ប្រាសាទព្រះវិហារ ជាទីសក្ការៈ ជាស្នាដៃឯករបស់ខ្មែរ និងជាបេតិកភណ្ឌពិភព លោក» ត្រូវបានលើកយកមកធ្វើជាប្រធានបទ នៃការប្រារព្ធទិវាវប្បធម៌ ជាតិថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១០ខាងមុខនេះ ។នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១០ ខាងមុខនេះ ទិវាវប្បធម៌ជាតិលើកទី១២នឹងត្រូវប្រារព្ធធ្វើឡើង ក្រោមប្រធានបទ«ប្រាសាទ ព្រះវិហារជាទីសក្ការៈ ជាស្នាដៃឯករបស់ខ្មែរ និងជាបេតិកភណ្ឌពិភពលោក» ។
ទិវាវប្ប ធម៌ជាតិថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១០ ប្រារព្ធធ្វើឡើងមានគោលបំណងរំលេចនូវតំលៃដ៏ឧត្ដុងឧត្ដម របស់វប្បធម៌ខ្មែរ ដែលជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពនៃការឯកភាពជាតិ និងជាគ្រឹះ សំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព ហើយតម្លៃនោះ បង្ហាញឡើងតាមរយៈវប្បធម៌ រូបី គឺប្រាសាទព្រះវិហារ និងវប្បធម៌អរូបី គឺផ្នែកសិល្បៈនាដកម្មល្ខោនខ្មែរ និងបង្កើនមនសិការស្នេហាសម្បត្តិ វប្បធម៌ជាតិរបស់ប្រជាជនខ្មែរ និងបង្កើនការជួយគាំទ្រពីសំណាក់អន្តរជាតិ ចំពោះ ប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ខ្មែរ ក៏ដូចជាដើម្បីលើក ទឹកចិត្តប្រជាជនទាំងមូលប្ដេជ្ញារួមគ្នា ការ ពារ អភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ។
ប្រាសាទព្រះវិហារបានសាងសង់ឡើង ដោយព្រះមហាក្សត្រខ្មែរ ច្រើនរជ្ជកាល តាំងពីសតវត្សទី៩ រហូតដល់សតវត្សទី១២ គឺព្រះ បាទយសោវរ្ម័នទី១ ជ័យវរ្ម័នទី៤ រាជេន្រ្ទវរ្ម័ន ជ័យវរ្ម័នទី៥ សុរិយាវរ្ម័នទី១ ឧទ័យាទិត្យវរ្ម័នទី២ ជ័យវរ្ម័នទី៦ និងព្រះបាទសុរិយាវរ្ម័នទី២។ ក្នុងចំណោមព្រះមហាក្សត្រខ្មែរដែលបានសាងសង់ខាងលើ មានព្រះមហាក្សត្រខ្មែរ៣ព្រះអង្គ មានស្នាព្រះហស្ថច្រើនជាងគេ គឺព្រះបាទយសោវរ្ម័នទី១ ព្រះបាទសុរិយាវរ្ម័នទី១ និងព្រះបាទសុរិយា វរ្ម័នទី២ ហើយចំណោមព្រះមហាក្សត្រទាំង៣ព្រះអង្គនោះទៀត គឺព្រះបាទសុរិយាវរ្ម័នទី១ ព្រះអង្គ បានសាងសង់ច្រើនជាងគេបង្អស់។ លោកបានបន្តថា ប្រាសាទព្រះវិហារជាទីសក្ការៈរបស់ខ្មែរ កសាងឡើងលើកំពូលភ្នំដងរែក ជាទីកន្លែងពិសិដ្ឋអស្ចារ្យសំរាប់ឧទ្ទិសថ្វាយចំពោះព្រះអាទិទេព នៃ លទ្ធិព្រហ្មញ្ញសាសនា សំខាន់ជាងគេ គឺព្រះសិវៈ ដែលមានឈ្មោះថា «ស្រីសិខារេស្វរៈ» ជាព្រះអាទិ ទេពនៃកំពូលភ្នំ។ ហេតុនេះហើយទើបព្រះមហាក្សត្រខ្មែរ មន្ត្រី និងប្រជាជនខ្មែរមានជំនឿគោរពបូជាចំពោះប្រាសាទភ្នំនេះ តាំងពីសម័យអង្គររហូតដល់បច្ចុប្បន្ន៕
No comments:
Post a Comment