ដោយ : បញ្ញា (ថ្ងៃទី 5 មេសា 2011)
នៅឆ្នាំ២២០ មុនគ.ស ក្រោមការដឹកនាំរបស់ស្តេច គីន ស៊ី ហួង (Qin Shi Huang) ផ្នែកទាំងឡាយនៃកំពែងដើមត្រូវបានផ្គុំបញ្ចូលគ្នា ដើម្បីបង្កើតប្រព័ន្ធការពាររួមគ្នាមួយប្រឆាំងនឹងការរាតត្បាតពីភាគ ខាងជើង។ នៅពេលដែល
មហាកំពែងបានក្លាយជារចនាសម្ព័ន្ធយោធាដ៏ ធំជាងគេរបស់ពិភពលោក ការសាងសង់បានបន្តរហូតមកដល់សន្តតិវង្សមីង Ming dynasty (១៣៦៨-១៦៤៤)។ សារសំខាន់ផ្នែកប្រវត្តិសាស្ត្រ និងយុត្តិសាស្ត្រនៃមហាកំពែង ត្រូវបានផ្គូរផ្គងត្រឹមតែ ដោយភាពសំខាន់ខាងស្ថាបត្យកម្មរបស់វាប៉ុណ្ណោះ។
មហាកំពែងដែលប្រជាជនចិនស្គាល់ថា កំពែងវែងប្រវែងដប់ពាន់លី Long Wall of Ten Thousand Li រចនាសម្ព័ន្ធការពារ សម្បើមអស្ចារ្យដែលត្រូវបានស្ថាបនាដើម្បីទប់ទល់នឹងការវាយលុកប្រទេស ចិនពីសំណាក់អនារ្យជន ត្រូវបានហៅដោយជនជាតិអឺរ៉ុបថា មហាកំពែង ឬកំពែងប្រទេសចិន។ គោលការណ៍នៃការសាងសង់កំពែងដ៏វិសេសអស្ចារ្យទាំងនេះ កើតមានតាំងពីរសម័យកាលជុនឃ្យូ Chunqiu period (៧២២-៤៨១ មុនគ.ស) និងសម័យកាលរដ្ឋចម្បាំង the Warring States period (៤៥៣-២២១ មុនគ.ស) មកម្ល៉េះ។
សំណង់កំពែងពិតប្រាកដអាចនឹងត្រូវបានពន្យល់ ដោយជម្លោះសក្តិភូមិ ដូចជាកំពែងដែលបានសាងសង់ឡើងដោយអាណាចក្រ វ៉េ (Wei) ដើម្បីការពារអាណាចក្ររបស់ពួកគេ ប្រឆាំងនឹងអាណាចក្រគីន (Qin) ក្នុងឆ្នាំ ៤០៨ មុនគ.ស ។ ស្លាកស្នាមបន្សល់ទុករបស់វា ដែលបានរក្សាទុកនៅក្នុងមជ្ឈមណ្ឌលនៃប្រទេសចិន បានកើតមានមុនកំពែងដែលត្រូវបានសាងសង់ឡើងដោយអាណាចក្រ Qin អាណាចក្រហ្សៅ Zhoa និងអាណាចក្រយ៉ាន Yan អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីប្រឆាំងនឹងអនារ្យជនភាគខាងជើង នៅរវាងឆ្នាំ ៣០០ មុន គ.ស។ ចូលមកដល់ដើមឆ្នាំ ២២០ មុនគ.ស ស្តេច គីន ស៊ី ហួង Qin Shi Huang ដែលជាអង្គក្សត្របង្កើតចក្រភពដប់ពាន់ ជំនាន់ the Empier of the Ten Thousand Generations បានធ្វើព្រះរាជកិច្ចជួសជុល និងតភ្ជាប់ផ្នែកដាច់ពីគ្នានៃមហាកំពែង ដែលបានសាងសង់ឡើងនៅសតវត្សរ៍ទី ៣ មុនគ.ស ឬប្រហែលជាអាចនៅមុននេះឡើងវិញ និងដែលបានលាតសន្ធឹងពីតំបន់អរដូស Ordos ទៅតំបន់ម៉ាន់ជូរៀ Manchuria ។
ព្រះរាជាបានពន្លូតកំពែងទៅភាគខាងលិច ដែលជាប្រព័ន្ធការពាររួមផ្សំដំបូងគេ នៃអ្វីដែលជាស្លាកស្នាមបន្សល់ទុកដ៏សំខាន់ នៅបន្តគង់រង្សក្នុងជ្រលងហួងហ៊ី the valley of Huanghe រាល់ទិសដៅទៅកាន់ទីក្រុងឡានហ្សូ Lanzhou ក្នុងរយៈពេលយ៉ាងខ្លី មុនសម័យគ្រងរាជ្យរបស់សន្តតិវង្សហាន Han dynasty (២០៦ មុនគ.ស)។ នៅអំឡុងរជ្ជកាលនៃសន្តតិវង្សនេះ មហាកំពែងត្រូវបាន ពន្លូតប្រវែងកាន់តែវែងថែមទៀត ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជាធិរាជវូឌី Wudi (១៤០-៨៧ មុនគ.ស) មហាកំពែងមាន ប្រវែងប្រមាណជា ៦០០០ គ.ម ស្ថិតនៅចន្លោះទីក្រុងឌុនហួង Dunhuang នៅទិសខាងលិច និងឈូងសមុទ្របូហៃ Bohai Sea នៅទិសខាងកើត។
