Koh Santepheap Daily
រាជធានីភ្នំពេញ ៖ ថ្វីដ្បិតតែកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈកាន់តែលេចឡើងខ្ពស់ ត្រដែត តែ ឌួង ហ្សូរីដា ពិធីការិនីរូបស្រស់នៅតែជាតារាមួយដួងប្រកាន់យកភាពរាក់ទាក់ រួសរាយ និងមានការអធ្យាស្រ័យចំពោះមិត្តភក្តិរួមអាជីព។ម្យ៉ាងទៀត ឌួង ហ្សូរីដា ជាសិល្បការិនីម្នាក់ក្នុងចំណោមសិល្បការិនីដែលមានសមត្ថភាព និងរូបសម្ផស្សគួរឱ្យទាក់ទាញក្នុងចំណោមពិធីការិនីល្បីៗនៅព្រះ រាជាណាចក្រកម្ពុជា។ ភាពគ្រប់គ្រាន់នោះហើយដែលធ្វើឱ្យជីវិតសិល្បៈឌួង ហ្សូរីដា ជួបតែសំណាងល្អ និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានទស្សនិកជននៅក្នុង និងក្រៅប្រទេស។ យ៉ាងណាក៏ដោយពិធីការិនីរូបនេះនៅតែមានមហិច្ឆតាខ្ពស់នៅឡើយ ក្នុងអាជីពសិល្បៈបំរើអារម្មណ៍ទស្សនិកជន និងបានសន្យាថា នឹងខិតខំបង្កើនសមត្ថភាព ឬជំនាញបន្ថែមទៀតដើម្បីក្លាយជាពិធីការិនី ឬអ្នកសិល្បៈអាជីពពិតប្រាកដ។
ឌួង ហ្សូរីដា មានស្រុកកំណើតនៅស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់ឪពុកម្តាយរបស់នាង។ ឪពុកនាងឈ្មោះ ឌួង ស៊ីផល អតីតជាវេជ្ជបណ្ឌិតផ្នែកជំងឺទូទៅ តែលោកបានធ្វើមរណកាលនាឆ្នាំ២០០០ក្នុងវ័យ៤៩ឆ្នាំ។ ម្តាយឈ្មោះលឹម ម៉ាលីន អាយុ៤៨ឆ្នាំ ជាម្ចាស់ហាងដាណាម៉ាកាត់ដេរស្ថិតនៅម្តុំអូរបែកក្អម។
ឌួង ហ្សូរីដា បានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រងនាឆ្នាំ២០០៤ និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅនាឆ្នាំ២០០៧នៅ សាកលវិទ្យាល័យបៀលប្រាយ ប៉ុន្តែនាងមិនបន្តយកថ្នាក់បណ្ឌិតទៀតទេ ព្រោះតែនាងគិតថា មិនមានបំណងចូលបំរើការងាររដ្ឋ ឬការងារក្រុមហ៊ុនទេ តែចង់បំរើវិស័យសិល្បៈសំខាន់ផ្នែកពិធីការិនីជារៀងរហូត។ ឌួង ហ្សូរីដា និយាយថា ឱកាសដែលនាងបានចូលក្នុងវិស័យសិល្បៈ និងទទួលបានការគាំទ្ររហូតមានកេរ្តិ៍ឈ្មោះត្រដែតដូចសព្វថ្ងៃនេះ គឺដំបូងឡើយនាងបានសាកល្បងចូលប្រកួត Freshies Girls and Boy ជាលើកទី១ ហើយជាប់ចំណាត់ថ្នាក់មួយក្នុងចំណោមបេក្ខជន១០រូបចុងក្រោយ។ ក្រោយមកនាងបានសាកល្បងចូលប្រកួតយកតំណែងស្រីស្អាតសាប៊ូលុច្ស ហើយបានជាប់ត្រឹមតែជាតារាប្រជាប្រិយនៅវគ្គបញ្ចប់ប៉ុណ្ណោះ។ ដោយការព្យាយាម និងចំណង់ចំណូលចិត្ត នាងមានឱកាសក្នុងការឆក់យកបានតំណែងជាពិធីការិនីនៅ តាមបណ្តាស្ថានីយទូរទស្សន៍ធំៗជាបន្តបន្ទាប់ រួមមានស្ថានីយទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ៥ ប៉ុស្តិ៍លេខ៩ ទូរទស្សន៍ជាតិ ទូរទស្សន៍ CTN និងបាយ័ន ហើយចុងក្រោយនេះ គឺស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ នាងបញ្ជាក់ថា ឱកាសដែលនាងទទួលបាននោះគឺជាការខិតខំដោយភាពអត់ធ្មត់ និងឧស្សាហ៍ព្យាយាមដោយខ្លួនឯង និងការផ្តល់ឱកាសឱ្យពីបណ្តាអ្នកគ្រប់គ្រង អ្នកកាន់កម្មវិធីគ្រប់ស្ថានីយទាំងអស់។ ប៉ុន្តែនាងគិតថា ការជួយខ្លួនឯងគឺជាប្រការសំខាន់បំផុតមុននឹងឱ្យគេជួយយើង ។
ឌួង ហ្សូរីដា សារភាពថា ភាពល្បីល្បាញរបស់នាង ដោយសារអាជីពពិធីការិនីប៉ុណ្ណោះចំណែកការសម្តែងវិញគឺរហូតមកដល់ ពេលនេះនាងទើបបានសម្តែងជាតួឯកតែម្តងគត់ក្នុងភាពយន្តរឿងនាង សុនិតា និងបានចូលរួមសម្តែងក្នុងរឿងភាគ «ភូមិស្នេហ៍ជើងព្រៃ» «ដឹងទេថា ខ្ញុំរង់ចាំ» និងចុងក្រោយថតឱ្យស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ រឿងផ្ការីកពេញរដូវ។ នាងទទួលស្គាល់ថា នាងវ័យកាន់តែចាស់ណាស់ហើយ ៗទេពកោសល្យក្នុងការសម្តែងក៏មិនមានកំរិតខ្ពស់ដែរ។ នាងធ្លាប់ចេញទៅសម្តែងនៅបរទេសម្តងម្កាល ផ្នែកបង្ហាញម៉ូដដូចជាទៅប្រទេសចិន ថៃ និងវៀតណាមជាដើម ។
បច្ចុប្បន្នរីដាជាម្ចាស់ហាងលក់សំលៀកបំពាក់យីហោ Zo-Fashion នៅម្តុំសណ្ឋាគារឡឺប្រេស៊ីដង់ និងបានបង្កើតក្រុមហ៊ុន Cambodia Super Model ។ តាមប្រវត្តិនាងមិនធ្លាប់រងនូវការលំបាក ឬការឈឺចាប់ក្នុងជីវិតទេ ព្រោះគ្រួសារនាងមានជីវភាពល្អប្រសើរតាំងពីឪពុកនាងនៅរស់ ៕
No comments:
Post a Comment