ថ្ងៃ ព្រហស្បតិ៍ ទី ៧ ខែ មេសា ឆ្នាំ ២០១១
Koh Santepheap Daily
រាជធានីភ្នំពេញ ៖ ស្រីតូចច្រឡឹង រូបសម្ផស្សស្រស់សោភា ដែលជាតារាសម្តែងភាពយន្តមានឈ្មោះបោះសំឡេង គឺអ្នកនាង ព្រំ រដ្ឋា ។ នាងកំពុងតែបន្តអាជីពសិល្បៈសម្តែង ដោយក្នុងឆ្នាំ២០១១នេះ បានចូលរួមសម្តែងភាពយន្តខ្លីបែបអប់រំឱ្យមណ្ឌលព័ត៌មានស្ត្រី កម្ពុជា រឿង «ជញ្ជីងគ្មានស្រមោល»។ ក្រៅពីនេះនាងធ្វើជាពិធីការិនីវិទ្យុ FM 102.5 ក្នុងកម្មវិធីដំណើរឆ្ពោះទៅមុខ និងជាពិធីការិនីក្នុងកម្មវិធីប្រគំតន្ត្រីដួងតារាងមាស នៃស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ជាមួយលោក ម៉ន សារិន ។ អ្នកនាងព្រំ រដ្ឋា និយាយថា ក្រៅពីអាជីពសិល្បៈ នាងមានហាងមួយលក់ផលិតផលកែសម្ផស្សដែលនាំមកពីបរទេស។ អ្នកនាងព្រំ រដ្ឋា តារាមានប្រភពកំណើតនៅខេត្តតាកែវរូបនេះបានចូលប្រឡូកក្នុងវិស័យ សិល្បៈតាំងពីឆ្នាំ២០០០មក។ ដំបូងនាងធ្វើជាពិធីការិនីប្រចាំកម្មវិធីតាមដានកំសាន្តនៃស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៣។ ក្រោយមកនាងចូលប្រឡូកក្នុងវិស័យសិល្បៈសម្តែងកាយវិការខារ៉ាអូខេ និងសម្តែងភាពយន្ត។ នាងមានភាពលេចធ្លោខ្លាំងតាមរយៈការសម្តែងជាតួអង្គនាងម៉ឺយចឺយ ក្នុងចម្រៀងកាយវិការខារ៉ាអូខេរឿង «ម៉ាក់ថឺង»។ ក្រៅពីនេះនាងសម្តែងក្នុងខ្សែភាពយន្តរឿង «ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរ» រឿង «មាយើង» រឿង «មនុស្ស ឬខ្មោច» និងរឿងមួយចំនួនទៀត។
នៅឆ្នាំ២០០៣ អ្នកនាងព្រំ រដ្ឋា បានរៀបការជាមួយបុរសអាណិកជនខ្មែរនៅសហរដ្ឋអាមេរិក ហើយបានទៅរស់នៅទីនោះ។ ទោះជាយ៉ាងណាក្តី បន្ទាប់ពីនាងមានកូនស្រីម្នាក់ដែលពេលនេះមានអាយុ៥ឆ្នាំហើយ ជីវិតអាពាហ៍ពិពាហ៍នោះក៏ឈានដល់ផ្លូវបំបែក ហើយនាងត្រឡប់មកស្រុកកំណើតវិញ។ អ្នកនាងព្រំ រដ្ឋា ក្នុងវ័យ៣១ឆ្នាំ បានឱ្យដឹងថា នាងបែកបាក់ពីប្តី ដោយសារការរស់នៅមិនចុះសម្រុងគ្នា។ អ្នកនាងព្រំ រដ្ឋា និយាយថា នាងលែងលះពីស្វាមីរយៈពេលជិត៣ឆ្នាំហើយ ប៉ុន្តែនាងតែងតែទៅលេងសហរដ្ឋអាមេរិកជាញឹកញាប់ ព្រោះកូនរបស់នាងត្រូវទៅលេងជីដូន។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១១នេះ នាងនឹងចាកចេញពីមាតុប្រទេសទៅកាន់សហរដ្ឋអាមេរិក រយៈពេល១សប្តាហ៍ ដើម្បីទៅចូលរួមសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងដើម្បីនាំកូនស្រីមកលេងមាតុប្រទេសវិញផង។ ក្រោយពីបែកបាក់ពីស្វាមីរយៈពេលជិត៣ឆ្នាំមកនេះ ព្រំ រដ្ឋា អះអាងថា នាងមិនទាន់គិតរឿងស្នេហាថ្មីទៀតទេ គឺគិតមើលថែកូន និងពីមុខរបររកស៊ីឱ្យរីកចម្រើនសិន ៕
No comments:
Post a Comment