Monday, April 25, 2011

ស្លាកស្នាម​វប្បធម៌​បែប​មហាយាន នៅ​ទីក្រុង​អយុធ្យា​

ប្រវត្តិវិទូ​ថៃ​និង​អឺរ៉ុប ដែល​សរសេរ​សៀវភៅ​ដោយ​សំអាង​លើ​ឯកសារ​ថៃ​បាន​កត់ត្រា​ថា ទីក្រុង​អយុធ្យា ដែលជា​នគរ​របស់​ព្រះរាជ​បិតា​របស់​ព្រះ​នាង​សិ​តា ក្នុង​រឿង​រាមកេរ្តិ៍ ត្រូវបាន​ស្ថាបនា​ឡើង​ក្នុង​ឆ្នាំ ១៣៥០ ឆ្នាំ នៃ​គ្រិស្តសករាជ​ដោយ​ព្រះបាទ​លូ​ថង ។​
​    ​អាស្រ័យ​ហេតុនេះហើយ ទើប​យើង​សូម​កែតម្រូវ ដោយ​សំអាង​លើ​របកគំហើញ​ខាង​បុរាណវិទ្យា ។​
​    ​បុព្វបុរស​ខ្មែរ ដែល​រស់នៅក្នុង​តំបន់​នេះ តាំងតែ​ពី​ដើម​សម័យ​ប្រវត្តិសាស្ត្រ​បានចាត់ទុក​ថា តំបន់​នេះ ជា​តំបន់​ឆ្លងកាត់​ប្រកបដោយ​យុទ្ធសាស្ត្រ​ដ៏​សំខាន់បំផុត ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ត​ភ្ជាប់​នឹង​ទីក្រុង​នានា នា​សម័យ​នគរ​ភ្នំ និង​ចក្រភព​អង្គរ ដូច​មាន​វត្ថុ​បុរាណ​ដែល​គេ​បាន​រកឃើញ​ជា​វត្ថុតាង​ស្រាប់ ។ មួយវិញទៀត​បុរាណវត្ថុ ដែល​គេ​បាន​ជួបប្រទះ​ក្នុង​តំបន់​នេះ មុន​សតវត្សរ៍​ទី​១៣ នៃ​គ្រិស្តសករាជ ពុំមាន​លក្ខណៈ​ជាវ​ត្ថុ​សិល្បៈ​ថៃ​ឡើយ ។​

ព្រះបដិមាពុម្ព ឬព្រះពុម្ព, សិល្បៈ មហា យានសម័យព្រះបាទជ័យវរ្ម័នទី ៧, ស.តទី ១២ (ថត ១៩៧៣)
    ​ការរកឃើញ​នូវ​ព្រះ​បដិមា​ពុម្ព​មួយចំនួន​បែប​ត​ន្ត្រៈ​ខ្មែរ ធ្វើ​អំពី​ដី​ដុត​រវាង​ឆ្នាំ ១៩៧០ និង ១៩៨១ ដែលជា​សិល្បៈ​រចនាបថ​បាយ័ន គឺ​ស្ថិតក្នុង​ចុង​សតវត្សរ៍​ទី​១២ ដើម​សតវត្សរ៍​ទី ១៣ នៃ​គ្រិស្តសករាជ ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បញ្ជាក់ថា​វប្បធម៌​ខ្មែរ​មាន​វត្តមាន​មុន​វប្បធម៌​ជនជាតិ​ថៃ ដែល​ក្រោយពី​ឈ្នះ​សង្គ្រាម​បាន​ដណ្តើមបាន​ព្រះរាជ​ធានី​នេះ​ពី​ខ្មែរ ។​
​    ​ដូចនេះ ឆ្នាំ​១៣៥០ ពុំមែន​ជា​ឆ្នាំ​ដែល​ជនជាតិ​ថៃ​បាន​ស្ថាបនា​ទីក្រុង នៅលើ​ទីតាំង​អយុធ្យា​នោះទេ ក៏ប៉ុន្តែ​ជា​ឆ្នាំ​ដែល​តំបន់​នេះ បានប្រែក្លាយ​ទៅជា​ទឹកដី​របស់​ថៃ​ដូច​មូល​ហេតុដែល​ទើបតែ​អធិប្បាយ ។​
​    ​តាមពិត​ខេត្ត​អយុធ្យា ជា​ខេត្ត​មួយ​របស់​ចក្រភព​មុន​អង្គរ និង​អង្គរ​តែប៉ុណ្ណោះ​មុន​ការកាន់កាប់​ដោយ​សៀម​។ មួយវិញទៀត​លក្ខណៈ​នៃ​ព្រះពុទ្ធសាសនា នៅក្នុង​តំបន់​អយុធ្យា​អង្គរ​នា​សម័យ​នោះ មាន​លក្ខណៈ​ប្រហែលជា​ប្រភព​មានមក​ពី​ប្រទេស​ទី​បេ​ត៍ ។​
​    ​សូមបញ្ជាក់ថា ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ផ្សះផ្សារ​ជាតិ និង​ធ្វើ​ឲ្យ​ជនជាតិខ្មែរ​មាន​ជំនឿ​លើ​វាសនា​ខ្លួន​ឡើងវិញ ព្រះអង្គ​ប្រារព្ធ​គោរព​ព្រះពុទ្ធសាសនា​លទ្ធិ​មហាយាន ដែល​ប្រកបដោយ​មន្តអាគម​ន៍​គាថា ដែល​ពុំ​ធ្លាប់មាន​នា​សម័យមុនៗ ។​
​    ​នេះ​ជាការ​ស្រាវជ្រាវ​របស់​យើង ដែល​ធ្វើឡើង​តាមរយៈ​បទ​អន្តរាគមន៍​មួយ ដែល​យើង​បានធ្វើ​ឡើង​នៅ​ទីក្រុង​សៀមរាប​នៅ​ឆ្នាំ​២០០១ ក្រោម​ការរៀបចំ​របស់​សាលា​បារាំង​មជ្ឈិមបូព៌ា ដែលមាន​លក្ខណៈ​ជា​អន្តរជាតិ គួរ​ឲ្យ​កត់សម្គាល់  ៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment