Monday, April 25, 2011

​ប្រាសាទ​ស៊ី​ខរ​ភូមិ​នៅ​ខេត្ត​សុ​រិ​ន្ទ្រ​

    ​ប្រាសាទ​ស៊ី​ខរ​ភូមិ ត្រូវបាន​សាងសង់ឡើង​អំពី​ឥដ្ឋ​នៅ ស​.​តទី​១១ នៃ​គ​.​ស ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះអាទិទេព​ស្រី​ខេ​ស្វរៈ ឬ​ព្រះ​ឥសូរ​ដ៏​មាន​ម​ហិ​ទ្ធិ​ប្ញ​ទ្ធិ ។ ឈ្មោះ​មួយទៀត នៃ​ប្រាសាទ​នេះ​គឺ ប្រាសាទរ​ងាង ។ ប៉ុន្តែ​ជួនកាល​អ្នកស្រុក ហៅ​ប្រាសាទ​នេះ​ថា ប្រាសាទ​ព្រាយ​ដៃ ៨ ផងដែរ ។​

    ​ក្នុងចំណោម​ប្រាសាទខ្មែរ ដែល​បុព្វការី​ជន​ខ្មែរ​បាន​បន្សល់ទុក​នៅ​ខេត្ត​សុ​រិ​ន្ទ្រ ប្រាសាទ​ស៊ី​ខរ​ភូមិ គឺជា​ប្រាសាទ​មួយ ដែលមាន​ទំហំ​ធំ សំខាន់​ជាងគេ ។ សព្វថ្ងៃនេះ ប្រាសាទ​នេះ​ស្ថិតនៅ​ក្នុងភូមិ​ប្រាសាទ ឃុំរ​ងាង ស្រុក​ស៊ី​ខរ​ភូមិ មាន​ចម្ងាយ​ប្រមាណ​ជា ៣០​គ​.​ម​ពី​ទី​រួម​ខេត្ត ។ ខេត្ត​នេះ​ក៏​ជា​ខេត្ត​មួយ ដែល​ប្រជាជន​ខ្មែរ​ពីមុន​នៅ​ថែ​រក្សាបាន​នូវ​ភាសា​ប្រពៃណី​ខ្មែរ​យ៉ាង​ ខ្ជាប់ខ្ជួន​នៅឡើយ ។
​    ​បែរមុខ​ទៅ​ទិសខាងកើត ប្រាសាទ​ស៊ី​ខរ​ភូមិ​ធ្វើ​អំពី​ឥដ្ឋ ស្ថិតក្នុង​រចនាបថ​បាពួន ដោយមាន​ប្រាង្គ ៥ ស្ថិតនៅលើ​ខឿន​មួយ ដែលជា​ដី​លើក ។ ខឿន​នេះ​មាន​ថ្ម ក្រាល​ពីលើ​មាន​រាង ៤ ជ្រុង​ស្មើ ដោយ​ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រមាណ​ជា ២៤ ម៉ែត្រ ។ សូម​ជម្រាប​ផងដែរ​ថា ជណ្តើរ​ឡើងទៅ​កាន់​ខឿន​ប្រាសាទ​នេះ បែរមុខ​ទៅ​ទិសខាងកើត ឆៀង​ខាងលិច ។​
​    ​ចាស់ៗ​ពី​បុរាណ​បាន​ប្រាប់តៗ​គ្នា​ថា ប្រាសាទ​នេះ​មាន​បារមី​ព្រាយ​ក្បាល ៨ កាន់ ។ ហេតុនេះ​នៅមុន​ឆ្នាំ ១៩២៩-១៩៣០ ស្រុកភូមិ​ជួប​គ្រោះភ័យ​ម្តងៗ គេ​រមែងតែ​យក​ក្របី​មក​ថ្វាយ​ព្រាយ​ដៃ ៨ នៅ​ទីនោះ ។ ប៉ុន្តែ​ការប្រតិបត្តិ​បែបនេះ ត្រូវ​បាត់បង់​ទៅហើយ ។ ចាស់ៗ​នៅក្នុង​ភូមិរ​ងាង ក្បែរ​ប្រាសាទ​នេះ បាន​ឲ្យ​ដឹង​ទៀតថា ទីតាំង​ប្រាសាទ​នេះ ពី​ដើម​មាន​ប្ញ​ទ្ធិ​អំណាច​ខ្លាំងពូកែ​ណាស់ ព្រោះ​គេ​ធ្លាប់​សម្លាប់​ស្ត្រី​ទីនោះ ដោយ​វះ​ពោះ ដើម្បី​យក​កូន​ក្នុង​គភ៌ ទៅ​អាំង​ធ្វើ​កូនក្រក ។​
​    ​បើ​ពិចារណា​មើល​ឲ្យ​សព្វគ្រប់​ទៅ យើង​ឃើញថា ការដែល​ពោល​ដូច្នេះ មិនមែនជា​រឿង​ភូតកុហក​ឡើយ ។ សេចក្តីពន្យល់​ខាងលើនេះ យើង​គួរ​ដឹង​យកចិត្តទុកដាក់ ដោយ​ចាត់ទុកថា ប្រកបដោយ​សច្ចភាព ព្រោះ​ប្រពៃណី​ជឿ​លើ​កូនក្រក មិនមែន​មានតែ​នៅទីនេះ​ទេ ក៏ប៉ុន្តែ​នៅ​ប្រទេស​ខ្មែរ​ក៏មាន​ដូចគ្នា​ដែរ ។​
​    ​មួយទៀត​កាលពី​ឆ្នាំ ១៩៧៦ នៅពេលដែល​យើង​បាន​ចុះ​ពិនិត្យ ប្រាសាទ​ស៊ី​ខរ​ភូមិ យើង​ក៏បាន​ឃើញ​មាន​បង្គោល​ថ្ម​ឆ្មា​មួយ​យ៉ាង​ធំ នៅក្បែរ​ចំហៀង​ប្រាង្គ​ប្រាសាទ​កណ្តាល ។ តាម​ទំនង គឺ​នៅទីនេះ​ហើយ ដែល​ដូនតា​របស់​អ្នកស្រុក​ភូមិ បាន​យក​ក្របី​មក​បូជា ។ ហេតុនេះហើយ​បានជា​ពួកគេ យល់ស្រប​តាម​មតិ​របស់​យើង ហើយ​នៅតែ​ជឿ​តាម​គ្នា នេះ​គឺជា​ថ្ម​ដូនតា​ចាស់​ស្រុក ។ សូមបញ្ជាក់ថា រហូតដល់​សព្វថ្ងៃ​គេ​នៅតែ​ពោល​អះអាងថា ថ្ម​ដូនតា​នេះ​តែងតែ​ផ្តល់នូវ​សេចក្តីសុខ​សប្បាយ​ដល់​ពួកគេ ។ ម្យ៉ាងទៀត​ដោយហេតុថា ពួកគេ​តែងតែបាន ទទួល​នូវ​សេចក្តីសុខ​សប្បាយ​មិន​ដាច់ ពួកគេ​រមែងតែ​បន់ស្រន់ ថ្ម​ពិសិដ្ឋ​ខាងលើនេះ​ជាប្រចាំ ។​
​    ​វត្តមាន​របស់​ក្បាច់​ខ្មែរ​មួយ នៅលើ​ក្លោងទ្វារ​នៃ​ប្រាង្គ​កណ្តាល តំណាង​ឲ្យ​ការ​រាំ​របស់​ព្រះ​ឥសូរ គឺជា​សញ្ញា​បញ្ជាក់​ឲ្យ​យើង​ដឹងថា ប្រាសាទ​ស៊ី​ខរ​ភូមិ ពិតជា​ត្រូវបាន​ស្ថាបនា​ឡើង ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះ​ឥសូរ ឬ​ស្រី​ខេ​ស្វរៈ ដូច​ករណី​នៃ​ប្រាសាទព្រះវិហារ​ដែរ ដែល​អាទិទេព​នៃ​ភ្នំ ដ៏​មាន​មហិទ្ធិឫទ្ធិ​ក្រៃលែង ក្នុង​ក្រសែភ្នែក របស់​ខ្មែរ​នា​សម័យបុរាណ ៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment