Tuesday, April 12, 2011

ប្រាសាទវត្តអធ្វាល្អអស្ចារ្យតែពុំសូវមានអ្នកស្គាល់

 
       ភ្ញៀវទេសចរទាំងឡាយកាលណាបានទៅ ទស្សនាប្រាសាទនានានៅក្នុងបរិវេណប្រាសាទ វត្តអធ្វាហើយពួកគេ ភាគច្រើនពុំសូវ បានចាប់អារម្មណ៍ទៅទស្សនាប្រាសាទវត្តអធ្វា ឡើយ ប៉ុន្តែបើបានទៅទស្សនានៅប្រាសាទវត្ត អធ្វារួចហើយនោះ ពួកគេនឹងបានឃើញសម្រស់ ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទវត្តអធ្វា ព្រមទាំងមានដើមឈើដ៏ម្លប់ ត្រឈឹងគួរជាទីទាក់ទាញដែលពួកគេមិនគួរមើលរំលងឡើយ ។

      បាសាទវត្តអធ្វា គឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាង្គបុរាណនានា នៅក្នុងបរិវេណរមណីយដ្ឋានអង្គរ ប្រាសាទ នេះបានកសាងឡើងនៅសម័យកាល ប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ ( ពាក់កណ្តាលសតវត្សរ៍ទីដប់ពីរ ) ប្រហែលនៅក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទីពីរ ( ១១១៣-១១៥០ ) ។ ដំបូងឡើយ ប្រាសាទនេះកសាងឡើងសម្រាប់ ឧទ្ទិសដល់ព្រហ្មញសាសនា ប៉ុន្តែក្រោយមកទៀត តាមព័ស្តុតាងសិលាចារឹកដែលបានចារនៅតាមជើងសសរជាច្រើន បានបង្ហាញថា ប្រាសាទវត្តអធ្វាត្រូវបានប្រើប្រាស់ក្នុងមុខងារពុទ្ធសាសនាអស់រយៈពេលជាច្រើនឆ្នាំ ហើយភាគច្រើន នៃសិលាចារឹកទាំងនោះបានចារក្នុងកំលុង សតវត្សរ៍ទីដប់ប្រាំពីរនេះបើតាមឯកសាររបស់ព្រឹត្តិបត្ររបស់អាជ្ញាធរអប្សរា ដែលបានចុះផ្សាយនៅឆ្នាំទីបួន លេខសាមសិបពីរខែមិថុនា ឆ្នាំ ២០០៩ កន្លង មកនេះ ។
       ប្រាសាទវត្តអធ្វា កសាងឡើងអំពីថ្មភក់បែរមុខទៅទិសខាងលិចដូចប្រាសាទអង្គរវត្តដែរ បើពិនិត្យទៅលើប្លង់ ស្ថាបត្យកម្មទូទៅប្រាសាទនេះមានរាងការ៉េមានច្រកចូលគ្រប់ទ្វារនៃទិសទាំងបួន ហើយច្រកទ្វារទិសខាងកើត ខាងត្បូង និងខាងជើង មានបន្ថែមដំបូលលយចេញខាងមុខ ។ ដំបូលលយចេញ ខាងមុខនីមួយៗមានទ្វារចូលបីទ្វារទីមួយនៅចំអ័ក្ស និង ទ្វារពីរទៀតនៅអម សងខាងអ័ក្ស ។ ចំណែកដំបូលលយខាងមុខនៅខាងលិចភ្ជាប់នឹងសំណង់មាន រាងទ្រវែងមួយ ដែលជាច្រកចេញចូលយ៉ាងសំខាន់សម្រាប់ចូលទៅកាន់តួប៉មកណ្តាល ។ នៅជុំវិញតួប៉មកណ្តាលនៃប្រាសាទមាន ប្រាសាទបន្ទាប់បន្សំចំនួនបួនដែលបែរមុខទៅទិសខាង លិចទាំងអស់ដូចតួប៉មកណ្តាលដែរ ។ ប្រាសាទទាំងនោះ ជាប្រភេទសំណង់ទោលដាច់ដោយឡែកពីគ្នា រាង ជាចតុកោណកែងមានទ្វារបញ្ឆោតនៅទិសខាងកើត និង ខាងលិច និងមានបង្អួចអមនៅសងខាង ។ មានសំណង់ពីរទៀតស្ថិតនៅទិសខាងលិចធ្វើអំពីថ្មភក់ និង សំណង់ ពីរទៀតផ្នែកខាង ក្រោយ ភាគខាងកើត សង់អំពីថ្មភក់ លាយថ្មបាយក្រៀម ស្ថិតនៅលើខឿនដ៏ខ្ពស់ ដែលខឿន នោះធ្វើអំពីថ្មភក់ ។ បើពិនិត្យតាមសភាពជាក់ស្តែងមួយភ្លែតនោះឃើញថា ប្រាសាទវត្តអធ្វា ពុំសូវទទួលរងនូវ ការខូចខាតប៉ុន្មានឡើយ ប៉ុន្តែបើមើលខាងលិចតួប៉មកណ្តាល យើងសង្កេតឃើញមានការខូចខាតផ្នែកទ្វារ ចូលដែលមានដំបូលលយខាងមុខ គឺទិសខាងកើត និង ទិសខាងជើង មានសភាពពុកផុយប្រេះស្រាំតូចៗពីលើរហូតដល់ក្រោម ។ ចំណែកអគារទាំងបួន ដែលស្ថិតនៅជុំវិញតួប៉មកណ្តាលមានលក្ខណៈទ្រុឌទ្រោម ពិសេសតួ ប៉មពីរនៅផ្នែកខាងកើតដែលសង់អំពីថ្មបាយ ក្រៀមលាយថ្មភក់មានសភាពប្រេះតួប៉មទាំងមូល ដោយគ្រោង ដំបូលបានបាក់ធ្លាក់ថ្មអស់នៅតែផ្នែកហោជាងដែល ស្ទើរតែរលំ ។ ឯតួប៉មពីរទៀត ស្ថិតនៅផ្នែកខាងលិចដែលសង់អំពីថ្មភក់ក៏មានការខូចខាតដែរ គឺថ្មបានបាក់ធ្លាក់ផ្នែក ខាងមុខ និង ប្រេះរហែកតាមគន្លាក់ ថ្មពីលើ រហូតដល់ក្រោមទាំងពីរតួប៉មចំណែកឯថ្មក៏មានភាព ពុកផុយផ្នែកខាងក្រៅ ។
       បើតាមការឱ្យដឹងរបស់មន្ត្រីអាជ្ញាធរអប្សរាថា ការខូច ខាតទាំងអស់នោះបណ្តាលមកពីអាកាសធាតុ និង ធម្មជាតិ ពិសេសទឹកភ្លៀងបានហូរចូលទៅក្រោមដីកាត់គ្រឹះប្រាសាទ ធ្វើឱ្យថ្មប្រេះផុយ និង កណ្តៀរបានជញ្ជូន ដីពីគ្រឹះប្រាសាទ ទើបធ្វើឱ្យប្រាសាទមានការខូចលក្ខណៈទ្រង់ទ្រាយដើម ហើយម៉្យាងទៀតដោយសារខះការថែ រក្សានាពេលកន្លងមក និងមានសង្គ្រាមក្នុងស្រុកនា ពេលកន្លងមក ព្រមទាំងមានមនុស្សខិលខូចមួយចំនួនជីកកកាយរកវត្ថុបុរាណ ដោយពួកគេគិតពី ផលប្រយោជន៍បុគ្គលពុំគិតគូរផលប្រយោជន៍របស់ ជាតិឡើយទើបធ្វើឱ្យមានការបាក់បែកដូចនេះ ។
       លោក រស់ វិសុទ្ធ អ្នកបុរាណវិទ្យា និង ជា មន្ត្រីអាជ្ញាធរអប្សរា ប្រចាំការនៅប្រាសាទវត្តអធ្វា បានឱ្យដឹងថា ដោយសារតែមូលហេតុខាងលើទើប អាជ្ញាធរអប្សរាបានពុះញរគ្រប់ឧបសគ្គ ដើម្បីជំរុញ ឱ្យមានការអភិវឌ្ឍប្រាង្គ ប្រាសាទនេះឡើងវិញ ដោយ មានដាក់ឆ្មាំការពារនៅទីនោះជាប្រចាំ និង លើក គម្រោងស្នើឱ្យមានការជួសជុលឡើងវិញ ដោយមានការទល់ទ្ររៀបចំថ្មដែលធ្លាក់ឱ្យមានសណ្តាប់ ធ្នាប់ កាប់ដើមឈើតូច-ធំដែលដុះលើថ្មប្រាសាទ និង លះ មែកឈើដែលដុះស៊ុបទ្រុបគ្របលើប្រាសាទ ដែលបញ្ហានេះអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវ ហើយយើងក៏បានដាក់ស្លាក សញ្ញាគ្រោះថ្នាក់មួយចំនួនជា សញ្ញាសម្គាល់ ។ ជាមួយគ្នានេះ យើងក៏បានស្នើសុំឱ្យមានការសហការពីស្ថាប័នញក់ព័ន្ធ និងអាជ្ញាធរ ដែនដីប្រជាពលរដ្ឋដែលរស់នៅជុំវិញ ដើម្បីទប់ស្កាត់ការសាងសង់សំណង់នានានៅក្នុង កសិណនៃប្រាសាទ វត្តអធ្វាដើម្បីរក្សានូវសោភណភាព និង បរិស្ថាន ៕

No comments:

Post a Comment