បើយើងធ្វើដំណើរចូលតាមច្រកខាងកើត ផុតពីដងផ្លូវដែលអមទៅដោយរូបចម្លាក់យក្ស ទាញព្រ័ត្រ ហើយមុន នឹងឆ្លងកាត់ខ្លោងទ្វារចូល គេនឹងបានឃើញរូបចម្លាក់ផ្សេងៗ ពិសេសគឺរូប ចម្លាក់គ្រុឌយ៉ាងច្រើនត្រូវបានឆ្លាក់ ជាប់នៅជញ្ជាំងកំពែងខាងក្រៅ រង់ចាំស្វាគមន៍ភ្ញៀវទេសចរមុន នឹងគេចូលទៅទស្សនានៅបរិវេណនៃតួប្រាសាទខាងក្នុង ។ គ្រាន់តែចូលផុតពីខ្លោងទ្វារចូលបន្តិច នោះយើងនឹងបានឃើញបណ្ណាល័យមួយនៅខាងស្តាំដៃ ដែលបណ្ណាល័យ នោះមានភ្ញៀវទេសចរ ចូលទៅទស្សនាឥតដាច់ ។ ផុតពីបណ្ណាល័យនេះបន្តិច គេនឹងបានទៅដល់បរិវេណនៃតួ ប្រាសាទទាំងមូលនៅខាងមុខប្រាសាទមានភ្ញៀវទេសចរ យ៉ាងច្រើនបាននាំគ្នាឈរគយគន់រូបសម្រស់ប្រាសាទ ផ្នែកខាងក្រៅយ៉ាងជក់ចិត្តក្រៃលែង ។ ក្រៅពីទស្សនានៅផ្នែកខាងក្រៅ និងព្រៃឈើនៅបរិវេណ ខាងក្រៅរួចមក ភ្ញៀវក៏នាំគ្នាចូលទៅទស្សនាតួប្រាសាទនានាភាគខាងក្នុងបន្ត ទៀត ។
នៅខាងក្នុងប្រាសាទព្រះខ័ន គេសង្កេតឃើញមានដើមឈើធំៗយ៉ាងច្រើន បានដុះនៅទីនោះ ដែលដើមឈើ នោះមានប្រហាក់ប្រហែលនឹងប្រាសាទតាព្រហ្ម ដែរ ដែលដើមឈើខ្លះបានដុះជាប់តួប្រាសាទដែលជាទីចាប់ អារម្មណ៍យ៉ាងខ្លាំងហើយដើមឈើខ្លះត្រូវបានគេកាប់ចុងវាចេញ ពីព្រោះដើមវាខ្ពស់ពេកខ្លាចបាក់ ប្រាសាទ ។ នៅតាមប្រាង្គប្រាសាទនីមួយៗ គេសង្កេតឃើញមានភ្ញៀវទេសចរ យ៉ាងច្រើនបាននាំគ្នាគយគន់ក្បាច់ចម្លាក់តាម តួប្រាសាទនីមួយៗដោយមិនប៉ប្រិច ភ្នែកឡើយ ។ ភ្ញៀវខ្លះបាននាំគ្នាថតរូបផ្ទាំងទស្សនីយភាព និង ថតរូបទុកជា អនុស្សាវរីយ៍យ៉ាងផ្ចិតផ្ចង់ទៀតផង ។ នៅចំកណ្តាលតួប្រាសាទខាងក្នុង មាន សង់ចេតិយធ្វើអំពីថ្មម៉្យាងមើលទៅ មានពណ៌ដូចមាសដែលចេតិយនោះត្រូវ បានគេដឹងថា ព្រះបាទជយវរ្ម័នទី ៧ កសាង ដាក់អិដ្ឋធាតុបិតាព្រះអង្គ ។ នៅលើ ចេតិយនោះគេបានឃើញមានស្នាមរលោងស្រិល ដែលនេះជាស្នាមរលោង ដោយដៃអង្អែល របស់ភ្ញៀវទេសចរ ។
លោក ដេវីដ ឆាត ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី បានឱ្យដឹងថា លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលលោកបាន មកទស្សនាប្រាសាទព្រះខ័ន ព្រោះទីនេះវាហាក់បីដូចជាឋានសួគ៌ពិតៗ ហើយ ការទស្សនាប្រាសាទព្រះខ័នបានធ្វើឱ្យដិតនៅក្នុងអារម្មណ៍របស់លោកជានិច្ច ។
ឯកឧត្តម គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាបបានឱ្យដឹងថា ពេល នេះប្រាសាទព្រះខ័នពិតជាមានការ ទាក់ទាញយ៉ាងខ្លាំងមិនចាញ្ញ់ប្រាសាទនានា នៅខេត្តសៀមរាបឡើយ ។ ក្រៅពីការនិយមទស្សនាប្រាសាទអង្គរវត្ត ប្រាសាទ បាយ័នប្រាសាទតាព្រហ្មនោះ ប្រាសាទព្រះខ័នក៏បានក្លាយទៅជាប្រាសាទមួយ កំពុងមានការទាក់ទាញភ្ញៀវទេសចរយ៉ាង ច្រើនណាស់ដែរ ពិសេសភ្ញៀវទេសចរ បរទេស ហើយលោកសង្ឃឹមថា នៅថ្ងៃអនាគតប្រាសាទព្រះខ័ននឹងធ្វើការទាក់ ទាញភ្ញៀវទ្វេឡើងថែមទៀត ។
បើតាមសៀវភៅទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ព្រះខ័ន មានន័យថា ដាវ ។ តាមការស្រាវជ្រាវនៅ ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋយល់ ថា ប្រាសាទព្រះខ័នគឺជាកន្លែងដាក់គ្រឿងសឹក ។ ដូច្នេះព្រះខ័នគឺជាឈ្មោះទំនើប នៅ រក្សាឈ្មោះពីបុរាណ ពោលគឺជ័យស្រីនេះមាន ន័យថា ព្រះខ័ន និង មានន័យម៉្យាងទៀតថា ម្លូ ។ ប្រាសាទព្រះខ័នស្ថិតនៅក្នុង វង់ធំដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃអង្គរធំ ។ ប្រាសាទនេះសាងឡើងនៅ សតវត្សរ៍ទី ១២ ក្នុងឆ្នាំ ១១៩១ ដោយព្រះបាទជយវរ្ម័នទី ៧ ឧទ្ទិសដល់បិតាព្រះ អង្គបានសង់នៅលើផ្ទៃដី ៥៦ ហិកតារ ។ តាមសិលាចារឹកថា ប្រាសាទនេះ សាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជយវរ្ម័នទី ៧ ផ្តួលរំលំពួកចាម ៕
No comments:
Post a Comment