Thursday, September 29, 2011

ប្រាសាទបាគង​

​ដូច​ប្រាសាទលលៃ ប្រាសាទ​ព្រះ​គោ និង ប្រាសាទព្រៃមន្ទីរ ដែរ ប្រាសាទបាគង ស្ថិតក្នុង​ក្រុម​រលួស តែ ស្ថិត​ចំ​កណ្តាល នៃ ទីក្រុង​អង្គរ​ទី​១ ឬ ហរិ​ហ​ល័យ ដោយមាន​ចម្ងាយ​ប្រមាណ​ជា ១២​គ​.​ម ពី​ទី​រួម​ខេត្តសៀមរាប​បច្ចុប្បន្ន ។ សូមជម្រាបថា ប្រាសាទ​អង្គរ​ទាំងនោះ ស្ថិត​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ទេ ពី ១ ទៅ ២​គ​.​ម កន្លះ​តែប៉ុណ្ណោះ ។​

ប្លង់​នៃ​ប្រាសាទបាគង (​ឯកសារ​បារាំង​)

​     ​ស្ថិតនៅ​ខាងត្បូង​នៃ​ប្រាសាទ​ព្រះ​គោ នៅក្នុង​ភូមិ​បាគង ស្រុក​បាគង​ខេត្តសៀមរាប ប្រាសាទបាគង​ត្រូវបាន​សាងសង់ឡើង ដោយ​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ នៅ​ឆ្នាំ​៨៨១ នៃ​គ​.​ស ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ ដ៏​មាន​មហិទ្ធិឫទ្ធិ ។ ប្រាសាទបាគង​ដែលជា​ប្រាសាទ​មុនគេ សាងសង់​អំពី​ថ្មភក់ ប្រកបដោយ​និម្មាបនកម្ម​ដ៏​ល្អ​ប្រណិត ដែលមាន​ឈ្មោះ​ដើម​ថា ថ្ម​នៃ​ឥសៈ  ហើយ​តំណាង​ភ្នំ​សុមេរុ ព្រោះ​ស្ថិត​ចំ​កណ្តាល​នៃ​ទីក្រុង​ហរិ​ហ​ល័យ ។​

តួ​ប៉​មល​ណ្តា​ល​កំពុង​ជួស​ជល់​និង​ក្រោយ​ការជួស​ជល់ (​ឯកសារ​បារាំង​)

​     ​ការសិក្សា​បាន​ឲ្យ​ដឹងថា ប្រាង្គ​កណ្តាល ឬ តួ​ប៉ម នៃ ប្រាសាទ ត្រូវបាន​ជួស​ជល់​នៅ ស​.​វ​ទី​១២ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដូច្នេះហើយ ក្បាច់ក្បូរ​លំអ​មួយចំនួន​ស្ថិតក្នុង​រចនាបទ​ថ្ម​អង្គរវត្ត ។ សូមជម្រាបថា រវាង​ឆ្នាំ​១៩៣៦ និង ១៩៤៤ កំពូល​នៃ​ប្រាង្គ​កណ្តាល​នេះ​ដែលរ​លំបាក់ ត្រូវបាន​ជួសជុល​ដោយ​លោក ហ្លែ​ស្ស ។

ប្លង់​ប្រាសាទបាគង តំណាង​ឲ្យ​ចក្រ​វា​ឡ (​ឯកសារ​សិលា​បារាំង​ចុង​បូព៌ា ) និង តួ​ប៉ម​ឬ​ប្រាង្គ​កណ្តាល (​ថត​ឆ្នាំ ​២០០៣)

​     ​ប្រាសាទបាគង មាន​កំពែង ២ ជាន់ គឺ​កំពែង​ខាងក្រៅ​និង​កំពែង​ខាងក្នុង ។ កំពែង​ខាងក្រៅ​មាន​ទំហំ ៩០០ x ៧០០ ម៉ែត្រ ហ៊ុមព័ទ្ធ​ដោយ​គូ​ទឹក ដែល​តំណាង​ឲ្យ​មហាសមុទ្រ​នៃ លោកធាតុ​វិទ្យា​ឥណ្ឌា ។ ផ្លូវ​ចូលកាន់​ប្រាសាទ​មាន​ពីរ គឺ​ខាងកើត​និង​ខាងលិច ដែល​លំអ​ដោយ​នាគ​ញី​ឈ្មោល​មួយគូ​រលូន​អម​សងខាង​ផ្លូវ ។ តែ​ឥឡូវនេះ ត្រូវបាន​បាក់បែក​សឹងតែ​ទាំងអស់ គ្រាន់តែ​បន្សល់​នូវ​ក្បាល និង ដងខ្លួន​មួយចំនួន​ដែល​រេចរឹល​ប៉ុណ្ណោះ ។ រីឯ​ចម្លាក់​លំអ​ទាំងឡាយ​នៅតាម​ជញ្ជាំង​នៃ​ខឿន ត្រូវបាន​ខូចខាត​ទាំងអស់ លើកលែងតែ​ថ្ម​មួយ​ដុំ​នៅលើ​ជញ្ជាំង​ខាងត្បូង នៅ​ថ្នាក់​ទី​៤ ឆ្លាក់​រូប​យក្ខ​ដែល​សែ​ស​សល់ ។​


