កំពត: ស្តូបសម្រាប់គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន.យុទ្ធនារីធ្លាប់ឈរលើ ទីតាំងកណ្តាលក្រុងកំពតកន្លងមកត្រូវបានវាយ កំទេចចោលរួមនឹងរង្វង់មូលជាគ្រឹះទម្រផងនោះមកដល់ពេលនេះជំនួសមកវិញ នូវរង្វង់ថ្មីលម្អដោយរូបសំណាកផ្លែឈើ ៧ មុខយ៉ាង ល្អប្រណីតហើយលេចធ្លោជាងគេគឺផ្លែទុរេនដែលមានកម្ពស់រហូតដល់ជាង៧ ម៉ែត្រ តាមរយៈស្នាដៃស្ថាបត្យករចំណានៗ ក្នុងទំហំទឹកប្រាក់ជាង ១៦ ម៉ឺនដុល្លារជាផ្នែកមួយនៃថវិការបស់ក្រសួងមហាផ្ទៃ។
ទោះបីត្រូវបានចាត់ទុកថា ជាសមិទ្ធផលគួរឱ្យមោទនៈរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តទេសចរណ៍ឆ្នេរសមុទ្រក្តីក៏នៅមានទស្សនៈមួយចំនួន និយាយពីភាពខ្វាយខ្វល់ចំពោះការបាត់បង់ស្តូប សម្រាប់គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារីដែលធ្លាប់ប្រារឰធ្វើជារៀងរហូតមកដើម្បីឧទ្ទិសតបស្នង សងគុណរាល់ការបូជាជីវិត រំដោះទឹកដីជូនជាតិមាតុភូមិរួចផុតពីគ្រោះមហន្តរាយនានា ដែលការបំបាត់ស្តូបនោះចោលហាក់ដូចជា ការពលីរបស់អ្នកមានគុណទាំងនោះត្រូវបានបំភ្លេចចោលចាប់ពីពេលនេះតទៅ។ ប៉ុន្តែប្រមុខដឹកនាំខេត្តអះអាងទប់ទល់ទៅនឹងភាពខ្វាយខ្វល់ទាំងនេះ ដោយបញ្ជាក់ឱ្យដឹងថា ខេត្តនឹងធ្វើស្តូបសម្រាប់គោរពវិញ្ញាណក្ខ័ន្ធថ្មីមានតម្លៃរហូតដល់ ៣០ ម៉ឺនដុល្លារ ស្ថិតនៅចំណុចស្រះឈូកក្នុងទឹកដីភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត មានទាំងទីធ្លាសម្រាប់លំហែកម្សាន្ត ហាត់ប្រាណដើម្បីសុខភាពទៀតផង ។
គួរបញ្ជាក់ថានៅចំណុចកណ្តាលនៃក្រុងកំពតស្ថិតត្រង់ផ្លូវថ្នល់ ៨ ខ្សែប្រសព្វគ្នា ពេលនេះបានលេចចេញនូវសមិទ្ធផលដ៏ថ្មី សន្លាងមួយនោះ គឺរង្វង់មូលយ៉ាងល្អប្រណីតលម្អដោយរូបសំណាកផល្លានុផល ៧ មុខដែលមានផ្លែទុរេនធំខ្ពស់ជាងគេតំណាងឱ្យនិមិត្តសញ្ញារបស់ខេត្ត ក្រោមចំណាយថវិកាជាង ១៦ ម៉ឺនដុល្លារ ។ ត្រង់កន្លែងនេះជាអតីតស្តូបសម្រាប់គោរពវិញ្ញាណក្ខ័ន្ធអ្នក បាត់បង់ជីវិត ដើម្បីប្រទេសជាតិ ម្ល៉ោះហើយទើបមានការនិយាយខ្វល់ខ្វាយនអំពីការបំភ្លេចគុណបំណាច់ អ្នកតស៊ូតាមរយៈការវាយកំទេចចោល ដែលប្រវត្តិស្តូបនោះមានដំណើររឿងមកថា ក្រោយថ្ងៃរំដោះ ៧ មករា ពោលគឺអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោមគំនិតផ្តួចផ្តើមពី សំណាក់លោក មាស សំណាង ដែលកាលនេះលោកជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត បានស្ថាបនា ស្តូបគោរពវិញ្ញាណក្ខ័ន្ធមួយឡើងដើម្បីធ្វើពិធីគោរពរាល់ពេល បុណ្យជាតិនានា ។ លុះក្រោយសម័យបោះឆ្នោតអាណត្តិទីមួយថ្នាក់ដឹកនាំខេត្តម្នាក់ (ចេញពីកូតាហ្វុនស៊ីនប៉ិច ) ចាត់វិធានការវាយកំទេចស្តូបនេះចោល ។ ដោយយល់ថាស្ថិតក្នុងគំនិតមិនល្អ ក្រសួងមហាផ្ទៃបានសម្រេចទប់ស្កាត់នូវការវាយកំទេចនោះទើបស្តូប បានបង្ហាញខ្លួន និង ឈរជាតំណាងវិញ្ញណក្ខ័ន្ធអ្នកស្នេហាជាតិបន្ត ។ នាដំណាក់កាលចុងក្រោយផ្អែកតាមដំណើរការរីកចម្រើនលើគ្រប់វិស័យ ពិសេសដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ អាជាធរខេត្តដាក់សំណើទៅក្រសួងមហាផ្ទៃដើម្បីកែប្រែពីស្តូបគោរព វិញ្ញាណក្ខ័ន្ធទៅជាទីកម្សាន្តវិញ។ ព្រោះតែគំនិតនេះអាជ្ញាធរហាក់មិនទាន់បញ្ចោញឱ្យដឹងនូវគម្រោងសង់ ស្តូបគោរពវិញ្ញាណក្ខ័ន្ធថ្មីជំនួស ទើបបង្កនូវភាពខ្វាយខ្វល់ជុំវិញគុណរបស់អ្នកស្លាប់ ។ ប៉ុន្តែអ្វីដែលលាក់កន្លងមក នាព្រឹកថ្ងៃទី១១ ខែ មេសា ឆ្នាំ២០១១ ជាឱកាសនៃការបើកឱ្យប្រើបណ្តោះអាសន្ននូវសមិទ្ធផលថ្មីត្រូវបានលោក ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត ទម្លាយឱ្យដឹងថា ជាការជំនួសស្តូបដែលបានវាយចោលដើម្បីស្ថាបនារង្វង់មានរូបសំណាក ផ្លែឈើ ៧ មុខនេះ អាជ្ញាធរនឹងធ្វើស្តូបគោរពវិញ្ញាណក្ខ័ន្ធថ្មីមានតម្លៃ ៣០ម៉ឺនដុល្លា ស្ថិតនៅចំណុចស្រះឈូក (ក្នុងទឹកដីភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត) ដែលនៅទីនោះមិនត្រឹមតែស្ថាបនាស្តូបមួយប៉ុណ្ណោះទេ ប៉ុន្តែមានទាំងកន្លែងកម្សាន្ត កន្លែងហាត់ប្រាណ ព្រមទាំងមានសួនច្បារទៀតផង ៕
No comments:
Post a Comment