មានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយ ឆ្នាំៗបានចូលមកទស្សនាប្រាសាទបុរាណ របស់ខ្មែរនៅក្នុងខេត្ត សៀមរាបប៉ុន្តែមិន មានភ្ញៀវទេសចរច្រើនប៉ុន្មានឡើយដែល បានទៅដល់និងបានស្គាល់ប្រាសាទបន្ទាយសំរែ ។ ប្រាសាទនេះហាក់ដូចជាលាក់ខ្លួនពួនអាត្មាគេចឱ្យផុតពីក្រសែភ្នែកភ្ញៀវទេសចរ ។
ប្រាសាទបន្ទាយសំរែជាប្រាសាទមួយដែលមានក្បាច់រចនា និង កំពូលប្រាសាទឡើងខ្ពស់រាងដូចប្រាសា ទអង្គរវត្តដែរ ប៉ុន្តែប្រាសាទនេះមានរាងតូចបន្តិចមិនធំដូចប្រាសាទអង្គរវត្តឡើយ ។
ប្រាសាទបន្ទាយសំរែស្ថិតនៅចម្ងាយប្រមាណ ៤០០ ម៉ែត្រ ខាងកើតបារាយណ៍សោធរៈតុដាក (បារាយណ៍ខាងកើត) និង ចម្ងាយប្រហែល ២ គីឡូម៉ែត្រ ខាងត្បូងភូមិព្រះដាក់ផ្លូវទៅកាន់ប្រាសាទភ្នំបូក ។ នៅជុំវិញប្រាសាទមានដើមឈើធំៗដុះយ៉ាងទ្រុបទ្រុលដែលមើលពីចម្ងាយសឹងតែមិនឃើញកំពូលប្រាសាទឡើយ ។ ការដុះព្រៃហ៊ុមព័ទ្ធប្រាសាទខាងក្រៅនេះហើយដែលធ្វើឱ្យភ្ញៀវទេសចរមិនសូវស្គាល់ប្រាសាទបន្ទាយសំរែ ប៉ុន្តែបើយើង ចូលទៅដល់បរិវេណប្រាសាទបន្ទាយសំរែវិញនោះ យើងពិតជាបានឃើញនូវស្នាដៃនៃស្ថាបត្យកម្ម ដ៏អស្ចារ្យគ្មានពីរ របស់បុព្វបុរសខ្មែរដែលគួរឱ្យស្ញប់ស្ញែងក្រៃលែង ។ នៅតាមជញ្ជាំងប្រាសាទមានរចនាក្បាច់ផ្កាភ្ញីតាមបែបបុរាណដែលមានសភាពរស់រវើក ។ នៅជុំវិញប្រាសាទមាន ដើមឈើធំដុះយ៉ាងខ្ពស់ស្រឡះ មានម្លប់យ៉ាងត្រឈឹងត្រឈៃ សម្រាប់ភ្ញៀវទេសចរ ។ ជាមួយនឹងខ្យល់បក់យ៉ាង ត្រសៀកៗមកប៉ះជាមួយនឹងស្លឹកឈើព្រៃ លាយឡំជាមួយសំឡេងរៃកណ្តឹងយំលាន់រងំរំពងព្រៃ បង្កើតបានជាតន្ត្រីធម្ម ជាតិ មួយយ៉ាងពីរោះក្រៃលែង ។ ទោះបីប្រាសាទបន្ទាយសំរែ ប្រៀបដូចជាឋានសួគ៌ាពិតទៅហើយ ក្តីក៏ប្រាសាទ មួយនេះ វាហាក់បីដូច ជាមិនបានបង្ហាញខ្លួនជាសាធារណៈឱ្យភ្ញៀវទេសចរបានឃើញរូបសម្រស់របស់វាឡើយ ។
