ដា​

ចម្លាក់ព្រះវិស្ណុ, ថ្ម អង្គរបុរី, សារមន្ទីរជាតិភ្នំពេញ, ស.ត ទី៤-៥ (ថត ២០០៤)
    ​ការបង្កើតឡើង​នូវ​រចនាបថ​ផ្សេងៗ ដែលជា​ផ្នែក​មួយ​នៃ​សកម្មភាព​វប្បធម៌ ដោយឡែក​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ គឺ​ពិតជា​លក្ខណៈ​នៃ​ប្រវត្តិសាស្ដ្រ​នៃ​ប្រជាជន​កម្ពុជា ។ សមិទ្ធផល​សង្គម វប្បធម៌​ទាំងអស់នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ ការ​ជ្រួតជ្រាប​នៃ​វប្បធម៌​ឥណ្ឌា​ក៏​មែនពិត ក៏ប៉ុន្ដែ​លើសពីនេះ​ទៀត​គឺជា​គុណ​ស​ម្ប​តិ្ត​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នៃ​ ពូជសាសន៍​ខ្មែរ ដែលមាន​ទេពកោសល្យ​ខ្ពស់​ក្នុងការ​កែច្នៃ​ប្រឌិត​នូវ​អ្វីៗ ដែល​មកពី​ក្រៅ​ឲ្យ​ក្លាយទៅជា​របស់ខ្លួន ។ ដោយ​មូលហេតុ​នេះហើយ រចនាបថ​ភ្នំ​ដា​ដែល​បាន​កើតឡើង​ក្រោម​ឥទ្ធិពល​ឥណ្ឌា​មាន​លក្ខណៈពិសេស ដែល​អ្នកស្រាវជ្រាវ​ខាង​ប្រវត្តិ​សិល្បៈ​យកចិត្តទុកដាក់​ជាងគេ  ពីព្រោះ​រចនាបថ​នេះ​គឺជា​ធាតុ​ពិសេស​មួយ នៃលក្ខណៈ​សិល្បៈ​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ ។ បើ​ផ្អែកលើ​ការសិក្សា​វិភាគ​ពិនិត្យពិច័យ យើង​អាច​និយាយបានថា រចនាបថ​នេះ​បាន​ឈានដល់​ចំណុច​មួយ​ដែលមាន​ការសន្និដ្ឋាន​រួមមួយ​គួរ​ឲ្យ​ មោទនៈ​ក្រៃលែង ។ ដោយ​គ្មាន​ការសង្ស័យ ឧត្តមភាព និង​អធិរាជ​ភាព​នៃ​រចនាបថ​ភ្នំ​ដា​បាន​គូស​បង្ហាញ តាមរយៈ​ចម្លាក់​ព្រះ​បដិមា​តូចធំ​មួយចំនួន ដែល​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មតិ​ជាតិ និង​អន្ដរជាតិ ។​
   ជាមួយ​ការបញ្ចូល​នូវ​រូបមន្ដ​ថ្មីៗ​ដើម្បី​ធ្វើ​ឲ្យ​ចម្លាក់​មាន​លក្ខណៈ​ រស់រ​វើក យើង​ក៏​ឃើញ​មានការ​ផ្លាស់ប្ដូរ​ទម្រង់​សិល្បៈ ដែលជា​ភាព​ដ៏​អស្ចារ្យ​មួយ​ពុំ​ធ្លាប់មាន​ពីមុនមក ។ ពោលគឺ​ក្នុង​ដំណើរការ​នៃ​ការវិវត្តន៍ សិល្បៈ​ខ្មែរ​បាន​ឈានដល់​ដំណាក់កាល​មួយ​ដែល សមិទ្ធផល​មាន​លក្ខណៈ​ខុសប្លែក​ពី​ក្រឹត្យក្រម​ឥណ្ឌា​បន្ដិច ផ្ទុយ​ពី​ស្ថានភាព​ក្នុងអំឡុង​រវាង ស​.​ត ទី​១ និង​ទី​៥ នៃ​គ​.​ស ដែល​ឥទ្ធិពល​ឥណ្ឌា​នៅមាន​លក្ខណៈ​ស្អិតល្មួត​ជាង ។ បើ​និយាយ​ឲ្យ​ចំ​ទៅ ក្រោយពី​ទទួល​ឥទ្ធិពល​ដ៏​ខ្លាំងក្លា វិចិត្រករ​ខ្មែរ​នា​ចុង​ស​.​ត ទី​៦ ដើម​ស​.​តទី​៧ ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍ បាន​ខិតខំ​បង្កើតបាន​នូវ​ស្នាដៃឯក របស់ខ្លួន​ប្រកបដោយ​ឯករាជភាព ។ ការ​លេចធ្លោ​ឡើង​នូវ​រចនាបថ​ភ្នំ​ដា ធ្វើ​ឲ្យ​យើង​ទទួលស្គាល់​នូវ​ភាពចាស់ទុំ​និង សម្ព័ន្ធភាព​ពេញលេញ​របស់​សិល្បករ​ខ្មែរ​នា​សម័យ​នគរ​ភ្នំ ។ វា​ក៏​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញថា មានការ​កើនឡើង នូវ​អត្រា​នៃ​មជ្ឈមណ្ឌល​វប្បធម៌​ដើម្បី​ផ្គត់ផ្គង់​សេវាកម្ម សម្រាប់​មូលនិធិ​សាសនា​តូចធំ​ទាំងឡាយ​បន្ថែមទៀត​ផងដែរ ។ ក្នុងន័យនេះ យើង​អាច​កត់សម្គាល់ថា គោលបំណង​របស់​វិចិត្រករ​ក្នុង​វិស័យ​វប្បធម៌​ភ្នំ​ដា ក្រៅពី​ខិតខំ​ធ្វើ​ឲ្យ​មាន​ឯកភាព​ជាតិ បាន​ខិតខំ​ធ្វើ​ឲ្យ​មាន​ឯករាជ្យ​ក្នុង​វិស័យ​បដិមា​កម្ម​ផងដែរ ។​

ចម្លាក់ព្រះវិស្ណុ, ថ្ម អង្គរបុរី, ទីក្រុងចាស់ (ស្រេស្ថបុរៈ) នៅវត្តភូ ស.តទី ៥-៦ (ថតដោយ ហ្គីតូ)
ព្រះវិស្ណុ អង្គរបុរី ស.តទី ៦ (សារមន្ទីរជាតិភ្នំពេញ), ថត ២០០៣

​    ​
​     ​សូម​រំលឹកថា អ្វីដែល​បានកើត​ឡើង​នៅក្នុង​ទឹកដី​ខ្មែរ​នា​សម័យ​នគរ​ភ្នំ ក៏បាន​កើតឡើង​នៅក្នុង​អតីត​នគរ​ចម្ប៉ា​ដែរ ក្នុងភូមិ​ភាគ​នេះ ទោះ​ជាមាន​លក្ខណៈ​តូច​ជាង​បន្ដិច​ក្ដី ។​
​    ​ខាងលើនេះ​គឺជា​ចំណុច​សំខាន់​ដែល​គេ​ត្រូវតែ​រំលឹក ពីព្រោះ​ដូច​ជនជាតិ​ដទៃៗ​នៅលើ​ពិភពលោក​ដែរ​ជាតិខ្មែរ រមែង​តែង​ស្រេកឃ្លាន​នូវ​អត្តសញ្ញាណ​របស់ខ្លួន ។​
​    ​ព្រះ​បដិមា​នា​សម័យ​កាលនោះ ភាគច្រើន​ជា​ចម្លាក់​ស្ថិតនៅក្នុង​ឥរិយាបថ​ត្រី​ភ​ង្គ ពោលគឺ​ទ្រង់​ឈរ​ដោយមាន កាយវិការ​ឬ​រាង​បត់​ជា​បី​ផ្នត់ ដោយ​ដងខ្លួន​ធ្លាក់​លើ​ជើង អ្វីមួយ​ដែល​ស្ថិតក្នុង​បរិបទ​នៃ​សាលា​វិចិត្រសិល្បៈ​នាល​ន្ឌា​យ៉ាង​ប្រាកដ ។ ម្យ៉ាងវិញទៀត ព្រះពុទ្ធ​បដិមា​លេងខ្លួន​ទទេ ដោយមាន​ត្រចៀក​វែង​ខ្លះ​ពាក់​ក្រវិល​ផង ដែលជា​និមិត្តរូប​នៃ​សិរី​មង្គល ឬ​ភាព​យឺនយូរ​នៃ​ជីវិត​មុន​ឥណ្ឌា​នីយកម្ម ។ ជាទូទៅ​គួរ​រំលឹក​ឡើងវិញ​ថា ទេវតា​បុរស​ស្លៀកសំពត់​ចងក្បិន រីឯ​ភេទ​ស្រី​វិញ​ស្លៀកសំពត់​វែង​ដែល​ភាគច្រើន​គ្មាន​ក្បាច់ក្បូរ​អ្វី​ ទាំងអស់ ។ ថ្មីៗ​នេះ​យើង​បាន​រកឃើញ​ចម្លាក់​ទេវរូប​មួយចំនួន​ស្លៀកសំពត់​មាន​ផ្នត់​ហើយ ​មាន​ខ្សែ​ចង្កេះ​ដែល​ទម្លាក់​ជរ​សម្រាប់​លំអ​ផងដែរ គួរ​ឲ្យ​គយគន់ ។​

ព្រះកេសទេវរូប ភេទប្រុស និង ស្រី ស.ត ទី ៥-៦, អង្គរបុរី (សារមន្ទីរជាតិភ្នំពេញ)

​     ​ថ្វីត្បិតតែ​ចម្លាក់​ព្រះអាទិទេព​ទាំងនោះ​ស្ថិតក្រោម​ឥទ្ធិពល​នៃ​សិល្បៈ​ ឥណ្ឌា គួបផ្សំ​ជាមួយ​ក្រិ​ត្យ​ក្រម​ហ្គ្រិ​ច​កូ​-​រ៉ូ​ម៉ាំង ក៏ប៉ុន្ដែ​មាន​លក្ខណៈ​ជា​ខ្មែរ​សុទ្ធសាធ ។ នេះ​ជា​ប្រត្យក្ស​ភាព​ដែល​ប្រកែក​ពុំបាន ។ សូមបញ្ជាក់ថា ខុសពី​សមិទ្ធផល សិល្បៈ​ឥណ្ឌា​ដែល​គ្មាន​ភាពទន់ភ្លន់ ឬ​ឱជា​រស ចម្លាក់​ដែលជា​ស្នាដៃ​ខ្មែរ​មាន​ទឹកមុខ​សម្ដែង​ចេញ ។​
​    ​ដូចនេះ​យើង​អាច​ចាត់ទុកថា រចនាបថ​ភ្នំ​ដា​គឺជា​ទំនើបកម្ម​មួយ​មាន​ជំហរ​រឹងមាំ​របស់ខ្លួន​រួចទៅហើយ ដែលមាន​សក្ដានុពល​គួរ​ឲ្យ​មោទនៈ ។​
​    ​ឆ្លងកាត់​ការពិនិត្យ​ពិច័យ​ចម្លាក់​នៅ​ប្រាសាទភ្នំដា និង​នៅក្នុង​អតីត​រាជធានី​អង្គរបុរី ព្រមទាំង​ទីក្រុង​ស្រី​ទេព​ជាដើម យើង​ក៏​ដឹង​ទៀតថា ផ្នួងសក់​ភាគច្រើន​មាន​រាង​ជា​បំពង់​ដែលមាន​ប្រភព​ចេញពី​ប្រទេស​អ៊ី​រ៉ា​ន រីឯ​សក់​របស់​ព្រះ​បដិមា វិញ​មាន​រាង​អង្កាញ់ៗ​រមូល ។ មានន័យថា ការ​សម្គាល់​រចនាបថ​ភ្នំ​ដា ក៏​អាច​សម្គាល់​តាមរយៈ​ចម្លាក់​មួយចំនួន​នៅក្នុង ទីក្រុង​អ៊ូ​ថង ក្នុង​ខេត្ត​សុផាន់​បុរី​ផងដែរ ៕ (​ម​.​ត្រា​ណេ​)

​ប្រាសាទ​ស៊ី​ខរ​ភូមិ​នៅ​ខេត្ត​សុ​រិ​ន្ទ្រ​

    ​ប្រាសាទ​ស៊ី​ខរ​ភូមិ ត្រូវបាន​សាងសង់ឡើង​អំពី​ឥដ្ឋ​នៅ ស​.​តទី​១១ នៃ​គ​.​ស ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះអាទិទេព​ស្រី​ខេ​ស្វរៈ ឬ​ព្រះ​ឥសូរ​ដ៏​មាន​ម​ហិ​ទ្ធិ​ប្ញ​ទ្ធិ ។ ឈ្មោះ​មួយទៀត នៃ​ប្រាសាទ​នេះ​គឺ ប្រាសាទរ​ងាង ។ ប៉ុន្តែ​ជួនកាល​អ្នកស្រុក ហៅ​ប្រាសាទ​នេះ​ថា ប្រាសាទ​ព្រាយ​ដៃ ៨ ផងដែរ ។​

    ​ក្នុងចំណោម​ប្រាសាទខ្មែរ ដែល​បុព្វការី​ជន​ខ្មែរ​បាន​បន្សល់ទុក​នៅ​ខេត្ត​សុ​រិ​ន្ទ្រ ប្រាសាទ​ស៊ី​ខរ​ភូមិ គឺជា​ប្រាសាទ​មួយ ដែលមាន​ទំហំ​ធំ សំខាន់​ជាងគេ ។ សព្វថ្ងៃនេះ ប្រាសាទ​នេះ​ស្ថិតនៅ​ក្នុងភូមិ​ប្រាសាទ ឃុំរ​ងាង ស្រុក​ស៊ី​ខរ​ភូមិ មាន​ចម្ងាយ​ប្រមាណ​ជា ៣០​គ​.​ម​ពី​ទី​រួម​ខេត្ត ។ ខេត្ត​នេះ​ក៏​ជា​ខេត្ត​មួយ ដែល​ប្រជាជន​ខ្មែរ​ពីមុន​នៅ​ថែ​រក្សាបាន​នូវ​ភាសា​ប្រពៃណី​ខ្មែរ​យ៉ាង​ ខ្ជាប់ខ្ជួន​នៅឡើយ ។
​    ​បែរមុខ​ទៅ​ទិសខាងកើត ប្រាសាទ​ស៊ី​ខរ​ភូមិ​ធ្វើ​អំពី​ឥដ្ឋ ស្ថិតក្នុង​រចនាបថ​បាពួន ដោយមាន​ប្រាង្គ ៥ ស្ថិតនៅលើ​ខឿន​មួយ ដែលជា​ដី​លើក ។ ខឿន​នេះ​មាន​ថ្ម ក្រាល​ពីលើ​មាន​រាង ៤ ជ្រុង​ស្មើ ដោយ​ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រមាណ​ជា ២៤ ម៉ែត្រ ។ សូម​ជម្រាប​ផងដែរ​ថា ជណ្តើរ​ឡើងទៅ​កាន់​ខឿន​ប្រាសាទ​នេះ បែរមុខ​ទៅ​ទិសខាងកើត ឆៀង​ខាងលិច ។​
​    ​ចាស់ៗ​ពី​បុរាណ​បាន​ប្រាប់តៗ​គ្នា​ថា ប្រាសាទ​នេះ​មាន​បារមី​ព្រាយ​ក្បាល ៨ កាន់ ។ ហេតុនេះ​នៅមុន​ឆ្នាំ ១៩២៩-១៩៣០ ស្រុកភូមិ​ជួប​គ្រោះភ័យ​ម្តងៗ គេ​រមែងតែ​យក​ក្របី​មក​ថ្វាយ​ព្រាយ​ដៃ ៨ នៅ​ទីនោះ ។ ប៉ុន្តែ​ការប្រតិបត្តិ​បែបនេះ ត្រូវ​បាត់បង់​ទៅហើយ ។ ចាស់ៗ​នៅក្នុង​ភូមិរ​ងាង ក្បែរ​ប្រាសាទ​នេះ បាន​ឲ្យ​ដឹង​ទៀតថា ទីតាំង​ប្រាសាទ​នេះ ពី​ដើម​មាន​ប្ញ​ទ្ធិ​អំណាច​ខ្លាំងពូកែ​ណាស់ ព្រោះ​គេ​ធ្លាប់​សម្លាប់​ស្ត្រី​ទីនោះ ដោយ​វះ​ពោះ ដើម្បី​យក​កូន​ក្នុង​គភ៌ ទៅ​អាំង​ធ្វើ​កូនក្រក ។​
​    ​បើ​ពិចារណា​មើល​ឲ្យ​សព្វគ្រប់​ទៅ យើង​ឃើញថា ការដែល​ពោល​ដូច្នេះ មិនមែនជា​រឿង​ភូតកុហក​ឡើយ ។ សេចក្តីពន្យល់​ខាងលើនេះ យើង​គួរ​ដឹង​យកចិត្តទុកដាក់ ដោយ​ចាត់ទុកថា ប្រកបដោយ​សច្ចភាព ព្រោះ​ប្រពៃណី​ជឿ​លើ​កូនក្រក មិនមែន​មានតែ​នៅទីនេះ​ទេ ក៏ប៉ុន្តែ​នៅ​ប្រទេស​ខ្មែរ​ក៏មាន​ដូចគ្នា​ដែរ ។​
​    ​មួយទៀត​កាលពី​ឆ្នាំ ១៩៧៦ នៅពេលដែល​យើង​បាន​ចុះ​ពិនិត្យ ប្រាសាទ​ស៊ី​ខរ​ភូមិ យើង​ក៏បាន​ឃើញ​មាន​បង្គោល​ថ្ម​ឆ្មា​មួយ​យ៉ាង​ធំ នៅក្បែរ​ចំហៀង​ប្រាង្គ​ប្រាសាទ​កណ្តាល ។ តាម​ទំនង គឺ​នៅទីនេះ​ហើយ ដែល​ដូនតា​របស់​អ្នកស្រុក​ភូមិ បាន​យក​ក្របី​មក​បូជា ។ ហេតុនេះហើយ​បានជា​ពួកគេ យល់ស្រប​តាម​មតិ​របស់​យើង ហើយ​នៅតែ​ជឿ​តាម​គ្នា នេះ​គឺជា​ថ្ម​ដូនតា​ចាស់​ស្រុក ។ សូមបញ្ជាក់ថា រហូតដល់​សព្វថ្ងៃ​គេ​នៅតែ​ពោល​អះអាងថា ថ្ម​ដូនតា​នេះ​តែងតែ​ផ្តល់នូវ​សេចក្តីសុខ​សប្បាយ​ដល់​ពួកគេ ។ ម្យ៉ាងទៀត​ដោយហេតុថា ពួកគេ​តែងតែបាន ទទួល​នូវ​សេចក្តីសុខ​សប្បាយ​មិន​ដាច់ ពួកគេ​រមែងតែ​បន់ស្រន់ ថ្ម​ពិសិដ្ឋ​ខាងលើនេះ​ជាប្រចាំ ។​
​    ​វត្តមាន​របស់​ក្បាច់​ខ្មែរ​មួយ នៅលើ​ក្លោងទ្វារ​នៃ​ប្រាង្គ​កណ្តាល តំណាង​ឲ្យ​ការ​រាំ​របស់​ព្រះ​ឥសូរ គឺជា​សញ្ញា​បញ្ជាក់​ឲ្យ​យើង​ដឹងថា ប្រាសាទ​ស៊ី​ខរ​ភូមិ ពិតជា​ត្រូវបាន​ស្ថាបនា​ឡើង ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះ​ឥសូរ ឬ​ស្រី​ខេ​ស្វរៈ ដូច​ករណី​នៃ​ប្រាសាទព្រះវិហារ​ដែរ ដែល​អាទិទេព​នៃ​ភ្នំ ដ៏​មាន​មហិទ្ធិឫទ្ធិ​ក្រៃលែង ក្នុង​ក្រសែភ្នែក របស់​ខ្មែរ​នា​សម័យបុរាណ ៕ (​ម​.​ត្រា​ណេ​)

​ប្រាសាទឯកភ្នំ​នៅ​ខេត្តបាត់ដំបង​

  ​ខេត្តបាត់ដំបង ដែល​ធ្លាប់ជា​មជ្ឈមណ្ឌល​វប្បធម៌​ដ៏​រុងរឿង​មួយ​ក្នុងសម័យ​បុរាណ បាន​បន្សល់ទុក​នូវ​កេរ្តិ៍ដំណែល​វប្បធម៌​ដ៏​ច្រើន ក្នុងនោះ​មាន​ប្រាសាទឯកភ្នំ​គួរ​ជាទី​មោទនៈ ។ ប្រាសាទឯកភ្នំ​មានឈ្មោះ​មួយទៀត​គឺ ប្រាសាទ​វត្ត​ឯក ។

ភាពទ្រុឌទ្រោមនៃប្រាង្គប្រធាន ទិសខាងលិច បណ្ណាល័យ និងគូទឹក (ថត ២០០៨)

​     ​ប្រាសាទ​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា ១០​គ​.​ម​. ខាងជើង​នៃ​ទី​រួម​ខេត្ត នៅក្នុង​ភូមិ​គម ឃុំ​ពាម​ឯក ខេត្តបាត់ដំបង ។ បន្ទាប់ពី​ប្រាសាទ​បាណន់ ប្រាសាទ​នេះ​ត្រូវគេ​លើកតម្កើង​ថា ជា​ប្រាសាទភ្នំ ដែល​ប្រកបដោយ​បុណ្យ​បារមី ដ៏​ឧត្តុង្គឧត្តម ។ បច្ចុប្បន្ននេះ​ប្រាសាទឯកភ្នំ កំពុង​ទាក់ទាញ​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ ឲ្យ​មក​ទស្សនា​ឬ​មក​កំសាន្ត​លំហែកាយ ។​

ថែវនៅទិសខាងកើត និងខាងលិច ក្រៅប្រាសាទព័ទ្ធជុំវិញប្រាសាទ (ថត ២០០៨)

​     ​ប្រាសាទឯកភ្នំ មាន​កសិណ​ទឹក​ហ៊ុំព័ទ្ធ​ជុំវិញ បែរមុខ​ទៅ​ទិសខាងកើត ហើយ​ស្ថិតនៅលើ​គ្រឹះ​មួយ​ដ៏​រឹងមាំ ធ្វើ​អំពី​ថ្មភក់​និង​ថ្មបាយក្រៀម ដោយមាន​ទីធ្លា​មួយ​មាន​ប្រវែង​ប្រមាណ​ជា ៣០​ម៉ែត្រ ។​

ផ្តែរពាក់ព័ន្ធទៅនឹងទេវកថានានា (ថត ២០០៨)

​     ​ផ្ទាំងសិលា​ចារឹក​ក្នុង​ប្រាសាទ​នេះ​បាន​ឲ្យ​ដឹងថា ប្រាសាទ​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ ព្រះបាទ​សុរិយា​វរ្ម័នទី​១ ដែល​សោយរាជ្យ​សម្បត្តិ​នៅ​ស​.​តទី​១១ នៃ​គ​.​ស សំរាប់​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រហ្មញ្ញសាសនា ។​

ថែវក្នុងប្រាសាទ និងសិលាចារឹករបស់ព្រះបាទសុរិយាវរ្ម័នទី ១ (ថត ២០០៨)

​     ​តួ​ប៉ម​ប្រាសាទឯកភ្នំ​មាន​រាង ៤ ជ្រុង​ស្មើ ធ្វើ​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម ស្ថិតនៅលើ​ខឿន​មួយ មាន​កំពស់​ប្រមាណ​ជា ៤​ម៉ែត្រ ។ ទំនង​ដោយសារ​លក្ខណៈ​បែបនេះហើយ បានជា​គេ​ឲ្យ​ឈ្មោះថា ប្រាសាទឯកភ្នំ ។​
​    ​ដូច​ប្រាសាទ​មួយចំនួន​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយា​វរ្ម័នទី​១​ដែរ ប្រាសាទឯកភ្នំ​មាន​ថែវ​ព័ទ្ធជុំវិញ​ប្រាង្គ​ប្រាសាទ ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​ប្រវែង​ប្រមាណ​ជា ២៥​ម៉ែត្រ និង​ពី​ខាងជើង​ទៅ​ទិស​ខាងត្បូង​ប្រមាណ​ជា ៤៩​ម៉ែត្រ ។​

តួប៉ម ឬប្រាង្គកណ្តាល (ថត ២០០៨)

​     ​ប្រាសាទ​របស់​យើង​បានទទួល​រងគ្រោះ​យ៉ាងដំណំ ដោយសារ​ភ្លើងសង្គ្រាម ហើយ​ទើបតែ​ត្រូវបាន​អភិ​រ័ក្ស​យ៉ាង​ត្រឹមត្រូវ​កន្លងមកនេះ តែ​ពុំ​ទទួល​មានការ​ជួសជុល​នៅឡើយ ។ ទោះបី​មាន​ភាព​ទ្រុឌទ្រោម ដោយមាន​គំនរ​ថ្ម​បែកបាក់​ដ៏​ច្រើន​ធ្លាក់​នៅលើ​ដី ពាសពេញ​ដេរដាស់​ជុំវិញ​ប្រាសាទ​ក្តី ក៏ប៉ុន្តែ​ប្រាសាទឯកភ្នំ នូវ​រក្សាបាន​ឧត្តមភាព និង​អធិរាជ​ភាព និង​សោភ័ណភាព​របស់ខ្លួន​នៅឡើយ អ្វីមួយ​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ គ្រប់​សញ្ជាតិ ។​
​    ​ចម្លាក់​ហោជាង​និង​ផ្តែរ​ដ៏​ល្អ​វិចិត្រ ដែល​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​ព្រះអាទិទេព​ទាំងឡាយ នៃ​ព្រហ្មញ្ញសាសនា ដូចជា រឿង​កូរ​សមុទ្រ​ទឹកដោះ​ជាដើម គឺជា​ចំណុច​ពិសេស​ទាក់ទាញ​ការ​ស្ញើ​ច​សរសើរ​មិន​ដាច់​មាត់ ពី​មហាជន​មាន​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា ។​

