ថ្ងៃ អង្គារ ទី ១២ ខែ មេសា ឆ្នាំ ២០១១
ខេត្តសៀមរាប ៖ ក្បាលនាគធំៗចំនួន៤នៅស្ពានថ្មបុរាណកំពង់ក្ដីដែលជារតនសម្បត្ដិដ៏ មានតម្លៃមិនអាចកាត់ថ្លៃរបស់ជាតិខ្មែរហើយរងនូវការប្រេះ បាក់បែកនាពេលកន្លងទៅ ត្រូវបានអាជ្ញាធរអប្សរាធ្វើការជួសជុលឡើងវិញរួចហើយកាលពីពេលថ្មី ៗនេះ ដើម្បីរក្សាកេរដំណែលបុព្វបុរសនិងទាញចំណាប់អារម្មណ៍ភ្ញៀវទេស ចរជាតិ-អន្ដរជាតិឱ្យទៅទស្សនា ។ ពិធីសូត្រមន្តប្រោះព្រំដល់ក្បាលនាគទាំង៤ និងសុំសេចក្ដីសុខដល់ប្រជាជនត្រូវបានរៀបចំឡើងដោយអាជា្ញធរអ ប្សរា កាលពីព្រឹកថ្ងៃទី៨ ខែ មេសាកន្លងទៅ នៅគល់ស្ពានកំពង់ក្ដីផ្នែកខាងលិច ស្ថិតនៅកណ្ដាលទីរួមស្រុកជីក្រែងចម្ងាយប្រមាណ៧០គីឡូម៉ែត្រខាងកើត ក្រុងសៀមរាប។
បន្ទាប់ពីពិធីសូត្រមន្តចប់ លោកសឺន គង់ អគ្គនាយករង អាជា្ញធរអប្សរាទទួលបន្ទុកប្រាសាទក្រៅឧទ្យានអង្គរបានថ្លែងឱ្យដឹង ថា ក្បាលនាគធំៗទាំង៤ ដាក់នៅសងខាងក្បាលស្ពានបុរាណកំពង់ក្ដី ដែលជារតនសម្បត្ដិមិនអាចកាត់ថ្លៃបានរបស់ជាតិខ្មែរយើងនេះ កន្លងមកដោយសារតែអាយុកាល ក៏បានប្រេះបែកបាក់អស់ជាច្រើន ហើយពេលនេះយើងបានធ្វើការជួសជុលវាឡើងវិញ ដូច្នេះយើងចាំបាច់ត្រូវតែធ្វើពិធីប្រោះព្រំបួងសួងទៅតាមប្រពៃណី ដើម្បីទុកជាការគោរពបូជា សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងទាញចំណាប់អារម្មណ៍ភ្ញៀវជាតិ-អន្ដរជាតិឱ្យមកទស្សនាស្ពានបុរាណ យើងនេះ។ លោកសឺន គង បានបន្តថា ជាមោទនភាពដ៏ មហិមាមួយសម្រាប់ជាតិខ្មែរ ដែលមានស្ពានបុរាណដ៏ធំ និងអាយុរាប់សិបឆ្នាំ ប៉ុន្ដែនៅតែអាចប្រើប្រាស់បម្រើឱ្យការដឹកជញ្ជូនបាន គឺវាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញប្រាប់ដល់ពិភពលោកអំពី ភាពអស្ចារ្យនៃស្ថាបត្យកម្មសំណង់របស់បុព្វបុរសខ្មែរយើង ។ មិនត្រឹមតែ ប៉ុណ្ណោះក៏បានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់ភ្ញៀវទេសចរជាតិ -អន្ដរជាតិយ៉ាងសំបើមផងដែរ ។
