១- រោគមហារីកសុដន់
មហារីកសុដន់ ជាប្រភេទរោគម៉្យាងដែលមនុស្ស ភាគច្រើនស្គាល់ច្បាស់ វាជា រោគកំណាច មួយដែលស្ត្រីគ្រប់រូបមានការ ភ័យខ្លាចនៅឡើយ ។ មហារីកសុដន់គឺ ជាកោសិកាសាច់ដុះស្អុយ (Putrid) ក្នុងជាលិកាសុដន់ ។ ស្ត្រីខ្លួនឯងអាចសង្កេត ឃើញបញ្ហាក្នុងដំណាក់កាលដំបូងបាននៅពេលស្ទាបទៅប៉ះដុំសាច់ក្នុង សុដន់ ឬមាន អង្គធាតុរាវជ្រាបចេញតាមក្បាលសុដន់ ។
មូលហេតុដែលនាំឱ្យកើតរោគនេះមានច្រើន រាប់ទាំងតំណពូជ ការប្រើអ័រម៉ូន ការប្រើអ័រម៉ូនរយៈពេលលើសពី ៥ ឆ្នាំ លើសទម្ងន់ ការផឹកសុរាច្រើនពេក ទាំង អស់នេះសុទ្ធតែបង្កើនការប្រឈមចំពោះជំងឺមហារីកសុដន់បានទាំងអស់ ។ ស្ត្រី គ្រប់រូបគួរតែចេះត្រួតពិនិត្យរកដុំសាច់នៅសុដន់ដោយខ្លួនឯង ហើយគួរតែទៅត្រួត ពិនិត្យសុដន់ដោយ ប្រព័ន្ធមេមម៉ូក្រាម ឬអ៊ុលត្រាសោនឱ្យបានជាប្រចាំរាល់ឆ្នាំសម្រាប់ ស្ត្រីដែលមានអាយុលើសពី ៤០ ឆ្នាំឡើងទៅ ។
២- រោគមហារីកអូវែរ
មហារីកអូវែរជាប្រភេទមហារីកកំណាចមួយដែលបង្កគ្រោះថ្នាក់ដល់ជីវិត ។ សមាគមវេជ្ជសាស្ត្រអាមេរិកាំង បានឱ្យដឹងថា ៩៤ ភាគរយ នៃស្ត្រី ដែលបានទទួលការធ្វើរោគវិនិច្ឆ័យបង្ហាញថា កើតមហារីកអូវែរ កើតមាន អាការនេះយូរយារមកហើយ ។ អាការរបស់អ្នកកើតមហារីកអូវែរគឺពោះ ឡើងហើម ឬរីកមាឌលឿន អស់កម្លាំងល្ហិតល្ហៃ ឈឺត្រង់បរិវេណឆ្អឹង ត្រគាក និង ពោះ ឧស្សាហ៍នោម និង បន្ទោបង់ខុសប្រក្រតី ជាដើម ។
ការត្រួតពិនិត្យរកឃើញមហារីកអូវែរក្នុងរយៈពេលចាប់ផ្តើមដំបូងគឺ មានសារសំខាន់ខ្លាំងណាស់ ពីព្រោះអាចជួយឱ្យអ្នកជំងឺរួចផុតពីសេចក្តី ស្លាប់ ។ នៅក្នុងរយៈពេលដំបូងមេរោគមហារីកនេះនឹងកំណត់ដែនរង្វង់ តែនៅក្នុងអូវែរប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មកវានឹងរាលដាលយ៉ាងឆាប់រហ័ស ទៅកាន់ផ្នែកផ្សេងៗ ជាពិសេសទ្វារមាស ។ ចំពោះការត្រួតពិនិត្យរកមហា រីកអូវែរមានច្រើនវិធី ក្នុងនោះរួមមានការពិនិត្យទ្វារមាស និង ទ្វារលាមក ការពិនិត្យអ៊ុលត្រាសោនឆ្អឹងត្រគាក ។
៣- រោគសរសៃឈាមខួរក្បាល
រោគនេះជាប្រភេទរោគម៉្យាងដែលបានទទួលចំណាប់អារម្មណ៍តិចបំផុត បើទោះបីវាជាភ្នាក់ងារផ្តាច់ជីវិត ស្ត្រីជាច្រើនក្តី ។ ដោយសារតែស្ត្រីមានអាយុ វែងជាងបុរសទើបបានទទួលការឈឺចាប់ពីរោគសរសៃឈាម ខួរក្បាលច្រើនជាង បុរស ។ រោគសរសៃឈាមខួរក្បាលកើតពីការដែលសរសៃឈាមនាំយកអុកស៊ីហ្សែនទៅទ្រទ្រង់ ខួរក្បាលត្រូវស្ទះ ធ្វើឱ្យខួរក្បាលខ្វះអុកស៊ីហ្សែន ហើយ ភាពខូចខាតជះឥទ្ធិពលប៉ះពាល់ដល់ការនិយាយ ការធ្វើចលនានៃរាងកាយអាច ដល់ថ្នាក់បាត់បង់ជីវិតបានក្នុងករណីធ្ងន់ធ្ងរ ។
អាការរបស់រោគសរសៃឈាមខួរក្បាលចាប់ផ្តើមពីដៃជើងទន់ អស់កម្លាំង កំហែង ឬស្ពឹកត្រង់បរិវេណផ្ទៃមុខ ផ្នែកណាមួយ ភ្នែកខាងណាមួយស្រវាំង ឬ មើលមិនឃើញ មានបញ្ហាក្នុងការនិយាយ ឬពិបាកយល់ ឈឺក្បាលខ្ទោកៗដោយ គ្មានមូលហេតុ រួមទាំងធេងធោងផងដែរ ។ ក្រៅពីនេះស្ត្រីដែលមានអាការឈឺ ក្បាលមួយចំហៀង រួមទាំងអ្នកដែលធ្លាប់ទទួលទានថ្នាំពន្យារកំណើតក៏មានការ ប្រឈមចំពោះរោគសរសៃ ឈាមបេះដូងកើនឡើងទៀតផង ។
៤- រោគបេះដូង
រោគបេះដូងបានផ្តាច់ជីវិតស្ត្រីច្រើនជាងរោគមហារីកទៅទៀត ។ រោគ បេះដូងជាដំណើរខុសប្រក្រតីរបស់ សរសៃឈាមដែលកំណត់ ឬ កាត់ផ្តាច់ ការនាំយកអុកស៊ីហ្សែនទៅកាន់បេះដូង បើយើងបណ្តែតបណ្តោយវាអាចនាំ ទៅរកអាការគាំងបេះដូង ។
អាការរបស់រោគបេះដូងគឺវាចាប់សៀតត្រង់ដើមទ្រូង ដកដង្ហើមមិន ចង់ចេញ ដកដង្ហើមញ្ញាប់ ឈឺថ្គាម ឈឺស្មា ធីងធោង ក្អួតចង្អោរ និង បែក ញ្ញើសស្រាក់ៗ ។ ចំពោះស្ត្រីមានមូលហេតុជាច្រើនយ៉ាងដែលបង្កើនការ ប្រឈមចំពោះការកើតរោគបេះដូង ក្នុងនោះរួមមានភាពតានតឹងក្នុងអារម្មណ៍ ទម្ងន់ឡើងលើសស្តង់ដារ ច្រើនកើតក្រោយវ័យអស់រដូវ សម្ពាធឈាមខ្ពស់ រោគទឹកនោមផ្អែម ជក់បារីច្រើន និង គ្រួសារមានប្រវត្តិ កើតរោគបេះដូង ។ ដូច្នេះយកល្អគួរតែទទួលទានអាហារឱ្យបានត្រឹមត្រូវ និង គ្រប់គ្រងទម្ងន់ គួរ តែហាត់ប្រាណ ឱ្យបានជាប់លាប់ ។ ការសម្រាកឱ្យបានធូរស្បើយក្នុងអារម្មណ៍ ក៏ជាគន្លឹះសំខាន់មួយក្នុងការគ្រប់គ្រង ការកើតរោគបេះដូងបានដែរ ។
៥- រោគពុកឆ្អឹង
ថ្វីបើរោគពុកឆ្អឹងមិនមែនជារោគកំណាចដល់ថ្នាក់ផ្តាច់ជីវិតក្តី ប៉ុន្តែវាក៏ ជារោគម៉្យាងដែលគំរាមកំហែងដល់ គុណភាពជីវិតរបស់ស្ត្រីរាប់លាននាក់ ទូទាំងពិភពលោកផងដែរ ។ អ្នកកើតរោគពុកឆ្អឹងបានអះអាងអំពីការឈឺចុក ចាប់ដែលបង្កពីរោគពុកឆ្អឹងនេះ ។ ក្រៅពីនេះ រោគពុកឆ្អឹងក៏ជាមូលហេតុនៃ អាការប្រេះស្រាំឆ្អឹងត្រគាកដែលប៉ះពាល់ ខ្លាំងដល់ការរស់នៅប្រចាំថ្ងៃ ។
ការជក់បារី ការផឹកស្រា ការទទួលទានអាហារដែលមានកាល់ស្យូម និង វីតាមីន D ទាប ទាំងអស់នេះគឺសុទ្ធតែ បង្កើនការប្រឈមចំពោះការកើតរោគពុកឆ្អឹងខ្ពស់ ។ យើងអាចការពារបានដោយការបរិភោគកាល់ស្យូមឱ្យ បានគ្រប់គ្រាន់ គួបផ្សំនឹងហាត់ប្រាណឱ្យបានជាប់លាប់តាំងពីអាយុនៅក្មេង ពីព្រោះឆ្អឹងនឹងលូតលាស់ ពេញលេញនៅអាយុ ៣០ ឆ្នាំ ហើយចាប់ផ្តើមចុះខ្សោយយឺតៗទៅវិញ ។ ដូច្នេះកាលណាឆ្អឹងយើង កាន់តែរឹងមាំនៅវ័យកំពុង លូតលាស់ នោះវាកាន់តែល្អចំពោះសុខភាពឆ្អឹងទៅតាមហ្នឹងដែរ ៕
No comments:
Post a Comment