ទិដ្ឋភាពរួមនៃប្រាសាទវត្តឯកភ្នំ (ថត ២០០៨)

​     ​ជា​រៀងរាល់ថ្ងៃ​មាន​អ្នក​ស្រុកភូមិ​មក​ធ្វើការ​បន់ស្រន់ ដោយ​នាំមក​នូ​វដ​ង្វា​យ​ជា​ធូប ទៀន ផ្កា ឬក៏​ថវិកា​បន្តិចបន្តួច​ឲ្យ​អាចារ្យ​ម្នាក់ នៅ​ប្រាង្គ​ប្រធាន​នៃ​បូជនីយដ្ឋាន​នេះ ដែល​គេ​ចាត់ទុកថា ជា​កន្លែង​ពិសិដ្ឋ​ជាងគេ​បំផុត ៕ (​ម​.​ត្រា​ណេ​)​

​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រាសាទតាព្រហ្ម​នៅ​បន្ទាយមានជ័យ​

  ​ប្រាសាទ​នេះ​ត្រូវបាន​សាងសង់ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័នទី​៧ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ព្រះរាជ​បុត្រា​របស់​ទ្រង់​ព្រះនាម​ស្រិ​ ន្ទ​កុមារ និង​មេទ័ព​ធំ​៤​នាក់ ​(​ស​ញ្ជា​ក​) បាន​ពលី​ជីវិត ដើម្បី​ការពារជាតិ​មាតុភូមិ​ក្នុង​សង្គ្រាម​ខ្មែរ​-​ចាម ហើយ​ដែល​ត្រូវបាន​គេ​តំណាង​ក្រោមរូបភាព​ព្រះ​ពោធិសត្វ​អ​វ​លោ​កេ​ស្វា​រៈ ។​
​     ​ស្ថិត​លើ​ទីទួល​មួយ ក្នុងភូមិ​ជ្រៃ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន ប្រាសាទតាព្រហ្ម​គឺជា​ឧបសម្ព័ន្ធ​របស់​ប្រាសាទបន្ទាយឆ្មារ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីនោះ ។ ទោះបី​បូជនីយដ្ឋាន​របស់​យើង​មាន​ទ្រង់ទ្រាយ​តូច ហើយ​អម​ប្រាសាទបន្ទាយឆ្មារ ដែលមាន​ខ្នាត​ធំ​ជាង​ក្តី ហើយ​មាន​ភាព​ទ្រុឌទ្រោម​យ៉ាងខ្លាំង​ដោយសារ​កត្តា​ធម្មជាតិ​និង​មនុស្ស ក៏ប៉ុន្តែ​បូជនីយដ្ឋាន​នេះ បាន​រក្សា​នូវ​ក្បាច់រចនា​មួយចំនួន គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​អនេក ជាពិសេស​ក្បាច់​ផ្តែរ​ជាដើម ។​

ទិដ្ឋភាព​រួម​នៃ​ប្រាង្គ​ប្រាសាទតាព្រហ្ម (​ថត ២០១០)

​     ​ស្ថិតក្នុង​រចនាបថ​បាយ័ន ប្រាសាទតាព្រហ្ម​នៅសល់តែ​ប្រាង្គ​មួយ​តែប៉ុណ្ណោះ ដែល​នៅ​កំពូល​គេ​ឃើញ​មាន​ព្រះ​សិរសា​តំណាង​ឲ្យ ព្រះ​អ​វ​លោ​កេ​ស្វា​រៈ​មាន​ព្រះភ័ក្ត្រ​៤ ញញឹម​ទៅកាន់​ទិស​ទាំង​៤ ។​ប្រាសាទ​ទោល​នេះ​បែរមុខ​ទៅ​ទិសខាងកើត ហើយ​ហ៊ុម​ព័ទ្ធជុំវិញ​ដោយ​ស្រះ​មួយ​យ៉ាង​ធំ ។ ម្យ៉ាងវិញទៀត ចំពោះ​អ្នកស្រុក​ខ្មែរ​ជិត​ឆ្ងាយ បូជនីយដ្ឋាន​នេះ គឺជា​ទីតាំង​មួយ​ប្រកបដោយ​ភាព​ស័ក្តិ​សិទ្ធ​អស្ចារ្យ ដែល​ពួកគេ​រមែងតែងតែ​គោរពបូជា ។ ដូច្នេះ ហើយ​បានជា​នៅ​រាល់ថ្ងៃ​ពេញ​បូរ​មី មាន​ការអុជ​ទានធូប និង​គ្រឿង​បណ្ណាការ​ផ្សេងៗ​សម្រាប់​ថ្វាយ ចំពោះ​ព្រះ​អ​វ​លោ​កេ​ស្វា​រៈ​ខាងលើនេះ ដែល​គេ​ចាត់​ថា មាន​បារមី​ស័ក្តិសិទ្ធិ​កាន់​សណ្ឋិត ។​    ​
​    ​ជា​ទិដ្ឋភាព​រួម ប្រាសាទតាព្រហ្ម​មាន​កំពែង​ធ្វើ​អំពី​ថ្មបាយក្រៀម អមដោយ​ទ្វារ​ចូល​ឬ​គោ​បុ​រៈ​ចំនួន​បួន និង​តួ​ប៉ម​មួយ​នៅ​ចំ​កណ្តាល​ដែលមាន​ស្រះ​ទឹក​ដ៏​ធំ​មួយ​ហ៊ុមព័ទ្ធ​ជុំវិញ ។ តែ​ជា​អកុសល​កំពែង​និង​គោ​បុ​រៈទាំង​នោះ ផ្នែក​ខាងក្រៅ​និង​ផ្នែក​ខាងក្នុង​ត្រូវបាន​រលំ​រលុះ​រាបស្មើ​នឹង​ដី ដោយ​ការជីក​កកាយ​ខុសច្បាប់ ដើម្បី​យក​ផ្ទាំង​ចម្លាក់​បុរាណ​ទៅ​ជួញដូរ ។​

គោ​បុ​រៈ ឬ​ទ្វារ​ចូល (​ថត ២០១០)

​     ​វត្តមាន​របស់​ប្រាង្គ​ប្រាសាទ​ជាច្រើន​នា​សម័យ​បាយ័ន សាង​ឡើង​ដោយ​ព្រះបាទ​ជយ​វរ្ម័នទី​៧ ក្នុង​ភូមិភាគ​ដោយឡែក ខេត្តបន្ទាយមានជ័យ ដែល​ពី​ដើម​ជា​ភាគ​មួយ​នៃ​ខេត្តបាត់ដំបង មិនមែន​ជាការ​ចៃដន្យ​នោះទេ ក៏ប៉ុន្តែ​ជាទី​តាំង​សំខាន់បំផុត នៃ​ផ្នែក​ភូមិសាស្ត្រ​និង​យុទ្ធសាស្ត្រ​ព្រមទាំង​សេដ្ឋកិច្ច ។ ភស្តុតាង​ដ៏​រឹងមាំ​មួយទៀត នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ខ្មែរ ដែល​បាន​បង្ហាញថា ខេត្តបាត់ដំបង​នេះ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ ខេត្ត​នគររាជ​សិ​មា តាម​ខ្លឹមសារ​សិលាចារឹក​ភូមិ​ដូង នា​សម័យ​បុ​រេ​អង្គរ ។​
​    ​ដូចនេះ មុននឹង​ឈានដល់​ការស្ថាបនា​ប្រាសាទតាព្រហ្ម ឬ​ប្រាសាទបន្ទាយឆ្មារ ចក្រភព​បុ​រេ​អង្គរ​និង​អង្គរ បាន​លាតសន្ធឹង​លើទឹក​ដី​ថៃ​រួចទៅហើយ ជាពិសេស​នៅ​ស៊ីសាកេត សុ​រិ​ន្ទ្រ បុរីរម្យ និង​នគររាជ​សីមា ដែល​ប្រជាជន​ខ្មែរ​បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​វប្បធម៌​យ៉ាងច្រើន​លើសលុប ។​

គំនរ​ថ្ម​នៃ​ប្រាសាទ ក្បាច់​ផ្តែរ និង​ទម្រ​១២​រូប (​ថត ២០១០)​

​     ​ដោយ​ហេតុផល​ទាំងនោះ​ហើយ ទើប​ព្រះមហាវីរក្សត្រ ព្រះបាទ​ជយ​វរ្ម័នទី​៧ បាន​អភិវឌ្ឍន៍​ភូមិភាគ​នេះ ប្រកបដោយ​កិត្យានុពលភាព​អស្ចារ្យ តាមរយៈ​មូលនិធិ​សាសនា​តូចធំ​ទាំងឡាយ ។ កុំភ្លេចថា ដូច​សម័យអង្គរ​ដែរ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​សម័យ​នោះ​គឺជា​តំបន់​ឆ្លងកាត់​ទៅកាន់​តំបន់​ខ្ពង់រាប​នគររាជ ព្រមទាំង​អាណាខេត្ត​នានា ដែល​សព្វថ្ងៃ​បានក្លាយ​ទៅ ទឹកដី​របស់​ព្រះរាជាណាចក្រ​ថៃ​និង​លាវ ៕ (​ម​.​ត្រា​ណេ​)

​សិល្បៈ​ស្ថាបត្យកម្ម​សម័យ​បាយ័ន​នៅ​ស្រី​ទេព​

  ​ស្របតាម​ស្មារតី​នៃ​លទ្ធិ​មហាយាន និង​គោលការណ៍​នយោបាយ ដែលមាន​ការអភិវឌ្ឍ​ន៍​ជា​ត្រីវិស័យ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ខិតខំ​ស្ដារ​អតីត​ប្រទេស​កម្ពុជា​ឡើងវិញ បន្ទាប់ពី​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ចម្ប៉ា ។ ទន្ទឹមនឹង​ការបង្រួបបង្រួម​ជាតិ​របស់​ស្ដេច​អង្គ​នេះ ដែល​ក្នុង​ចក្ខុវិស័យ​របស់​ពុទ្ធប​រិ​ស័​ទ ព្រះអង្គ​គឺជា​ជយ​ពុទ្ធ​មហា​នាថ ឬ​ជា​ពុទ្ធ​រាជ​នោះ អំណាច​ជ័យ​ចេស្ដា​របស់​ព្រះរាជា តាមរយៈ​មូលនិធិ​សាសនា​នានា ក៏ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ផងដែរ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅក្នុង​ភូមិភាគ​កណ្ដាល​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ។​
​    ​គឺ​ក្នុងករណី​នេះហើយ ដែល​ព្រះរាជា​ចក្រវាល​ទិន​អង្គ​នេះ បានធ្វើ​ឲ្យ​ទីក្រុង​ស្រី​ទេព ដែលមាន​ទីតាំង​ក្នុង​ខេត្ត​ផេ​ជ្រ​ប៊ូ​ន​បច្ចុប្បន្ន ក្លាយទៅជា​ភូមិស្ថាន​បែប​ពុទ្ធ​និយម​ដ៏​ធំ​មួយ ។ ការកាន់កាប់​ឡើងវិញ​នូវ​បូជនីយដ្ឋាន​បែប​ព្រា​ហ្ម​ញ្ញ​សាសនា​ខាងលើនេះ ដោយ​ការសាងសង់​នូវ​សំណង់​ស្ថាបត្យកម្ម និង​ទេវរូប​ថ្មីៗ​បន្ថែម​នៃ​លទ្ធិ​មហាយាន ឬក៏​ការជួសជុល​ប្រាង្គ​ប្រាសាទ​ឥដ្ឋ​ពី​សម័យមុនៗ ហើយ​គ្រាន់តែ​ផ្លាស់ប្ដូរ​និន្នាការ​មនោ​គម​សាសនា ពី​ព្រាហ្មណ៍​និយម ឲ្យ​ក្លាយទៅជា​ពុទ្ធ​និយម​វិញ ដែល​យើង​នឹង​លើក​មក​ពិនិត្យ​បន្ដិចទៀត គឺជា​ការចាំបាច់​ខកខាន​ពុំបាន ។​

សសរពេជ្រ និង ផ្តែរនៅសារមន្ទីរសុខោទ័យ (ថត ២០០០)

​     ​សូមជម្រាបថា ចំពោះ​ទីក្រុង​បុរាណ​នេះ​អ្នកស្រាវជ្រាវ​ថៃ មិនបាន​យកចិត្តទុកដាក់​ពី​ការកែប្រែ ផ្លាស់ប្ដូរ​ខាង​វិស័យ​មនោ​គម​វិទ្យា​សាសនា និង​ស្ថាបត្យកម្ម​នេះ​របស់​ប្រជាជន​ខ្មែរ​បុរាណ​ប៉ុន្មាន​ទេ ដោយ​ពួកគេ​គ្រាន់តែ​សង្កត់​អារម្មណ៍​យ៉ាង​ធ្ងន់​លើ​រចនាបថ​បាពួន​តែ​ម្យ៉ាង​ ប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ​សោត អ្នកនិពន្ធ​ថៃ​ខ្លះ​ដែល​មិនបាន​សិក្សា ស៊ីជម្រៅ​នូវ​រាល់​ចម្លាក់​ស្លាកស្នាម​វប្បធម៌​មុន​អង្គរ បែរជា​ចាត់ទុកថា នោះ​ជា​សិល្បៈ​ទ្វារ​វ​តី ឬ​មន​ទៅវិញ ។ ប៉ុន្ដែ​ស្ថានភាព​នេះ​មិនអាច​បិទបាំង​នូវ​ការពិត​បានទេ កាលបើ​យើង​សិក្សា​វែកញែក​ស៊ីជម្រៅ​នូវ​លក្ខណៈ និង​ទម្រង់​សិល្បៈ ស្ថាបត្យកម្ម​បុរាណ​មួយចំនួន​នៃ​ទីក្រុង​បុរាណ​នេះ ។​
​    ​ចំពោះ​យើងៗ​អាច​ស្វែងយល់​អំពី​បញ្ហា​នេះ បាន​ដោយ​ងាយស្រួល ដោយ​ការ​ប្រមែរ​ប្រមូល​នូវ​រាល់​ចម្លាក់​បុរាណ ដែល​បាន​ខ្ចាត់ខ្ចាយ​រាយប៉ាយ នៅតាម​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ដើម្បី​យកមក​សិក្សា​ប្រៀបធៀប តាម​លំដាប់លំដោយ​សមស្រប​មួយ ។ នេះ​ជាការ​សង្កេត​ដ៏​សំខាន់ ដែល​មិនត្រូវ​មើលរំលង កាលបើ​គេ​ប្រាថ្នា​ឈានទៅរក​ការតាំង​កាលបរិច្ឆេទ ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ អាច​ទទួលស្គាល់​បាន ។​
​    ​ដូច្នេះ​គោលដៅ​ចម្បង​របស់​យើង​នៅទីនេះ គឺ​ការបង្ហាញ​នូវ​ការវិវត្តន៍​ខាង​វិស័យ​សិល្បៈ ស្ថាបត្យកម្ម ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយទៀត ជាពិសេស​ឧត្តមភាព​នៃ​សិល្បៈ​ខ្មែរ នៅ​គ្រប់​សម័យកាល នៃ​ការវិវត្តន៍ ដោយឡែក​សម័យ​បាយ័ន ក្នុង​ទីក្រុង​នេះ ។ សំខាន់​ទៅទៀត​នោះ គឺ​ការវិភាគ​នេះ​បាន​សម្រួល និង​ពង្រីក​ការចេះដឹង​របស់​យើង​មួយកម្រិត​ទៀត ស្ដីពី​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ក្នុង​ភូមិភាគ​កណ្ដាល​ប្រទេស​ថៃ​បច្ចុប្បន្ន ដោយ​ជា​ដំណាក់កាល​ចុងក្រោយបង្អស់​របស់​ប្រវត្តិ​សិល្បៈ​ខ្មែរ ។​
​    ​មូលដ្ឋាន​ខាង​បុរាណវិទ្យា​មួយចំនួន នៃ​ទីក្រុង​ស្រី​ទេព នា​សម័យ​វប្បធម៌​បាយ័ន ក៏​ដូច​វប្បធម៌​បុ​រេ​អង្គ​រដែរ ដែល​ពីមុន​បាន​ខ្ចាត់ខ្ចាយ នៅតាម​បណ្ដា​ខេត្ត​នានា ដូចជា​សារមន្ទីរ​ជាតិ​បាងកក​, សុខោទ័យ លពបុរី និង​អយុធ្យា​ជាដើម ដោយ​ត្រូវបាន​ដឹក​ចេញពី​ទីក្រុង​ខាងលើនេះ​ក្នុង​អតីតកាល ក្រោយពី​ការប្រមូលផ្ដុំ​ឡើងវិញ អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​ការរីកដុះដាល​នៃ​វប្បធម៌​បាយ័ន នៅក្នុង​ភូមិភាគ​នេះ​យ៉ាង​ប្រាកដ ។​
​    ​តាម​ភស្តុតាង​វត្ថុ​សិល្បៈ និង​សំណង់​ស្ថាបត្យកម្ម​បុរាណ​មួយចំនួន​ដែលជា​សមិទ្ធិផល​របស់​ព្រះបាទ​ ជ័យវរ្ម័ន​ទី​៧ ដែល​បាន​បន្សល់ទុក​នៅ​ទីក្រុង​ស្រី​ទេព មាន​ប្រាង្គ​ប្រាសាទ​មួយ​ឈ្មោះ ប្រាង្គ​ឫសី ដែលជា​អកុសល​សព្វថ្ងៃនេះ យើង​ឃើញ​មាននៅ​សេសសល់​តែ​វត្ថុ​សិល្បៈ​មួយចំនួន ស្ថិតក្នុង​ភាព​ទ្រុឌទ្រោម​ជា​ដំណំ ដែល​អ្នក​បុរាណ​វិទូ​ថៃ​មិនអាច​យកមក​សិក្សា​វិភាគ ។ ប្រាង្គ​ប្រាសាទ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង ពីព្រោះ​វា​ជា​សក្ខីកម្ម​នៃ​ការកាន់កាប់ ឬ​គ្រប់គ្រង​ទីក្រុង​នេះ​ដោយ​អជ្ញាធរ​ខ្មែរ​ឥត​ក្លែងក្លាយ ពី​សម័យ​បុ​រេ​អង្គរ​ដល់​សម័យ​បាយ័ន ។ ម្យ៉ាងវិញទៀត​បុរាណវត្ថុ​ទាំងនោះ​ពាក់ព័ន្ធ ទៅនឹង​ការនិយម​នូវ​លទ្ធិ​មហាយាន​លាយឡំ​នឹង​ហិន​យាន ព្រមទាំង​ព្រហ្មញ្ញសាសនា ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ពីស​.​តទី​៦ ដល់​ស​.​តទី​១២-១៣​នៃ​គ​.​ស ។​
​     ​ក្រៅពីនេះ​ទៅ​មាន​ចម្លាក់​មួយចំនួន​ដូចជា ទ្វារបាល (​យក្ខ និង​ទេវតា​) ក្បាច់លំអ​កំពូល​ប្រាសាទ​រាង​ជា​ផ្កាឈូក​រីក​ក្រពុំ​, សសរ​ពេជ្រ​, ដែលជា​ផ្នែក​មួយ​នៃ​ប្រាង្គ​មួយទៀត គឺ​ប្រាសាទ​ស្រី​ទេព ដែល​គេ​បាន​ជួបប្រទះ ហើយ​យកទៅ​តម្កល់​នៅ​សារមន្ទីរ​បាងកក ។ នេះ​ឥត​និយាយ​ដល់​បូជនីយដ្ឋាន​ជាច្រើន​ទៀត ដែល​សព្វថ្ងៃ​នៅ​បន្សល់ទុក​តែ​ខឿន ឬ​គំនរ​ឥដ្ឋ ឬក៏​ទម្រ​ទេវ​រូ ឬក៏​សិវលិង្គ​តែប៉ុណ្ណោះ ។​
​    ​ចំពោះ​ប្រាង្គ ឬក៏​ប្រាសាទ​ស្រី​ទេព​ជាដើម ដែល​ទើប​ពោល​ខាងលើ មាន​កត្តា​ជាច្រើន​ដែល​ចង្អុល​បង្ហាញថា ប្រាសាទ​ទាំងពីរ​នេះ ត្រូវបាន​សាងសង់ឡើង​នា​សម័យ​បុ​រេ​អង្គរ បើ​ផ្អែកលើ​សក្ខីភាព​របស់​រូប​រាង និង​ក្បាច់ក្បូរ​ប្រាសាទ ។​
​    ​ចំពោះ​យើងៗ​គិតថា កាលដើមឡើយ​ប្រាង្គ​ឫសី និង​ប្រាសាទ​ស្រី​ទេព​ត្រូវ​សាងសង់ឡើង​អំពី​ឥដ្ឋ ក្នុងសម័យ​បុ​រេ​អង្គរ ជាពិសេស​សម័យ​ចេនឡា​ចុង​ស​.​តទី​៦ ដើមទី​៧ ។ ក្រោយមក​នា​សម័យអង្គរ​ទើប​ទម្រង់​នៃ​សំណង់​ឥដ្ឋ​នេះ ត្រូវ​បានទទួល​ការកែច្នៃ​ទៅជា​មួយ​ពុទ្ធ​សាសន​ដ្ឋា​ន​ទៅវិញ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ ។ ហេតុនេះហើយ​ការសិក្សា​អំពី​វត្ថុ​សិល្បៈ និង​ស្ថាបត្យកម្ម​ប្រាសាទ​នា​សម័យ​បុ​រេ​អង្គរ អាចធ្វើ​ឲ្យ​យើង​ស្គាល់​ច្បាស់លាស់​នូវ​រចនាបថ​ផ្សេងៗ កុំ​ឲ្យ​មាន​ទស្សនៈ​ភ័ន្ដច្រឡំ អំពី​ប្រភព​កំណើត​ខ្មែរ​ក្នុង​ទីក្រុង​នេះ ។​
​    ​តាមពិតទៅ​វត្តមាន​របស់​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ គ្រប់​សម័យកាល​នៅ​ទីនោះ​មិនមែន​កើតឡើង​ដោយ​ឯងៗ ឬក៏​ដោយ​ចៃដន្យ​នោះទេ ក៏ប៉ុន្ដែ គឺជា​ស្នាដៃឯក​របស់​ប្រជាជន​ខ្មែរ ធ្វើឡើង​សម្រាប់​មូលហេតុ​សាសនា ។ បដិមា​ច្រើន​ជា​ទេវរូប​ដូច​នៅ​ប្រាសាទ​រចនាបថ​ព្រៃ​ក្មេង ខេត្តសៀមរាប និង​កំពង់ព្រះ​ខេត្តកំពង់ចាម ត្រូវបាន​គេ​រកឃើញ​នៅ​ស្រី​ទេព ។​
​    ​នៅ​ចន្លោះ​ឆ្នាំ ១៩៧៦ យើង​មាន​ភ័ព្វសំណាង ដោយបាន​ជួបប្រទះ​នូវ​ក្បាច់​ផ្ដែរ​មួយ​បាក់បែក ស្ថិតក្នុង​រចនាបថ​បាយ័ន ដែល​អាជ្ញាធរ​ថៃ​បាន​យក​ចេញពី​ទីក្រុង​ស្រី​ទេព ខេត្ត​ផេ​ជ្រ​ប៊ូ​ន ដើម្បី​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ខេត្ត​អយុធ្យា ។ នៅពេលនោះ យើង​ពុំទាន់​ដឹងថា ផ្ទាំង​ផ្ដែរ​នេះ មាន​ប្រភពពី​ណា​នៅឡើយ តែ​ឥឡូវនេះ​យើង​បានដឹងថា ក្បាច់​ផ្ដែរ​នេះ​ក៏ដូចជា ក្បាច់​ផ្ដែរ​មួយទៀត នៅ​សារមន្ទីរ​ខេត្ត​សុខោទ័យ មាន​ប្រភព​ចេញពី​ស្ថានីយ​ប្រវត្តិសាស្ត្រ​ស្តី​ទេព ។ ក្រៅពីនេះ យើង​ក៏បាន​ជួបប្រទះ នូវ​ក្បាច់​ផ្ដែរ​មួយ​ផ្សេងទៀត​ដែល​ពុំទាន់​ឆ្លាក់​រួច ស្ថិតក្នុង​រចនាបថ​ប្រែ​រូប​នា​ស​.​វ​ទី ៩ ។ ជាមួយនឹង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ នា​សម័យអង្គរ​យើង​ក៏បាន​ជួប​សំណល់​សិល្បៈ ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ​នា​សម័យ​បុ​រេ​អង្គរ​ដទៃៗ​ឯទៀត​ដែរ​រួមមាន ទម្រ​ជណ្ដើរ​មាន​រូប​ជា​ផ្កាឈូក នៅ​ប្រាង្គ​ស្រី​ទេព​, ចម្លាក់​ព្រះ​គ្រិ​ស្ណុៈ​គោ​វរ​ធន និង​សូរិយា ។​
​    ​សរុបសេចក្ដី​មក យើង​អាច​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ថា ទីក្រុង​ស្រី​ទេព​នេះ ត្រូវបាន​ប្រសូត្រ​ឡើង​តាំងតែ​សម័យ​បុរេប្រវត្តិសាស្ត្រ​ម្ល៉េះ ដូច​រាង​ជា​ពងក្រពើ​ជា​ភស្តុតាង និង​បុរាណវត្ថុ​ជា​ភស្តុតាង ស្ថិតក្នុង​រចនាបថ​ភ្នំ​ដា​ដែរ ហើយ​ត្រូវបាន​បន្ដ​ការអភិវឌ្ឍន៍​រហូតដល់​សម័យ​ចេនឡា និង​អង្គរ ។ ម្យ៉ាងវិញទៀត នៅក្រោយ​សម័យ​បាយ័ន ទីក្រុង​នេះ​ក៏​ត្រូវបាន​បោះបង់ចោល ដោយ​ការ​វាតទី​ដី របស់​ស្ដេច​សៀម នា​សម័យ​សុខោទ័យ ៕ (​ម​.​ត្រា​ណេ​)

