Tuesday, April 12, 2011

ទស្សនាប្រាសាទបេងមាលា

      













កាលពីឆ្នាំ ១០ ឆ្នាំមុននេះ ពុំមានភ្ញៀវ ទេសចរណាម្នាក់បានទៅដល់ទីបរិវេណ ប្រាសាទបេងមាលាឡើយ ពីព្រោះ ពុំមានផ្លូវធ្វើដំណើរអាចទៅដល់បានដោយ ងាយស្រួលគឺមានតែផ្លូវរទេះ និង ថ្មើជើងប៉ុណ្ណោះ ។ ប៉ុន្តែក្រោយពីមានការ រៀបចំធ្វើផ្លូវបានល្អ និង ត្រួសត្រាយព្រៃនៅលើ និង ជុំវិញប្រាសាទរួចមក ប្រាសាទបេងមាលាទាក់ទាញទឹកចិត្ត ភ្ញៀវទេសចរឱ្យចង់ទៅទស្សនាជាហូរហែ ។
       ប្រាសាទបេងមាលាស្ថិតក្នុងភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ខាងកើតជើងភ្នំគូលែនចម្ងាយ ៧០ គីឡូម៉ែត្រពីទីរួមខេត្ត និង ចម្ងាយពីផ្សារដំដែក ស្រុកសូទ្រនិគម ប្រមាណ ៣៥ គីឡូម៉ែត្រ ។ បើទោះមានការទ្រុឌទ្រោម ខ្លាំងតែតាមការសង្កេតឃើញថា ប្រាសាទបេងមាលាមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត ។ ប្រាសាទនេះកសាង ឡើងដោយព្រះបាទសូរ្យវរ្ម័នទី ២ ដោយមានការកសាងគូទឹកដ៏ធំមានប្រវែង ១.២០០ ម៉ែត្រ x ៩០០ ម៉ែត្រ ។
       ប្រាសាទដែលកសាងក្នុងសម័យជាមួយប្រាសាទបេងមាលាមានដូចជាប្រាសាទអង្គរវត្ត, ប្រាសាទធម្មនន្ទ, ប្រាសាទចៅសាយទេព្តា, ប្រាសាទបន្ទាយសំរៃ ។
       លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងថា ប្រាសាទបេងមាលាត្រូវបាន វិនិយោគិនខ្មែរគឺក្រុមហ៊ុនខាំសុមេធ សហការជាមួយអាជ្ញាធរអប្សរារៀបចំធ្វើផ្លូវថ្មក្រាលកៅស៊ូយ៉ាងល្អស្អាត ព្រមទាំង សម្អាតកាប់ឆ្ការព្រៃក្នុង និង ក្បែរប្រាសាទសម្រាប់ឱ្យភ្ញៀវទេសចរងាយស្រួលក្នុងការទៅទស្សនាដល់ទីនោះ ។
       សព្វថ្ងៃតួប្រាសាទកណ្តាលបានរលំរលុះស្ទើរអស់ និង រោងដោលព័ទ្ធជុំវិញ មានថ្មធ្លាក់បិទផ្លូវស្ទើរដើរពុំរួច ប៉ុន្តែក៏នៅតែមានការទាក់ទាញភ្ញៀវ និង មានសោភណភាពល្អដោយមានបន្សល់ទុករូបតោ, រូបនាគ, មានគួទឹក, បារាយណ៍...ដូចប្រាសាទនានាដែរ ។
       ប្រាសាទបេងមាលាត្រូវបានកសាងមុនប្រាសាទអង្គរវត្តបន្តិច ដែលតាមការពិនិត្យ និង វិភាគហាក់ដូចគេកសាង នៅលើដីផ្ទាល់ដោយពុំមានរៀបជាខឿនជាការសាកល្បង ព្រោះបើពិនិត្យទៅលើប្រាសាទអង្គរវត្តគឺហាក់យកលំនាំ តាមប្រាសាទបេងមាលាស្ទើរទាំងស្រុង ។
       អគ្គនាយករងអាជ្ញាធរអប្សរាលោក សឹង គង់ បានបញ្ជាក់ប្រាប់ថា ភាពទ្រុឌទ្រោមរបស់ប្រាសាទបេងមាលា គឺដោយសារធម្មជាតិ និង ពេលវេលា ព្រោះជាប្រាសាទបុរាណដែលទុកចោលក្នុងព្រៃអស់ជាច្រើនសតវត្សរ៍ត្រូវដើម ឈើដុះរុំព័ទ្ធលំបាកលើធ្វើឱ្យធ្លាក់ខូចខាត ។ ប្រាសាទនេះកាលពីសង្គមចាស់បារាំងបានរកឃើញ និង គ្រាន់តែដឹងថា មានប្រាសាទបុរាណខ្មែរបង្កប់ខ្លួនក្នុងព្រៃនោះ ហើយក៏មិនបានធ្វើការត្រួសត្រាយរហូតពេលប្រទេសជាតិធ្លាក់ក្នុង ភ្លើងសង្គ្រាមក៏ទុកចោលឱ្យនៅកណ្តោចកណ្តែង លុះត្រាដល់ឆ្នាំ ១៩៩៨-១៩៩៩ ទើបមានការត្រួសត្រាយកាប់ឆ្ការនៅ ក្នុងបរិវេណប្រាសាទ ព្រមទាំងរៀបចំផ្លូវសម្រាប់ឱ្យភ្ញៀវដើរទស្សនាបានស្រួល និង ចាត់មនុស្សឱ្យយាមការពារខ្លាច ក្រែងមានមនុស្សខិលខូចចូលលួចគាស់កកាយដាប់យករូបចម្លាក់ពីប្រាសាទដូចកាលពីរយៈពេលមុនខ្វះការការពារ ព្រោះតែស្ថិតនៅក្នុងព្រៃជ្រៅឆ្ងាយដាច់ស្រយាល ។
       ឆេង កាន់ អាយុ ២៣ ឆ្នាំ ជាប៉ូលិសស្នងការពិសេសប្រចាំនៅប្រាសាទបេងមាលា បានបង្ហើបប្រាប់ថា បច្ចុប្បន្ន ភ្ញៀវមកទស្សនាប្រាសាទបេងមាលាពុំមានការភ័យព្រួយពីរឿងសុវត្ថិភាព ឬ សន្តិសុខផ្ទាល់ខ្លួនឡើយ ហើយគេថែមទាំង សប្បាយរីករាយជាមួយនឹងទិដ្ឋភាពដ៏ទាក់ទាញនៃប្រាសាទបេងមាលាទៀតផង ។
 សព្វថ្ងៃប្រាសាទបេងមាលាត្រូវបានរៀបចំឱ្យភ្ញៀវចូលតាមច្រកខាងត្បូង ដែលកាលពីដើមគេកសាងឡើងដោយមាន ច្រកចូលពីខាងកើត តែដោយមានការលំបាកទើបរៀបចំបើកឱ្យចូលតាមផ្លូវថ្មីវិញ ។
       តាមផ្លូវច្រកចូលពីដើម (ទិសខាងកើត) មានស្រះមួយហៅថា ស្រះកោង ហួសនោះបន្តិច គឺស្រះកែវនៅស្តាំដៃ និង ស្រះថ្មបាយក្រៀមនៅឆ្វេងដៃ ។ ប្រាសាទបេងមាលាមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរធម្មតាទេ សូម្បីស្តេចស្រីថៃព្រះនាម សិរិថន ក៏ធ្លាក់យាងមកទតប្រាសាទនេះដែរ ពិសេសបានទៅទតរូបនាគបុរាណកសាងពីថ្មភក់ដែលមានភាពចម្លែក មានដុះពុកមាត់ និង ចង្កូមប្លែកពីនាគបុរាណនានាផង ។

       ប្រាសាទបេងមាលាត្រូវបានអ្នកភូមិក្បែរនោះប្រាប់ថា សម្បូរទៅដោយសត្វពស់ទាំងតូចទាំងធំដោយវាបានយក ក្រហែងថ្មប្រាសាទបុរាណដែលបាក់រលំសង្កត់គ្របលើគ្នាជាច្រើននោះធ្វើជម្រកសម្រាប់ការរស់នៅ ។ ហេតុនេះ គេក៏បានឱ្យភ្ញៀវដឹងដែរថា ចូលទស្សនានៅប្រាសាទបេងមាលាកុំនៅដល់ល្ងាចពេក ព្រោះខ្លាចប្រទះសត្វពស់ ។
       បច្ចុប្បន្នភ្ញៀវទៅទស្សនាប្រាសាទបេងមាលាពុំមានការលំបាកឡើយ ដោយគ្រាន់តែធ្វើដំណើរដល់ផ្សារដំដែក បត់ស្តាំតាមផ្លូវក្បែរផ្សារ ចូលទៅក្នុងចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រនឹងបានដល់ដូចបំណង ។ មិនតែប៉ុណ្ណោះ ក៏អាចបន្តដំណើរទៅកាន់ប្រាសាទកោះកែនៃខេត្តព្រះវិហារយ៉ាងងាយស្រួលផងដែរ ៕

No comments:

Post a Comment