Monday, April 25, 2011

​ប្រាសាទឯកភ្នំ​នៅ​ខេត្តបាត់ដំបង​

  ​ខេត្តបាត់ដំបង ដែល​ធ្លាប់ជា​មជ្ឈមណ្ឌល​វប្បធម៌​ដ៏​រុងរឿង​មួយ​ក្នុងសម័យ​បុរាណ បាន​បន្សល់ទុក​នូវ​កេរ្តិ៍ដំណែល​វប្បធម៌​ដ៏​ច្រើន ក្នុងនោះ​មាន​ប្រាសាទឯកភ្នំ​គួរ​ជាទី​មោទនៈ ។ ប្រាសាទឯកភ្នំ​មានឈ្មោះ​មួយទៀត​គឺ ប្រាសាទ​វត្ត​ឯក ។

ភាពទ្រុឌទ្រោមនៃប្រាង្គប្រធាន ទិសខាងលិច បណ្ណាល័យ និងគូទឹក (ថត ២០០៨)

​     ​ប្រាសាទ​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា ១០​គ​.​ម​. ខាងជើង​នៃ​ទី​រួម​ខេត្ត នៅក្នុង​ភូមិ​គម ឃុំ​ពាម​ឯក ខេត្តបាត់ដំបង ។ បន្ទាប់ពី​ប្រាសាទ​បាណន់ ប្រាសាទ​នេះ​ត្រូវគេ​លើកតម្កើង​ថា ជា​ប្រាសាទភ្នំ ដែល​ប្រកបដោយ​បុណ្យ​បារមី ដ៏​ឧត្តុង្គឧត្តម ។ បច្ចុប្បន្ននេះ​ប្រាសាទឯកភ្នំ កំពុង​ទាក់ទាញ​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ ឲ្យ​មក​ទស្សនា​ឬ​មក​កំសាន្ត​លំហែកាយ ។​

ថែវនៅទិសខាងកើត និងខាងលិច ក្រៅប្រាសាទព័ទ្ធជុំវិញប្រាសាទ (ថត ២០០៨)

​     ​ប្រាសាទឯកភ្នំ មាន​កសិណ​ទឹក​ហ៊ុំព័ទ្ធ​ជុំវិញ បែរមុខ​ទៅ​ទិសខាងកើត ហើយ​ស្ថិតនៅលើ​គ្រឹះ​មួយ​ដ៏​រឹងមាំ ធ្វើ​អំពី​ថ្មភក់​និង​ថ្មបាយក្រៀម ដោយមាន​ទីធ្លា​មួយ​មាន​ប្រវែង​ប្រមាណ​ជា ៣០​ម៉ែត្រ ។​

ផ្តែរពាក់ព័ន្ធទៅនឹងទេវកថានានា (ថត ២០០៨)

​     ​ផ្ទាំងសិលា​ចារឹក​ក្នុង​ប្រាសាទ​នេះ​បាន​ឲ្យ​ដឹងថា ប្រាសាទ​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ ព្រះបាទ​សុរិយា​វរ្ម័នទី​១ ដែល​សោយរាជ្យ​សម្បត្តិ​នៅ​ស​.​តទី​១១ នៃ​គ​.​ស សំរាប់​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រហ្មញ្ញសាសនា ។​

ថែវក្នុងប្រាសាទ និងសិលាចារឹករបស់ព្រះបាទសុរិយាវរ្ម័នទី ១ (ថត ២០០៨)

​     ​តួ​ប៉ម​ប្រាសាទឯកភ្នំ​មាន​រាង ៤ ជ្រុង​ស្មើ ធ្វើ​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម ស្ថិតនៅលើ​ខឿន​មួយ មាន​កំពស់​ប្រមាណ​ជា ៤​ម៉ែត្រ ។ ទំនង​ដោយសារ​លក្ខណៈ​បែបនេះហើយ បានជា​គេ​ឲ្យ​ឈ្មោះថា ប្រាសាទឯកភ្នំ ។​
​    ​ដូច​ប្រាសាទ​មួយចំនួន​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយា​វរ្ម័នទី​១​ដែរ ប្រាសាទឯកភ្នំ​មាន​ថែវ​ព័ទ្ធជុំវិញ​ប្រាង្គ​ប្រាសាទ ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​ប្រវែង​ប្រមាណ​ជា ២៥​ម៉ែត្រ និង​ពី​ខាងជើង​ទៅ​ទិស​ខាងត្បូង​ប្រមាណ​ជា ៤៩​ម៉ែត្រ ។​

តួប៉ម ឬប្រាង្គកណ្តាល (ថត ២០០៨)

​     ​ប្រាសាទ​របស់​យើង​បានទទួល​រងគ្រោះ​យ៉ាងដំណំ ដោយសារ​ភ្លើងសង្គ្រាម ហើយ​ទើបតែ​ត្រូវបាន​អភិ​រ័ក្ស​យ៉ាង​ត្រឹមត្រូវ​កន្លងមកនេះ តែ​ពុំ​ទទួល​មានការ​ជួសជុល​នៅឡើយ ។ ទោះបី​មាន​ភាព​ទ្រុឌទ្រោម ដោយមាន​គំនរ​ថ្ម​បែកបាក់​ដ៏​ច្រើន​ធ្លាក់​នៅលើ​ដី ពាសពេញ​ដេរដាស់​ជុំវិញ​ប្រាសាទ​ក្តី ក៏ប៉ុន្តែ​ប្រាសាទឯកភ្នំ នូវ​រក្សាបាន​ឧត្តមភាព និង​អធិរាជ​ភាព និង​សោភ័ណភាព​របស់ខ្លួន​នៅឡើយ អ្វីមួយ​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ គ្រប់​សញ្ជាតិ ។​
​    ​ចម្លាក់​ហោជាង​និង​ផ្តែរ​ដ៏​ល្អ​វិចិត្រ ដែល​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​ព្រះអាទិទេព​ទាំងឡាយ នៃ​ព្រហ្មញ្ញសាសនា ដូចជា រឿង​កូរ​សមុទ្រ​ទឹកដោះ​ជាដើម គឺជា​ចំណុច​ពិសេស​ទាក់ទាញ​ការ​ស្ញើ​ច​សរសើរ​មិន​ដាច់​មាត់ ពី​មហាជន​មាន​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា ។​

ទិដ្ឋភាពរួមនៃប្រាសាទវត្តឯកភ្នំ (ថត ២០០៨)

​     ​ជា​រៀងរាល់ថ្ងៃ​មាន​អ្នក​ស្រុកភូមិ​មក​ធ្វើការ​បន់ស្រន់ ដោយ​នាំមក​នូ​វដ​ង្វា​យ​ជា​ធូប ទៀន ផ្កា ឬក៏​ថវិកា​បន្តិចបន្តួច​ឲ្យ​អាចារ្យ​ម្នាក់ នៅ​ប្រាង្គ​ប្រធាន​នៃ​បូជនីយដ្ឋាន​នេះ ដែល​គេ​ចាត់ទុកថា ជា​កន្លែង​ពិសិដ្ឋ​ជាងគេ​បំផុត ៕ (​ម​.​ត្រា​ណេ​)​

No comments:

Post a Comment