ស្លាកស្នាម​វប្បធម៌​បែប​មហាយាន នៅ​ទីក្រុង​អយុធ្យា​

ប្រវត្តិវិទូ​ថៃ​និង​អឺរ៉ុប ដែល​សរសេរ​សៀវភៅ​ដោយ​សំអាង​លើ​ឯកសារ​ថៃ​បាន​កត់ត្រា​ថា ទីក្រុង​អយុធ្យា ដែលជា​នគរ​របស់​ព្រះរាជ​បិតា​របស់​ព្រះ​នាង​សិ​តា ក្នុង​រឿង​រាមកេរ្តិ៍ ត្រូវបាន​ស្ថាបនា​ឡើង​ក្នុង​ឆ្នាំ ១៣៥០ ឆ្នាំ នៃ​គ្រិស្តសករាជ​ដោយ​ព្រះបាទ​លូ​ថង ។​
​    ​អាស្រ័យ​ហេតុនេះហើយ ទើប​យើង​សូម​កែតម្រូវ ដោយ​សំអាង​លើ​របកគំហើញ​ខាង​បុរាណវិទ្យា ។​
​    ​បុព្វបុរស​ខ្មែរ ដែល​រស់នៅក្នុង​តំបន់​នេះ តាំងតែ​ពី​ដើម​សម័យ​ប្រវត្តិសាស្ត្រ​បានចាត់ទុក​ថា តំបន់​នេះ ជា​តំបន់​ឆ្លងកាត់​ប្រកបដោយ​យុទ្ធសាស្ត្រ​ដ៏​សំខាន់បំផុត ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ត​ភ្ជាប់​នឹង​ទីក្រុង​នានា នា​សម័យ​នគរ​ភ្នំ និង​ចក្រភព​អង្គរ ដូច​មាន​វត្ថុ​បុរាណ​ដែល​គេ​បាន​រកឃើញ​ជា​វត្ថុតាង​ស្រាប់ ។ មួយវិញទៀត​បុរាណវត្ថុ ដែល​គេ​បាន​ជួបប្រទះ​ក្នុង​តំបន់​នេះ មុន​សតវត្សរ៍​ទី​១៣ នៃ​គ្រិស្តសករាជ ពុំមាន​លក្ខណៈ​ជាវ​ត្ថុ​សិល្បៈ​ថៃ​ឡើយ ។​

ព្រះបដិមាពុម្ព ឬព្រះពុម្ព, សិល្បៈ មហា យានសម័យព្រះបាទជ័យវរ្ម័នទី ៧, ស.តទី ១២ (ថត ១៩៧៣)
    ​ការរកឃើញ​នូវ​ព្រះ​បដិមា​ពុម្ព​មួយចំនួន​បែប​ត​ន្ត្រៈ​ខ្មែរ ធ្វើ​អំពី​ដី​ដុត​រវាង​ឆ្នាំ ១៩៧០ និង ១៩៨១ ដែលជា​សិល្បៈ​រចនាបថ​បាយ័ន គឺ​ស្ថិតក្នុង​ចុង​សតវត្សរ៍​ទី​១២ ដើម​សតវត្សរ៍​ទី ១៣ នៃ​គ្រិស្តសករាជ ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បញ្ជាក់ថា​វប្បធម៌​ខ្មែរ​មាន​វត្តមាន​មុន​វប្បធម៌​ជនជាតិ​ថៃ ដែល​ក្រោយពី​ឈ្នះ​សង្គ្រាម​បាន​ដណ្តើមបាន​ព្រះរាជ​ធានី​នេះ​ពី​ខ្មែរ ។​
​    ​ដូចនេះ ឆ្នាំ​១៣៥០ ពុំមែន​ជា​ឆ្នាំ​ដែល​ជនជាតិ​ថៃ​បាន​ស្ថាបនា​ទីក្រុង នៅលើ​ទីតាំង​អយុធ្យា​នោះទេ ក៏ប៉ុន្តែ​ជា​ឆ្នាំ​ដែល​តំបន់​នេះ បានប្រែក្លាយ​ទៅជា​ទឹកដី​របស់​ថៃ​ដូច​មូល​ហេតុដែល​ទើបតែ​អធិប្បាយ ។​
​    ​តាមពិត​ខេត្ត​អយុធ្យា ជា​ខេត្ត​មួយ​របស់​ចក្រភព​មុន​អង្គរ និង​អង្គរ​តែប៉ុណ្ណោះ​មុន​ការកាន់កាប់​ដោយ​សៀម​។ មួយវិញទៀត​លក្ខណៈ​នៃ​ព្រះពុទ្ធសាសនា នៅក្នុង​តំបន់​អយុធ្យា​អង្គរ​នា​សម័យ​នោះ មាន​លក្ខណៈ​ប្រហែលជា​ប្រភព​មានមក​ពី​ប្រទេស​ទី​បេ​ត៍ ។​
​    ​សូមបញ្ជាក់ថា ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ផ្សះផ្សារ​ជាតិ និង​ធ្វើ​ឲ្យ​ជនជាតិខ្មែរ​មាន​ជំនឿ​លើ​វាសនា​ខ្លួន​ឡើងវិញ ព្រះអង្គ​ប្រារព្ធ​គោរព​ព្រះពុទ្ធសាសនា​លទ្ធិ​មហាយាន ដែល​ប្រកបដោយ​មន្តអាគម​ន៍​គាថា ដែល​ពុំ​ធ្លាប់មាន​នា​សម័យមុនៗ ។​
​    ​នេះ​ជាការ​ស្រាវជ្រាវ​របស់​យើង ដែល​ធ្វើឡើង​តាមរយៈ​បទ​អន្តរាគមន៍​មួយ ដែល​យើង​បានធ្វើ​ឡើង​នៅ​ទីក្រុង​សៀមរាប​នៅ​ឆ្នាំ​២០០១ ក្រោម​ការរៀបចំ​របស់​សាលា​បារាំង​មជ្ឈិមបូព៌ា ដែលមាន​លក្ខណៈ​ជា​អន្តរជាតិ គួរ​ឲ្យ​កត់សម្គាល់  ៕ (​ម​.​ត្រា​ណេ​)

Tuesday, April 12, 2011

ក្បាល​នាគ​ចំនួន៤នៃ​ស្ពាន​បុរាណ​​កំពង់​ក្តី​​ត្រូវ​បាន​​អាជ្ញាធរ​អប្សរា​ធ្វើ​ការ​ជួសជុល​ឡើងវិញ

ថ្ងៃ អង្គារ ទី ១២ ខែ មេសា ឆ្នាំ ២០១១

(​រូបថត សំណាង)
( រូបថត សំណាង)
ខេត្ត​សៀម​រាប ៖ ក្បាល​នាគ​ធំ​ៗ​ចំនួន​៤​នៅ​ស្ពានថ្ម​បុរាណ​កំពង់ក្ដី​ដែល​ជា​រតនសម្បត្ដិ​ដ៏ ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​របស់​ជាតិខ្មែរ​ហើយ​​រង​នូវ​ការ​ប្រេះ​ បាក់បែក​នា​ពេល​កន្លង​ទៅ ត្រូវ​បាន​អាជ្ញាធរ​អប្សរា​ធ្វើការ​ជួសជុល​ឡើង​វិញ​រួច​ហើយ​​កាលពី​ពេល​ថ្មី ​ៗ​នេះ ដើម្បី​រក្សា​កេ​រ​ដំណែល​បុព្វបុរស​និង​ទាញ​ចំណាប់​អារ​ម្មណ៍​​​ភ្ញៀវទេស​ ចរជាតិ​-​អន្ដរជាតិ​ឱ្យ​​ទៅ​ទស្សនា ​។​ ពិធី​សូត្រ​មន្ត​ប្រោះ​ព្រំ​ដល់​ក្បាល​នាគ​ទាំង៤ និង​សុំ​សេចក្ដី​សុខ​ដល់​ប្រជាជនត្រូវ​​បាន​រៀបចំ​ឡើង​ដោយ​អា​ជា្ញ​ធរ​អ​ ប្សរា កាលពី​ព្រឹក​ថ្ងៃ​ទី៨ ខែ មេ​សាកន្លង​ទៅ នៅ​​គល់​ស្ពាន​កំពង់ក្ដី​ផ្នែក​ខាង​លិច ​ស្ថិត​នៅ​កណ្ដាល​ទីរួមស្រុក​ជីក្រែង​ចម្ងាយ​ប្រមាណ​​៧០គីឡូម៉ែត្រខាងកើត​ ក្រុង​​សៀមរាប។
(​រូបថត សំណាង)
( រូបថត សំណាង)
បន្ទាប់​ពី​ពិធីសូត្រ​មន្ត​ចប់​ លោក​សឺ​ន គង់ អគ្គនាយករង​ អា​ជា្ញ​ធរ​អប្សរាទទួល​បន្ទុក​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​បាន​ថ្លែង​ឱ្យ​ដឹង ​ថា ក្បាល​នាគ​ធំ​ៗ​ទាំង៤ ដាក់​នៅ​​សងខាង​ក្បាល​ស្ពាន​បុរាណ​​កំពង់ក្ដី ដែល​ជា​រតនសម្បត្ដិ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ជាតិខ្មែរ​យើង​នេះ កន្លង​មក​ដោយសារ​តែ​អាយុកាល​ ក៏​បាន​ប្រេះ​បែកបាក់​អស់​ជា​ច្រើន ហើយ​ពេល​នេះ​យើង​បាន​ធ្វើការ​ជួសជុល​វា​ឡើង​វិញ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​តែ​ធ្វើ​ពិធី​ប្រោះព្រំ​បួង​សួង​ទៅ​តាម​ប្រពៃណី ​ដើម្បី​ទុ​ក​ជា​ការ​គោរព​បូជា សម្រាប់​​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​​ និងទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ឱ្យមក​ទស្សនា​ស្ពាន​បុរាណ​ យើង​នេះ​។ ​លោក​សឺ​ន គង បាន​បន្ត​​ថា ​ជា​មោ​ទនភាព​ដ៏ ម​ហិមាមួយ​​សម្រាប់​​ជាតិខ្មែរ ដែល​មាន​ស្ពាន​បុរាណ​ដ៏ធំ និង​អាយុ​រាប់​សិប​ឆ្នាំ ប៉ុន្ដែ​នៅ​តែ​អាច​ប្រើប្រាស់បម្រើ​​ឱ្យ​ការ​ដឹក​ជញ្ជូន​​បាន គឺ​វា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្ហាញ​ប្រាប់​ដល់​ពិភពលោក​អំពី​ ភាព​អស្ចារ្យ​នៃ​ស្ថា​បត្យក​ម្ម​សំណង់​របស់​បុព្វបុរស​ខ្មែរ​យើង ។ មិន​ត្រឹមតែ ​ប៉ុ​ណ្ណោះ​​ក៏បាន​ទាញ​ចំណាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ -​អន្ដរជាតិ​យ៉ាង​សំបើម​ផង​ដែរ​ ។
(​រូបថត សំណាង)
( រូបថត សំណាង)
អភិបាលស្រុក​ជីក្រែង​លោកប៉ោ សេរីរ័ត្នមុន្នី កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា​ នោះ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បួងសួង​ប្រោះព្រំ​ក្បាល​នាគ​ទាំង៤ដែល​ទើបតែ​ ជួសជុល​រួច​នោះ​ថា ​ជា​រៀង​រាល់​ខែ​យ៉ាង​ហោច​ណាស់​មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​មិន​តិច​ ជាង៤.០០០នាក់ បាន​មក​ទស្សនា​ស្ពាន​កំពង់ក្ដី​នេះ គឺ​វា​បង្ហាញ​ពី​ភាពរីកចម្រើនខាង​​វិស័យ​ទេស​ចរណ៍​នៅ​ក្នុង​តំបន់​នេះ ដែល​អាច​នាំ​មក​នូវ​ចំណូល​​ផ្ទាល់ និង​ប្រយោលមក​ឱ្យ​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​នាំ​ចេញ​នូវផលិតផល​កសិកម្ម និង​នេសាទនៅ​ក្នុង​តំបន់ ។
ស្ដ្រី​ឈ្មោះ​លី​នដា ជា​ភ្ញៀវ​ទេសចរ​ជន​ជាតិ​អា​មេ​រិ​កមួយ​រូប​ក្នុង​ចំណោម​មិត្ដ​ភ​ក្ដិ​របស់​ គាត់៥នាក់ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ដំណើរ​ទស្សនា​ស្ពាន​បុរាណ​កំពង់ក្ដី​កាលពី ​ព្រឹក​ថ្ងៃ​ទី៨ ខែមេសានោះ​ បាន​ថ្លែងពី​ចំណាប់​អារម្មណ៍​ថា គាត់​បាន​ទៅ​ធ្វើ​ទេសចរណ៍​ច្រើន​ប្រទេស​ហើយ ប៉ុន្ដែ​​មិន​ធ្លាប់​ដែល​ឃើញស្ពានថ្ម​បុរាណ​ដ៏អស្ចារ្យ​បែប​ហ្នឹង​ទេ នេះ​ជា​មោ​ទន​ភាព​​របស់​ពលរដ្ឋ​ខ្មែរ​ទាំងមូល ។ លោកអ៊ឹម សុក​រិ​ទ្ធី ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្លូវ​បុរាណ​នៃ​នាយកដ្ឋាន​លំនៅ​ឋានរបស់ ​អា​ជា្ញ​ធរ​អប្សរា ធ្លាប់​បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​ថា ​ក្រៅពី​ស្ពាន​បុរាណ​កំពង់ក្ដី នៅ​មាន​ស្ពាន​បុរាណ​ជា​ច្រើន​ទៀត​ក្នុង​នោះ​តាមបណ្ដោយ​ផ្លូវជាតិ​លេខ៦​ មាន​ស្ពាន​បុរាណ​ប្រមាណ២០ និងស្ពាន​បុរាណ​ប្រមាណ២០ទៀត​ នៅ​តាម​ផ្លូវសម័យ​មហា​នគរ​​សម្រាប់​​ត​ភ្ចា​ប់រាជ​ធានី​អង្គរ​ទៅ​កាន់​ ប្រាសាទព្រះ​ខ័នកំពង់ស្វាយ​ឯ​ខេត្ដព្រះវិហារ ។ ប៉ុន្ដែនៅ​ក្នុង​នោះ​ស្ពាន​បុរាណ​ចំនួន​៥ ជា​ពិសេស​ «​​ស្ពាន​តា​អុង​​» នៅ​តាម​កំណាត់​​ផ្លូវ​ក្រាល​ក្រួស​​ក្រហម​ ពីប្រាសាទបឹងមាលា ស្រុក​សា្វ​យ​លើ ទៅ​​​ឃុំ​ខា្វ​វ ស្រុក​ជីក្រែង​ កំពុងស្ថិត​នៅ​ក្នុង​សភាព​​​ទ្រុឌទ្រោម​និង​កំពុងគំរាមកំ​ហែង​ដោយ​សា​រថយន្ដ ​ធំ​ៗ​។
សូម​បញ្ជាក់​​ថា ស្ពាន​កំពង់ក្ដី ដែល ​អា​ជា្ញ​ធរ​អប្សរា​បាន​ធ្វើការ​ជួសជុល​ឡើង​វិញ​នូវ​ក្បាល​នាគ​ទាំង៤​នោះ​ មាន​បណ្ដោយ​១០០ម៉ែត្រ ទទឹង១៥ម៉ែត្រ និង​កម្ពស់​៩ម៉ែត្រ​ ស្ថាបនា ឡើង​ពី​ថ្មបាយក្រៀម​ដែល​មានកម្រិត​​ជាតិ​ដែក​ខ្ពស់ និងថ្មភក់ ដោយ​ផ្នែក​ខាងលើ​រចនា​ជា​នាគ​ថ្ម​ធំៗ​មានក្បាល៤ នៅ​អម​សងខាង​ក្បាលស្ពាន​ទាំង​២។ ស្ពាន​បុរាណ​នេះ​ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ក្ដី២ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង តាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ៦ ដែល​កសាង​ឡើង​នៅ​ក្នុង​អំឡុង​សតវត្ស​ទី១២នៃគ្រិស្តសករាជ​ ក្នុង​រជ្ជ​កាល​ព្រះ​បាទជ័យ​វ​រ្ម័នទី៧ ជា​ព្រះ​មហា​ក្ស​ត្រ​ដ៏ល្បីល្បាញ​​របស់​ចក្រ​ភព​ខ្មែរ​នា​សម័យ​មហានគរ​ ដ៏រុងរឿង ៕

បារមីព្រះអង្គធំលើខ្នភ្នំគូលែន

ក្នុងមួយជីវិតហោចណាស់ក៏ចង់ទៅដល់ផ្ទាល់ និង ឃើញប្រាសាទអង្គវត្ត ព្រមទាំងភ្នំ​គូលែនដែល​ល្បីថាមានបារមីខ្លាំងពូកែ ពិសេសព្រះអង្គធំនៅលើខ្នងភ្នំគូលែនដែរ ។ ជាសម្តី​រៀបរាប់របសស្ត្រីចំណាស់មួយរូបឈ្មោះ ធី ដែលកំពុងតែធ្វើការសំពះបន់ស្រន់ព្រះអង្គធំ​ភ្នំគូលែន និង យកដៃទៅស្ទាបអង្អែលរូបចម្លាក់ព្រះអង្គធំក្នុងអាការគោរព និង កោតសរសើរ​ស្ញប់ស្ញែង និង ពោះពេញដោយជំនឿ ។
ភ្នំគូលែនដែលគេល្បី
គាត់រស់នៅឯខេត្តកណ្តាល គាត់រួមជាមួយញាតិមិត្តនាំគ្នាធ្វើដំណើរទៅកាន់ខេត្តសៀម​រាប ឡើងទៅលើកំពូលភ្នំ គូលែនដែលល្បីពូកែសក្តិសិទ្ធិ ។ ភ្នំគូលែនមិនមែនទើបតែល្បីនោះទេ គឺត្រូវបានប្រជាពលរដ្ឋខ្មែរទូទៅធ្លាប់ដឹងធ្លាប់ឮនូវ ការនិយាយតៗគ្នាពីមាត់ទៅមាត់មួយថា ជាទីស្ថានដ៏ស័ក្តិសិទ្ធិ និង កម្រមានអ្នកទៅដល់ណាស់ ទាល់តែអ្នកមាននិស្ស័យ ដែលមិនខុស​អ្វីពីចាស់ៗតែងតំណាលថា “ប្រាសាទអង្គរវត្តអ្នកខ្លះប៉ងចង់ស្គាល់ ចង់ឃើញតាំងពីកើតរហូត​ដល់​ស្លាប់​ទៅវិញ ក៏នៅតែមិនបានទៅ ព្រោះតែគ្មាននិស្ស័យកុំថាឡើយអ្នកនៅឆ្ងាយៗ សូម្បីអ្នក​រស់នៅខេត្តសៀមរាបខ្លះមិនទាន់បានទៅឃើញផងដែរ” ។ ទម្រាំតែភ្នំគូលែនដែលនៅឆ្ងាយ​ ហួសពីប្រាសាទអង្គរវត្តទៅទៀតតើមានមនុស្សច្រើនប៉ុនណាដែលបានទៅដល់ ឃើញដោយ​ផ្ទាល់នូវទិដ្ឋភាពទីនោះ ។
បើទោះជៅរហូតដល់សម័យសព្វថ្ងៃបារមីភ្នំគូលែននៅតែល្បីពូកែ ព្រោះឱ្យតែអ្នក​ចេះមន្តអាគមឩមអាមខ្លាំងពូកែ សុទ្ធតែឆ្លើយថា បានទៅរៀនសិល្ប៍មន្តអាគម ឬ ក៏ចេះតែ​អ្នកសច្ចំ ឬ បង់បត់ ឬ បារមីនៃភ្នំគូលែន ។
មិនដូចរយៈកាលកាលសម័យមុនៗឡើយដែលបើគេចង់ធ្វើដំណើរទៅកាន់ភ្នំគូលែនត្រូវចំណាយ ពេលច្រើនថ្ងៃដើរ កាត់ព្រៃភ្នំ តែបច្ចុប្បន្ន​ដោយសារមានមធ្យោបាយធ្វើដំណើរទំនើប​ដូច​ជា​​រថយន្ត, ម៉ូតូ...ព្រមទាំងមាន ការធ្វើផ្លូវឡើង​ភ្នំផងនោះ កាន់តែសម្រួលដល់ការធ្វើដំណើរ​សម្រាប់​អ្នកផងទាំងពួងដែលចង់ទៅ ដោយគេ​គ្រាន់តែ​ចំណាយពេលតែប៉ុន្មានម៉ោង ប៉ុណ្ណោះ ។
ភ្នំគូលែនមិនគ្រាន់តែជាទីសក្ការៈដ៏ស័ក្តិសិទ្ធទេ ពេលនេះក៏បានក្លាយជាទីរមណីយដ្ឋានមួយគួរឱ្យចាប់អារម្មណ៍ទៀតផង ដែលស្ទើរតែរាល់ថ្ងៃ​មាន​ភ្ញៀវ​ទៅកាន់ទីនោះជាហូរហែគឺមានទាំងភ្ញៀវក្នុងប្រទេស និង ភ្ញៀវអន្តរជាតិបើចំថ្ងៃ ឈប់​សម្រាក ពិសេសថ្ងៃបុណ្យទានដែលមន្ត្រីរាជការនិយោជិត និយោជកមានឱកាសឈប់​សម្រាក​លំហែកាយ គេក៏បាន​ឆ្លៀត​ទៅកាន់ភ្នំគូលែន ជាហេតុធ្វើឱ្យបរិយាកាសនៅលើកំពូលភ្នំគូលែនកណ្តាលទ្រូងព្រៃដ៏សែនស្ងាត់ ក្លាយជា អ៊ូអរខ្ញៀវខ្ញារ​សប្បាយ​រីករាយ សំឡេងមនុស្សលាន់រំពងព្រៃ ។
ភ្នំគូលែនស្ថិតនៅប៉ែកខាងជើងឆៀងខាងកើតនៃទីរួមខេត្តសៀមរាប មានចម្ងាយ ៥៣ គីឡូម៉ែត្រពីទីរួមខេត្ត ។ ភ្នំនេះមានរយៈកម្ពស់ ៤៩២ ម៉ែត្រ ហើយគេអាចឡើងទៅដល់លើភ្នំបាន​យ៉ាង​ងាយតាមរថយន្ត ឬ ម៉ូតូ ឬ ថ្មើជើង ប៉ុន្តែបច្ចុប្បន្នគេនិយមធ្វើដំណើរឡើងភ្នំដោយជិះ​រថយន្ត ឬ ម៉ូតូ ចំណេញពេលវេលា និង មិនសូវចំណាយកម្លាំងច្រើន ទៀតផង ។
 មុនឡើងទៅកាន់ភ្នំគូលែន ភ្ញៀវត្រូវឆ្លងកាត់កន្លែងលក់សំបុត្រដែលស្ថិតនៅឯជើងភ្នំ ដោយ​ក្នុង​នោះរថយន្តមួយ គ្រឿងបង់ ១០.០០០ រៀល ព្រមទាំងចិត្តជិះម្នាក់បង់ ២.០០០ រៀល ប៉ុន្តែបើចំពោះភ្ញៀវបរទេសម្នាក់ត្រូវបង់ ២០ ដុល្លារ ។ ការធ្វើដំណើរឡើងភ្នំ និង ចុះភ្នំមាន​ពេលវេលាកំណត់ជាក់លាក់ចៀសវាងនាំឱ្យមានគ្រោះថ្នាក់ ដោយក្នុងនោះចាប់ពី ព្រឹកព្រលឹម​រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ គឺតម្រូវឱ្យមានតែរថយន្តធ្វើដំណើរឡើងទៅលើកំពូលភ្នំ និង ចាប់ពីម៉ោង ១៣ ទៅ គឺមានតែរថយន្តធ្វើដំណើរចុះពីលើភ្នំគូលែនមកវិញប៉ុណ្ណោះ មិន​អនុញ្ញាត​ឱ្យមានរថយន្តបើកឡើងទៀតឡើយ ។
តាមផ្លូវឡើងលើភ្នំគូលែនអមទៅដោយព្រៃដ៏ក្រាស់ និង យូរៗម្តងគេឃើញមានការដាក់​តាំងលក់ផ្លែឈើ និង យូរៗ ម្តងគេឃើញមានដាក់តាំងលក់ផ្លែឈើដែលគេបានបេះពីក្នុង​ ព្រៃនៃភ្នំគូលែនមានដូចជាផ្លែគុយ, សិរមាន់, គូលែន, គ្រៀល, ភ្ញៀវ...ជាដើម សម្រាប់ទុក​លក់ឱ្យភ្ញៀវដែលចង់ភ្លក្សរសជាតិ ។ ទៅដល់លើភ្នំរថយន្តត្រូវបានចតនៅតាមជាយព្រៃ ។ ភ្ញៀវ​ចុះពីរថយន្តអាចទៅងូតទឹកជ្រោះដែលមានភាពត្រជាក់ថ្លាឈ្វេង មើលឃើញដល់បាតបានយ៉ាង​សប្បាយរីករាយ ។ ប៉ុន្តែបើចំពោះមនុស្សវ័យចំណាស់មិនបានផ្តោតអារម្មណ៍ខ្លាំងទៅលើការ​ ងូតទឹកជ្រោះភ្នំគូលែនភ្នំគូលែនប៉ុន្មានទេ ក្នុងនោះបំណងសំខាន់គឺពួកគាត់ចង់ទៅមើល​ ព្រះអង្គធំនៅវត្តភ្នំគូលែនកសាងតាំងពីសម័យបុរាណនៅលើថ្មដាដ៏ធំនាខ្នងភ្នំគូលែន ដែល​ល្បីថាមានបារមីខ្លាំងពូកែឯណោះទៅវិញ ។
ព្រះអង្គធំលើភ្នំគូលែន
