ក្នុងរជ្ជកាលរបស់ព្រះអង្គមានព្រះរាជគ្រូជាងមួយពាន់នាក់ ដូច្នេះប្រាសាទនេះ អាចមានប្រើជាមហាវិទ្យាល័យនៃ ព្រះពុទ្ធសាសនាក៏ថាបាន ដូចគ្នានឹងប្រាសាទ តាព្រហ្មដែលជាប្រាសាទកសាងជាវត្តក្នុងព្រះពុទ្ធសាសនាដូចគ្នាដែរ ។
បរិវេណដែលសម្រាប់ការកសាងប្រាសាទ ព្រះខ័ន ត្រូវបានគេហៅឈ្មោះថា ជាសមុទ្រឈាម ព្រោះក្នុងបរិវេណ នេះធ្លាប់ជាសមរភូមិប្រយុទ្ធរវាងពួកខ្មែរដើមជា មួយនិងពួកចាម ។ ចម្បាំងកាលនោះខ្មែរបានឈ្នះចាម ដូច្នេះហើយ បានជាគេហៅ ប្រាសាទនេះថា «ប្រាសាទជ័យសិរី» ដើម្បីទុកជាទីកន្លែងអនុស្សាវរីយ៍របស់ព្រះអង្គ ដែលមាននៅក្នុង សិលាចារិកនៃប្រាសាទព្រះខ័ន ។ ក្រោយមកក៏បានប្តូរឈ្មោះជា ប្រាសាទព្រះខ័ន ដែលមានន័យសំដៅ ទៅលើ ពន្លឺដាវ ដែលធ្វើឲព្រះបាទជយវរ្ម័នទី៧ យកឈ្នះខ្មាំងសត្រូវបាន ។
ព្រះបាទជយវរ្ម័នទី៧ ទ្រង់បានកសាងប្រាសាទព្រះខ័ននេះឡើងដើម្បីឧន្ទិស ដល់ព្រះរាជបិតាដោយ ព្រះអង្គបាន កសាងក្រោយពីទ្រង់បានសង់ប្រាសាទតាព្រហ្ម ហើយ ៥ឆ្នាំ ដែលប្រាសាទតាព្រហ្មនេះកសាង ឡើងដើម្បី ឧទ្ទិសដល់ព្រះរាជមាតា ។
តើប្រាសាទព្រះខ័នមានអ្វីទស្សនាខ្លះ ?
សសរជើងរៀង ផ្លូវចូលប្រាសាទទាំងទិសខាងលិច និងទិសខាងកើតនៃប្រាសាទ ព្រះខ័នត្រើយទាំងពីរ មានសសរ ជើងរៀងជាជួរវែងចម្ងាយផ្លូវប្រហែលជា ៣០០ម៉ែត្រ ។
រូបចម្លាក់សត្វគ្រុឌនៅកំពែង កំពែងផ្លូវចូលប្រាសាទមានចម្លាក់ដ៏ស្អាតវិចិត្រ ដូចជារូបចម្លាក់ផុសជារូបគ្រុឌ កម្ពស់ស្មើតួកំពែងថ្មបាយគ្រៀម ប្រមាណជា៣ម៉ែត្រ ។ គ្រុឌបានយកដៃទាំងពីរចាប់ កន្ទុយនាគ ចំណែកឯជើង របស់គ្រុឌទាំងសងខាងក៏ចាប់ដងខ្លួនរបស់នាគ ។ ចម្លាក់នេះអាចមើលឃើញនៅផ្នែកខាងគោបុរៈនៅត្រង់កំពែងប្រាសាទទាំង៤ទិស ។
ដើមឈើធំ ៗ នៅ គោបុរៈទិសខាងកើតនៃរបៀង មានឫសដើមឈើធំៗដុះ គ្របដណ្តប់តាំងពីដំបូលនៃរបៀង ។ ឫសរបស់វានឹងចាក់ស្រេះមកកាន់សសរថ្មកន្លោង មុននឹងចាក់ទៅដី ។ដើមវាមានកម្ពស់ជាង២០ ម៉ែត្រ បែកមែកសាខា បែកខ្នែងចេញពាសពេញ ជាកន្លែង ពេញនិយមថតរូបរបស់ អ្នកទេសចរ មើលទៅស្រដៀងនិងប្រាសាទតាព្រហ្ម ។
អគាររ៉ូមុំាងកាតូលិក បន្ទាប់ពីផ្នែកខាងឆ្វេងនៃគោបុរៈខាងកើតមានអគា ពីរជាន់ដែលមានសសរ ទាំងអស់ជា សសរមូលស្រដៀងពួក រ៉ូមុំាង ។ កម្ពស់នៃសសរ នេះប្រហែលជា៣ម៉ែត្រ ទាំងជាន់លើ និងជាន់ក្រោម គេមិនអាចធ្វើ ការសន្និដ្ឋាន បានថា កសាងឡើងដើម្បីអ្វីឡើយ ។
រូបចម្លាក់ផ្សេងៗនៅហោជាង និងផ្តែរ សុទ្ធតែមានទំនាក់ទំនងនិងសាសនាហិណ្ឌូ ដូច ជារូប ចម្លាក់ព្រះ នរាយណ៍ផ្ទំសិន្ធុ រូបកូរសមុទ្រទឹកដោះ រូបចម្បាំងគ្នារវាងទ័ពស្វា និងយក្ស ។ ចំណែក ឯទេពអប្សរតាមស៊ុមទ្វារ និងកំពែងខាងក្នុងក៏មានឲទស្សនាទូ ទៅ ។ ចំណែកឯរូបចម្លាក់ដែលជាគតិធម៌ខាងពុទ្ធសាសនាវិញ ត្រូវបានដាប់យក ឬ កេះបកចេញភាគច្រើន ។
ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយ
១. ប្រាសាទបាយ័ន
២. ប្រាសាទតាព្រហ្ម
៣. ប្រាសាទបន្ទាយក្តី
៤. ប្រាសាទនាគព័ន្ធឮ
៥. ប្រាសាទតាសោម
៦. ស្រះស្រង់
៧. បា្រសាទតាណី
៨. ប្រាសាទតាព្រហ្មកិល
៩. ប្រាសាទបន្ទាយឆ្មារ
No comments:
Post a Comment