គឺក្នុងករណីនេះហើយ ដែលព្រះរាជាចក្រវាលទិនអង្គនេះ បានធ្វើឲ្យទីក្រុងស្រីទេព ដែលមានទីតាំងក្នុងខេត្តផេជ្រប៊ូនបច្ចុប្បន្ន ក្លាយទៅជាភូមិស្ថានបែបពុទ្ធនិយមដ៏ធំមួយ ។ ការកាន់កាប់ឡើងវិញនូវបូជនីយដ្ឋានបែបព្រាហ្មញ្ញសាសនាខាងលើនេះ ដោយការសាងសង់នូវសំណង់ស្ថាបត្យកម្ម និងទេវរូបថ្មីៗបន្ថែមនៃលទ្ធិមហាយាន ឬក៏ការជួសជុលប្រាង្គប្រាសាទឥដ្ឋពីសម័យមុនៗ ហើយគ្រាន់តែផ្លាស់ប្ដូរនិន្នាការមនោគមសាសនា ពីព្រាហ្មណ៍និយម ឲ្យក្លាយទៅជាពុទ្ធនិយមវិញ ដែលយើងនឹងលើកមកពិនិត្យបន្ដិចទៀត គឺជាការចាំបាច់ខកខានពុំបាន ។
សូមជម្រាបថា ចំពោះទីក្រុងបុរាណនេះអ្នកស្រាវជ្រាវថៃ មិនបានយកចិត្តទុកដាក់ពីការកែប្រែ ផ្លាស់ប្ដូរខាងវិស័យមនោគមវិទ្យាសាសនា និងស្ថាបត្យកម្មនេះរបស់ប្រជាជនខ្មែរបុរាណប៉ុន្មានទេ ដោយពួកគេគ្រាន់តែសង្កត់អារម្មណ៍យ៉ាងធ្ងន់លើរចនាបថបាពួនតែម្យ៉ាង ប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះសោត អ្នកនិពន្ធថៃខ្លះដែលមិនបានសិក្សា ស៊ីជម្រៅនូវរាល់ចម្លាក់ស្លាកស្នាមវប្បធម៌មុនអង្គរ បែរជាចាត់ទុកថា នោះជាសិល្បៈទ្វារវតី ឬមនទៅវិញ ។ ប៉ុន្ដែស្ថានភាពនេះមិនអាចបិទបាំងនូវការពិតបានទេ កាលបើយើងសិក្សាវែកញែកស៊ីជម្រៅនូវលក្ខណៈ និងទម្រង់សិល្បៈ ស្ថាបត្យកម្មបុរាណមួយចំនួននៃទីក្រុងបុរាណនេះ ។
ចំពោះយើងៗអាចស្វែងយល់អំពីបញ្ហានេះ បានដោយងាយស្រួល ដោយការប្រមែរប្រមូលនូវរាល់ចម្លាក់បុរាណ ដែលបានខ្ចាត់ខ្ចាយរាយប៉ាយ នៅតាមខេត្តនានានៃព្រះរាជាណាចក្រថៃបច្ចុប្បន្ន ដើម្បីយកមកសិក្សាប្រៀបធៀប តាមលំដាប់លំដោយសមស្របមួយ ។ នេះជាការសង្កេតដ៏សំខាន់ ដែលមិនត្រូវមើលរំលង កាលបើគេប្រាថ្នាឈានទៅរកការតាំងកាលបរិច្ឆេទ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ អាចទទួលស្គាល់បាន ។
ដូច្នេះគោលដៅចម្បងរបស់យើងនៅទីនេះ គឺការបង្ហាញនូវការវិវត្តន៍ខាងវិស័យសិល្បៈ ស្ថាបត្យកម្ម ពីសម័យកាលមួយទៅសម័យកាលមួយទៀត ជាពិសេសឧត្តមភាពនៃសិល្បៈខ្មែរ នៅគ្រប់សម័យកាល នៃការវិវត្តន៍ ដោយឡែកសម័យបាយ័ន ក្នុងទីក្រុងនេះ ។ សំខាន់ទៅទៀតនោះ គឺការវិភាគនេះបានសម្រួល និងពង្រីកការចេះដឹងរបស់យើងមួយកម្រិតទៀត ស្ដីពីរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងភូមិភាគកណ្ដាលប្រទេសថៃបច្ចុប្បន្ន ដោយជាដំណាក់កាលចុងក្រោយបង្អស់របស់ប្រវត្តិសិល្បៈខ្មែរ ។
មូលដ្ឋានខាងបុរាណវិទ្យាមួយចំនួន នៃទីក្រុងស្រីទេព នាសម័យវប្បធម៌បាយ័ន ក៏ដូចវប្បធម៌បុរេអង្គរដែរ ដែលពីមុនបានខ្ចាត់ខ្ចាយ នៅតាមបណ្ដាខេត្តនានា ដូចជាសារមន្ទីរជាតិបាងកក, សុខោទ័យ លពបុរី និងអយុធ្យាជាដើម ដោយត្រូវបានដឹកចេញពីទីក្រុងខាងលើនេះក្នុងអតីតកាល ក្រោយពីការប្រមូលផ្ដុំឡើងវិញ អាចបង្ហាញឲ្យយើងឃើញនូវការរីកដុះដាលនៃវប្បធម៌បាយ័ន នៅក្នុងភូមិភាគនេះយ៉ាងប្រាកដ ។
តាមភស្តុតាងវត្ថុសិល្បៈ និងសំណង់ស្ថាបត្យកម្មបុរាណមួយចំនួនដែលជាសមិទ្ធិផលរបស់ព្រះបាទ ជ័យវរ្ម័នទី៧ ដែលបានបន្សល់ទុកនៅទីក្រុងស្រីទេព មានប្រាង្គប្រាសាទមួយឈ្មោះ ប្រាង្គឫសី ដែលជាអកុសលសព្វថ្ងៃនេះ យើងឃើញមាននៅសេសសល់តែវត្ថុសិល្បៈមួយចំនួន ស្ថិតក្នុងភាពទ្រុឌទ្រោមជាដំណំ ដែលអ្នកបុរាណវិទូថៃមិនអាចយកមកសិក្សាវិភាគ ។ ប្រាង្គប្រាសាទនេះមានសារៈសំខាន់ណាស់សម្រាប់យើង ពីព្រោះវាជាសក្ខីកម្មនៃការកាន់កាប់ ឬគ្រប់គ្រងទីក្រុងនេះដោយអជ្ញាធរខ្មែរឥតក្លែងក្លាយ ពីសម័យបុរេអង្គរដល់សម័យបាយ័ន ។ ម្យ៉ាងវិញទៀតបុរាណវត្ថុទាំងនោះពាក់ព័ន្ធ ទៅនឹងការនិយមនូវលទ្ធិមហាយានលាយឡំនឹងហិនយាន ព្រមទាំងព្រហ្មញ្ញសាសនា ពីសំណាក់ប្រជាពលរដ្ឋខ្មែរពីស.តទី៦ ដល់ស.តទី១២-១៣នៃគ.ស ។
ក្រៅពីនេះទៅមានចម្លាក់មួយចំនួនដូចជា ទ្វារបាល (យក្ខ និងទេវតា) ក្បាច់លំអកំពូលប្រាសាទរាងជាផ្កាឈូករីកក្រពុំ, សសរពេជ្រ, ដែលជាផ្នែកមួយនៃប្រាង្គមួយទៀត គឺប្រាសាទស្រីទេព ដែលគេបានជួបប្រទះ ហើយយកទៅតម្កល់នៅសារមន្ទីរបាងកក ។ នេះឥតនិយាយដល់បូជនីយដ្ឋានជាច្រើនទៀត ដែលសព្វថ្ងៃនៅបន្សល់ទុកតែខឿន ឬគំនរឥដ្ឋ ឬក៏ទម្រទេវរូ ឬក៏សិវលិង្គតែប៉ុណ្ណោះ ។
ចំពោះប្រាង្គ ឬក៏ប្រាសាទស្រីទេពជាដើម ដែលទើបពោលខាងលើ មានកត្តាជាច្រើនដែលចង្អុលបង្ហាញថា ប្រាសាទទាំងពីរនេះ ត្រូវបានសាងសង់ឡើងនាសម័យបុរេអង្គរ បើផ្អែកលើសក្ខីភាពរបស់រូបរាង និងក្បាច់ក្បូរប្រាសាទ ។
ចំពោះយើងៗគិតថា កាលដើមឡើយប្រាង្គឫសី និងប្រាសាទស្រីទេពត្រូវសាងសង់ឡើងអំពីឥដ្ឋ ក្នុងសម័យបុរេអង្គរ ជាពិសេសសម័យចេនឡាចុងស.តទី៦ ដើមទី៧ ។ ក្រោយមកនាសម័យអង្គរទើបទម្រង់នៃសំណង់ឥដ្ឋនេះ ត្រូវបានទទួលការកែច្នៃទៅជាមួយពុទ្ធសាសនដ្ឋានទៅវិញ ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ័ន្មទី៧ ។ ហេតុនេះហើយការសិក្សាអំពីវត្ថុសិល្បៈ និងស្ថាបត្យកម្មប្រាសាទនាសម័យបុរេអង្គរ អាចធ្វើឲ្យយើងស្គាល់ច្បាស់លាស់នូវរចនាបថផ្សេងៗ កុំឲ្យមានទស្សនៈភ័ន្ដច្រឡំ អំពីប្រភពកំណើតខ្មែរក្នុងទីក្រុងនេះ ។
តាមពិតទៅវត្តមានរបស់សិល្បៈស្ថាបត្យកម្មខ្មែរ គ្រប់សម័យកាលនៅទីនោះមិនមែនកើតឡើងដោយឯងៗ ឬក៏ដោយចៃដន្យនោះទេ ក៏ប៉ុន្ដែ គឺជាស្នាដៃឯករបស់ប្រជាជនខ្មែរ ធ្វើឡើងសម្រាប់មូលហេតុសាសនា ។ បដិមាច្រើនជាទេវរូបដូចនៅប្រាសាទរចនាបថព្រៃក្មេង ខេត្តសៀមរាប និងកំពង់ព្រះខេត្តកំពង់ចាម ត្រូវបានគេរកឃើញនៅស្រីទេព ។
នៅចន្លោះឆ្នាំ ១៩៧៦ យើងមានភ័ព្វសំណាង ដោយបានជួបប្រទះនូវក្បាច់ផ្ដែរមួយបាក់បែក ស្ថិតក្នុងរចនាបថបាយ័ន ដែលអាជ្ញាធរថៃបានយកចេញពីទីក្រុងស្រីទេព ខេត្តផេជ្រប៊ូន ដើម្បីទៅរក្សាទុកនៅសារមន្ទីរខេត្តអយុធ្យា ។ នៅពេលនោះ យើងពុំទាន់ដឹងថា ផ្ទាំងផ្ដែរនេះ មានប្រភពពីណានៅឡើយ តែឥឡូវនេះយើងបានដឹងថា ក្បាច់ផ្ដែរនេះក៏ដូចជា ក្បាច់ផ្ដែរមួយទៀត នៅសារមន្ទីរខេត្តសុខោទ័យ មានប្រភពចេញពីស្ថានីយប្រវត្តិសាស្ត្រស្តីទេព ។ ក្រៅពីនេះ យើងក៏បានជួបប្រទះ នូវក្បាច់ផ្ដែរមួយផ្សេងទៀតដែលពុំទាន់ឆ្លាក់រួច ស្ថិតក្នុងរចនាបថប្រែរូបនាស.វទី ៩ ។ ជាមួយនឹងស្នាដៃរបស់បុព្វបុរសខ្មែរ នាសម័យអង្គរយើងក៏បានជួបសំណល់សិល្បៈ ស្ថាបត្យកម្មប្រាង្គប្រាសាទនាសម័យបុរេអង្គរដទៃៗឯទៀតដែររួមមាន ទម្រជណ្ដើរមានរូបជាផ្កាឈូក នៅប្រាង្គស្រីទេព, ចម្លាក់ព្រះគ្រិស្ណុៈគោវរធន និងសូរិយា ។
សរុបសេចក្ដីមក យើងអាចបញ្ជាក់យ៉ាងត្រឹមត្រូវថា ទីក្រុងស្រីទេពនេះ ត្រូវបានប្រសូត្រឡើងតាំងតែសម័យបុរេប្រវត្តិសាស្ត្រម្ល៉េះ ដូចរាងជាពងក្រពើជាភស្តុតាង និងបុរាណវត្ថុជាភស្តុតាង ស្ថិតក្នុងរចនាបថភ្នំដាដែរ ហើយត្រូវបានបន្ដការអភិវឌ្ឍន៍រហូតដល់សម័យចេនឡា និងអង្គរ ។ ម្យ៉ាងវិញទៀត នៅក្រោយសម័យបាយ័ន ទីក្រុងនេះក៏ត្រូវបានបោះបង់ចោល ដោយការវាតទីដី របស់ស្ដេចសៀម នាសម័យសុខោទ័យ ៕ (ម.ត្រាណេ)
No comments:
Post a Comment