Tuesday, April 12, 2011

ប្រាសាទភ្នំបាយ៉ង់

       កំពូលប្រាសាទភ្នំបាយ៉ង់យ៉ាងល្អឯក បានលេចផុតពីកំពូលភ្នំបង្ហាញនូវភាព ស្រស់ត្រកាលបង្អួតភ្នែកអ្នកទេសចរទាំង ឡាយដែលបានទៅដល់ទឹកដីដ៏វ័យ ចំណាស់របស់ប្រទេសកម្ពុជាដែល ស្ថិតនៅក្នុងស្រុកគិរីវង់ខេត្តតាកែវ ។ ទេសភាព និងទិដ្ឋភាពដ៏អស្ចារ្យនេះ បានធ្វើឱ្យយើងនឹកស្រមៃទៅដល់អតីតកាលនៃប្រទេសកម្ពុជាយើងដែលធ្លាប់តែមានភាព រុងរឿងថ្កុំថ្កើង និង មានកិត្យានុភាពល្បីល្បាញពាសពេញពិភពលោក ។
     ប៉ុន្តែអ្វីដែលយើងបានឃើញនៅពេលនេះ វាគ្រាន់តែជាទិដ្ឋភាពខាងក្រៅប៉ុណ្ណោះ ។ តាមពិត ភាពខ្ទេចខ្ទាំបាក់ បែកនៃតួប្រាសាទឯណោះវិញទេ ដែលធ្វើឱ្យយើងមានការសង្វេគក្រៃលែង ។ ការខ្ទេចខ្ទីខូចខាតទាំងអស់នេះហើយ ដែលសបញ្ជាក់ថាកន្លងមកពុំមានការចាប់អារម្មណ៍ច្រើនប៉ុន្មានឡើយពីការជួសជុលការការពារ និង ការថែទាំឱ្យបាន គង់វង្សល្អ ។ ផ្លូវឡើងទៅកាន់ប្រាសាទក៏ត្រូវស្មៅ និង ដើមឈើដុះទ្រុបទ្រុលហ៊ុមព័ទ្ធទៅដោយចម្ការមីននិងដីនៅ តំបន់ជើងភ្នំមួយចំនួនត្រូវប្រជាពលរដ្ឋវាតកាប់ធ្វើចម្ការយ៉ាងអនាធិបតេយ្យ ។

     មន្រីនៅមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តតាកែវ បានឱ្យដឹងថា សព្វថ្ងៃនេះ ក្រសួងវប្បធម៌បានកំពុង តែចាប់អារម្មណ៍ ហើយនិងធ្វើអភិរក្ស និង ថែរក្សាតំបន់វប្បធម៌ប្រវត្តិសាស្ត្រនេះឱ្យល្អឡើងវិញ បន្ទាប់ពីទុកចោលរយៈពេលយ៉ាងយូរមក ។ ផ្លូវចេញពីជើងភ្នំទៅកាន់ចង្កេះភ្នំត្រូវបានឈូសឆាយ និង ធ្វើការដោះមីន តាំងពីខែសីហា ឆ្នាំ ២០០៨ មកម៉្លេះ ។ ចម្ងាយផ្លូវ ៣.៩៤០ ម៉ែត្រ ត្រូវបានស្ថាបនាដោយ ជៅំជ នៅតាមដងផ្លូវ មានដាក់ស្លាកសញ្ញា សម្រាប់សម្គាល់ផ្លូវកោងផ្លូវវាង និង ចំណុចគ្រោះថ្នាក់ ហើយនៅថ្ងៃអនាគតនឹងមានគម្រោងចាក់បេតុងលើផ្លូវនេះផង ។ បន្តពីផ្លូវឡើងដោយរថយន្តជិត ៤ គីឡូម៉ែត្រនោះ គេអាចធ្វើដំណើរដោយថ្មើរជើងតាមផ្លូវបុរាណទៅកាន់កំពូលប្រាសាទ ។ ជំហានដំបូងយើងត្រូវគិតទៅ ដល់ការការពារទីតាំងភូមិសាស្ត្រឱ្យបានស្អាត ដែលពេលបច្ចុប្បន្ននេះ ផ្ទៃដីនៃជើងភ្នំជាច្រើន ត្រូវប្រជាពលរដ្ឋកាប់ព្រៃ ធ្វើចម្ការ ហើយក៏មានសំណង់ខ្លះៗទៀតសង់នៅជិតៗបរិវេណប្រាសាទដែលធ្វើឱ្យប៉ះពាល់ និង ធ្វើឱ្យខូចស្ថានភាព ប្រាសាទ ។ បើនិយាយឱ្យចំតំបន់ភ្នំនេះទាំងមូល គឺជាតំបន់ការពារទេសភាព (តំបន់ទ្រនាប់) នៃប្រាសាទភ្នំ បាយ៉ង ។ ក្រសួងមានគម្រោងដាក់បញ្ចូលប្រាសាទភ្នំបាយ៉ង់នេះឱ្យទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទ ព្រះវិហារដែលបានដាក់ជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ កន្លងទៅនេះ ។ យើងនឹង មានគម្រោងដាក់ប្រាសាទបុរាណរបស់យើងយ៉ាងច្រើនទៀតចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប៉ុន្តែមិនទាន់ កំណត់ពេលវេលានៅឡើយ ។ ប្រាសាទភ្នំបាយ៉ង់ បានកសាងនៅលើកំពូលភ្នំដែលមានទេសភាពយ៉ាងស្រស់ត្រកាល ដែលយើងពិបាកនឹងរកទីតាំងភូមិសាស្ត្រណាមកប្រៀបប្រដូចបានឡើយ ។ នៅលើកំពូលមានប្រាងប្រាសាទយ៉ាង ច្រើនបង្ហាញនូវស្ថាបត្យកម្មរបស់ខ្មែរពីអតីតកាលដ៏អស្ចារ្យ ព្រមទាំងមានខ្យល់អាកាសដ៏បរិសុទ្ធ ដែលសឹងតែគ្មាន តំបន់ណាដូចទីនេះឡើយ ។ បើយើងឈរនៅលើទីតាំងប្រាសាទ យើងនឹងបាន ឃើញនូវទេសភាពព្រៃព្រឹក្សា ជ្រោះភ្នំ ជ្រលងដងអូរយ៉ាងវែងអន្លាយគួរឱ្យចង់គយគន់ក្រៃលែង ។ ជំហានដំបូង យើងត្រូវតែ រៀបចំផ្លូវឡើងទៅកាន់ប្រាសាទ រួចហើយយើងនឹងរៀបចំការថែទាំប្រាសាទ ព្រមទាំងរៀបចំការការពារព្រៃឈើដែលមាន ប្រមាណពីរគីឡូម៉ែត្រ ជុំវិញប្រាសាទឱ្យបានល្អឡើងវិញ ។ ពេលនេះយើងកំពុងតែយកចិត្តទុកដាក់លើការអភិរក្សតំបន់ ប្រាសាទភ្នំបាយ៉ង់នេះ ដែលប្រាសាទនេះមានភូមិសាស្ត្រមិនចាញ់ប្រាសាទព្រះវិហារប៉ុន្មានឡើយ ។ ពេលនេះក៏ជាការយកចិត្ត ទុកដាក់ថ្មី មួយទៀតរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលដែលសម្លឹងទៅរកការដាក់បញ្ចូលឱ្យទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទព្រះវិហារ ។ ចំណុចសំខាន់នោះ យើងត្រូវតែទាមទារឱ្យមានការចូលរួមយ៉ាងពេញទំហឹងពីសប្បុរស ជនដើម្បីជួយអភិវឌ្ឍនៅទីនេះ ។
     ការរៀបចំទីនេះឡើងវិញ វាធ្វើឱ្យយើងមានការទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន ពិសេសទីនេះមានភូមិសាស្ត្រ ជាប់នឹងប្រទេសវៀតណាម បើយើងរៀបចំបានល្អនឹងមានភ្ញៀវទេសចរយ៉ាងច្រើន ចូលមកពីប្រទេសវៀតណាម ហើយ ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនេះផ្ទាល់ ក៏មានជីវភាពធូរធារតាមរយៈសេវាកម្ម ទេសចរណ៍នេះដែរ ។
     ប្រាសាទភ្នំបាយ៉ង់ស្ថិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ ១២១ គីឡូម៉ែត្រ ពីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ២ កាត់ស្រុកបាទី ស្រុកសំរោង កាត់ទីរួមខេត្តតាកែវ និង កាត់ស្រុកទ្រាំង ។ បើយើងធ្វើដំណើរពីទីរួមខេត្តតាកែវមានចម្ងាយតែ ៤៣ គីឡូម៉ែត្រប៉ុណ្ណោះ ។
     ប្រាសាទបាយ៉ង់ស្ថាបនាឡើងនៅលើកំពូលភ្នំបាយ៉ង់ មានកម្ពស់ ៣១៣ ម៉ែត្រ និង មានជណ្តើរឡើងចំនួន ៣ ដែលជណ្តើរនីមួយៗមាន ៩០ កាំ ។ ប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សរ៍ទី ៧ ពីឆ្នាំ ៦១៥ ដល់ ៦៣៥ ដោយ ព្រះបាទភវរ្ម័នទី ២ ធ្វើពីថ្មបាយក្រៀម ឥដ្ឋ និង ថ្មស៊ីស្ត (ថ្មស្រទាប់) ដែលមានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និង កម្ពស់ ១២ ម៉ែត្រ ក្រៅពីប្រាសាទបាយ៉ង់ មានប្រាសាទចំនួន ៤ ទៀត ដែលស្ថិតនៅក្បែរនោះដែរ គឺប្រាសាទព្រះគោ ប្រាសាទខាងលិច ប្រាសាទខាងកើត និង ប្រាសាទកាណុង ដែលឧទ្ទិសដល់ព្រហ្មញសាសនា ពីព្រោះនៅចំកណ្តាល ប្រាសាទមានតម្កល់នូវលិង្គ ព្រះឥសូរសម័យបុរាណ ៕

No comments:

Post a Comment