Monday, April 25, 2011

​សិល្បៈ​ស្ថាបត្យកម្ម​សម័យ​បាយ័ន​នៅ​ស្រី​ទេព​

  ​ស្របតាម​ស្មារតី​នៃ​លទ្ធិ​មហាយាន និង​គោលការណ៍​នយោបាយ ដែលមាន​ការអភិវឌ្ឍ​ន៍​ជា​ត្រីវិស័យ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ខិតខំ​ស្ដារ​អតីត​ប្រទេស​កម្ពុជា​ឡើងវិញ បន្ទាប់ពី​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ចម្ប៉ា ។ ទន្ទឹមនឹង​ការបង្រួបបង្រួម​ជាតិ​របស់​ស្ដេច​អង្គ​នេះ ដែល​ក្នុង​ចក្ខុវិស័យ​របស់​ពុទ្ធប​រិ​ស័​ទ ព្រះអង្គ​គឺជា​ជយ​ពុទ្ធ​មហា​នាថ ឬ​ជា​ពុទ្ធ​រាជ​នោះ អំណាច​ជ័យ​ចេស្ដា​របស់​ព្រះរាជា តាមរយៈ​មូលនិធិ​សាសនា​នានា ក៏ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ផងដែរ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅក្នុង​ភូមិភាគ​កណ្ដាល​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ។​
​    ​គឺ​ក្នុងករណី​នេះហើយ ដែល​ព្រះរាជា​ចក្រវាល​ទិន​អង្គ​នេះ បានធ្វើ​ឲ្យ​ទីក្រុង​ស្រី​ទេព ដែលមាន​ទីតាំង​ក្នុង​ខេត្ត​ផេ​ជ្រ​ប៊ូ​ន​បច្ចុប្បន្ន ក្លាយទៅជា​ភូមិស្ថាន​បែប​ពុទ្ធ​និយម​ដ៏​ធំ​មួយ ។ ការកាន់កាប់​ឡើងវិញ​នូវ​បូជនីយដ្ឋាន​បែប​ព្រា​ហ្ម​ញ្ញ​សាសនា​ខាងលើនេះ ដោយ​ការសាងសង់​នូវ​សំណង់​ស្ថាបត្យកម្ម និង​ទេវរូប​ថ្មីៗ​បន្ថែម​នៃ​លទ្ធិ​មហាយាន ឬក៏​ការជួសជុល​ប្រាង្គ​ប្រាសាទ​ឥដ្ឋ​ពី​សម័យមុនៗ ហើយ​គ្រាន់តែ​ផ្លាស់ប្ដូរ​និន្នាការ​មនោ​គម​សាសនា ពី​ព្រាហ្មណ៍​និយម ឲ្យ​ក្លាយទៅជា​ពុទ្ធ​និយម​វិញ ដែល​យើង​នឹង​លើក​មក​ពិនិត្យ​បន្ដិចទៀត គឺជា​ការចាំបាច់​ខកខាន​ពុំបាន ។​

សសរពេជ្រ និង ផ្តែរនៅសារមន្ទីរសុខោទ័យ (ថត ២០០០)

​     ​សូមជម្រាបថា ចំពោះ​ទីក្រុង​បុរាណ​នេះ​អ្នកស្រាវជ្រាវ​ថៃ មិនបាន​យកចិត្តទុកដាក់​ពី​ការកែប្រែ ផ្លាស់ប្ដូរ​ខាង​វិស័យ​មនោ​គម​វិទ្យា​សាសនា និង​ស្ថាបត្យកម្ម​នេះ​របស់​ប្រជាជន​ខ្មែរ​បុរាណ​ប៉ុន្មាន​ទេ ដោយ​ពួកគេ​គ្រាន់តែ​សង្កត់​អារម្មណ៍​យ៉ាង​ធ្ងន់​លើ​រចនាបថ​បាពួន​តែ​ម្យ៉ាង​ ប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ​សោត អ្នកនិពន្ធ​ថៃ​ខ្លះ​ដែល​មិនបាន​សិក្សា ស៊ីជម្រៅ​នូវ​រាល់​ចម្លាក់​ស្លាកស្នាម​វប្បធម៌​មុន​អង្គរ បែរជា​ចាត់ទុកថា នោះ​ជា​សិល្បៈ​ទ្វារ​វ​តី ឬ​មន​ទៅវិញ ។ ប៉ុន្ដែ​ស្ថានភាព​នេះ​មិនអាច​បិទបាំង​នូវ​ការពិត​បានទេ កាលបើ​យើង​សិក្សា​វែកញែក​ស៊ីជម្រៅ​នូវ​លក្ខណៈ និង​ទម្រង់​សិល្បៈ ស្ថាបត្យកម្ម​បុរាណ​មួយចំនួន​នៃ​ទីក្រុង​បុរាណ​នេះ ។​
​    ​ចំពោះ​យើងៗ​អាច​ស្វែងយល់​អំពី​បញ្ហា​នេះ បាន​ដោយ​ងាយស្រួល ដោយ​ការ​ប្រមែរ​ប្រមូល​នូវ​រាល់​ចម្លាក់​បុរាណ ដែល​បាន​ខ្ចាត់ខ្ចាយ​រាយប៉ាយ នៅតាម​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ដើម្បី​យកមក​សិក្សា​ប្រៀបធៀប តាម​លំដាប់លំដោយ​សមស្រប​មួយ ។ នេះ​ជាការ​សង្កេត​ដ៏​សំខាន់ ដែល​មិនត្រូវ​មើលរំលង កាលបើ​គេ​ប្រាថ្នា​ឈានទៅរក​ការតាំង​កាលបរិច្ឆេទ ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ អាច​ទទួលស្គាល់​បាន ។​
​    ​ដូច្នេះ​គោលដៅ​ចម្បង​របស់​យើង​នៅទីនេះ គឺ​ការបង្ហាញ​នូវ​ការវិវត្តន៍​ខាង​វិស័យ​សិល្បៈ ស្ថាបត្យកម្ម ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយទៀត ជាពិសេស​ឧត្តមភាព​នៃ​សិល្បៈ​ខ្មែរ នៅ​គ្រប់​សម័យកាល នៃ​ការវិវត្តន៍ ដោយឡែក​សម័យ​បាយ័ន ក្នុង​ទីក្រុង​នេះ ។ សំខាន់​ទៅទៀត​នោះ គឺ​ការវិភាគ​នេះ​បាន​សម្រួល និង​ពង្រីក​ការចេះដឹង​របស់​យើង​មួយកម្រិត​ទៀត ស្ដីពី​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ក្នុង​ភូមិភាគ​កណ្ដាល​ប្រទេស​ថៃ​បច្ចុប្បន្ន ដោយ​ជា​ដំណាក់កាល​ចុងក្រោយបង្អស់​របស់​ប្រវត្តិ​សិល្បៈ​ខ្មែរ ។​
​    ​មូលដ្ឋាន​ខាង​បុរាណវិទ្យា​មួយចំនួន នៃ​ទីក្រុង​ស្រី​ទេព នា​សម័យ​វប្បធម៌​បាយ័ន ក៏​ដូច​វប្បធម៌​បុ​រេ​អង្គ​រដែរ ដែល​ពីមុន​បាន​ខ្ចាត់ខ្ចាយ នៅតាម​បណ្ដា​ខេត្ត​នានា ដូចជា​សារមន្ទីរ​ជាតិ​បាងកក​, សុខោទ័យ លពបុរី និង​អយុធ្យា​ជាដើម ដោយ​ត្រូវបាន​ដឹក​ចេញពី​ទីក្រុង​ខាងលើនេះ​ក្នុង​អតីតកាល ក្រោយពី​ការប្រមូលផ្ដុំ​ឡើងវិញ អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​ការរីកដុះដាល​នៃ​វប្បធម៌​បាយ័ន នៅក្នុង​ភូមិភាគ​នេះ​យ៉ាង​ប្រាកដ ។​
​    ​តាម​ភស្តុតាង​វត្ថុ​សិល្បៈ និង​សំណង់​ស្ថាបត្យកម្ម​បុរាណ​មួយចំនួន​ដែលជា​សមិទ្ធិផល​របស់​ព្រះបាទ​ ជ័យវរ្ម័ន​ទី​៧ ដែល​បាន​បន្សល់ទុក​នៅ​ទីក្រុង​ស្រី​ទេព មាន​ប្រាង្គ​ប្រាសាទ​មួយ​ឈ្មោះ ប្រាង្គ​ឫសី ដែលជា​អកុសល​សព្វថ្ងៃនេះ យើង​ឃើញ​មាននៅ​សេសសល់​តែ​វត្ថុ​សិល្បៈ​មួយចំនួន ស្ថិតក្នុង​ភាព​ទ្រុឌទ្រោម​ជា​ដំណំ ដែល​អ្នក​បុរាណ​វិទូ​ថៃ​មិនអាច​យកមក​សិក្សា​វិភាគ ។ ប្រាង្គ​ប្រាសាទ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង ពីព្រោះ​វា​ជា​សក្ខីកម្ម​នៃ​ការកាន់កាប់ ឬ​គ្រប់គ្រង​ទីក្រុង​នេះ​ដោយ​អជ្ញាធរ​ខ្មែរ​ឥត​ក្លែងក្លាយ ពី​សម័យ​បុ​រេ​អង្គរ​ដល់​សម័យ​បាយ័ន ។ ម្យ៉ាងវិញទៀត​បុរាណវត្ថុ​ទាំងនោះ​ពាក់ព័ន្ធ ទៅនឹង​ការនិយម​នូវ​លទ្ធិ​មហាយាន​លាយឡំ​នឹង​ហិន​យាន ព្រមទាំង​ព្រហ្មញ្ញសាសនា ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ពីស​.​តទី​៦ ដល់​ស​.​តទី​១២-១៣​នៃ​គ​.​ស ។​
​     ​ក្រៅពីនេះ​ទៅ​មាន​ចម្លាក់​មួយចំនួន​ដូចជា ទ្វារបាល (​យក្ខ និង​ទេវតា​) ក្បាច់លំអ​កំពូល​ប្រាសាទ​រាង​ជា​ផ្កាឈូក​រីក​ក្រពុំ​, សសរ​ពេជ្រ​, ដែលជា​ផ្នែក​មួយ​នៃ​ប្រាង្គ​មួយទៀត គឺ​ប្រាសាទ​ស្រី​ទេព ដែល​គេ​បាន​ជួបប្រទះ ហើយ​យកទៅ​តម្កល់​នៅ​សារមន្ទីរ​បាងកក ។ នេះ​ឥត​និយាយ​ដល់​បូជនីយដ្ឋាន​ជាច្រើន​ទៀត ដែល​សព្វថ្ងៃ​នៅ​បន្សល់ទុក​តែ​ខឿន ឬ​គំនរ​ឥដ្ឋ ឬក៏​ទម្រ​ទេវ​រូ ឬក៏​សិវលិង្គ​តែប៉ុណ្ណោះ ។​
​    ​ចំពោះ​ប្រាង្គ ឬក៏​ប្រាសាទ​ស្រី​ទេព​ជាដើម ដែល​ទើប​ពោល​ខាងលើ មាន​កត្តា​ជាច្រើន​ដែល​ចង្អុល​បង្ហាញថា ប្រាសាទ​ទាំងពីរ​នេះ ត្រូវបាន​សាងសង់ឡើង​នា​សម័យ​បុ​រេ​អង្គរ បើ​ផ្អែកលើ​សក្ខីភាព​របស់​រូប​រាង និង​ក្បាច់ក្បូរ​ប្រាសាទ ។​
​    ​ចំពោះ​យើងៗ​គិតថា កាលដើមឡើយ​ប្រាង្គ​ឫសី និង​ប្រាសាទ​ស្រី​ទេព​ត្រូវ​សាងសង់ឡើង​អំពី​ឥដ្ឋ ក្នុងសម័យ​បុ​រេ​អង្គរ ជាពិសេស​សម័យ​ចេនឡា​ចុង​ស​.​តទី​៦ ដើមទី​៧ ។ ក្រោយមក​នា​សម័យអង្គរ​ទើប​ទម្រង់​នៃ​សំណង់​ឥដ្ឋ​នេះ ត្រូវ​បានទទួល​ការកែច្នៃ​ទៅជា​មួយ​ពុទ្ធ​សាសន​ដ្ឋា​ន​ទៅវិញ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ ។ ហេតុនេះហើយ​ការសិក្សា​អំពី​វត្ថុ​សិល្បៈ និង​ស្ថាបត្យកម្ម​ប្រាសាទ​នា​សម័យ​បុ​រេ​អង្គរ អាចធ្វើ​ឲ្យ​យើង​ស្គាល់​ច្បាស់លាស់​នូវ​រចនាបថ​ផ្សេងៗ កុំ​ឲ្យ​មាន​ទស្សនៈ​ភ័ន្ដច្រឡំ អំពី​ប្រភព​កំណើត​ខ្មែរ​ក្នុង​ទីក្រុង​នេះ ។​
​    ​តាមពិតទៅ​វត្តមាន​របស់​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ គ្រប់​សម័យកាល​នៅ​ទីនោះ​មិនមែន​កើតឡើង​ដោយ​ឯងៗ ឬក៏​ដោយ​ចៃដន្យ​នោះទេ ក៏ប៉ុន្ដែ គឺជា​ស្នាដៃឯក​របស់​ប្រជាជន​ខ្មែរ ធ្វើឡើង​សម្រាប់​មូលហេតុ​សាសនា ។ បដិមា​ច្រើន​ជា​ទេវរូប​ដូច​នៅ​ប្រាសាទ​រចនាបថ​ព្រៃ​ក្មេង ខេត្តសៀមរាប និង​កំពង់ព្រះ​ខេត្តកំពង់ចាម ត្រូវបាន​គេ​រកឃើញ​នៅ​ស្រី​ទេព ។​
​    ​នៅ​ចន្លោះ​ឆ្នាំ ១៩៧៦ យើង​មាន​ភ័ព្វសំណាង ដោយបាន​ជួបប្រទះ​នូវ​ក្បាច់​ផ្ដែរ​មួយ​បាក់បែក ស្ថិតក្នុង​រចនាបថ​បាយ័ន ដែល​អាជ្ញាធរ​ថៃ​បាន​យក​ចេញពី​ទីក្រុង​ស្រី​ទេព ខេត្ត​ផេ​ជ្រ​ប៊ូ​ន ដើម្បី​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ខេត្ត​អយុធ្យា ។ នៅពេលនោះ យើង​ពុំទាន់​ដឹងថា ផ្ទាំង​ផ្ដែរ​នេះ មាន​ប្រភពពី​ណា​នៅឡើយ តែ​ឥឡូវនេះ​យើង​បានដឹងថា ក្បាច់​ផ្ដែរ​នេះ​ក៏ដូចជា ក្បាច់​ផ្ដែរ​មួយទៀត នៅ​សារមន្ទីរ​ខេត្ត​សុខោទ័យ មាន​ប្រភព​ចេញពី​ស្ថានីយ​ប្រវត្តិសាស្ត្រ​ស្តី​ទេព ។ ក្រៅពីនេះ យើង​ក៏បាន​ជួបប្រទះ នូវ​ក្បាច់​ផ្ដែរ​មួយ​ផ្សេងទៀត​ដែល​ពុំទាន់​ឆ្លាក់​រួច ស្ថិតក្នុង​រចនាបថ​ប្រែ​រូប​នា​ស​.​វ​ទី ៩ ។ ជាមួយនឹង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ នា​សម័យអង្គរ​យើង​ក៏បាន​ជួប​សំណល់​សិល្បៈ ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ​នា​សម័យ​បុ​រេ​អង្គរ​ដទៃៗ​ឯទៀត​ដែរ​រួមមាន ទម្រ​ជណ្ដើរ​មាន​រូប​ជា​ផ្កាឈូក នៅ​ប្រាង្គ​ស្រី​ទេព​, ចម្លាក់​ព្រះ​គ្រិ​ស្ណុៈ​គោ​វរ​ធន និង​សូរិយា ។​
​    ​សរុបសេចក្ដី​មក យើង​អាច​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ថា ទីក្រុង​ស្រី​ទេព​នេះ ត្រូវបាន​ប្រសូត្រ​ឡើង​តាំងតែ​សម័យ​បុរេប្រវត្តិសាស្ត្រ​ម្ល៉េះ ដូច​រាង​ជា​ពងក្រពើ​ជា​ភស្តុតាង និង​បុរាណវត្ថុ​ជា​ភស្តុតាង ស្ថិតក្នុង​រចនាបថ​ភ្នំ​ដា​ដែរ ហើយ​ត្រូវបាន​បន្ដ​ការអភិវឌ្ឍន៍​រហូតដល់​សម័យ​ចេនឡា និង​អង្គរ ។ ម្យ៉ាងវិញទៀត នៅក្រោយ​សម័យ​បាយ័ន ទីក្រុង​នេះ​ក៏​ត្រូវបាន​បោះបង់ចោល ដោយ​ការ​វាតទី​ដី របស់​ស្ដេច​សៀម នា​សម័យ​សុខោទ័យ ៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment