Monday, April 25, 2011

​រចនាបថ​ភ្នំ​ដា​

ចម្លាក់ព្រះវិស្ណុ, ថ្ម អង្គរបុរី, សារមន្ទីរជាតិភ្នំពេញ, ស.ត ទី៤-៥ (ថត ២០០៤)
    ​ការបង្កើតឡើង​នូវ​រចនាបថ​ផ្សេងៗ ដែលជា​ផ្នែក​មួយ​នៃ​សកម្មភាព​វប្បធម៌ ដោយឡែក​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ គឺ​ពិតជា​លក្ខណៈ​នៃ​ប្រវត្តិសាស្ដ្រ​នៃ​ប្រជាជន​កម្ពុជា ។ សមិទ្ធផល​សង្គម វប្បធម៌​ទាំងអស់នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ ការ​ជ្រួតជ្រាប​នៃ​វប្បធម៌​ឥណ្ឌា​ក៏​មែនពិត ក៏ប៉ុន្ដែ​លើសពីនេះ​ទៀត​គឺជា​គុណ​ស​ម្ប​តិ្ត​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នៃ​ ពូជសាសន៍​ខ្មែរ ដែលមាន​ទេពកោសល្យ​ខ្ពស់​ក្នុងការ​កែច្នៃ​ប្រឌិត​នូវ​អ្វីៗ ដែល​មកពី​ក្រៅ​ឲ្យ​ក្លាយទៅជា​របស់ខ្លួន ។ ដោយ​មូលហេតុ​នេះហើយ រចនាបថ​ភ្នំ​ដា​ដែល​បាន​កើតឡើង​ក្រោម​ឥទ្ធិពល​ឥណ្ឌា​មាន​លក្ខណៈពិសេស ដែល​អ្នកស្រាវជ្រាវ​ខាង​ប្រវត្តិ​សិល្បៈ​យកចិត្តទុកដាក់​ជាងគេ  ពីព្រោះ​រចនាបថ​នេះ​គឺជា​ធាតុ​ពិសេស​មួយ នៃលក្ខណៈ​សិល្បៈ​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ ។ បើ​ផ្អែកលើ​ការសិក្សា​វិភាគ​ពិនិត្យពិច័យ យើង​អាច​និយាយបានថា រចនាបថ​នេះ​បាន​ឈានដល់​ចំណុច​មួយ​ដែលមាន​ការសន្និដ្ឋាន​រួមមួយ​គួរ​ឲ្យ​ មោទនៈ​ក្រៃលែង ។ ដោយ​គ្មាន​ការសង្ស័យ ឧត្តមភាព និង​អធិរាជ​ភាព​នៃ​រចនាបថ​ភ្នំ​ដា​បាន​គូស​បង្ហាញ តាមរយៈ​ចម្លាក់​ព្រះ​បដិមា​តូចធំ​មួយចំនួន ដែល​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មតិ​ជាតិ និង​អន្ដរជាតិ ។​
   ជាមួយ​ការបញ្ចូល​នូវ​រូបមន្ដ​ថ្មីៗ​ដើម្បី​ធ្វើ​ឲ្យ​ចម្លាក់​មាន​លក្ខណៈ​ រស់រ​វើក យើង​ក៏​ឃើញ​មានការ​ផ្លាស់ប្ដូរ​ទម្រង់​សិល្បៈ ដែលជា​ភាព​ដ៏​អស្ចារ្យ​មួយ​ពុំ​ធ្លាប់មាន​ពីមុនមក ។ ពោលគឺ​ក្នុង​ដំណើរការ​នៃ​ការវិវត្តន៍ សិល្បៈ​ខ្មែរ​បាន​ឈានដល់​ដំណាក់កាល​មួយ​ដែល សមិទ្ធផល​មាន​លក្ខណៈ​ខុសប្លែក​ពី​ក្រឹត្យក្រម​ឥណ្ឌា​បន្ដិច ផ្ទុយ​ពី​ស្ថានភាព​ក្នុងអំឡុង​រវាង ស​.​ត ទី​១ និង​ទី​៥ នៃ​គ​.​ស ដែល​ឥទ្ធិពល​ឥណ្ឌា​នៅមាន​លក្ខណៈ​ស្អិតល្មួត​ជាង ។ បើ​និយាយ​ឲ្យ​ចំ​ទៅ ក្រោយពី​ទទួល​ឥទ្ធិពល​ដ៏​ខ្លាំងក្លា វិចិត្រករ​ខ្មែរ​នា​ចុង​ស​.​ត ទី​៦ ដើម​ស​.​តទី​៧ ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍ បាន​ខិតខំ​បង្កើតបាន​នូវ​ស្នាដៃឯក របស់ខ្លួន​ប្រកបដោយ​ឯករាជភាព ។ ការ​លេចធ្លោ​ឡើង​នូវ​រចនាបថ​ភ្នំ​ដា ធ្វើ​ឲ្យ​យើង​ទទួលស្គាល់​នូវ​ភាពចាស់ទុំ​និង សម្ព័ន្ធភាព​ពេញលេញ​របស់​សិល្បករ​ខ្មែរ​នា​សម័យ​នគរ​ភ្នំ ។ វា​ក៏​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញថា មានការ​កើនឡើង នូវ​អត្រា​នៃ​មជ្ឈមណ្ឌល​វប្បធម៌​ដើម្បី​ផ្គត់ផ្គង់​សេវាកម្ម សម្រាប់​មូលនិធិ​សាសនា​តូចធំ​ទាំងឡាយ​បន្ថែមទៀត​ផងដែរ ។ ក្នុងន័យនេះ យើង​អាច​កត់សម្គាល់ថា គោលបំណង​របស់​វិចិត្រករ​ក្នុង​វិស័យ​វប្បធម៌​ភ្នំ​ដា ក្រៅពី​ខិតខំ​ធ្វើ​ឲ្យ​មាន​ឯកភាព​ជាតិ បាន​ខិតខំ​ធ្វើ​ឲ្យ​មាន​ឯករាជ្យ​ក្នុង​វិស័យ​បដិមា​កម្ម​ផងដែរ ។​

ចម្លាក់ព្រះវិស្ណុ, ថ្ម អង្គរបុរី, ទីក្រុងចាស់ (ស្រេស្ថបុរៈ) នៅវត្តភូ ស.តទី ៥-៦ (ថតដោយ ហ្គីតូ)
ព្រះវិស្ណុ អង្គរបុរី ស.តទី ៦ (សារមន្ទីរជាតិភ្នំពេញ), ថត ២០០៣

​    ​
​     ​សូម​រំលឹកថា អ្វីដែល​បានកើត​ឡើង​នៅក្នុង​ទឹកដី​ខ្មែរ​នា​សម័យ​នគរ​ភ្នំ ក៏បាន​កើតឡើង​នៅក្នុង​អតីត​នគរ​ចម្ប៉ា​ដែរ ក្នុងភូមិ​ភាគ​នេះ ទោះ​ជាមាន​លក្ខណៈ​តូច​ជាង​បន្ដិច​ក្ដី ។​
​    ​ខាងលើនេះ​គឺជា​ចំណុច​សំខាន់​ដែល​គេ​ត្រូវតែ​រំលឹក ពីព្រោះ​ដូច​ជនជាតិ​ដទៃៗ​នៅលើ​ពិភពលោក​ដែរ​ជាតិខ្មែរ រមែង​តែង​ស្រេកឃ្លាន​នូវ​អត្តសញ្ញាណ​របស់ខ្លួន ។​
​    ​ព្រះ​បដិមា​នា​សម័យ​កាលនោះ ភាគច្រើន​ជា​ចម្លាក់​ស្ថិតនៅក្នុង​ឥរិយាបថ​ត្រី​ភ​ង្គ ពោលគឺ​ទ្រង់​ឈរ​ដោយមាន កាយវិការ​ឬ​រាង​បត់​ជា​បី​ផ្នត់ ដោយ​ដងខ្លួន​ធ្លាក់​លើ​ជើង អ្វីមួយ​ដែល​ស្ថិតក្នុង​បរិបទ​នៃ​សាលា​វិចិត្រសិល្បៈ​នាល​ន្ឌា​យ៉ាង​ប្រាកដ ។ ម្យ៉ាងវិញទៀត ព្រះពុទ្ធ​បដិមា​លេងខ្លួន​ទទេ ដោយមាន​ត្រចៀក​វែង​ខ្លះ​ពាក់​ក្រវិល​ផង ដែលជា​និមិត្តរូប​នៃ​សិរី​មង្គល ឬ​ភាព​យឺនយូរ​នៃ​ជីវិត​មុន​ឥណ្ឌា​នីយកម្ម ។ ជាទូទៅ​គួរ​រំលឹក​ឡើងវិញ​ថា ទេវតា​បុរស​ស្លៀកសំពត់​ចងក្បិន រីឯ​ភេទ​ស្រី​វិញ​ស្លៀកសំពត់​វែង​ដែល​ភាគច្រើន​គ្មាន​ក្បាច់ក្បូរ​អ្វី​ ទាំងអស់ ។ ថ្មីៗ​នេះ​យើង​បាន​រកឃើញ​ចម្លាក់​ទេវរូប​មួយចំនួន​ស្លៀកសំពត់​មាន​ផ្នត់​ហើយ ​មាន​ខ្សែ​ចង្កេះ​ដែល​ទម្លាក់​ជរ​សម្រាប់​លំអ​ផងដែរ គួរ​ឲ្យ​គយគន់ ។​

