Monday, April 11, 2011

សារមន្ទីរឯកជន


មានមនុស្សនៅខេត្តកំពង់ស្ពឺមិនច្រើន ប៉ុន្មានបានស្គាល់ និង បានដឹងថា នៅខេត្ត របស់គេមានសារមន្ទីរឯកជនមួយ ចុះទម្រាំតែប្រជាជននៅក្រុងភ្នំពេញ និង បណ្តាខេត្តផ្សេងៗទៀតនោះរឹតតែមិន ស្គាល់ទីនេះទៅទៀត ពោលគឺ​គេភាគច្រើនតែងទៅហួសមកហួស ។ ប៉ុន្តែបើគេបានទៅទស្សនាទីនោះហើយ គេនឹងមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងនូវការរៀបចំដាក់តាំងរូបចម្លាក់ និង វត្ថុយ៉ាងច្រើនប្រភេទគួរឱ្យ ចាប់អារម្មណ៍ក្រៃលែង ។

បើគេធ្វើដំណើរតាមដងផ្លូវជាតិលេខ ៤ ចេញពីភ្នំពេញ មុននឹងដល់ទី ប្រជុំជនខេត្តកំពង់ស្ពឺ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គេនឹងឃើញមានភូមិគ្រឹះមួយដ៏ធំនៅខាងឆ្វេងដៃក្បែរដងផ្លូវនោះ និង មានបដា មួយចងនៅលើខ្លោងទ្វារចូលដោយសរសេរអក្សរថា “សារមន្ទីរនរៈបុរី” ។



ប្រសិនបើយើងបានឃើញតែទិដ្ឋភាពខាងក្រៅពីដំបូងនោះ យើងហាក់បី ដូចជាមិនសូវចាប់អារម្មណ៍ប៉ុន្មានឡើយ ប៉ុន្តែគ្រាន់តែយើងបានឈានជើងចូល ផុតរបងខាងក្រៅនោះ យើងនឹងបានឃើញនូវទិដ្ឋភាពគួរចាប់អារម្មណ៍​ ក្រៃលែងផុតពីខ្លោងទ្វារចូលបន្តិចនោះមានតោថ្ម និង វត្ថុសិល្បៈជាច្រើនដែលសង់តាម រចនាបទខ្មែរពិតៗ រង់ចាំស្វាគមន៍ភ្ញៀវទេសចរ។ ផុតពីនេះបន្តិច មានសាងសង់រូបព្រះបាទ ជយវរ្ម័នទី ៧ ដែលសាងសង់ដោយមាន អាសនៈយ៉ាងត្រឹមត្រូវនៅចំកណ្តាលផ្លូវដែលធ្វើឱ្យអ្នកទស្សនាទាំង ឡាយនឹកទៅដល់ភាពថ្កុំថ្កើងរុងរឿងក្នុងរជ្ជកាល ព្រះអង្គគ្រប់គ្រង ។ នៅលើផ្ទៃដីបួនហិកតារមានសំណង់យ៉ាងច្រើនបានសង់យ៉ាងមាន របៀបរៀបរយ ដែលសំណង់នីមួយៗត្រូវបានចម្លងចេញពីប្រាសាទ បុរាណនានារបស់ខ្មែរ ពិសេសប្រាសាទនៅសៀមរាបអង្គរ ។ ឯទិដ្ឋភាពខាងក្នុងវិញ មានការទាក់ទាញយ៉ាងខ្លាំងមិនចាញ់សារមន្ទីរ ជាតិឡើយ ។

សារមន្ទីរនេះត្រូវបានសាងសង់ឡើងក្នុងបំណងទុកជាសម្បត្តិ ផ្ទាល់ខ្លួនរបស់គេផង ហើយនិងជាការចូលរួមចំណែករក្សាទុកនូវ បេតិកភណ្ឌសម្បត្តិវប្បធម៌ជាតិឱ្យគង់វង្សផងដែរ ។


នៅក្នុងសារមន្ទីរនេះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទធ្វើ អំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជា ព្រះពុទ្ធប្បដិមា រូបចម្លាក់ព្រះបាទ ជយវរ្ម័នទី ៧ រូបឆ្មាំប្រាសាទ រូបនាងចេកនាងចម ៘ ហើយនិង វត្ថុប្រើប្រាស់ពីជំនាន់បុរាណរួមមានឆ្នាំងស្ពាន់ កុលាលភាជន៍ ឬ ចាន ឆ្នាំងធ្វើពីដីឥដ្ឋ ក្រឡ ពួច ជាដើម ។ ក្រៅពីនេះទៀតមានក្បាច់ ចម្លាក់តុ ទូ កៅអី ដែលធ្វើពីឈើពីគល់ឈើធំៗមានអាយុកាល ជាច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម ។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ ។ វត្ថុទាំងប៉ុន្មាននេះ មុននឹងបានយកមកដាក់តាំងនៅក្នុងសារ មន្ទីរនេះ ត្រូវបានម្ចាស់ប្រមែប្រមូលទិញពីអ្នកស្រុកនៅតាម ខេត្តផ្សេងៗតាំងពីក្រោយប្រទេសជាតិបានរំដោះពីរបបខ្មែរ ក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ ។

សារមន្ទីរនេះជាកម្មសិទ្ធិរបស់ឯកឧត្តម នរៈ រតនៈវឌ្ឍនោ ដែលសព្វថ្ងៃជារដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា ហើយត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ ដោយមានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។ ការដាក់តាំងវត្ថុបុរាណចម្រុះ និង ជាលក្ខណៈ សារមន្ទីរឯកជននៅក្នុងខេត្តកំពង់ស្ពឺនេះ គេឃើញមានការចាប់ អារម្មណ៍ច្រើនដែរពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅក្នុងតំបន់ មន្ត្រីធំតូច  និង ព្រះសង្ឃផងដែរ ដោយពួកគាត់នាំគ្នាចូលទៅទស្សនានៅពេលណាដែលទំនេរ ពីការងារ ។

ការដែលនាំឱ្យចាប់អារម្មណ៍នេះ ពីព្រោះថា អ្នកខ្លះពុំ ដែលបានឃើញនូវវត្ថុបុរាណ និង របៀបរបបដាក់តាំងបង្ហាញ យ៉ាងល្អ ហើយខ្លះទៀតថា ដោយសារសារមន្ទីរនេះនៅជិត ងាយស្រួលក្នុងការធ្វើដំណើរមកទស្សនា ហើយខ្លះទៀតថា មានសារសំខាន់សម្រាប់ឱ្យគេមានកន្លែងសិក្សាស្រាវជ្រាវអំពី វប្បធម៌ខ្មែរ ។

ព្រះភិក្ខុ សោម ស៊ីម ដែលជាព្រះសង្ឃមួយអង្គមានភាពល្បីល្បាញនៅ វត្តប្រាសាទកំពុងទស្សនានៅសារមន្ទីរ នេះមានថេរដីកាថាព្រះអង្គមានការភ្ញាក់ ផ្អើលខ្លាំងណាស់ កាលបើភ្ញៀវបានឃើញនូវសារមន្ទីរដ៏ធំមួយនេះមានវត្ថុបុរាណ និងវត្ថុសិល្បៈរាប់ពាន់ ត្រូវបានដាក់តាំងឱ្យភ្ញៀវទស្សនា ។ ព្រះអង្គគិតថា នេះ ជាការចូលរួមចំណែកយ៉ាងធំក្នុងការ​ថែរក្សាវប្បធម៌របស់ខ្មែរឱ្យនៅគង់វង្ស ។

សារមន្ទីរនេះត្រូវបានគេលក់សំបុត្រឱ្យចូល ទស្សនាតម្លៃ ២.០០០ រៀលក្នុងមនុស្សម្នាក់ចំពោះ ប្រជាជនខ្មែរ និង ២ ដុល្លារសម្រាប់ជនបរទេស ។ ចាប់តាំងពីបើកមកមានមនុស្សប្រមាណ ២០.០០០ នាក់ចូលទៅទស្សនា ។ នៅប្រទេសកម្ពុជាយើងមានសារមន្ទីរឯកជនចំនួនពីរ ទីមួយ សារមន្ទីររបស់ អ្នកបុរាណវិទ្យា មីសែល ត្រាណេ នៅក្នុងទីក្រុង ភ្នំពេញ និង មួយទៀតគឺសារមន្ទីរនៅកំពង់ស្ពឺនេះ ៕

No comments:

Post a Comment