Thursday, September 29, 2011

​កំណត់ហេតុ ពី​ទ្វារ​មួយគូរ​នៅ​ប្រាសាទភ្នំជីសូរ​

    ​ក្រោយ​ពីស​.​វ​ទី ១៤ មក ដូច​ប្រាសាទ​ដទៃៗ​ឯទៀត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្ថិតក្នុង​សម័យកាល​មួយ​មាន វិបត្តិ​នៅឡើយ​ដែរ ប្រាសាទភ្នំជីសូរ​ស្ថាបនា​ឡើង​ដោយ ព្រះបាទ​សុរិយា​វរ្ម័នទី​១ នៅ​ស​.​វ​ទី​១១ ក៏បាន​ប្រែក្លាយ​ទៅជា​ពុទ្ធ​សាសន​ដ្ឋា​ន​មួយ​ដ៏​សំខាន់ ក្នុង​ខេត្តតាកែវ ។ គឺ​ក្នុង​បរិបទ​សង្គម​វប្បធម៌​នេះហើយ ទើប​មានការ​ឆ្លាក់​នូវ​ប្រអប់ទ្វារ​មួយគូ ធ្វើ​អំពី​ឈើ សម្រាប់​ខ័​ន្ទ​មណ្ឌប ដ៏​ស័ក្តិសិទ្ធិ​នៃ​ប្រាង្គ​កណ្តាល នៃ​ទេវស្ថាន​ខាងលើនេះ ដើម្បី​មូលហេតុ​សាសនា ។ ការកែច្នៃ​នេះ ក៏ដូចជា​ចម្លាក់​ទ្វារ​មួយគូ លាប​ពណ៌​គួរ​ឲ្យ​ជក់ចិត្ត​ណាស់ គឺ​ត្រូវបាន​អនុវត្ត​ឡើង​នៅក្នុង​អំឡុង ស​.​វ​ទី​១៧ យ៉ាង​ប្រាកដ ។​
​    ​សូមជម្រាបថា ទ្វារបាល​ឬ​ឆ្មាំទ្វារ​ខាងស្តាំ ស្ថិតក្នុង​ឥរិយាបទ​ឈរ នៅលើ​សត្វ​រមាស​ភ្លើង​តូច​មួយ ដោយនៅ​ដៃ​មាន​កាន់ដំបង គួរ​ឲ្យ​ព្រឺព្រួច ។ អ្វីដែល​អស្ចារ្យ​នោះ​គឺ ដូច​ករណី​ទ្វារបាល​នា​សម័យ​បាយ័ន នៅ​ទីក្រុង​ស្រី​ទេព នៅ​ខេត្ត​ពេជ្រ​ប៊ូ​ន ដែរ ជើង និង ដៃ របស់​ទេវតា​បន្ទាប់បន្សំ​ទាំងពីរ​នេះ បំពាក់​ដោយ​កងដៃ​និង​កងជើង​ជាស​ត្វ​ពស់ ។ ចំណែក​ទ្វារបាល​ខាងឆ្វេង​មាន​យានជំនិះ​គឺជា​សត្វ​ជ្រូក  ។​

ក្លោង​ទ្វារ​ឈើ​ផាត់​ពណ៌ ក្រោយ​អង្គរ និង​រូប​ពង្រីក ប្រាសាទភ្នំជីសូរ (​ថត​ ឆ្នាំ​១៩៩៣)​

​     ​ជា​អកុសល​ថ្មីៗ​នេះ សន្លឹក​ទ្វារ​មួយ​ក្នុងចំណោម​សន្លឹង​ទ្វារ​ទាំងពីរ ត្រូវបាន​គេ​លួច​បាត់ទៅហើយ ។ សន្លឹក​ទ្វារ​មួយទៀត ដែល​នៅ​សេសសល់​នោះ ក៏ត្រូវ​អាជ្ញាធរ​ដឹកយក​ទៅ​តម្កល់ទុក​នៅ​ខេត្តតាកែវ ។ ខាងលើនេះ​គឺជា​ព័ត៌មាន ដែល​យើង​បានទទួល ដោយ យោង​លើ​ខ្លឹមសារ នៃ​បទសម្ភាសន៍​មួយ កាលពី​ខែធ្នូ ឆ្នាំ​២០១០ ។​
​    ​យើង​នៅ​ចងចាំ​ថា កាលពី​ខែឧសភា ឆ្នាំ​១៩៩៣ យើង​បានស្នើ​ទៅ​អាចារ្យវត្ត ឲ្យ​មេត្តា​ដឹក​ទ្វារ​ទាំងពីរ​នេះ ដើម្បី​យកទៅ​រក្សាទុក​នៅឯ ទី​រួម​ខេត្ត ដែលមាន​សុ​វត្ថិភាព​ជាង តែ​វា​ជាការ​ឥតន័យ ។​
​    ​តាម​ប្រភពព័ត៌មាន​មួយ ដែល​គួរ​ឲ្យ​ជឿជាក់ថា ការដែល​ក្រុមចោរ​ជំនាញ​បាន​លួច​ប្លន់​វត្ថុ​វប្បធម៌​ជាតិ ដោយ​ជោគជ័យ​នោះ ក៏​ដោយសារ​មានការ​ឃុ​ប​ខិត​ពី​មនុស្ស​នៅ​ទីនោះ​ដែរ ។ ដូច្នេះ គប្បី​មានការ​ស៊ើបអង្កេត​ដើម្បី​យក​ជន​ទុច្ចរិត​ទៅ​ផ្តន្ទាទោស​តាមច្បាប់ ៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment