Monday, April 11, 2011

ប្រាសាទគុកនគរនៅខេត្តកំពង់ធំ

 






ប្រាសាទគុកនគរជាប្រាសាទដ៏ល្អមួយ ស្ថិតនៅភូមិ ត្រដក់ពង ឃុំពង្រ ស្រុក​​ បារាយណ៍ ខេត្តកំពង់ធំ ដែលជាទីចាប់ អារម្មណ៍របស់ភ្ញៀវអន្តរជាតិត្រូវបាន យកចិត្តទុក ដាក់ថែរក្សាការពារពី អាជ្ញាធរ មូលដ្ឋានភូមិ-ឃុំ គណៈ កម្មាធិការវត្ត និងឆ្មាំការពារប្រាសាទផងដែរ ។ ប្រាសាទ គុកនគរជាកន្លែងទស្សនាបន្ទាប់ពីប្រាសាទសម្បូណ៌ព្រៃ គុហ៍ និង តំបន់ភ្នំសន្ទុក ។

កំពង់ធំជាខេត្តមួយសម្បូរទៅដោយរមណីយដ្ឋានវប្បធម៌ធម្មជាតិជាច្រើន កន្លែង ហើយសម្បូរទៅដោយប្រាសាទ បុរាណរាប់រយប្រាសាទទៀតផង ។

ប្រាសាទគុកនគរ កសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ១ ក្នុងសតវត្សរ៍ទី ១១ តាមរចនាបថឃ្លាំង ។ ប្រាសាទ នេះកសាងលើដីរាបស្មើ លើខឿនតែ មួយរាងចតុកោណកែង ធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់ បែរមុខទៅទិស ខាងកើត មានកំពែងព័ទ្ធជុំវិញ លាតសន្ធឹងពីកើតទៅលិច មានបណ្តោយប្រវែង ៣៥ ម៉ែត្រ ទទឹង ២៥ ម៉ែត្រ មានគោបុរៈ ( ទ្វារ ឆ្លងកាត់កំពែងប្រាសាទ ) ចំនួនបី ។ គោបុរៈខាងកើតកម្ពស់ ៩ ម៉ែត្រ មានទ្វារចូលចំនួន ៣ កន្លែង ។ ទ្វារកណ្តាល មានលក្ខណៈតូចចង្អៀត ហើយងងឹតបន្តិច និង មាននៅសងខាងចំនួនពីរ ទៀត ។ គោបុរៈខាងលិចមានទំហំតូច មានទ្វារមួយចូលទៅខាងក្នុង តែមិនអាចចេញទៅខាងក្រៅបាន ទេ ។ គោបុរៈខាងត្បូងអែបជាប់នឹងព្រះវិហារមិន ស្ថិតនៅចំកណ្តាលកំពែងទេ មានទ្វារចូលពីប្រាសាទ  ទៅខាងក្នុង តែមិនអាចចេញទៅក្រៅកំពែងបានទេ មានតែ ចង្អូរមួយដែលគេចោះទម្លុះជញ្ជាំងទៅខាង ក្រៅសម្រាប់បង្ហូរទឹកមន្តនៅពេលគេធ្វើពិធីស្រោច ទឹកនៅលើសិវលិង្គ ( ស្ថាណាទ្រោនី )។

នៅចំកណ្តាលមានប៉មខ្ពស់ទោលមួយ មាន បន្ទប់ និង យ៉យ៉ាងវែងចេញទៅទិសខាងកើត ហើយ នៅចំពីមុខមាន សសរពេជ្ររាង ៨ ជ្រុងនៅសងខាង ។ នៅផ្នែកខាងលើនៃសរសេរមានតុបតែងជាក្បាច់ ខ្លួននាគព័ទ្ធកោងដោយ បញ្ចោញក្បាលទៅសងខាងពាំផ្កាចន្ទន៍។នៅលើសសរពេជ្រនេះមានផ្តែរមួយ ផ្ទាំងរចនាដោយក្បាច់ផុស ហើយនៅចំកណ្តាលផ្តែរនោះមានរូបព្រះឥន្ទ្រជិះដំរីក្បាលបី ។ តួប៉មកណ្តាល នេះត្រូវបានតុបតែងលម្អចាប់ពីក្រោម រហូតដល់ខាងលើ ។ នៅខាងលើកំពូលមានក្បាច់ត្របកឈូកច្រើន ជាន់ដែលតំណាងឱ្យចក្រវាលទាំងមូល ។

នៅក្បែរតួប៉ម ( ទិសអាគ្នេយ៍ ) ក្បែរគោបុរៈ ខាងកើតមានហោត្រៃទោលមួយ ( បណ្ណាល័យ ) ធ្វើ អំពីថ្មបាយក្រៀម បែរមុខទៅទិសខាងលិចបញ្ច្រាស ទិសរបស់ប្រាសាទ មានកម្ពស់មធ្យមសង់លើខឿន កម្ពស់ ១ ម៉ែត្រ ។
តាមការឱ្យដឹងពីអ៊ំចាស់ៗនៅទីនោះបញ្ជាក់ថា នៅខាងកើតប្រាសាទមានស្ពានហាលមួយដែលក្រាល ដោយថ្មបាយក្រៀមឆ្លងកាត់ស្រះ ដែលមើលទៅ ស្រះនេះហាក់ដូចជាគេជីកព័ទ្ធជុំវិញប្រាសាទ តែ ក្រោយមកត្រូវបានលុបដើម្បីយកទីធ្លាសម្រាប់កសាង វត្តទៅវិញ ។ ហេតុដូចនេះហើយបានជាយើងឃើញ ថា តួប្រាសាទទាំងមូលហាក់ស្ថិតនៅក្នុងទីធ្លារបស់ វត្ត ។ កាលពីដើមនៅខាងមុខប្រាសាទនេះមានស្រះ មួយយ៉ាងធំដែលទប់ទំនប់ព័ទ្ធជុំវិញ ហើយមានស្ពាន ហាលមួយពីទិសខាងលិចស្រះដែលតភ្ជាប់ពីតួប្រាសាទ ឆ្លងកាត់តាមស្ពានហាលនេះ ។ បច្ចុប្បន្នទំនប់ ស្រះ តួស្រះ និង ទីធ្លាជុំវិញក្បែរៗនោះត្រូវបានក្លាយ ទៅជាតំបន់ កប់ខ្មោចទាំងអស់ធ្វើឱ្យរូបរាងស្រះទាំង មូលត្រូវបានកែប្រែទាំងស្រុង ។ ចំណែកនៅទីធ្លា ខាងត្បូងស្រះនោះវិញ ពីដើមមានដើមឈើធំៗដុះ យ៉ាងច្រើន មានម្លប់ត្រឈឹងត្រឈៃសម្រាប់ជាកន្លែង សមាធិរបស់តាយាយក៏ក្លាយទៅជា កន្លែងកប់ខ្មោចដែរ ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំបញ្ជាក់ថា ប្រាសាទនេះជាប្រាសាទដ៏ល្អ មួយនៅខេត្តកំពង់ធំ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិទៅទស្សនា កម្សាន្ត និង សិក្សាស្រាវជ្រាវ បន្ទាប់ពីរមណីយដ្ឋានប្រាសាទសម្បូណ៌ព្រៃគុហ៍ និង តំបន់ទេសចរណ៍ភ្នំ សន្ទុក ។ ប្រាសាទនេះត្រូវបានយកចិត្ត ទុកដាក់ថែរក្សាការពារពីអាជ្ញាធរភូមិ-ឃុំ គណៈកម្មាធិការវត្ត និង ឆ្មាំការពារប្រាសាទផងដែរ ដោយពួកគាត់ទទួល បានថវិកាខ្លះៗមកពីហឹបថែរក្សាប្រាសាទដែលភ្ញៀវទេសចរបានដាក់ឱ្យ ៕ 

No comments:

Post a Comment