Thursday, September 29, 2011

សោម​សូត្រ​នៃ​ប្រាសាទភ្នំរុង​

   ​ចេញពី​ទី​រួម​ខេត្ត​បុរីរម្យ​ឆ្ពោះទៅកាន់​ប្រាសាទភ្នំរុង ស្ថិតនៅលើ​កំពូលភ្នំ​ភ្លើង​មួយ​ដែល​រលត់​កាលពី ១ លាន​ឆ្នាំ​មុននេះ នៅតាម​ដងផ្លូវ​គេ​នឹង​ឃើញ​ទេសភាព​ដ៏​ល្អ​ស្រស់បំព្រង ហើយ​ក្រោយពី​ឆ្លង​ផុត​កាំជណ្តើរ​ជា​ថ្នាក់ៗ ដែលមាន​បង្កាន់ដៃ​ជា​រូប​នាគរាជ គេ​នឹង​ឃើញ​ប្រាសាទ​សិលា​មួយ​ដ៏​ស្កឹមស្កៃ លេចធ្លោ​ឡើង​នៅ​ចំ​ពីមុខ ហាក់បីដូចជា​ភ្នំ​សុមេរុ​ដ៏​ធំ​សម្បើម​គួរ​ស្ញប់ស្ញែង​អស្ចារ្យ ។ គេ​មាន​អារម្មណ៍​ថា ហាក់បីដូចជា​នៅលើ​ទេវស្ថាន ឆ្ងាយ​ផុតពី​ទុក្ខព្រួយ​ទាំងឡាយ​នៃ​លោកិយ ។​