​    ​ដូច​ពោល​ខាងលើ ប្រាសាទបាគង គឺជា​ប្រាសាទភ្នំ​មាន​រាង​ជា​សាជី ស្ថិតក្នុង​កំពែង​ទី​៣ គឺ​ប្រាសាទភ្នំ ដែល​ដូច​ពោល​ខាងលើ តំណាង​ឲ្យ​ភ្នំ​សុមេរុ នៅ​ចំ​កណ្តាល​ទ្វីប​ទាំង ៥ ដែល​នៅទីនេះ​តំណាង​ដោយ​ថ្នាក់​ទាំង ៥ នៃ ប្រាសាទ ។ សូមជម្រាបថា ថ្នាក់​ទាំង​៤ ផ្នែក​ខាងក្រោម​តំណាង​ឲ្យ​ភព​ទាំង ៤ នៃ​ចក្រ​វា​ឡ ដែលមាន​តាំង​រូប​គ្រុឌ យក្ស​និង​នាគ​ជាដើម នៅ​គ្រប់មុខ​ប្រាសាទ​ទាំង ៤ ទិស តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ ។ រីឯ​ថ្នាក់​ទី ៥ គឺជា​ទេវស្ថាន​ឬ​ឋានសួគ៌ តំណាង​ដោយ​ប្រាង្គ​កណ្តាល​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ភ្នំ​សុមេរុ ផ្ទាល់ ។ 
​យើង​ឃើញ​មាន​ប្រាសាទ​ឥដ្ឋ​ចំនួន ៨ ស្ថិត​ជុំវិញ​ប្រាសាទ​ផ្នែក​ខាងក្រោម ។ នៅលើ​បាទ​ដ្ឋា​ន​យើង​ឃើញ​មាន​ជណ្តើរ​នៅ​គ្រប់​អ័ក្ស ។ ជណ្តើរ​ទាំងនោះ នាំ​សាសនិកជន​ទៅកាន់​ទីលាន នៃ ថ្នាក់​នីមួយៗ បន្តបន្ទាប់​លើ​គ្នា ពិសេស​ទៅកាន់​ប្រាង្គ​កណ្តាល ដែលជា​កន្លែង​ស័ក្តិសិទ្ធិ​ជាងគេ​បំផុត ។ មើល​ពី​ចំងាយ​តួ​ប៉ម​កណ្តាល​នេះ​ផុស​ឡើង​ផុតពី​ដំបូល​សំណង់​ប្រាសាទតូចៗ នៅ​ជុំវិញ ធ្វើ​អំពី​ថ្ម ដែលជា​ប្រាសាទ​ឧបសម្ព័ន្ធ ។
​ដូចនេះ ប្រាសាទ​របស់​យើង ត្រូវបាន​សាងសង់ឡើង​តាម​លោកធាតុ​វិទ្យា​ឥណ្ឌូ​-​ខ្មែរ តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ ហើយ​គឺជា​និមិត្តរូប​នៃ​ចក្រ​ក្រ​វា​ឡ ។​
​សូម​រំលឹក​ឡើង​ថា គឺ​នៅក្នុង​ប្រាង្គ​កណ្តាល​ខាងលើ​នេះហើយ ដែល​ក្នុង​អតីតកាល ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ បាន​កសាង​ព្រះ​វិស្ណុ​មួយអង្គ ដៃ​៨ ព្រមទាំង​លិង្គ​រាជ្យ​មួយ​ឈ្មោះថា ស្រី​ឥន្ទ្រ​ស្វរៈ ដើម្បី​ជា​និមិត្តរូប​នៃ​សម័យកាល​របស់​ទ្រង់ ។ តាម​ខ្លឹមសារ​សិលាចារឹក ដែល​គេ​បាន​រកឃើញ​នៅ​ឆ្នាំ​១៩៣៥ យើង​ដឹង​ទៀតថា ការកសាង​បារាយណ៍​មួយ​យ៉ាង​ធំ​ឈ្មោះថា ឥន្ទ្រា​ត​ត្ត​កៈ ដើម្បី​ផ្តល់​ទឹក​សម្រាប់​វិស័យ​កសិកម្ម ៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment