អ្នកស្រុកអ្នកភូមិក្បែរៗនោះមួយចំនួនស្គាល់ច្បាស់ដោយសារការធ្លាប់ទៅងូតទឹកកម្សាន្តនៅជ្រោះជ្រៃដែលខែវស្សា ទឹកហូរធ្លាក់ពីលើភ្នំយ៉ាងច្រើនគួរជាទីចាប់អារម្មណ៍ និង សប្បាយរីករាយ ។ ប៉ុន្តែមកដល់ពេលនេះគេអាចទៅលេងកម្សាន្ត ឬ គោរពសក្ការៈតាមជំនឿរបស់ពួកគេបានគ្រប់ពេល និង គ្រប់រដូវ ព្រោះក្រៅពីមានកន្លែងបួងសួងបន់ស្រន់ជាច្រើនកន្លែង ក៏មានកន្លែងកម្សានអះអាងមើលទេសភាពងូតទឹកជ្រោះ ពិសេសអ្នកដែលចូលចិត្តគ្រឿងអលង្ការគឺអាចដើរ ស្វែងរកថ្មប្រភេទម៉្យាងនៅតាមជ្រលងទឹកជ្រោះហូរធ្លាក់ពីលើភ្នំ ដើម្បីយកទៅកែច្នៃធ្វើជាត្បូងបន្តោងខ្សែ-ក, ត្បូងបន្តោងខ្សែដៃ, ត្បូងចិញ្ចៀន ដែលមានពណ៌ចាំងភ្លឺផ្លេកបីដូចត្បូងពេជ្រ ហើយអ្នកដែលបានពាក់ត្បូងថ្មភ្នំនោះគេជំនឿថាមានភាព ត្រជាក់ត្រជំក្នុងរង្វង់គ្រួសារគេ និង ខ្លួនគេផ្ទាល់ផង ។
ភ្នំគិរីវង្កត ឬ ភ្នំគុហារចារ ហៅគុហាចិន ស្ថិតនៅក្នុងភូមិជ្រាយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ នៅទីនោះ មានភាពស្ងប់ស្ងាត់ល្អដោយស្ថិតនៅជើងភ្នំហើយតាមផ្លូវចូលទៅសម្បូរដោយចម្ការដើមស្វាយរបស់អ្នកស្រុកជាហូរហែ ទាល់តែទៅដល់ទើបឃើញមានជាសាលាសំណាក់មួយធំល្មម និង មានតម្កល់ព្រះពុទ្ធប្បដិមានៅទីនោះផង ។ ភ្ញៀវត្រូវទុករថយន្ត ឬ ម៉ូតូនៅក្បែរជើងភ្នំ រួចទើបបន្តដំណើរដោយថ្មើជើងឡើងតាមជណ្តើរដែលគេទើបកសាងកាលពីប៉ុន្មានឆ្នាំមុនដែលមិនទាន់ជា ល្អប៉ុន្មានឡើយ គឺនៅរក្សាសភាពដើមតាមបែបធម្មជាតិច្រើនជាង ។
ចេញពីកន្លែងអាស្រមព្រះមុនីឥសី គេត្រូវធ្វើដំណើរតាមកន្លៀតថ្មទៅលើទៀត និង ឃើញរូបព្រពុទ្ធប្រក់នាគនៅ ក្រោមដើមជ្រៃដែលមានថ្មដុះលយចេញមកបង្កើតបានជាល្អាង និង រូងមួយធំបង្គួរ ។ ទីនោះមានឈ្មោះថា “គុហាវិន័យ” ហើយអ្វីដែលជាការចម្លែកគឺមានថ្មមួយដុំធំពេលគេគោះវាលាន់សូរដូចជួង ប៉ុន្តែបើគេគោះថ្មផ្សេងទៀតក្រៅពុំដុំថ្មមួយ ដុំនេះពុំមានឮសូរអ្វីក្រៅតែពីលាន់ប៊ុកៗប៉ុណ្ណោះ ។
ទីនេះក៏ជាទីសក្ការៈ និង គេតែងចាត់ទុកថាមានបារមីពូកែដោយកំណត់ថាជាទីកន្លែងសំខាន់សម្រាប់មនុស្សទៀង ត្រង់ទើបហៅជា“គុហាវិន័យ” យ៉ាងដូច្នេះ ។
នៅពីមុខ និង ស្ថិតនៅលើកំពូលភ្នំគេឃើញមានផ្ទាំងថ្មីដ៏ធំដែលមានរូបរាងដូចសំពៅបេះបិទគឺមានថ្មលយទៅមុខ រាងជាក្បាលសំពៅនិង នៅពីលើមានផ្ទាំងថ្មធំសម្បើមមើលទៅបីដូចជាក្តោងសំពៅ ។ ទីនោះត្រូវបានគេហៅថា “សំពៅត្រៃលក្ខណ៍” ។ អ្នកខ្លះបាននិយាយថា តាមរឿងព្រេងតំណាលថា នេះគឺជាសំពៅរបស់ស្តេចដែល កឿងនៅត្រង់នោះ ក្រោយមកក៏ក្លាយជាថ្មដូច្នេះទៅ ។
នៅខាងក្រោមថ្មដែលគេហៅថាសំពៅត្រៃលក្ខណ៍គឺជាគុហាចារ ឬ គុហាចិន មុនចូលទៅកាន់ទីនោះត្រូវគេចូល តាមរូងមួយទើបដល់ ។ ទីនោះមានធ្លាស្រឡះល្មម ព្រមទាំងមានតម្កល់ព្រះពុទ្ធប្បដិមាជាច្រើនផង ។ បានជាគេហៅគុហាចិន ព្រោះកាលពីដើមមានបុរសចិនម្នាក់បានមករៀបចំកសាងទីកន្លែងសក្ការៈនៅត្រង់កន្លែងនេះ ហើយតាមរូងថ្មគឺពីដើម ក៏មានចាស់ៗមកសំងំធ្វើធម៌សមាធិផងដែរ ។
នៅលើកំពូលភ្នំវិញគឺមានព្រះពុទ្ធប្បដិមាមួយអង្គធំដែលកំពុងត្រូវបានរៀបចំដំណើរការកសាងមិនទាន់រួចរាល់ សព្វគ្រប់នៅឡើយ ។
បងស្រី សឹង វណ្ណា ជាអ្នកនៅថែទាំទីកន្លែងទាំងនោះបានរៀបរាប់ឱ្យដឹងថា ភ្នំគិរីវង្កត ឬ ភ្នំគុហារចារ ឬ គុហាចិន ថ្វីបើទើបរៀបចំបាន២ ទៅ ៣ ឆ្នាំក្តី ក៏មានភ្ញៀវមួយចំនួនគេបានដឹង បានស្គាល់ នាំគ្នាមកកាន់ទីនេះជាហូរហែរ ក្នុងនោះមានអ្នកភ្នំពេញ អ្នកខេត្តកណ្តាល...ពិសេសពីខាងស្រុកស្អាង ស្រុកកោះធំ នាំគ្នាមកទាំងរថយន្តៗ ព្រោះតែយល់ថា ទីនេះអំណោយផលច្រើនយ៉ាង គឺក្រៅពីជាទីមនោរម្យមានទេសភាពបរិយាកាសល្អ គឺជាទីកន្លែងសម្រាប់គោរពសក្ការៈ និង លើសពីនោះមានកន្លែងងូតទឹកកម្សាន្តសប្បាយជាមួយទឹកជ្រោះផង ។
ជ្រោះ “ជ្រៃ” បើនៅរដូវវស្សាសំខាន់ពេលបុណ្យភ្ជុំបិណ្ឌតែងមានភ្ញៀវពីទីជិតឆ្ងាយនាំគ្នាទៅងូតទឹកកម្សាន្តសប្បាយ នៅទីនោះយ៉ាងច្រើន ។ នៅរដូវប្រាំង ទឹកជ្រោះហូរធ្លាក់ចុះមកតិចតួច ប៉ុន្តែក៏អំណោយផលផងដែរដល់អ្នកដែលដឹង និង ស្គាល់ថ្មភ្នំប្រភេទម៉្យាងសម្រាប់យកទៅកែច្នៃធ្វើជាគ្រឿងអលង្ការ មានដូចជា ត្បូងបន្តោងខ្សែ-ក, ខ្សែដៃ, ចិញ្ចៀន... ព្រោះថ្មនោះខែវស្សាទឹកហូរធ្លាក់ពីលើកំពូលភ្នំបានហូរនាំមកជាមួយដែរ ទើបនៅរដូវប្រាំងគេដើរមើលតាមជ្រលង ជ្រោះដែលមានទឹករាក់ៗ កាយចុះឡើងខ្លះក៏ឃើញខ្លះក៏មិនឃើញ ។ ពេលរើសបានថ្មនោះ ទាល់តែយកទៅកែច្នៃទៀត ទើបដឹងថា ល្អពណ៌សថ្លាចាំងពន្លឺដូចពេជ្រភ្ញៀវមួយចំនួនចង់បានយកមកពាក់ដោយជឿថា នឹងផ្តល់នូវភាពត្រជាក់ត្រជំដល់គេ ។
នៅភ្នំគិរីវង្កត ឬ គុហាចារ ឬ គុហាចិន ភ្ញៀវតែងចង់បានប្រទាលប្រភេទម៉្យាងមានឈ្មោះថា “ថ្នាំ ១០០ គុណ” ឬ “កណ្តឹងសាមពាន់” ដែលដុះច្រើននៅទីនោះ ប៉ុន្តែមានដុះតែក្នុងរដូវវស្សាទេមួយឆ្នាំដុះតែម្តងប៉ុណ្ណោះ ទើបចាត់ទុកកម្រ ហើយប្រទាលប្រភេទនេះគេហាលឱ្យស្ងួតទុកដាំទឹកផឹកមានរសជាតិឈ្ងុយឆ្ងាញ្ញ់ជាងតែទៅទៀត និង មានគុណភាពក្នុងការលើក កម្ពស់សុខភាពអ្នកហូបទៀតផង ។
អ្នកស្រុកគិរីវង្កតនិយមដើររកដកប្រទាលនេះនារដូវវស្សាយកមកហាលឱ្យស្ងួតទុកគ្រាន់ដាំទឹកផឹកប្រចាំថ្ងៃ ទម្រាំដល់ពេលមានដុះប្រទាលនេះនាឆ្នាំក្រោយទៀត ៕
No comments:
Post a Comment