ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីឡើងគ្រងរាជ ។ |
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគឺជាព្រះរាជបុត្រារបស់ ព្រះករុណាព្រះមហាវិរក្សត្រ នរោត្តម សីហមុនី ព្រះវររាជបិតា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅក្នុងទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលព្រះអង្គសិក្សានៅសាលាក្នុងទីក្រុង ប្រាគ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ ១៩៦២ ។ ព្រះអង្គកំពុងទទួលយកបង្អែមបន្ទាប់ពីសោយក្រយាថ្ងៃត្រង់ ។ |
ឆ្នាំ១៩៥៣ គឺជាពេលវេលាមួយដែលប្រទេសកម្ពុជាទទួលបានឯករាជទាំងស្រុងពីសំណាក់អាណានិគមនិយមបារាំង ។
ខាង ក្រោមនេះគឺជាព្រះរាជជីវប្រវត្តិសង្ខេបរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
- ១៩៥៩-១៩៦២ ៖ សិក្សានៅសាលាបឋមសិក្សានរោត្តម ក្នុងទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ១៩៦២-១៩៦៧ ៖ សិក្សានៅសាលាបឋមសិក្សា និង មធ្យមសិក្សា នៅវិទ្យាល័យប្រាគ ក្នុងប្រទេសឆេកូស្លូវ៉ាគី
- ១៩៦៧-១៩៧១ ៖ សិក្សាផ្នែកសិល្បៈ របាំ-តូរ្យតន្ត្រី-ល្ខោន នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ ក្នុងប្រទេសឆេកូស្លូវ៉ាគី
- ១៩៧០ ៖ មធ្យមសិក្សាប័ត្រ នៅទីក្រុងប្រាគ ក្នុងប្រទេសឆេកូស្លូវ៉ាគី (និទ្ទេសល្អណាស់)
- ១៩៧១ ៖ ជ័យលាភីលេខ១ ផ្នែករបាំបុរាណ នៅវិទ្យាស្ថានអភិរក្សជាតិ ប្រាគ
- ១៩៧១-១៩៧៥ ៖ សិក្សានៅសាកលវិទ្យាល័យ បណ្ឌិតសភាផ្នែកសិល្បៈតន្ត្រី ប្រាគ
- ១៩៧៥ ៖ បរិញ្ញាប័ត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រី ប្រាគ (Praque)
- ១៩៧៥ ៖ ព្រះរាជនិពន្ធនិក្ខេបបទស្តីអំពីទស្សនៈ និង ការគ្រប់គ្រងសាលាសិល្បៈនៅប្រទេសកម្ពុជា
- ១៩៧៥-១៩៧៦ ៖ ឧត្តមសិក្សាផ្នែកភាពយន្តនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
- ១៩៧៦-១៩៧៩ ៖ ជាប់ក្រោមការឃុំឃាំងក្នុងរបបខ្មែរក្រហមជាមួយព្រះវររាជបិតា និង ព្រះវររាជមាតា និង ព្រះអនុជ សម្តេច នរោត្តម នរិន្ទ្រពង្ស
- ១៩៧៩-១៩៨០ ៖ ព្រះលេខាផ្ទាល់របស់ព្រះវររាជបិតាក្នុងកំឡុងពេលព្រះអង្គគង់ប្រថាប់នៅក្នុងប្រទេសចិន
- ១៩៨១-២០០០ ៖ សាស្ត្រាចារ្យផ្នែករបាំបុរាណ និង ផ្នែកគរុកោសល្យសិល្បៈនៅវិទ្យាស្ថានអភិរក្ស MARIUS PETIPA GABRIEL FAURE និង W.A.MOZART នៅក្នុងទីក្រុងប៉ារីស
- ១៩៨៤-១៩៨៨ ៖ ប្រធានសមាគមន៍ខ្មែរនៅប្រទេសបារាំង និង ជាអគ្គនាយក និង នាយកសិល្បៈនៃក្រុមរបាំបាឡេ "DEVA"
- ១៩៨៨-១៩៩៣ ៖ អគ្គនាយក និង នាយកសិល្បៈនៃសាជីវកម្មខេមរភូមិន្ទភាពយន្ត "ខេមរាភាពយន្ត"
- ១៩៩២-១៩៩៣ ៖ តំណាងអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាប្រចាំអង្គការសហប្រជាជាតិជ្រើង តាំងដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា
- ១៩៩៣-២០០៤ ៖ ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ
- ២០០៤ ៖ សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង
សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងខណៈពេលក្លាយទៅជាព្រះរាជសមាជិករបស់ Academie des Inscriptions et belles lettres (AIBL) នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ |
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ព្រះករុណាព្រះមហាវិរក្សត្រ នរោត្តម សីហមុនី បានប្រោសប្រទានតម្លើងព្រះគោរម្យ៍ងារជា ស្តេចក្រុមឃុន ។
នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៣ ព្រះករុណាព្រះមហាវិរក្សត្រ នរោត្តម សីហុ បានប្រោសប្រទានតែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤ ព្រះករុណាព្រះមហាវិរក្សត្រ នរោត្តម សីហុ បានប្រោសប្រទានតម្លើងព្រះគោរម្យ៍ងារជា ព្រះបរមនាថ ។
នៅ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសជាឯកច្ឆន្ទតែង តាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រៅអំពីភាសាជាតិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេះភាសា ៖ បារាំង ឆេក និង ភាសាអង់គ្លេស ។
ព្រះ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទទួលបានគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់មួយចំនួនដូចជា ឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ មហាសេរីវឌ្ឍន៍ ឥស្សរិយយសមុនីសារភ័ណ្ឌថ្នាក់ មហាសេរីវឌ្ឍន៍ Grand Officer De La Legion D'honneur នៃសាធារណរដ្ឋបារាំង និង Medaille D'argent De La Ville De Paris នៃសាធារណរដ្ឋបារាំង ៕
ដកស្រង់ពីវែបសាយត៍ www.norodomsihamoni.org