លែកាតា លន់ នៅ អ្នកបោសសម្អាតនៅក្នុងប្រាសាទបន្ទាយសំរែបានឱ្យដឹងថា ភ្ញៀវទេសចរដែលមកដល់សៀមរាបហើយហាក់បីដូចជាមិនមានបំណងមកទីនេះឡើយ ។ ភ្ញៀវដែលទៅប្រាសាទបន្ទាយស្រីច្រើនតែទៅហួសតែម្តងហើយភ្ញៀវដែលមកលេងស្រះស្រង់ មកលេងបារាយណ៍ខាងកើត និង មកទិញវត្ថុអនុស្សាវរីយ៍នៅភូមិព្រះដាក់ ហាក់ដូចជាមកមិនដល់ប្រាសាទបន្ទាយសំរែតែម្តង ។ មានភ្ញៀវទេសចរបរទេសមួយចំនួនបានចូលមកទស្សនាខ្លះដែរ ដោយសារគេមានផែនទីទេសចរណ៍នៅក្នុងដៃ ហើយគេបានមើលទៅឃើញថា ប្រាសាទនេះជាទីគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគេ ។ ជារៀងរាល់ថ្ងៃមានភ្ញៀវប្រមាណ ១០០ នាក់ដែរ ដែលចូលមកទស្សនានៅទីនេះ ។
លែកា សឹន គង់ អគ្គនាយករងអាជ្ញាធរអប្សរាបានឱ្យដឹងថា ប្រាសាទបន្ទាយសំរែក៏ដូចជាប្រាសាទដទៃទៀតដែលនៅក្នុងតំបន់អង្គរនេះដែរ បច្ចុប្បន្នត្រូវបានការពារ និង អភិរក្សយ៉ាងល្អ ប្រាសាទបន្ទាយសំរែបើប្រៀបធៀបនឹងប្រាសាទមួយចំនួនទៀតនោះឃើញថា ប្រាសាទនេះនៅល្អ និង នៅរឹងមាំយ៉ាងច្រើន ។ ប្រាសាទបន្ទាយសំរែមានទំហំប្រមាណជា ១០០ ម៉ែត្របួនជ្រុង មានផ្លូវចូលពីទិសខាងកើត ប៉ុន្តែសព្វថ្ងៃគេបានធ្វើផ្លូវចូលពីទិសខាងជើងវិញ ដោយសារតែធ្វើផ្លូវចូលនៅទិសខាងកើតវាប៉ះពាល់ទៅ លើដីប្រជាពលរដ្ឋច្រើនពេក ទើបគេប្តូរទៅខាងជើងវិញ ។ ប្រាសាទបន្ទាយសំរែស្ថិតនៅក្នុងភូមអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានកសាងឡើងនៅពាក់សតវត្សរ៍ទី ១២ ដោយព្រះបាទសូរ្យវរ្ម័នទី ២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញសាសនា ។ ប្រាសាទនេះមានកំពែងសង់ពីថ្មបាយក្រៀមដែលមានគោបុរៈបួន ។ ប្រាសាទបន្ទាយសំរែមានប្រាង្គកណ្តាលមានស្លាបបួន និង មានបណ្ណាល័យនៅសងខាង ។ ឈ្មោះប្រាសាទ បន្ទាយសំរែពុំមានព័ត៌មានណាបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ ដោយគេគ្រាន់តែមាន ការសន្និដ្ឋាន ផ្សេងៗពីគ្នា ប៉ុណ្ណោះ ។ តាមមតិមួយចំនួនដែលសៀវភៅទេសចរណ៍ចុះផ្សាយបាន បញ្ជាក់ថា វាទាក់ទងនឹងទីតាំង ដែលមានកំពែងខ្ពស់ព័ទ្ធជុំវិញដែលមានស្តេច និង អ្នកបម្រើជាជនជាតិសំរែដែលរស់នៅទីកន្លែងនោះ ហើយឈ្មោះបន្ទាយសំរែនេះក៏ទាក់ទងនឹងប្រវត្តិពិតិនៃភូមិព្រះដាក់នេះដែរ ។ សព្វថ្ងៃនេះក៏នៅមានសេសសល់ដូនតាចាស់ៗជនជាតិសំរែដែលធ្លាប់មកយាមប្រាសាទបន្ទាយសំរែនេះ ៕
No comments:
Post a Comment