Monday, April 11, 2011

ប្រាសាទគោករមៀត


ប្រាសាទបុរាណមួយត្រូវបានប្រជាជន ប្រទះឃើញនៅ ក្នុងព្រៃឫស្សីនាប៉ុន្មានឆ្នាំ​ មុននេះក្រោយពេលធ្វើសមាហរណកម្ម រវាងទ័ពខ្មែរក្រហម និង រដ្ឋាភិបាលភ្នំពេញ ។ ប្រាសាទនេះមាន ហ៊ុមព័ទ្ធទៅដោយ​ ព្រៃស្រោង នៅចម្ងាយពីព្រំប្រទល់​ ប្រទេសសៀមប្រមាណជា ១០ គីឡូម៉ែត្រ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ប្រាសាទនេះហាក់បីដូចជានៅ ឯកោខ្វះការថែទាំដោយមានព្រៃឫស្សីរុំទ័ឰជុំវិញសឹង មើលមិនយល់តួប្រាសាទ ។ ប្រាសាទបុរាណនេះសព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្ររបស់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ គោករមៀត ឃុំគោករមៀត បានហៅប្រាសាទបុរាណនេះថា ប្រាសាទគោករមៀត តៗគ្នារហូតដល់សព្វថ្ងៃនេះ ។

លោកតា សំ សាមឿន ព្រឹទ្ធាចារ្យនៅ ក្នុងភូមិគោករមៀតបាននិយាយប្រាប់អ្នកយក ព័ត៌មានយើងឱ្យដឹងថា ប្រាសាទបុរាណនេះកសាងឡើងដោយឥដ្ឋ ខ្លោង ទ្វារ និង ចម្លាក់នានាធ្វើអំពីថ្មភក់ ។ រូបចម្លាក់ និង ដំបូលប្រាសាទ ត្រូវបាក់បែកខ្ទេចខ្ទាំស្ទើរ គ្មានសល់ ពិសេសប្រាសាទគោករមៀតនេះ ហាក់បីដូចជាត្រូវគេបំភ្លេចចោលទៅហើយ ។ នៅបរិវេណប្រាសាទមានគ្រាប់មីនយ៉ាងច្រើន ដែលមិនទាន់មានការដោះចេញពីប្រាសាទនោះនៅឡើយ ។ លោកតា សំ សាមឿន បានឱ្យដឹង ទៀតថា មូលហេតុដែលនាំឱ្យប្រាសាទបុរាណ មួយនេះរងការបាក់បែក និង ខូចខាតស្ទើរ គ្មានសល់នោះ ព្រោះក្រុមជនខិលខូច និង ពួក ទមិឡមួយចំនួនបានគាស់កកាយប្រាង្គប្រាសាទបុរាណរុករកវត្ថុមានតម្លៃ ដែលបុព្វដូនតាយើងកប់ទុកក្រោមបាតនៃតួ ប្រាសាទ ។

លោក សោម សារួន អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត បន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មាន ឱ្យដឹងថាប្រាសាទគោករមៀតនេះគឺបុព្វដូនតាខ្មែរយើងបានកសាងតាំងពីឆ្នាំ ៧០០ មកម៉្លេះ រាល់ស្ថាបត្យកម្ម សម័យនោះច្រើនកសាងអំពីឥដ្ឋនោះ វាមានអាយុកាល ច្រើនជាងប្រាសាទដែលកសាងពីថ្ម ព្រោះថាអ្នកប្រាជ្ញ សម័យមុននៅពុំទាន់បានរកឃើញរូបមន្តធ្វើពីថ្មនៅឡើយ ។ ប្រភេទប្រាសាទដែលធ្វើពីឥដ្ឋពុំសូវ មានធំទេ ភាគច្រើនជាប្រាសាទមានរាងតូចដូចជាចេតិយ ដើម្បីតម្កល់សព មេទ័ព ក៏ដូចជាសែរាជវង្សដែលបានសុគតក្នុងសមរភូមិ ។ ប្រាសាទគោក រមៀតនេះមានខ្នាតទំហំ ២ ម៉ែត្រ x ២ ម៉ែត្រ គឺយើងរាប់ពីតួប៉មប្រាសាទ។ ភាពដែលចម្លែក ជាងគេនោះប្រាសាទគោករមៀតនេះពុំមានកសិណ ឬ ក៏ស្រះនៅពីមុខដូចប្រាសាទដទៃឡើយ ។ បច្ចុប្បន្ន ប្រាសាទគោករមៀតនេះនៅពុំទាន់មានគម្រោងធ្វើការថែទាំឱ្យបានត្រឹមត្រូវដូចប្រាសាទនានាដែល នៅក្នុងទីប្រជុំជននោះទេព្រោះស្ថានភាពដីនៅទីនោះនៅពុំទាន់បានដោះ មីននៅឡើយ ។ លោក សោម សារួន បាននិយាយឱ្យដឹងបន្ថែមទៀតថា ប្រាសាទគោករមៀតក្រៅពីមានព្រៃឫស្សីដ៏ក្រាស់នោះក៏មានគ្រាប់មីនរាប់ ញន់គ្រាប់នៅព័ទ្ធជុំវិញដីបរិវេណប្រាសាទ ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងរកវិធានការដើម្បីដោះមីនឱ្យអស់ នៅបរិវេណប្រាសាទនេះ ។ ប្រាសាទ ជាច្រើននៅក្នុងទឹកដីខេត្តបន្ទាយមានជ័យភាគច្រើនពុំទាន់បានធ្វើការ ស្រាវជ្រាវឱ្យបានអស់នៅឡើយ ព្រោះប្រាសាទខ្លះស្ថិតនៅក្នុងព្រៃជ្រៅ ដែលយើងពិបាកនឹងរុករុលទៅដល់ ម៉្យាងវិញទៀតប្រាសាទភាគច្រើនបានលាក់ខ្លួនពួនកប់នៅតំបន់សង្គ្រាម រវាងរដ្ឋាភិបាល និង ពួកទ័ពព្រៃខ្មែរក្រហម ។ ជាក់ស្តែងប្រាសាទគោករមៀតខាងលើស្រាប់ គឺសព្វថ្ងៃស្ថិតនៅក្នុង ទឹកដីស្រុកថ្មពួក ភូមិគោករមៀត ឃុំគោករមៀត នៅ ដាច់ស្រយាលពីមនុស្សផងទាំងពួង ញេលគឺពុំសូវមានអ្នក ណាហ៊ានទៅដល់ទីនោះឡើយ ព្រោះខ្លាចគ្រាប់មីនដែល កប់នៅក្នុងដីរាប់ពាន់គ្រាប់ ។ ក្នុងនាមលោកជាអនុ ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបន្ទាយមាន ជ័យ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវ ចេះស្រឡាញ់ប្រាង្គប្រាសាទ ឬ វត្ថុបុរាណដែលបុព្វដូនតាខ្មែរ បានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានធ្វើការគោរព បូជា ដូច្នេះសូមរាល់ពលរដ្ឋខ្មែរគ្រប់រូបត្រូវចេះរក្សា និង អភិរក្សប្រាសាទបុរាណឱ្យបានល្អដើម្បីជាគុណប្រយោជន៍ សម្រាប់ខ្មែរជំនាន់ក្រោយអូសទាញយកផលប្រយោជន៍ពី ប្រាសាទដូចជាបម្រើឱ្យដល់វិស័យទេសចរណ៍ក្នុងស្រុក និង ក្រៅស្រុកបានយ៉ាងប្រសើរទៀតផង ៕

No comments:

Post a Comment