ទីកន្លែងព្រះអង្គធំលើកំពូលភ្នំគូលែនស្ថិតនៅក្នុងវត្តភ្នំគូលែន ។ គេត្រូវធ្វើដំណើរឡើង​តាម​ជណ្តើរជាច្រើនកាំដែល នៅអមជណ្តើរឡើងមានចម្លាក់ផ្សេងៗ និង មានក្លោងទ្វារគួរឱ្យ​ចាប់អារម្មណ៍ ។ ទៅដល់បរិវេណវត្តភ្នំគូលែន គេឮសូរ សំឡេងភ្លេងពិណពាទ្យលាន់រងំ និង មានមនុស្សជាច្រើនដើរចុះឡើងទៅកាន់កន្លែងគោរពសក្ការៈដែលមានច្រើនកន្លែងប្លែកៗ ។ នៅអែបជណ្តើរឡើងទៅកាន់ព្រះអង្គធំមានប្រាសាទមួយស្ថិតខាងឆ្វេងដៃគេហៅថា “ប្រាសាទ​ព្រះបាទជាន់ទុកភ្នំ គូលែន” ដោយនៅក្នុងប្រាសាទនោះ មនុស្សក្មេង ចាស់ ប្រុស ស្រីជាច្រើន​នាំគ្នាពិនិត្យស្នាមដានជើងព្រះពុទ្ធដ៏ធំដែលត្រូវ បានសង់កញ្ចក់គ្របពីលើ ។ គេនាំគ្នាដាក់​ប្រាក់ក្នុងហឹបពុទ្ធបូជាផ្សងប្រាថ្នាសុំសេចក្តីសុខគ្រប់ៗគ្នា ។ បន្តដំណើរហួសទៅមុខ បន្តិចមាន​ការ​រៀប​ ចំជាបាយសីច្រើនថ្នាក់សម្រាប់ទុកឱ្យភ្ញៀវអុជធូបគោរពសក្ការៈ និង ក្បែរនោះដែរគេ​ឃើញមនុស្សជា ច្រើនបានប្រជ្រៀតគ្នាដងទឹក ខ្លះយកមកលុបលាងមុខ ខ្លះស្រោចទឹកលើក្បាល ខ្លះផឹក ខ្លះច្រកដបទុក យកទៅផ្ទះចែក ញ្ញាតិមិត្ត នោះគឺជាទឹកដែលគេជំនឿថា មានបារមី​ពូកែជាទឹកអម្រឹតអាចកម្ចាត់រាល់ជំងឺ ឬ ចង្រៃឧបទ្រពផងទាំងពួងពី ក្នុងខ្លួនពួកគេ ព្រោះជាទឹក​ដែលគេបានដងយកទៅស្រោចលើចម្លាក់លិង្គ និង យោនីបុរាណធ្វើពីថ្មដ៏ខ្មៅរលោងស្រិល ។ អ្នកខ្លះមិនអស់ចិត្តយកដៃទៅស្ទាបអង្អែល រួចពោលថា “ត្រជាក់ដូចទឹកអម្រឹត” ។
     ស្ត្រីចំណាស់ម្នាក់ដែលធ្វើដំណើរពីភ្នំពេញកំពុងអង្អែលព្រះបាទព្រះពុទ្ធអង្គដ៏ធំបាននិយាយរៀបរាប់ថា ទាល់តែអ្នក មាននិស្ស័យជាមួយព្រះអង្គទើបបានមកដល់ឃើញផ្ទាល់ភ្នែកបែបនេះ ។ ពីមុនមកគាត់មិនដែលនឹកគិតថា បានទៅដល់ ភ្នំគូលែននឹងគេទេ ប៉ុន្តែជាភ័ព្វសំណាង ឬ ក៏ដោយព្រះអង្គធំភ្នំគូលែនជួយបាន ក្មួយគាត់បបួលមកលេងភ្នំគូលែនជាមួយ នឹងគេ ។ ពេល​នេះគាត់ជឿថា បុព្វបុរសខ្មែរពិតជាខ្លាំងពូកែដែលបានឆ្លាក់រូបព្រះដ៏ធំទុកលើផ្ទាំងថ្មដា ពុំដឹង​តាំងពីសម័យណាមក ។
អ្នកដែលឡើងទៅដល់កន្លែងព្រះអង្គធំភ្នំគូលែនសុទ្ធតែដោះស្បែកជើង ព្រមទាំងមាន​ការគោរពទាំងផ្លូវកាយផ្លូវចិត្ត គេបាននាំគ្នាបែរបន់ទៅតាមបំណងរបស់គេរៀងៗខ្លួនដោយ​ក្នុងនោះមិនភ្លេចនូវពាក្យថា “ព្រះអង្គធំភ្នំគូលែនដែលព្រះអង្គ ធ្លាប់តែមានបារមីល្បីខ្លាំងពូកែ...” ឱ្យជួដួល់គេលើបញ្ហាផ្សេងៗ សំខាន់គឺក្តីសុខសប្បាយតរៀងទៅ ។ អ្នកខ្លះមិនអស់ចិត្តបាន យក​ដៃទៅស្ទាបព្រះបាទនៃរូបចម្លាក់ដ៏ធំ រួចហើយក៏យកដៃនោះមកដាក់លើក្បាលក្នុងជំនឿថា ឱ្យ​ព្រះ​អង្គតាមជួយថែរក្សាគេ ព្រោះតែហេតុនេះទើបនៅកន្លែងណាដែលមានមនុស្សអង្អែលកាន់​ច្រើន​គឺថ្មត្រង់កន្លែង នោះមានភាពរលោង និង មានពណ៌ភ្លឺផ្លេកបីដូចពណ៌មាសអណ្តែតឡើង ដែលប្រការនេះធ្វើឱ្យគេរឹតតែមានក្តីជំនឿ ។
ភាគច្រើននៃអ្នកបានទៅដល់ព្រះអង្គធំគូលែនបង្ហាញពីការមិនអស់ចិត្ត ព្រោះតែគេ​ចំណាយពេលមួយថ្ងៃនៅលើ ភ្នំគូលែនមានពេលវេលាតិចពេកសម្រាប់ដើរមើលទីកន្លែង​ គោរពសក្ការៈប្លែកៗដែលមានច្រើនលើភ្នំគូលែន ហេតុនេះទើបគេមានគំនិតថា បើមានឱកាស​ក្រោយគេនឹងទៅកាន់ទីនោះទៀត ?
មានអ្វីខ្លះនៅភ្នំគូលែន ?
យើងសូមបង្ហាញទីកន្លែងមួយចំនួននៅលើភ្នំគូលែនដែលភ្ញៀវនិយមទៅលេង និង ទស្សនា ព្រមទាំងចាត់ទុកថា ប្លែកៗគួរឱ្យកត់សម្គាល់ ក្នុងនោះក្រៅពីងូតទឹកជ្រោះ និង ទឹកធ្លាក់ ហើយទៅគោរពសក្ការៈព្រះអង្គធំគឺនៅមានកន្លែងច្រើនទៀត ដូចជាវាលស្តេចគម្លង់, វាល​ព្រះសព, ព្រះក្រាល, សំពៅធាយ និង ទីកន្លែងគោរពសក្ការៈមួយចំនួនគឺប្រាសាទ តូចៗធ្វើពី​ឥដ្ឋដែលជាកេរតំណែលស្នាព្រះហស្តព្រះបាយជយវរ្ម័នទី ២ បានកសាងឡើង, ពយសំពៅ, ពយឥសី, ពយនាង, ពៅសក់ក្រអូប, កន្លែងពស់ខៀវ, ពស់ស, អណ្តូងទឹកមួយពាន់ឆ្នាំស័ក្តិសិទ្ធិ និង យ័ន្ត្រ ៨ ទិស...៘ ដូច្នេះការចំណាយ ពេលមួយថ្ងៃនៅលើកំពូលភ្នំគូលែនមិន​អាច​ មានពេលវេលាគ្រប់គ្រាន់សម្រាប់ការដើរឱ្យសព្វកន្លែងទាំងនោះឡើយ ។
តាំងពីសតវត្សរ៍ទី ៨ ម៉្លេះ ដែលព្រះបាទជយវរ្ម័នទី ២ ទ្រង់បានទៅគង់នៅលើភ្នំគូលែន និង រៀបចំធ្វើជារាជធានីបានមួយរយៈប៉ុណ្ណោះ បន្ទាប់ពីនោះមកមិនមានស្តេចអង្គណា​មួយ​ផ្លាស់រាជធានីមកលើភ្នំគូលែនទៀតឡើយ ព្រោះបរិវេណនៃភ្នំមានសភាពខ្ពស់ចោតស្ថាន​ភាព​ ភូមិសាស្ត្រមិនអំណោយផលក្នុងការធ្វើរាជធានីប៉ុន្មានឡើយ ។ ក្រោយមក ៣០០ ឆ្នាំទៀត​ទើប​មានការកសាងអង្គរវត្តឡើង ។ ស្លាកស្នាមរបស់ប្រាសាទលើកំពូលភ្នំគូលែនគេឃើញមាន​បន្សល់​​​ ទុកមកដូចជា ប្រាសាទតូចៗមួយចំនួនដែលមានសភាពទ្រុឌទ្រោមជាខ្លាំង គឺមានតែលិង្គ​ព្រះ​ ឥសូរដែលគេឆ្លាក់នៅក្រោមទឹករាប់ពាន់លិង្គតែប៉ុណ្ណោះដែលនៅមានសភាពល្អនៅឡើយ ៕

បារមីព្រះនាង ទេវី នៅប្រាសាទព្រះខ័ន

ភ្ញៀវចូលទស្សនាប្រាសាទព្រះខ័ននៅខេត្តសៀមរាបភាគច្រើនគេបានត្រឹម មើលទិដ្ឋភាព ក្បូរក្បាច់ ការបាក់រលំរាត់ រាយនៃថ្មប្រាសាទ...ដោយពុំដឹងថានៅក្នុង ប្រាសាទព្រះខ័នមានទីកន្លែងសំខាន់មួយសម្រាប់ភ្ញៀវទស្សនា និងគោរព សក្ការៈ ។
ឆ្មាំប្រាសាទមួយរូបបានប្រាប់ឲដឹងថា សូម្បីអ្នករស់នៅខេត្តសៀមរាបមួយ ចំនួនធំក៏ពុំទាំង ដឹងថា នៅក្នុងប្រាសាទព្រះ ខ័នមានរូបចម្លាក់ព្រះនាងទេវីដ៏ល្អស្អាត និងត្រូវបានមនុស្ស មួយចំនួនមាន ជំនឿថាមានបារមីខ្លាំងពូកែនោះទេ ប៉ុន្តែ ដោយ មានការនិយាយថាប្រាប់តៗគ្នា ទើបរហូតមកដល់ បច្ចុប្បន្នគេឃើញភ្ញៀវដែលទៅ ទស្សនាប្រាសាទព្រះខ័ន ពិសេសភ្ញៀវខ្មែរគឺតែង សង្វាតស្វែងរកទីកន្លែងដែលគេ និយាយថាមានរូបចម្លាក់ព្រះនាងទេវី ដើម្បីគោរពសក្ការៈ រហូតមានទាំងភ្ញៀវបរ ទេសខ្លះក៏មានជំនឿដែរ ដោយបានចូលទៅអង្អែលថ្មរូបចម្លាក់ម្នាក់បន្តិចៗ ធ្វើឲ ចម្លាក់កាន់ តែមានៅភាពភ្លឺរលោង ។

អាជ្ញាធរអប្សរាបានរៀបរាប់ឲដឹងថាប្រាសាទព្រះខ័នដែលទទួលរងការខូចខាតសំខាន់គឺអាស្រ័យ ដោយធម្មជាតិ ក្នុង   នោះ គឺដោយសារដើមឈើធំ ៗរលំបាក់សង្កត់ លើតាំងពី រាប់សតវត្សរ៍មុនៗមក និងមួយ ចំណែកតូចការបាត់បង់ ខូចខាតរូប ចម្លាក់បុរាណនៅក្នុងទីប្រាសាទព្រះខ័ន អាស្រ័យ ដោយមានការលួច ឆក់ប្លន់ជា បន្តបន្ទាប់ពីសំណាក់ ជនខិលខូច ។ ប៉ុន្តែទោះយ៉ាងណា ក៏ចាត់ទុកថា ចម្លាក់ព្រះ នាងទេវីនៅក្នុងប្រាសាទព្រះខ័នមានបារមីខ្លាំងពូកែដែរ   ព្រោះ ពួកចោរមិនអាច រកឃើញ ឬក៏ចាប់អារម្មណ៍ក្នុងការលូចដាប់យក ឬបំផ្លិចបំផ្លាញ ចោលបាន ។
ព្រោះតែឃើញ «ព្រះនាងទេវី» មានសភាពល្អនិងជឿថា មានបារមី ទើបតែងមាន ភ្ញៀវទាំងខ្មែរ និងបរទេសបាននាំ គ្នាស្ទាបអង្អែល ព្រមទាំងអុជធូបបន់ ស្រន់បួងសួង សូមឲបានសេចក្តីសុខ ឲមានសម្រស់ស្អាត ឲមានកូនឆាប់ ...   ជាដើម ។
រូបចម្លាក់ព្រះនាងទេវីនៅក្នុងប្រាសាទព្រះខ័នមានចំនួនពីរ ដោយរូបចម្លាក់ មួយមានសភាពពេញ     ជំហរល្អ ហើយ ងាយចូលទៅ គឺគ្រាន់តែដើរហួសចម្លាក់កោដ្ឋ ដ៏ធំដែលនៅកណ្តាលប្រាសាទ រួចបត់ឆ្វេងដៃប្រមាណ១០ម៉ែត្រ ត្រង់ កន្លែងងងឹត និង ចង្អៀតបនិ្តច គេនឹងឃើញរូប ចម្លាក់ព្រះនាងទេវីនៅល្អស្អាត ឆ្លាក់ជាប់ជញ្ជាំងប្រាសាទ ព្រមទាំង មាន ស្លាធម៌ និងជើងធូប យ៉ាង ច្រើននៅក្បែរជញ្ជាំងបា្រសាទដែលសុទ្ធ សឹងជាការបង្ហាញនូវការ គោរពសក្ការៈដល់ រូបចម្លាក់នោះ ។
ចំណែករូបចម្លាក់មួយទៀតគឺត្រូវដំបូលប្រាសាទរលំសង្កត់គ្របពីលើ ទាល់តែ លូនចូលទៅក្នុង បន្តិចទើបអាច មើលឃើញ ហើយរូបចម្លាក់ព្រះនាងទេវីនោះ ក៏មាន សភាពនិងលក្ខណៈ ប្រហាក់ ប្រហែលគ្នា ព្រមទាំង មាន ជើងធូបដ៏ច្រើនដែលភ្ញៀវ ចូលទៅគោរពសក្ការៈ ដោតនៅក្បែរនោះ ។
បើតាមចាស់ៗដំណាលប្រាប់ថា រូបចម្លាក់ព្រះនាងទេវីដែលមានចំនួនពីរនៅ ក្នុងប្រាសាទ ព្រះខ័នគឺជា ព្រះមហេសី      របស់ព្រះបាទជយវរ័្មនទី៧ បានរៀបអភិសេក ជាមួយព្រះនាង ជយរាជទេវី ដែលត្រូវជាព្រះអនុជពៅ របស់ព្រះ នាងឥន្រ្ទទេវី ។ ក្រោយពីការសោយព្រះទិវង្គតរបស់ព្រះនាង ជយរាជទេវី ព្រះអង្គបានរៀបអភិសេក ជាមួយព្រះនាង ឥន្រ្ទទេវី ។ ហេតុនេះទើបព្រះបានជយវរ្ម័នទី៧ ទ្រង់បានឲឆ្លាក់រូប មហេសីរបស់ព្រះអង្គទាំងពីរនៅលើប្រាសាទ      ព្រះខ័ន ។
យោងឯកសារស្រាវជ្រាវបង្ហាញថា ព្រះនាងទេវីជានិមិត្តរូបព្រះមហេសីនៃ ព្រះមហាក្សក្រ ហើយព្រះនាងទេវីក៏ បាន ឆ្លុះបញ្ចាំងឲឃើញផងដែរនូវទេពកោសល្យ របស់សិល្បករខ្មែរនិង សីលធម៌ ក្នុងសង្គមនាសម័យនោះ ។ ជាឧទាហរណ៍ការពុំ បង្ហាញភាពអាក្រាត និងការធ្វើឲបានយល់ អំពីទំនៀមទម្លាប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈ ការតុបតែងសក់ សម្លៀកបំពាក់ និងគ្រឿង អលង្ការជាដើម ។
បើតាមសិលាចារិកបានបញ្ជាក់ថា ព្រះនាងជយរាជទេវី បានសោយទិវង្គត នៅមុនពេលដែល ព្រះបាទជយវរ្ម័នទី៧ ឡើងគ្រងរាជ ។ ក្រោយពីការសោយទិវង្គត របស់ព្រះមហេសីទី១ ព្រះបាទ ជយវរ្ម័នទី៧ ទ្រង់បានរៀបអភិ សេកជា    មួយ និងព្រះនាង ឥន្រ្ទទេវី ដែលត្រូវជាព្រះរៀមរបស់ព្រះ នាងជយរាជទេវី ជាព្រះមហេសី ។
ព្រះនាង ឥន្រ្ទទេវី ប្រកបទៅដោយព្រះទ័យដ៏សប្បុរស និងព្រះបញ្ញាញាណ ខាងបរមត្ថវិជ្ជា ព្រះនាងជាប្រធានសាស្ត្រា ចារ្យ និងជាគ្រូបង្រៀនស្ត្រីជាច្រើនតាម អាវាសដូនជីជាច្រើនកន្លែង ។ ព្រះនាងមានព្រះសទ្ធាជ្រះថ្លាក្នុងព្រះ     ពុទ្ធសាសនា និង បានបរិច្ចាគព្រះរាជទ្រព្យដ៏ច្រើន លើសលប់ ដល់ប្រជារាស្ត្រ និងក្នុងផ្លូវសាសនាដូច ព្រះនាង ជយរាជទេវី ផងដែរ ។
ព្រះនាង ឥន្រ្ទទេវី បានបញ្ជាឲមានការឆ្លាក់បដិមាជាច្រើនតំណាងឲព្រះនាង ជយរាជទេវី និងព្រះបាទជយវរ្ម័នទី៧ ដើម្បីជាព្រះកិត្តិយស និងដើម្បីតម្កល់ទុកនៅ គ្រប់ខេត្តទាំងអស់ ។ ព្រោះតែហេតុនេះហើយ ទើបគេសង្កេត ឃើញ មានរូបចម្លាក់ ព្រះនាងទេវី និងព្រះបាទជយវរ្ម័នទី៧ បន្សល់ទុកដល់សព្វថ្ងៃនេះ ។

ប្រាសាទបាពួន


ប្រាសាទបាពួនគឺជាប្រាសាទដ៏ចំណាស់មួយស្ថិតនៅក្នុងខេត្តសៀមរាប ។ ប្រាសាទនេះចាត់ ទុកថាជា ប្រាសាទ      ដំបូង ក្នុងក្រុមប្រាសាទក្រុងព្រះនគរ         ដែលមាន ផ្លូវដើរចូលទៅកាន់ប្រាសាទជា ស្ពានថ្មលាតសន្ធឹងវែង ផ្លូវ ដើរចូលឆ្លងកាត់គោបុរៈ រូបកាកបាទបីផ្លូវ តួប្រាសាទបែរមុខទៅទិសខាង កើត ។          ទីតាំងនៃ ប្រាសាទ នៅខាង ក្នុងតំបន់ព្រះរាជវាំងហ្លួងជាប្រាសាទដែលមានកំពូលខ្ពស់ ។ មានព័ស្តុតាងមួយចំនួនពីកំណត់ត្រារបស់លោក ចៀវ តាក្វាន់ រាជទូតមកពីស្រុកចិន នៅចុង សតវត្សរ៍ទី១៨ បានរៀបរាប់ថា កំពូលប្រាសាទបាពួន ស្រោបទៅ ដោយសំរិទ្ធិភ្លឺឆ្អិនឆ្អៅស្អាតខ្លាំង ណាស់ ។ ប្រសិនបើកំពូលប្រាសាទមិនបាក់បែកខូចខាតទេនោះ គេអាចកាត់        ស្មានថា ប្រាសាទ បាពួនអាចមានកម្ពស់ខ្ពស់ជាងប្រាសាទវិមានអាកាស ដែលនៅក្បែរគ្នានោះ ។ បច្ចុប្បន្នប្រាសាទ នេះមានការទ្រុឌទ្រោមជាខ្លាំងនិងកំពុងតែធ្វើការជួសជុសជាបន្តបន្ទាប់ ។ស្ពានថ្មដ៏វែងទៅកាន់តួប្រាសាទ ផ្លូវចូល ពីគោបុរៈខាងកើតានស្ពានថ្មវែងដ៏ប្រណីតមួយ ខាង ក្រោមស្ពានមានសសរមូលសម្រាប់ទ្រទ្រង់ ។ ស្ពាននេះជា ផ្លូវដើរទៅកាន់ប្រាង្គធំ ។
មានរូបចម្លាក់ដូចជា រូបចម្លាក់ពីការប្រហារសត្វ ការតស៊ូរវាងអ្នកចម្បាំងលើគោបុរៈផ្លូវចូល និងរោងថែវនៃតួប្រាសាទ ដោយសិល្បៈរចនាបថបែបបាពួន ។
ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយមានដូចជាប្រាសាទព្រះវិហារ។

ប្រាសាទចៅសាយទេវព្តា

  ប្រាសាទចៅសាយទេវព្តាមានទីតាំងស្តិតនៅម្ខាងផ្លូវនៃប្រាសាទធម្មានន្ទជាប្រាសាទខ្នាតជំទើរកសាង បែរមុខទៅទៅទិសខាងកើតមានក្បូរក្បាច់រចនាល្អវិចិត្រមិនខុសពីប្រាសាទអង្គរវត្តប៉ុន្មានឡើយ ។  ប្រាសាទនេះជាប្រាសាទគូគ្នានឹងប្រាសាទធម្មនន្ទ ពីព្រោះនៅជិតគ្នា។ប្រាសាទចៅសាយនេះកសាង ដោយព្រះបាទសូរ្យវរ្មនទី២ហើយកសាងបន្ថែមដោយព្រះបាទយសោវរ្ម័នទី២រហូតចប់សព្វគ្រប់ក្នុង សម័យព្រះបាទជ័យវរ័្មន ទី៧ ។
ផ្លូវដែលឆ្លងកាត់ប្រាសាទនេះនៅទិសខាងជើង ដូច្នេះហើយបានជាភ្ញៀវទេសចរច្រើនដើរចូលទៅ កាន់ប្រាសាទតាមផ្លូវទិសខាងជើង។ប៉ុន្តែផ្លូវចូលកាលពីសម័យមុនគឺនៅផ្លូវទិសខាងកើត។ប្រាសាទ ចៅសាយនេះមានការទ្រុតទ្រោមខ្លាំងប៉ុន្តែបានធ្វើការ ជួសជុលជាបន្តបន្ទាប់ ។


តើប្រាសាទចៅសាយមានអ្វីទស្សនាខ្លះ?ផ្លូវចូលប្រាសាទតាមទិសខាងកើតពីគោបុរះមានស្ពានដែលមាន សរសរមូលៗទប់ទ្រជាហូហែយ៉ាងស្អាត។ក្នុងសម័យបូរាណប្រាសាទនេះមានការរៀបចំធ្វើពិធីសក្ការះ          លឹង្គព្រះឥសូរការលាងនិងធ្វើពីធីផ្សេងៗទៀតដោយសារតែនៅជិតស្ទឹងសៀមរាបដែលជាស្ទឹងស័ក្កិសិទ្ឋ ដូចទន្លគង្ការនៅប្រទេសឥណ្ឌា ងាយស្រួលក្នុងការធ្វើពិធី។
ប្រាសាទដែលកសាងនៅក្នុងសម័យតែមួយមានដូចជាប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយសំរ៉ែប្រាសាទ                 ធម្មានន្ទប្រាសាទបឹងមាលាប្រាសាទព្រះពិធូរនិងប្រាសាទវត្តភូ(ប្រទេសឡាវ)។