ជំងឺមហារីកត្រូវបានចាត់ទុកថាជា សុបិនអាក្រក់របស់មនុស្សជុំវិញ ពិភពលោក ពីព្រោះ វាមិនគ្រាន់តែ បង្កការឈឺចាប់ ខាងរូបរាងកាយ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជះឥទ្ធិពល ដល់ផ្លូវចិត្តរបស់អ្នកជំងឺទៀតផង ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រសិន បើបានធ្វើការត្រួតពិនិត្យ រកឃើញតាំងពីដំណាក់កាលដំបូងៗ នោះអាចព្យាបាលឱ្យជាដាច់ ។ ម៉្យាងវិញទៀត ការរស់ នៅប្រចាំថ្ងៃឱ្យបានត្រឹមត្រូវក៏ធ្វើឱ្យយើងឃ្លាតឆ្ងាយពីជំងឺកំណាចនេះបានដែរ ។ ដូច្នេះ ដើម្បីបញ្ចៀសមហារីក ដ៏កំណាចកុំឱ្យវាមកគំរាមកំហែងជីវិត សូមធ្វើតាមវិធីការពារ មហារីកទាំង ៩ យ៉ាងដូចខាងក្រោម
១-ប្រាប់អំពីប្រវត្តិរបស់សមាជិកក្នុងគ្រួសារដែលកើតមហារីក ប្រសិនបើមាន
កុំភ្លេចនិយាយប្រាប់គ្រូពេទ្យរាល់លើកនៅពេល ដែលចូលទៅពិនិត្យរាងកាយ ឬ ទៅព្យាបាល ពីព្រោះ វាជួយឱ្យគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យអំពីអាការ ឬ រោគសញ្ញាផ្សេងៗបានច្បាស់ ។
២-កែសម្រួលការទទួលទាន
អ្នកគួរតែទទួលទានអាហារមានប្រយោជន៍ឱ្យបានចម្រុះមុខ ដូចជា អាហារខ្លាញ្ញ់ទាប អាហារ កាកសរសៃខ្ពស់ បន្លែ និង ផ្លែឈើនានាគឺសុទ្ធតែ ជួយកាត់បន្ថយដំណើរប្រឈមនៃជំងឺមហារីកប្រភេទ ខ្លះបាន ជាពិសេសវីតាមីន A វីតាមីន C វីតាមីន E និង បេតាខារ៉ូទីន ។
៣-សម្រកទម្ងន់ចេញខ្លះ
ភាពធាត់គឺជាមូលហេតុចម្បងមួយដែលបង្កឱ្យកើតមហារីក ដូចជា មហារីកស្បូន មហារីកសុដន់ មហារីកពោះវៀន និង មហារីកក្រពេញប្រូស្តាត ជាដើម ។
៤-បន្ថយ ឬ ឈប់ផឹកភេសជ្ជៈដែលមាន ជាតិអាល់កុល
ជាតិអាល់កុលធ្វើឱ្យកើតមហារីក ។ ដូច្នេះ ដើម្បីការពារការប្រឈមនេះ អ្នកគួរតែឈប់ផឹក ឬ ព្យាយាមកាត់ បន្ថយបរិមាណឱ្យនៅតិចបំផុត ពោលគឺ មិនត្រូវផឹកលើសពី ៤ កែវ ក្នុងមួយសប្តាហ៍ ។
៥-ផ្តាច់បារី
ថ្នាំជក់គឺជាមូលហេតុនៃជំងឺមហារីកសួត ហើយ វាកាន់តែបង្កើនការប្រឈមចំពោះជំងឺមហារីកបំពង់ សំឡេង មហារីកក្រអូមមាត់ មហារីកបំពង់អាហារ ក្រពះ តម្រងនោម លំពែង ជាដើម ។
៦-ការពារស្បែកពីកម្តៅថ្ងៃ
ប្រើក្រែមការពារកម្តៅថ្ងៃ SPF25 ឡើងទៅ ហើយគួរតែចៀសវាងកម្តៅថ្ងៃនៅចន្លោះម៉ោង ១០.០០-១៥.០០ ដោយសារតែក្នុងអំឡុងពេលនេះ កម្តៅថ្ងៃឡើងខ្លាំងដែលបង្កផលប៉ះពាល់ដល់ស្បែក ។
៧-ប្រយ័ត្នវាត្រឡប់មកកើតម្តងទៀត
ប្រសិនបើអ្នកធ្លាប់កើតមហារីកមិនចំពោះថា មហារីកប្រភេទណាមួយទេ អ្នកក៏នឹងមានឱកាស កើតឡើងវិញ បានខ្ពស់ជាងមនុស្សធម្មតា ។ ដូច្នេះ ត្រូវមានការថែទាំសុខភាពឱ្យបានហ្មត់ចត់ ជាពិសេស ការរស់នៅ ប្រចាំថ្ងៃ ចំណីអាហារ រួមទាំងផ្លូវចិត្ត ត្រូវស្រឡះល្អជានិច្ច ។
៨-ហាត់ប្រាណឱ្យបានជាប្រចាំ
លំហាត់ប្រាណជួយកាត់បន្ថយការប្រឈមនឹង មហារីក ហើយជួយឱ្យប្រព័ន្ធការពាររាងកាយដំណើរ ការ កាន់តែមានប្រសិទ្ធភាពខ្លាំងឡើង ។ ប្រសិនបើ អ្នកហាត់ប្រាណឱ្យបាន ៥ ថ្ងៃ ក្នុងមួយសប្តាហ៍គឺជា ការប្រសើរបំផុត ។
៩-ត្រូវសង្កេតដំណើរខុសប្រក្រតីនៃ រាងកាយឱ្យបានជាប់ជាប្រចាំ
ចាំសង្កេត និង ត្រួតពិនិត្យដំណើរខុសប្រក្រតី នៃរាងកាយខ្លួនឯងឱ្យបានជាប្រចាំ ហើយត្រូវពិនិត្យ សុខភាពរាល់ឆ្នាំ ៕
No comments:
Post a Comment