អាស្រ័យហេតុនេះហើយ ទើបយើងសូមកែតម្រូវ ដោយសំអាងលើរបកគំហើញខាងបុរាណវិទ្យា ។
បុព្វបុរសខ្មែរ ដែលរស់នៅក្នុងតំបន់នេះ តាំងតែពីដើមសម័យប្រវត្តិសាស្ត្របានចាត់ទុកថា តំបន់នេះ ជាតំបន់ឆ្លងកាត់ប្រកបដោយយុទ្ធសាស្ត្រដ៏សំខាន់បំផុត ដើម្បីធ្វើពាណិជ្ជកម្មតភ្ជាប់នឹងទីក្រុងនានា នាសម័យនគរភ្នំ និងចក្រភពអង្គរ ដូចមានវត្ថុបុរាណដែលគេបានរកឃើញជាវត្ថុតាងស្រាប់ ។ មួយវិញទៀតបុរាណវត្ថុ ដែលគេបានជួបប្រទះក្នុងតំបន់នេះ មុនសតវត្សរ៍ទី១៣ នៃគ្រិស្តសករាជ ពុំមានលក្ខណៈជាវត្ថុសិល្បៈថៃឡើយ ។
ដូចនេះ ឆ្នាំ១៣៥០ ពុំមែនជាឆ្នាំដែលជនជាតិថៃបានស្ថាបនាទីក្រុង នៅលើទីតាំងអយុធ្យានោះទេ ក៏ប៉ុន្តែជាឆ្នាំដែលតំបន់នេះ បានប្រែក្លាយទៅជាទឹកដីរបស់ថៃដូចមូលហេតុដែលទើបតែអធិប្បាយ ។
តាមពិតខេត្តអយុធ្យា ជាខេត្តមួយរបស់ចក្រភពមុនអង្គរ និងអង្គរតែប៉ុណ្ណោះមុនការកាន់កាប់ដោយសៀម។ មួយវិញទៀតលក្ខណៈនៃព្រះពុទ្ធសាសនា នៅក្នុងតំបន់អយុធ្យាអង្គរនាសម័យនោះ មានលក្ខណៈប្រហែលជាប្រភពមានមកពីប្រទេសទីបេត៍ ។
សូមបញ្ជាក់ថា ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីផ្សះផ្សារជាតិ និងធ្វើឲ្យជនជាតិខ្មែរមានជំនឿលើវាសនាខ្លួនឡើងវិញ ព្រះអង្គប្រារព្ធគោរពព្រះពុទ្ធសាសនាលទ្ធិមហាយាន ដែលប្រកបដោយមន្តអាគមន៍គាថា ដែលពុំធ្លាប់មាននាសម័យមុនៗ ។
នេះជាការស្រាវជ្រាវរបស់យើង ដែលធ្វើឡើងតាមរយៈបទអន្តរាគមន៍មួយ ដែលយើងបានធ្វើឡើងនៅទីក្រុងសៀមរាបនៅឆ្នាំ២០០១ ក្រោមការរៀបចំរបស់សាលាបារាំងមជ្ឈិមបូព៌ា ដែលមានលក្ខណៈជាអន្តរជាតិ គួរឲ្យកត់សម្គាល់ ៕ (ម.ត្រាណេ)
No comments:
Post a Comment