អភិបាលស្រុកជីក្រែងលោកប៉ោ សេរីរ័ត្នមុន្នី កាលពីព្រឹកថ្ងៃទី៨ ខែមេសា នោះបានថ្លែងនៅក្នុងពិធីបួងសួងប្រោះព្រំក្បាលនាគទាំង៤ដែលទើបតែ ជួសជុលរួចនោះថា ជារៀងរាល់ខែយ៉ាងហោចណាស់មានភ្ញៀវទេសចរអន្ដរជាតិមិនតិច ជាង៤.០០០នាក់ បានមកទស្សនាស្ពានកំពង់ក្ដីនេះ គឺវាបង្ហាញពីភាពរីកចម្រើនខាងវិស័យទេសចរណ៍នៅក្នុងតំបន់នេះ ដែលអាចនាំមកនូវចំណូលផ្ទាល់ និងប្រយោលមកឱ្យប្រជាពលរដ្ឋតាមរយៈការនាំចេញនូវផលិតផលកសិកម្ម និងនេសាទនៅក្នុងតំបន់ ។
ស្ដ្រីឈ្មោះលីនដា ជាភ្ញៀវទេសចរជនជាតិអាមេរិកមួយរូបក្នុងចំណោមមិត្ដភក្ដិរបស់ គាត់៥នាក់ផ្សេងទៀតដែលបានធ្វើដំណើរទស្សនាស្ពានបុរាណកំពង់ក្ដីកាលពី ព្រឹកថ្ងៃទី៨ ខែមេសានោះ បានថ្លែងពីចំណាប់អារម្មណ៍ថា គាត់បានទៅធ្វើទេសចរណ៍ច្រើនប្រទេសហើយ ប៉ុន្ដែមិនធ្លាប់ដែលឃើញស្ពានថ្មបុរាណដ៏អស្ចារ្យបែបហ្នឹងទេ នេះជាមោទនភាពរបស់ពលរដ្ឋខ្មែរទាំងមូល ។ លោកអ៊ឹម សុករិទ្ធី ប្រធានក្រុមអ្នកស្រាវជ្រាវផ្លូវបុរាណនៃនាយកដ្ឋានលំនៅឋានរបស់ អាជា្ញធរអប្សរា ធ្លាប់បានថ្លែងប្រាប់ឱ្យដឹងថា ក្រៅពីស្ពានបុរាណកំពង់ក្ដី នៅមានស្ពានបុរាណជាច្រើនទៀតក្នុងនោះតាមបណ្ដោយផ្លូវជាតិលេខ៦ មានស្ពានបុរាណប្រមាណ២០ និងស្ពានបុរាណប្រមាណ២០ទៀត នៅតាមផ្លូវសម័យមហានគរសម្រាប់តភ្ចាប់រាជធានីអង្គរទៅកាន់ ប្រាសាទព្រះខ័នកំពង់ស្វាយឯខេត្ដព្រះវិហារ ។ ប៉ុន្ដែនៅក្នុងនោះស្ពានបុរាណចំនួន៥ ជាពិសេស «ស្ពានតាអុង» នៅតាមកំណាត់ផ្លូវក្រាលក្រួសក្រហម ពីប្រាសាទបឹងមាលា ស្រុកសា្វយលើ ទៅឃុំខា្វវ ស្រុកជីក្រែង កំពុងស្ថិតនៅក្នុងសភាពទ្រុឌទ្រោមនិងកំពុងគំរាមកំហែងដោយសារថយន្ដ ធំៗ។
សូមបញ្ជាក់ថា ស្ពានកំពង់ក្ដី ដែល អាជា្ញធរអប្សរាបានធ្វើការជួសជុលឡើងវិញនូវក្បាលនាគទាំង៤នោះ មានបណ្ដោយ១០០ម៉ែត្រ ទទឹង១៥ម៉ែត្រ និងកម្ពស់៩ម៉ែត្រ ស្ថាបនា ឡើងពីថ្មបាយក្រៀមដែលមានកម្រិតជាតិដែកខ្ពស់ និងថ្មភក់ ដោយផ្នែកខាងលើរចនាជានាគថ្មធំៗមានក្បាល៤ នៅអមសងខាងក្បាលស្ពានទាំង២។ ស្ពានបុរាណនេះស្ថិតនៅក្នុងភូមិកំពង់ក្ដី២ ឃុំកំពង់ក្ដី ស្រុកជីក្រែង តាមបណ្ដោយផ្លូវ ជាតិលេខ៦ ដែលកសាងឡើងនៅក្នុងអំឡុងសតវត្សទី១២នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដ៏ល្បីល្បាញរបស់ចក្រភពខ្មែរនាសម័យមហានគរ ដ៏រុងរឿង ៕
No comments:
Post a Comment