ស្ថិតលើទីទួលមួយ ក្នុងភូមិជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបច្ចុប្បន្ន ប្រាសាទតាព្រហ្មគឺជាឧបសម្ព័ន្ធរបស់ប្រាសាទបន្ទាយឆ្មារ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីនោះ ។ ទោះបីបូជនីយដ្ឋានរបស់យើងមានទ្រង់ទ្រាយតូច ហើយអមប្រាសាទបន្ទាយឆ្មារ ដែលមានខ្នាតធំជាងក្តី ហើយមានភាពទ្រុឌទ្រោមយ៉ាងខ្លាំងដោយសារកត្តាធម្មជាតិនិងមនុស្ស ក៏ប៉ុន្តែបូជនីយដ្ឋាននេះ បានរក្សានូវក្បាច់រចនាមួយចំនួន គួរឲ្យចាប់អារម្មណ៍ជាអនេក ជាពិសេសក្បាច់ផ្តែរជាដើម ។
ស្ថិតក្នុងរចនាបថបាយ័ន ប្រាសាទតាព្រហ្មនៅសល់តែប្រាង្គមួយតែប៉ុណ្ណោះ ដែលនៅកំពូលគេឃើញមានព្រះសិរសាតំណាងឲ្យ ព្រះអវលោកេស្វារៈមានព្រះភ័ក្ត្រ៤ ញញឹមទៅកាន់ទិសទាំង៤ ។ប្រាសាទទោលនេះបែរមុខទៅទិសខាងកើត ហើយហ៊ុមព័ទ្ធជុំវិញដោយស្រះមួយយ៉ាងធំ ។ ម្យ៉ាងវិញទៀត ចំពោះអ្នកស្រុកខ្មែរជិតឆ្ងាយ បូជនីយដ្ឋាននេះ គឺជាទីតាំងមួយប្រកបដោយភាពស័ក្តិសិទ្ធអស្ចារ្យ ដែលពួកគេរមែងតែងតែគោរពបូជា ។ ដូច្នេះ ហើយបានជានៅរាល់ថ្ងៃពេញបូរមី មានការអុជទានធូប និងគ្រឿងបណ្ណាការផ្សេងៗសម្រាប់ថ្វាយ ចំពោះព្រះអវលោកេស្វារៈខាងលើនេះ ដែលគេចាត់ថា មានបារមីស័ក្តិសិទ្ធិកាន់សណ្ឋិត ។
ជាទិដ្ឋភាពរួម ប្រាសាទតាព្រហ្មមានកំពែងធ្វើអំពីថ្មបាយក្រៀម អមដោយទ្វារចូលឬគោបុរៈចំនួនបួន និងតួប៉មមួយនៅចំកណ្តាលដែលមានស្រះទឹកដ៏ធំមួយហ៊ុមព័ទ្ធជុំវិញ ។ តែជាអកុសលកំពែងនិងគោបុរៈទាំងនោះ ផ្នែកខាងក្រៅនិងផ្នែកខាងក្នុងត្រូវបានរលំរលុះរាបស្មើនឹងដី ដោយការជីកកកាយខុសច្បាប់ ដើម្បីយកផ្ទាំងចម្លាក់បុរាណទៅជួញដូរ ។
វត្តមានរបស់ប្រាង្គប្រាសាទជាច្រើននាសម័យបាយ័ន សាងឡើងដោយព្រះបាទជយវរ្ម័នទី៧ ក្នុងភូមិភាគដោយឡែក ខេត្តបន្ទាយមានជ័យ ដែលពីដើមជាភាគមួយនៃខេត្តបាត់ដំបង មិនមែនជាការចៃដន្យនោះទេ ក៏ប៉ុន្តែជាទីតាំងសំខាន់បំផុត នៃផ្នែកភូមិសាស្ត្រនិងយុទ្ធសាស្ត្រព្រមទាំងសេដ្ឋកិច្ច ។ ភស្តុតាងដ៏រឹងមាំមួយទៀត នៃប្រវត្តិសាស្ត្ររបស់ប្រជាជនខ្មែរ ដែលបានបង្ហាញថា ខេត្តបាត់ដំបងនេះត្រូវផ្សារភ្ជាប់ជាមួយ ខេត្តនគររាជសិមា តាមខ្លឹមសារសិលាចារឹកភូមិដូង នាសម័យបុរេអង្គរ ។
ដូចនេះ មុននឹងឈានដល់ការស្ថាបនាប្រាសាទតាព្រហ្ម ឬប្រាសាទបន្ទាយឆ្មារ ចក្រភពបុរេអង្គរនិងអង្គរ បានលាតសន្ធឹងលើទឹកដីថៃរួចទៅហើយ ជាពិសេសនៅស៊ីសាកេត សុរិន្ទ្រ បុរីរម្យ និងនគររាជសីមា ដែលប្រជាជនខ្មែរបានបន្សល់ទុកនូវស្លាកស្នាមវប្បធម៌យ៉ាងច្រើនលើសលុប ។
ដោយហេតុផលទាំងនោះហើយ ទើបព្រះមហាវីរក្សត្រ ព្រះបាទជយវរ្ម័នទី៧ បានអភិវឌ្ឍន៍ភូមិភាគនេះ ប្រកបដោយកិត្យានុពលភាពអស្ចារ្យ តាមរយៈមូលនិធិសាសនាតូចធំទាំងឡាយ ។ កុំភ្លេចថា ដូចសម័យអង្គរដែរ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នាសម័យនោះគឺជាតំបន់ឆ្លងកាត់ទៅកាន់តំបន់ខ្ពង់រាបនគររាជ ព្រមទាំងអាណាខេត្តនានា ដែលសព្វថ្ងៃបានក្លាយទៅ ទឹកដីរបស់ព្រះរាជាណាចក្រថៃនិងលាវ ៕ (ម.ត្រាណេ)
No comments:
Post a Comment