សោម​សូត្រ​នៅ​ប្រាសាទភ្នំរុង (​ថត​១៩៨០)​
   ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ដើមកំណើត​ខ្មែរ​ក្នុង​ភូមិភាគ​ឥសាន នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ជាពិសេស​ចាស់ៗ ចាត់ទុក​ប្រាសាទ​ខាងលើនេះ ថា​ជាវ​ត្ថុ​ស័ក្តិ​សិទ្ធ ដោយសារ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​ពេញ​បូ​ណ៌ និង​៥​រោច ខែមេសា ទ្វារ​ទាំង ១៥ នៃ​ប្រាសាទ​នេះ ទទួលបាន​នូវ​កាំរស្មីព្រះអាទិត្យ​ចែងចាំង​ព្រម​គ្នា គួរ​ឲ្យ​ស្ញប់ស្ញែង​អស្ចារ្យ ។ នេះ​ជា​សញ្ញា​បង្ហាញ​នូវ​បច្ចេកទេស​សាងសង់​កប់​កំពូល នៃ​វិស្វករ​ខ្មែរ​នា​សម័យអង្គរ ។ លើសពីនេះ​ទៀត សម្ព័ន្ធភាព​រវាង​ស្ថាបត្យកម្ម​និង​តារាសាស្ត្រ គួរ​ឲ្យ​ស្ញប់ស្ញែង​ក្រៃ​លេង ។​
​    ​សព្វថ្ងៃនេះ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ដែល​កើត​នៅលើ​ប្រា​សទ​នេះ មិន​គ្រាន់តែ​បានធ្វើ​ឲ្យ​ប្រាសាទភ្នំរុង ក្លាយទៅជា​កន្លែង​បន់ស្រន់​មួយ​ដ៏​ពូកែ​ស័ក្តិ​សិទ្ធ​ជាទីបំផុត​ទេ ថែមទាំង​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​បរទេស​ផងដែរ ។ ដូច្នេះហើយ បានជា​បច្ចុប្បន្ននេះ មនុស្ស​នៅ​ខេត្ត​បុរីរម្យ ឬ​អាណាខេត្ត​ជិត​ឆ្ងាយ ម្នីម្នារ​មក​ទស្សនា​ព្រឹត្តិការណ៍​អ​ច្ឆិ​រិ​យ​ជា​រៀងរាល់ឆ្នាំ ។​
​    ​ប្រាសាទ​ថ្ម​នេះ​ត្រូវបាន​សាងសង់ឡើង​នៅ​សម័យអង្គរ​ហើយ​បាន​បន្សល់ទុក​នូវ​ សោម​សូត្រ​មួយ​គួរ​ឲ្យ​យកចិត្តទុកដាក់​ជាទីបំផុត ។ គឺ​តាមរយៈ​វត្តមាន​នៃ​ថ្ម​នេះហើយ ដែល​ធ្វើ​ឲ្យ​យើង​យល់​អំពី​សារៈសំខាន់​នៃ​ទេវស្ថាន​នេះ ក្នុងពេល​បុណ្យទាន​ម្តងៗ ។​
​    ​តើ​សោម​សូត្រ​គឺជា​អ្វី ?
​    ​សោម​សូត្រ​ដែលជា​និមិត្ត​រូបតំណាង​ឲ្យ​ព្រះ​ឥសូរ ឬ ព្រះ​សិវៈ គឺជា​ថ្ម​ចម្លាក់ ថ្ម​មាន​រាង​វែង សម្រាប់​បង្ហូរ​ទឹកមន្ត​ពី​ខាងក្នុង​ប្រាសាទ ចេញ​ក្រៅ​ប្រាសាទ ដើម្បី​សេចក្តីត្រូវការ​របស់​ប្រជាជន ជាពិសេស​ក្នុងពេល​បុណ្យទាន​ម្តងៗ ដូចជា​ពិធី​សិវរាត្រី​ជាដើម ។​
​ក្នុង​ជំនឿ​របស់​អ្នកស្រុក ដែល​កាន់​លទ្ធិ​ព្រហ្មញ្ញសាសនា ជាពិសេស​ពួក​ព្រាហ្មណ៍ សកម្មភាព​ប្រចាំថ្ងៃ​នៃ​ជីវិត​របស់​ពួកគេ​ស្ថិត​ជុំវិញ​ព្រះ​សិវលិង្គ និង សោម​សូត្រ​ខាងលើនេះ ។ ដោយហេតុថា អ្នកណា​បាន​ស្រង់ទឹក​មន្ត​ជាទី​ស័ក្តិ​សិទ្ធ ដែល​ហូរ​ចេញពី​ស្នាន​ទ្រោ​ណិ​នេះ (​លិង្គ​និង​ទម្រ​) ក្រោយពី​ប្រសិទ្ធ​ពរជ័យ​ដោយ​ពួក​ព្រាហ្មណ៍​រួច នឹងមាន​សិរី​សួស្តី​គ្រប់ប្រការ​ពុំខាន ។ រីឯ​រោគា​ជម្ងឺ​តម្កាត់​ផ្សេងៗ ក៏ត្រូវ​សះស្បើយ​ផងដែរ ។​
​    ​សព្វថ្ងៃនេះ អ្នកស្រុក​ក្នុង​តំបន់ ស្ទើរតែ​ភ្លេច​នូវ​សារៈសំខាន់​របស់​សោម​សូត្រ​នេះហើយ ត្បិត​ការផ្លាស់ប្តូរ​ទម្រង់​សាសនា ពី​ព្រហ្មញ្ញសាសនា ទៅជា​ព្រះពុទ្ធសាសនា ប៉ុន្តែ​មានតែ​អ្នកស្រាវជ្រាវ​មួយចំនួន​តូច​ទេ ដែល​ដឹង​អត្ថន័យ​ស៊ីជម្រៅ​របស់​វា ។​
​    ​ម្យ៉ាងវិញទៀត ថ្ម​សោម​សូត្រ​វែង​នេះ យ៉ាងហោចណាស់​ក៏​រវាង ២ ម៉ែត្រ ទៅ ៣​ម៉ែត្រ ដែរ បាន​រង​នូវ​ការ​ទ្រុឌទ្រោម​ដោយ​កត្តា​មនុស្ស និង​ធម្មជាតិ ជាហេតុ​ធ្វើ​ឲ្យ​បាក់​ជា​ពីរ​កំណាត់ ។​
​    ​ដោយសារតែ​មូលហេតុ​ជំនឿ​សាសនា​ខាងលើនេះ ជា​ផ្នែក​មួយ​នៃ​សំណង់​ស្ថាបត្យកម្ម ប្រាង្គ​ប្រាសាទបុរាណ ទើប​យើង​សូម​លើកយក​សារៈសំខាន់​នៃ​សោម​សូត្រ​នោះមក​បង្ហាញជូន ។​
​    ​រួម​សេចក្តី​មក ប្រាសាទភ្នំរុង​តាំងពី​អតីតកាល​រហូតដល់​ប​ច្ចុ​ប្បន្ន នៅតែ​ទាក់ទាញ​សាសនិក​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន នៅក្នុង​ប្រទេស​ថៃ​មក​បន់ស្រន់ ពោលគឺ​នៅតែ​ជា​កន្លែង​គោរព​សក្ការៈ​ស័ក្តិ​សិទ្ធ​បំផុត សម្រាប់​ជនជាតិខ្មែរ​ភាគតិច​នៅក្នុង​ភូមិភាគ​ឥសាន នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ។ ហើយ​វត្តមាន​របស់​ថ្ម​សោម​សូតរ​ខាងលើនេះ ក៏​ជាស​ញ្ញា​មួយ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​លក្ខណៈ​ពិសិដ្ឋ​នៃ​ទេវា​ល័យ​ដ៏​ ស្កឹមស្កៃ​នេះ ក្នុង​អតីតកាល​ដ៏​យូរលង់​មួយ​ដែរ ៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment