Monday, April 11, 2011

ប្រាសាទភ្នំបាខែងបានជួសជុល ជិតរាល់ជំហានទីពីរ




ភ្ញៀវទេសចរទាំងឡាយ កាលណាគេ បានទៅទស្សនាប្រាសាទនានានៅខេត្ត សៀមរាបហើយមិនបានទៅទស្សនាប្រាសាទ ភ្នំ បាខែងនោះ ហាក់បីដូចជាមិនបាន ទៅទស្សនាទីក្រុងបុរាណដ៏អច្ឆរិយៈមួយ នេះដូច្នោះដែរ ពីព្រោះគេហាក់បីដូចជាមិនបាន ដឹងថាមានអ្វីអស្ចារ្យនៅទីនោះ ។ ប៉ុន្តែអ្វីដែលអ្នកបានទៅដល់ ទីនោះហើយ ក្រៅពីបានឃើញទិដ្ឋភាពដ៏អច្ឆរិយៈរបស់ ប្រាសាទនៅលើកំពូលភ្នំនោះ ពួកគេក៏មានការសោក ស្តាយណាស់ដែរ ដោយឃើញប្រាសាទនៅលើកំពូលភ្នំដ៏ល្អអស្ចារ្យ មួយនេះត្រូវរងការខូចខាត និង បាក់បែក អស់យ៉ាងច្រើនដោយសង្គ្រាម និង ធម្មជាតិនាពេលកន្លងមក ។ ពេលនេះប្រាសាទ ភ្នំបាខែងបានជួសជុលឡើងវិញហើយ ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាមេរិក ។

      ភ្ញៀវដែលទៅទស្សនានៅសៀមរាបអង្គរ មិនថាខ្មែរ ឬ បរទេសឡើយ គេ ច្រើនតែនាំគ្នាទៅទស្សនាប្រាសាទភ្នំ បាខែងនាពេលរសៀលទើបមានន័យ ។ កាលពីពេលមុន ការធ្វើដំណើរឡើងលើកំពូលភ្នំប្រាសាទភ្នំបាខែងត្រូវឡើងតាម ផ្លូវបុរាណចំនួនបី  ទីមួយ ឡើងតាមជណ្តើរពីមុខចំទិសខាងកើត  ទីពីរ ជណ្តើរ ដំរីពីខាងកើត ហើយវាងឡើងពីខាងត្បូង និង ទីបីឡើងពីខាងកើតវាងតាមជម្រាល ភ្នំឡើងប្រាសាទពីខាងជើង ដែលជណ្តើរទាំងនោះរងការខូចខាតស្ទើរតែគ្មាន សល់ ។ ពេលនេះផ្លូវពីខាងកើត និង ជណ្តើរដំរីភាគខាងត្បូងមិនអាចឡើងបាន ទេ ព្រោះគេកំពុងធ្វើការជួសជុល ឯផ្លូវឡើងពីខាង កើតតាមជម្រាលភ្នំខាងជើង ហើយវាងឡើងខាងលិចវិញ ត្រូវបានគេឈូសឆាយក្រាលក្រួសក្រហមយ៉ាងស្អាត សឹងតែបើក រថយន្តដល់ខ្នងភ្នំបានផង ។ ការធ្វើដំណើរតាមផ្លូវដែលទើបឈូស ឆាយថ្មីនេះ គេគ្រាន់តែចំណាយពេលដប់ប្រាំទៅម្ភៃនាទី ប៉ុណ្ណោះជាការស្រេច ។ នៅពេលឡើងដល់កំពូលប្រាសាទភ្នំបាខែង ភ្ញៀវទេសចរនឹងបានឃើញទិដ្ឋភាពដ៏ ស្រស់ត្រកាល ដែលគេមិនអាចរកកន្លែងណាមួយមកប្រដូចទីនេះបានឡើយ ។




      ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរាមានប្រសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកជាអ្នកធ្វើការសិក្សា និង ជួសជុលប្រាសាទភ្នំបាខែងនេះ ឡើងវិញ ជំហានដំបូងគេត្រូវសិក្សារកមូលហេតុអ្វីដែលធ្វើឱ្យថ្មប្រាសាទរលុះ និង ដួលរលំ បន្ទាប់មកគេត្រូវរកវិធានការបន្ទាន់ដើម្បីកុំឱ្យមានការរលេះ និង ដួល រលំបន្តទៀត ដូចជាការទ្រទល់ជាបន្ទាន់ រួច ហើយទើបយើងធ្វើការជួសជុល ។

      បើតាមគម្រោងដែលបានបិទផ្សាយនៅការដ្ឋាននោះបានបង្ហាញថា ជំហាន ទីមួយគេបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៤-២០០៧ ដែលទទួលមូលនិធិក្រសួង ការបរទេសសហរដ្ឋអាមេរិក ៥៥០.០០០ ដុល្លារ ហើយគម្រោងទីពីរចាប់ពីឆ្នាំ  ២០០៨-២០១២  ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិ ៩៧៩.០០០ ដុល្លារ ។

      ទន្ទឹមនឹងនេះ ដោយមានការទ្រទ្រង់ផ្នែកហិរញវត្ថុបន្ថែមពីក្រសួងការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីបន្ត ការអនុវត្ត គម្រោងជំហានទីពីរ ជាដំបូងត្រូវធ្វើការពង្រឹង និង ការងារជួសជុលនៅមុខខាងកើតនៃប្រាសាទភ្នំបាខែង ដោយផ្អែកទៅ លើចំណេះដឹងដែលបានមកពីប្រភពនៃការសិក្សាស្រាវជ្រាវ និង ឯកសារ ហើយនិងបានបញ្ចប់យ៉ាង ពេញលេញនូវ គម្រោងសាកល្បងនៅជ្រុងខាងលិចភាគខាងត្បូង ។ ការងារបន្ទាន់បំផុតនៅប្រាសាទភ្នំបាខែង គឺ ធ្វើការទប់ស្កាត់ល្បឿន នៃការខូចខាតតាមរយៈការធ្វើឱ្យមានលំនឹងនៃសំណង់ប្រាសាទ ការញរកុំឱ្យទឹកជ្រាបចូល ទៅផ្នែកខាងក្នុង និង ការងារ ជួសជុលឡើងវិញនៅកន្លែងដែលបានដួលរលំ និង បាក់ស្រុត ។

      ដោយសារខ្វះការថែទាំអស់រយៈពេលរាប់រយឆ្នាំកន្លងមក ព្រៃឈើបានដុះទន្ទ្រានញសពេញផ្ទៃសំណង់ និង ទឹក ភ្លៀងបានហូរច្រោះក្នុងសំណង់ប្រាសាទ ទើបធ្វើឱ្យថ្មប្រាសាទឃ្លាតចេញពីគ្នា ហើយសំណង់ប្រាសាទមិនអាច ទ្រទម្ងន់របស់វាបានទើបទ្រង់ទ្រាយប្រាសាទត្រូវបានផ្លាស់ប្តូរ ។ ទឹកភ្លៀងដែលហូរច្រោះកន្លងមកជាបុព្វហេតុធ្វើឱ្យ ប្រាសាទដែលនៅតាមជ្រុងនីមួយៗមានសភាពទ្រុឌទ្រោម និង បាក់រលំ ដោយសារគែមខាងក្រៅរបស់វាទ្រ ដោយ ជញ្ជាំងនៃខឿនប្រាសាទ ។

      ដើម្បីពង្រឹង និង អភិរក្សមុខខាងកើតប្រាសាទកណ្តាលនៃភ្នំបាខែង គឺតម្រូវឱ្យរុះរើជញ្ជាំងដែលគ្មានលំនឹង កម្រាល និងប្រាសាទតូចៗ ធ្វើការជួសជុលថ្មដែលបានពុកផុយ ដាក់ជំនួសថ្មបាយក្រៀម និង ថ្មភក់ថ្មីដែលមានប្រភេទ ដូចគ្នា និង ការរៀបចំប្រព័ន្ធបង្ហូរទឹកថ្មីឱ្យបានល្អ ។ ការងារនេះត្រូវអនុវត្តទៅតាមបច្ចេកទេសដើមនៃរចនាសម្ព័ន្ធ សំណង់របស់ប្រាសាទ រួមទាំងការប្រើប្រាស់សម្ភារៈ និង រចនាសម្ព័ន្ធបែបបុរាណ ។ ការសាងសង់ឡើងវិញនូវ សំណង់ប្រាសាទ និង ការរៀបចំ ប្រព័ន្ធទឹកឱ្យមានសភាពដូចដើម គឺដើម្បីការញរទៅថ្ងៃអនាគត ។

      ភ្ញៀវទេសចរមិនថាខ្មែរ ឬ បរទេសឡើយ ក្រោយពីនាំគ្នាទស្សនាតាមប្រាសាទនានារួចហើយ ដល់វេលា ម៉ោងបី ឬ បួនរសៀលនោះ គេបាននាំគ្នាសម្រុកឡើងលើកំពូលភ្នំបាខែងដើម្បីទៅទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៅទី នោះ ។ នៅពេលដែល យើងទៅដល់កំពូលភ្នំប្រាសាទភ្នំបាខែង ហើយសម្លឹងចុះមកក្រោម យើងនឹងបានឃើញនូវ ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃ ប្រាង្គប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង ប្រាសាទដទៃទៀត ប្រៀបដូចជាឋានសួគ៌ា ពិតៗដែលអាទិទេពប្រតិស្ថានទុក សម្រាប់ប្រទេសខ្មែរយើង ។ បើយើងសម្លឹងទៅខាងលិចវិញ យើងនឹងបានឃើញ ទីក្រុងសៀមរាបដែលរំលេចទៅ ដោយសណ្ឋាគារខ្ពស់ៗ និង ភូមិគ្រឹះ ដែលមានផ្លូវរត់ខ្វាត់ខ្វែង លម្អទៅដោយរុក្ខជាតិ ពណ៌បៃតងគួរឱ្យចង់គយគន់ក្រៃលែង ។ ចំណុចសំខាន់ដែលភ្ញៀវទេសចរឡើងមកលើកំពូលភ្នំនៃប្រាសាទភ្នំបាខែង នោះ គឺការចង់ទស្សនាព្រះសុរិយាអស្តង្គត នៅទីនេះតែម្តង។ ការទស្សនាព្រះសុរិយាអស្តង្គតនៅទីនោះវាខុស គ្នាស្រឡះពីការទស្សនានៅកន្លែងផ្សេង ដែលមើលទៅ ហាក់បីដូចជាព្រះទិនករលិចបន្តិចម្តងៗបាត់ស្រមោលចូល ទៅក្នុងព្រះធរណី ប៉ុន្តែបើយើងឈរមើលព្រះទិនករជិតអស្តង្គត នៅលើប្រាសាទភ្នំបាខែងវិញ យើងមើលទៅហាក់បី ដូចជាព្រះអង្គដកខ្លួនថយទៅឯនាយជើងមេឃបន្តិចម្តងៗរហូតបាត់ ស្រមោលសូន្យសុងតែម្តង ហើយពន្លឺព្រះចន្ទ្រាក៏  បានមកជំនួសព្រះអង្គវិញម្តង ។

      បើតាមសៀវភៅទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានសរសេរថា ប្រាសាទភ្នំបាខែងជាប្រាសាទមួយ ស្ថិតនៅ លើកំពូលភ្នំធម្មជាតិ មានកម្ពស់ហុកសិបប្រាំម៉ែត្រ ដែលគេចាត់ទុកថាជាប្រាសាទភ្នំមានតួប៉មប្រាំខ្វែងគ្នា និង មានប្រាំថ្នាក់ ស្ថិតនៅខាងឆ្វេងដៃផ្លូវទៅអង្គរធំ ។ ប្រាសាទនេះសាងឡើងនៅចុងសតវត្សរ៍ទីប្រាំបួន និង ដើម សតវត្សរ៍ទីដប់ នៅក្នុងរាជ្យព្រះបាទយសោវរ្ម័នទីមួយ ( ៨៨៩ - ៩១០ ) ដែលគោរពព្រហ្មញសាសនា ។ ប្រាសាទ នេះមាន ១០៩ កំពូល និងមានកម្ពស់ ៤៥ ម៉ែត្រ តំណាងឱ្យភ្នំព្រះសុមេរុ ។ ប្រាសាទភ្នំបាខែងមាន ៧ ជាន់ គឺជាន់ ក្រោម ថ្នាក់ទាំង ៥ និង ជាន់លើ ដែលតំណាង ឱ្យឋានសួគ៌ទាំង ៧ ជាន់របស់ព្រះឥន្ទ្រនៅក្នុង ទេវកថារបស់ព្រហ្មញសាសនា ។ ប្រាសាទ នេះពិតជា មានលក្ខណៈពិសេសដោយសារតែ ប្រាង្គទាំង ១០៨ មានលក្ខណៈតម្រៀបស្មើៗ គ្នា  គឺ ១២ ប្រាង្គនៅតាមថ្នាក់នីមួយៗទាំង ៥ , ៤៤ ប្រាង្គនៅជាន់ក្រោម , ៤ ប្រាង្គ និង ប្រាង្គ ធំមួយនៅជាន់លើ ។ សព្វថ្ងៃនេះប្រាង្គមួយ ចំនួនធំត្រូវបានដួលរលំ ៕

No comments:

Post a Comment