ព្រះកេសទេវរូប ភេទប្រុស និង ស្រី ស.ត ទី ៥-៦, អង្គរបុរី (សារមន្ទីរជាតិភ្នំពេញ)

​     ​ថ្វីត្បិតតែ​ចម្លាក់​ព្រះអាទិទេព​ទាំងនោះ​ស្ថិតក្រោម​ឥទ្ធិពល​នៃ​សិល្បៈ​ ឥណ្ឌា គួបផ្សំ​ជាមួយ​ក្រិ​ត្យ​ក្រម​ហ្គ្រិ​ច​កូ​-​រ៉ូ​ម៉ាំង ក៏ប៉ុន្ដែ​មាន​លក្ខណៈ​ជា​ខ្មែរ​សុទ្ធសាធ ។ នេះ​ជា​ប្រត្យក្ស​ភាព​ដែល​ប្រកែក​ពុំបាន ។ សូមបញ្ជាក់ថា ខុសពី​សមិទ្ធផល សិល្បៈ​ឥណ្ឌា​ដែល​គ្មាន​ភាពទន់ភ្លន់ ឬ​ឱជា​រស ចម្លាក់​ដែលជា​ស្នាដៃ​ខ្មែរ​មាន​ទឹកមុខ​សម្ដែង​ចេញ ។​
​    ​ដូចនេះ​យើង​អាច​ចាត់ទុកថា រចនាបថ​ភ្នំ​ដា​គឺជា​ទំនើបកម្ម​មួយ​មាន​ជំហរ​រឹងមាំ​របស់ខ្លួន​រួចទៅហើយ ដែលមាន​សក្ដានុពល​គួរ​ឲ្យ​មោទនៈ ។​
​    ​ឆ្លងកាត់​ការពិនិត្យ​ពិច័យ​ចម្លាក់​នៅ​ប្រាសាទភ្នំដា និង​នៅក្នុង​អតីត​រាជធានី​អង្គរបុរី ព្រមទាំង​ទីក្រុង​ស្រី​ទេព​ជាដើម យើង​ក៏​ដឹង​ទៀតថា ផ្នួងសក់​ភាគច្រើន​មាន​រាង​ជា​បំពង់​ដែលមាន​ប្រភព​ចេញពី​ប្រទេស​អ៊ី​រ៉ា​ន រីឯ​សក់​របស់​ព្រះ​បដិមា វិញ​មាន​រាង​អង្កាញ់ៗ​រមូល ។ មានន័យថា ការ​សម្គាល់​រចនាបថ​ភ្នំ​ដា ក៏​អាច​សម្គាល់​តាមរយៈ​ចម្លាក់​មួយចំនួន​នៅក្នុង ទីក្រុង​អ៊ូ​ថង ក្នុង​ខេត្ត​សុផាន់​បុរី​ផងដែរ ៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment