ចម្លាក់ព្រះវិស្ណុ, ថ្ម អង្គរបុរី, សារមន្ទីរជាតិភ្នំពេញ, ស.ត ទី៤-៥ (ថត ២០០៤)
ការបង្កើតឡើងនូវរចនាបថផ្សេងៗ ដែលជាផ្នែកមួយនៃសកម្មភាពវប្បធម៌ ដោយឡែកវិស័យសិល្បៈស្ថាបត្យកម្មខ្មែរ គឺពិតជាលក្ខណៈនៃប្រវត្តិសាស្ដ្រនៃប្រជាជនកម្ពុជា ។ សមិទ្ធផលសង្គម វប្បធម៌ទាំងអស់នេះឆ្លុះបញ្ចាំងឲ្យឃើញនូវ ការជ្រួតជ្រាបនៃវប្បធម៌ឥណ្ឌាក៏មែនពិត ក៏ប៉ុន្ដែលើសពីនេះទៀតគឺជាគុណសម្បតិ្តដ៏ឧត្តុងឧត្តមនៃ ពូជសាសន៍ខ្មែរ ដែលមានទេពកោសល្យខ្ពស់ក្នុងការកែច្នៃប្រឌិតនូវអ្វីៗ ដែលមកពីក្រៅឲ្យក្លាយទៅជារបស់ខ្លួន ។ ដោយមូលហេតុនេះហើយ រចនាបថភ្នំដាដែលបានកើតឡើងក្រោមឥទ្ធិពលឥណ្ឌាមានលក្ខណៈពិសេស ដែលអ្នកស្រាវជ្រាវខាងប្រវត្តិសិល្បៈយកចិត្តទុកដាក់ជាងគេ ពីព្រោះរចនាបថនេះគឺជាធាតុពិសេសមួយ នៃលក្ខណៈសិល្បៈខ្មែរនាសម័យបុរេអង្គរ ។ បើផ្អែកលើការសិក្សាវិភាគពិនិត្យពិច័យ យើងអាចនិយាយបានថា រចនាបថនេះបានឈានដល់ចំណុចមួយដែលមានការសន្និដ្ឋានរួមមួយគួរឲ្យ មោទនៈក្រៃលែង ។ ដោយគ្មានការសង្ស័យ ឧត្តមភាព និងអធិរាជភាពនៃរចនាបថភ្នំដាបានគូសបង្ហាញ តាមរយៈចម្លាក់ព្រះបដិមាតូចធំមួយចំនួន ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមតិជាតិ និងអន្ដរជាតិ ។ជាមួយការបញ្ចូលនូវរូបមន្ដថ្មីៗដើម្បីធ្វើឲ្យចម្លាក់មានលក្ខណៈ រស់រវើក យើងក៏ឃើញមានការផ្លាស់ប្ដូរទម្រង់សិល្បៈ ដែលជាភាពដ៏អស្ចារ្យមួយពុំធ្លាប់មានពីមុនមក ។ ពោលគឺក្នុងដំណើរការនៃការវិវត្តន៍ សិល្បៈខ្មែរបានឈានដល់ដំណាក់កាលមួយដែល សមិទ្ធផលមានលក្ខណៈខុសប្លែកពីក្រឹត្យក្រមឥណ្ឌាបន្ដិច ផ្ទុយពីស្ថានភាពក្នុងអំឡុងរវាង ស.ត ទី១ និងទី៥ នៃគ.ស ដែលឥទ្ធិពលឥណ្ឌានៅមានលក្ខណៈស្អិតល្មួតជាង ។ បើនិយាយឲ្យចំទៅ ក្រោយពីទទួលឥទ្ធិពលដ៏ខ្លាំងក្លា វិចិត្រករខ្មែរនាចុងស.ត ទី៦ ដើមស.តទី៧ ដែលពោរពេញទៅដោយបទពិសោធន៍ បានខិតខំបង្កើតបាននូវស្នាដៃឯក របស់ខ្លួនប្រកបដោយឯករាជភាព ។ ការលេចធ្លោឡើងនូវរចនាបថភ្នំដា ធ្វើឲ្យយើងទទួលស្គាល់នូវភាពចាស់ទុំនិង សម្ព័ន្ធភាពពេញលេញរបស់សិល្បករខ្មែរនាសម័យនគរភ្នំ ។ វាក៏ជាសញ្ញាបង្ហាញឲ្យឃើញថា មានការកើនឡើង នូវអត្រានៃមជ្ឈមណ្ឌលវប្បធម៌ដើម្បីផ្គត់ផ្គង់សេវាកម្ម សម្រាប់មូលនិធិសាសនាតូចធំទាំងឡាយបន្ថែមទៀតផងដែរ ។ ក្នុងន័យនេះ យើងអាចកត់សម្គាល់ថា គោលបំណងរបស់វិចិត្រករក្នុងវិស័យវប្បធម៌ភ្នំដា ក្រៅពីខិតខំធ្វើឲ្យមានឯកភាពជាតិ បានខិតខំធ្វើឲ្យមានឯករាជ្យក្នុងវិស័យបដិមាកម្មផងដែរ ។
ចម្លាក់ព្រះវិស្ណុ, ថ្ម អង្គរបុរី, ទីក្រុងចាស់ (ស្រេស្ថបុរៈ) នៅវត្តភូ ស.តទី ៥-៦ (ថតដោយ ហ្គីតូ)
ព្រះវិស្ណុ អង្គរបុរី ស.តទី ៦ (សារមន្ទីរជាតិភ្នំពេញ), ថត ២០០៣
សូមរំលឹកថា អ្វីដែលបានកើតឡើងនៅក្នុងទឹកដីខ្មែរនាសម័យនគរភ្នំ ក៏បានកើតឡើងនៅក្នុងអតីតនគរចម្ប៉ាដែរ ក្នុងភូមិភាគនេះ ទោះជាមានលក្ខណៈតូចជាងបន្ដិចក្ដី ។
ខាងលើនេះគឺជាចំណុចសំខាន់ដែលគេត្រូវតែរំលឹក ពីព្រោះដូចជនជាតិដទៃៗនៅលើពិភពលោកដែរជាតិខ្មែរ រមែងតែងស្រេកឃ្លាននូវអត្តសញ្ញាណរបស់ខ្លួន ។
ព្រះបដិមានាសម័យកាលនោះ ភាគច្រើនជាចម្លាក់ស្ថិតនៅក្នុងឥរិយាបថត្រីភង្គ ពោលគឺទ្រង់ឈរដោយមាន កាយវិការឬរាងបត់ជាបីផ្នត់ ដោយដងខ្លួនធ្លាក់លើជើង អ្វីមួយដែលស្ថិតក្នុងបរិបទនៃសាលាវិចិត្រសិល្បៈនាលន្ឌាយ៉ាងប្រាកដ ។ ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាលេងខ្លួនទទេ ដោយមានត្រចៀកវែងខ្លះពាក់ក្រវិលផង ដែលជានិមិត្តរូបនៃសិរីមង្គល ឬភាពយឺនយូរនៃជីវិតមុនឥណ្ឌានីយកម្ម ។ ជាទូទៅគួររំលឹកឡើងវិញថា ទេវតាបុរសស្លៀកសំពត់ចងក្បិន រីឯភេទស្រីវិញស្លៀកសំពត់វែងដែលភាគច្រើនគ្មានក្បាច់ក្បូរអ្វី ទាំងអស់ ។ ថ្មីៗនេះយើងបានរកឃើញចម្លាក់ទេវរូបមួយចំនួនស្លៀកសំពត់មានផ្នត់ហើយ មានខ្សែចង្កេះដែលទម្លាក់ជរសម្រាប់លំអផងដែរ គួរឲ្យគយគន់ ។
ព្រះកេសទេវរូប ភេទប្រុស និង ស្រី ស.ត ទី ៥-៦, អង្គរបុរី (សារមន្ទីរជាតិភ្នំពេញ)
ថ្វីត្បិតតែចម្លាក់ព្រះអាទិទេពទាំងនោះស្ថិតក្រោមឥទ្ធិពលនៃសិល្បៈ ឥណ្ឌា គួបផ្សំជាមួយក្រិត្យក្រមហ្គ្រិចកូ-រ៉ូម៉ាំង ក៏ប៉ុន្ដែមានលក្ខណៈជាខ្មែរសុទ្ធសាធ ។ នេះជាប្រត្យក្សភាពដែលប្រកែកពុំបាន ។ សូមបញ្ជាក់ថា ខុសពីសមិទ្ធផល សិល្បៈឥណ្ឌាដែលគ្មានភាពទន់ភ្លន់ ឬឱជារស ចម្លាក់ដែលជាស្នាដៃខ្មែរមានទឹកមុខសម្ដែងចេញ ។
ដូចនេះយើងអាចចាត់ទុកថា រចនាបថភ្នំដាគឺជាទំនើបកម្មមួយមានជំហររឹងមាំរបស់ខ្លួនរួចទៅហើយ ដែលមានសក្ដានុពលគួរឲ្យមោទនៈ ។
ឆ្លងកាត់ការពិនិត្យពិច័យចម្លាក់នៅប្រាសាទភ្នំដា និងនៅក្នុងអតីតរាជធានីអង្គរបុរី ព្រមទាំងទីក្រុងស្រីទេពជាដើម យើងក៏ដឹងទៀតថា ផ្នួងសក់ភាគច្រើនមានរាងជាបំពង់ដែលមានប្រភពចេញពីប្រទេសអ៊ីរ៉ាន រីឯសក់របស់ព្រះបដិមា វិញមានរាងអង្កាញ់ៗរមូល ។ មានន័យថា ការសម្គាល់រចនាបថភ្នំដា ក៏អាចសម្គាល់តាមរយៈចម្លាក់មួយចំនួននៅក្នុង ទីក្រុងអ៊ូថង ក្នុងខេត្តសុផាន់បុរីផងដែរ ៕ (ម.ត្រាណេ)