Tuesday, April 5, 2011

វិធីការពារមហារីក

សរសេរដោយ ភ្នំពេញដេលីញូវ
ពុធ, 29 ធ្នូ 2010

ជំងឺមហារីក ត្រូវបានចាត់ទុកថា ជាសុបិនអាក្រក់ របស់មនុស្សជុំវិញ ពិភពលោក ពីព្រោះ វាមិនគ្រាន់តែ បង្កការឈឺចាប់ ខាងរូបរាងកាយ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បាន ជះឥទ្ធិពល ដល់ផ្លូវចិត្ត របស់អ្នកជំងឺ ទៀតផង ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រសិន បើបានធ្វើ ការត្រួតពិនិត្យ រកឃើញតាំងពី ដំណាក់កាល ដំបូងៗ នោះ អាចព្យាបាល ឱ្យជាដាច់ ។ ម៉្យាងវិញទៀត ការរស់នៅ ប្រចាំថ្ងៃឱ្យបាន ត្រឹមត្រូវក៏ធ្វើឱ្យ យើងឃ្លាតឆ្ងាយពី ជំងឺកំណាចនេះ បានដែរ ។ ដូច្នេះ ដើម្បីបញ្ចៀសមហារីក ដ៏កំណាច កុំឱ្យវាមក គំរាមកំហែង ជីវិត សូមធ្វើតាម វិធីការពារ មហារីកទាំង ៩ យ៉ាង ដូចខាងក្រោម
១-ប្រាប់អំពីប្រវត្តិ របស់សមាជិក ក្នុងគ្រួសារដែល កើតមហារីក ប្រសិនបើមាន
កុំភ្លេចនិយាយប្រាប់ គ្រូពេទ្យរាល់លើក នៅពេល ដែលចូលទៅពិនិត្យ រាងកាយ ឬ ទៅព្យាបាល ពីព្រោះ វាជួយឱ្យគ្រូពេទ្យ អាចធ្វើរោគវិនិច្ឆ័យ អំពីអាការ ឬ រោគសញ្ញាផ្សេងៗ បានច្បាស់ ។
២-កែសម្រួល ការទទួលទាន
អ្នកគួរតែទទួលទាន អាហារមានប្រយោជន៍ ឱ្យបានចម្រុះមុខ ដូចជា អាហារខ្លាញ្ញ់ទាប អាហារ កាកសរសៃខ្ពស់ បន្លែ និង ផ្លែឈើនានា គឺសុទ្ធតែ ជួយកាត់បន្ថយ ដំណើរប្រឈមនៃ ជំងឺមហារីក ប្រភេទ ខ្លះបាន ជាពិសេសវីតាមីន A វីតាមីន C វីតាមីន E និង បេតាខារ៉ូទីន ។
៣-សម្រកទម្ងន់ចេញខ្លះ
ភាពធាត់គឺជា មូលហេតុចម្បងមួយ ដែលបង្កឱ្យកើត មហារីក ដូចជា មហារីកស្បូន មហារីកសុដន់ មហារីកពោះវៀន និង មហារីក ក្រពេញប្រូស្តាត ជាដើម ។
៤-បន្ថយ ឬ ឈប់ផឹកភេសជ្ជៈ ដែលមាន ជាតិអាល់កុល
ជាតិអាល់កុល ធ្វើឱ្យកើតមហារីក ។ ដូច្នេះ ដើម្បីការពារ ការប្រឈមនេះ អ្នកគួរតែឈប់ផឹក ឬ ព្យាយាមកាត់ បន្ថយបរិមាណឱ្យ នៅតិចបំផុត ពោលគឺ មិនត្រូវផឹកលើសពី ៤ កែវ ក្នុងមួយសប្តាហ៍ ។
៥-ផ្តាច់បារី
ថ្នាំជក់គឺជា មូលហេតុនៃជំងឺ មហារីកសួត ហើយវាកាន់តែ បង្កើនការប្រឈម ចំពោះជំងឺ មហារីកបំពង់ សំឡេង មហារីក ក្រអូមមាត់ មហារីក បំពង់អាហារ ក្រពះ តម្រងនោម លំពែង ជាដើម ។
៦-ការពារស្បែកពីកម្តៅថ្ងៃ
ប្រើក្រែមការពារ កម្តៅថ្ងៃ SPF25 ឡើងទៅ ហើយគួរតែចៀសវាង កម្តៅថ្ងៃនៅចន្លោះ ម៉ោង ១០.០០-១៥.០០ ដោយសារតែក្នុង អំឡុងពេលនេះ កម្តៅថ្ងៃឡើងខ្លាំង ដែលបង្កផល ប៉ះពាល់ដល់ស្បែក ។
៧-ប្រយ័ត្នវាត្រឡប់ មកកើតម្តងទៀត
ប្រសិនបើអ្នកធ្លាប់ កើតមហារីក មិនចំពោះថា មហារីក ប្រភេទណាមួយទេ អ្នកក៏នឹងមានឱកាស កើតឡើងវិញ បានខ្ពស់ជាង មនុស្សធម្មតា ។ ដូច្នេះ ត្រូវមានការថែទាំ សុខភាពឱ្យបាន ហ្មត់ចត់ ជាពិសេស ការរស់នៅ ប្រចាំថ្ងៃ ចំណីអាហារ រួមទាំងផ្លូវ ចិត្ត ត្រូវស្រឡះល្អ ជានិច្ច ។
៨-ហាត់ប្រាណ ឱ្យបានជាប្រចាំ
លំហាត់ប្រាណ ជួយកាត់បន្ថយ ការប្រឈមនឹង មហារីក ហើយជួយឱ្យប្រព័ន្ធ ការពាររាងកាយ ដំណើរការ កាន់តែមានប្រសិទ្ធភាព ខ្លាំងឡើង ។ ប្រសិនបើ អ្នកហាត់ប្រាណ ឱ្យបាន ៥ ថ្ងៃ ក្នុងមួយសប្តាហ៍ គឺជាការប្រសើរបំផុត ។
៩-ត្រូវសង្កេតដំណើរ ខុសប្រក្រតីនៃ រាងកាយឱ្យបាន ជាប់ជាប្រចាំ
ចាំសង្កេត និង ត្រួតពិនិត្យដំណើរខុសប្រក្រតី នៃរាងកាយខ្លួនឯងឱ្យបានជាប្រចាំ ហើយត្រូវពិនិត្យ សុខភាពរាល់ឆ្នាំ ៕

No comments:

Post a Comment