នៅលើទីទួលបុរាណដ៏ធំមួយដែលមានចម្ងាយពីភូមិ ប្រហែលពីររយម៉ែត្រត្រូវបានអ្នកស្រុកនៅទីនោះហៅថា “ទួលព្រះធាតុ” មានប្រាសាទមួយត្រូវបានគេកសាង នៅលើទីទួលនោះ ប៉ុន្តែផ្នែកខាងលើនៃប្រាសាទ ត្រូវបាក់បែកខ្ទេចខ្ទីអស់ ។ តាមអ្នក ជំនាញផ្នែកវប្បធម៌និយាយថាប្រាសាទចាស់បុរាណដែលកសាងនៅលើ ទួលព្រះធាតុនោះ វាជាប់ទាក់ទងនឹងការកសាងទីក្រុង កាលពីសម័យបុរាណរាប់រយឆ្នាំមុន ហើយក៏ជាទីកន្លែង មួយដែលព្រះបាទ ពញាយ៉ាត បានប្រមូលផ្តុំកងទ័ពជា លើកដំបូងនៅទីនោះ ដើម្បីវាយរំដោះយករាជធានី អង្គរពីសៀមមកវិញ ។
ទីទួលព្រះធាតុនេះត្រូវបានអ្នកស្រុកនៅក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ មានជំនឿ ហើយចាត់ទុកជាទីកន្លែងគោរព សក្ការៈមួយ ។ លោក ជា លន់ ប្រធាន ការិយាល័យវប្បធម៌ស្រុកស្រីសន្ធរមានប្រសាសន៍ថា តាមការសន្និដ្ឋាន ការកសាង ប្រាសាទនៅលើទីទួលព្រះធាតុនេះគឺនៅក្នុងសម័យកាលព្រះបាទពញាយ៉ាត ផ្នែកខាងលើនៃតួប្រាសាទត្រូវបានគេវាយ បាក់បែកអស់ទៅហើយកាលណោះមានកងទ័ពម៉ុងហ្គោលី បន្ទាប់មកកងទ័ពសៀម បានចូលមកលុកលុយនៅទីនេះ ។ កន្លែងទួលព្រះធាតុនេះជាកន្លែងកងទ័ព គឺនៅក្នុងរង្វង់អតីតរាជធានីទួលបាសាន ហេតុអ្វីបានជាយើងចាត់ទុកថា កន្លែងនោះអតីតជារាជធានីបុរាណ ? ពីព្រោះមាន ព័ស្តុតាងជាច្រើនដែលបញ្ជាក់ឱ្យឃើញថា នៅត្រង់កន្លែងនេះពិតជាអតីតរាជធានី ពិតមែនដោយនៅក្បែរទីទួលនោះផ្នែកខាងជើងមានទួលឧកញ៉ា តន ។ នៅមិន ឆ្ងាយពីនោះប៉ុន្មានមានទួលឧកញ៉ា ភក្តី នៅផ្នែកខាងក្រោយទួលព្រះធាតុចម្ងាយ ប្រហែល ៥០០ ម៉ែត្រ មានទួលបុរាណមួយគេហៅថាទួលបាសាន ។ នៅខាង មុខទួលព្រះធាតុនេះមានស្លាកស្នាមទន្លេអុំ ដែលមានឈ្មោះថា ទន្លេអុំបុរស និង ទន្លេអុំស្ត្រី ហើយនៅចំកណ្តាលមានវាលមួយ ជាវេទិកាសម្រាប់ស្តេចគង់ទត។ បន្ទាប់ពីទន្លេអុំនោះទៅ មានវាលប្រណាំងសេះដែលមាននៅស្លាកស្នាមជា លំអានៗ ។ នៅតាម ស្រែជុំវិញទួលព្រះធាតុនោះនៅពេលដែលអ្នកស្រុកធ្វើ ការភ្ជួររាស់ដីស្រែ ពួកគាត់បានប្រទះឃើញបំណែកនៃបំពង់លូបង្ហូរទឹក ។ នៅ ក្បែរទួលព្រះធាតុនោះមានទួលមួយដែលមានលក្ខណៈជាកន្លែងឡឥដ្ឋបុរាណខ្នាត ធំមួយ នៅផ្នែកខាងមុខឆៀងខាងជើងនៃទួល ព្រះធាតុនោះមានស្រះទឹកធំមួយបាន បន្សល់ទុកតាំងពីសម័យព្រះបាទ ពញាយ៉ាតមកម៉្លេះ ។ ទាំងអស់នេះជាសក្ខីភាព បញ្ជាក់ថាជារាជធានីបុរាណ ។
No comments:
Post a Comment