គ្រោះថ្នាក់ពី ការវាយលុកតាមបណ្តោយខ្សែព្រំដែនភាគខាងជើងប្រទេសចិនពីសំណាក់ជនជាតិ ដែលបានចងក្រងជា សហព័ន្ធ មានម៉ុងហ្គោល Mongols តឺក Turks និងតុនហ្គូស Tunguz នៃចក្រភពសៀនង៉ូ the Empier of the Xiongnu ដែលជា ចក្រភពដំបូងនៃដែនដីតំបន់វាលស្មៅ បានបង្កើតនូវគោលនយោបាយដែលកាន់តែចាំបាច់មួយ ជាងពេលណាទាំងអស់។ ក្រោយពីការ ធ្លាក់ចុះនៃសន្តតិវង្សហាន Han dynasty (គ.ស ២២០) មហាកំពែងបានឈានចូលមកដល់តំណាក់កាលបន្តបន្ទាប់នាមជ្ឈិមសម័យរបស់វា ។ ការសាងសង់និងកិច្ចការថែទាំត្រូវបានបញ្ឈប់ ហើយប្រទេសចិននៅពេលនោះមានការពេញចិត្តចំពោះអានុភាពផ្នែកយោធា ដ៏អស្ចារ្យ ដែលជាតម្រូវការចាំបាច់សម្រាប់នយោបាយការពារបែបនេះមួយ ដែលមិនត្រូវបានគេដឹងតទៅទៀត។
ក្រោយពីសម័យសង្គ្រាមរយៈពេលយូរ ដែលបានបញ្ចប់ដោយការបណ្តេញចេញជនជាតិម៉ុងហ្គោល Mongols រាជាធិរាជមីង Ming Emperors (១៣៦៨-១៦៤៤) បានធ្វើឲ្យរស់ឡើងវិញនូវប្រពៃណីដែលបានចាប់ផ្តើមឡើងដោយស្តេចគីន ហ៊ី ហួង Qin Shi Huang ។ នៅត្រង់ចំណុចយុត្តិសាស្ត្រ ប៉មការពារទាំងឡាយត្រូវបានសាងសង់ឡើងដើម្បីការពារទីក្រុង ផ្លូវកាត់តាមភ្នំ ឬតំបន់ទឹក គោក។ ច្រកដែលរត់កាត់តាមបណ្តោយផ្នែកខាងលើកំពែង បានបង្កើតលទ្ធភាពឲ្យកំពែងអាចចល័តកងទ័ពបានយ៉ាងលឿន និងសម្រាប់ ឲ្យអ្នកនាំសាររបស់រាជាធិរាជធ្វើដំណើរឆ្លងកាត់។ បូជនីយដ្ឋានជានិមិត្តរូបពីរ នៅតែបន្តបោះជំហរយ៉ាងមោទនភាព នៅផ្នែកខាងចុង ទាំងពីរនៃកំពែង ដែលច្រកចូលសានហៃហ្គាន Shanhaiguan pass ស្ថិតនៅផ្នែកខាងចុងកំពែងភាគខាងកើត និងច្រកចូលជេយូហ្គាន Jiayuguan pass ជាផ្នែកនៃប៉មការពារដែលត្រូវបានជួសជុលទាំងស្រុងក្រោយឆ្នាំ១៩៤៩ ស្ថិតនៅផ្នែកខាងចុងកំពែងភាគពាយ័ព្យ។
អចលនទ្រព្យផ្នែកវប្បធម៌ដែលមានទម្រង់ខ្វាត់ខ្វែងនិងអាយុកាលយូរលង់ នេះ គឺជាគំរូដ៏ប្រសើរបំផុតនិងមានតែមួយ នៃក្រុមស្ថាបត្យកម្មផ្នែកយោធាដែលបានបម្រើឲ្យគោលបំណងយុត្តិសាស្ត្រ តែមួយ សម្រាប់រយៈពេល ២០០០ ឆ្នាំ ប៉ុន្តែប្រវត្តិនៃសាងសង់របស់វាបានលាតត្រដាងកាត់តែច្បាស់នូវភាព រីកចម្រើនលូតលាស់ជាបន្តបន្ទាប់ខាងបច្ចេកទេសការពារ និងការសម្របសម្រួលដើម្បីធ្វើការកែប្រែបរិបទនយោបាយ។ ថ្វីបើគោលដៅនៃមហាកំពែង គឺដើម្បីការពារប្រទេសចិនពីការរំលោភឈ្លានពានរបស់សត្រូវខាងក្រៅ ប៉ុន្តែក៏ដើម្បីថែរក្សាការពារវប្បធម៌របស់ប្រទេសចិន ពីទំនៀមទម្លាប់ប្រពៃណីនៃអនារ្យជនបរទេសផងដែរ។ ដោយសារតែសំណង់នៃ មហាកំពែងនាំឲ្យមានការពាក់ព័ន្ធចំពោះភាពទទួលរងនូវការឈឺចាប់ដោយ ប្រយោល ដូច្នេះ វាគឺជាកំណត់សម្គាល់មួយក្នុងចំណោមកំណត់សម្គាល់សំខាន់ៗទាំងឡាយ នៅក្នុងអក្សរសាស្ត្ររបស់ចិន។
មហាកំពែងរបស់រាជវង្សមីង Ming គឺជាស្នាដៃឯកខាងសិល្បៈមួយ ដែលមិនត្រឹមតែដោយវាមានចរិតមហិច្ឆតាខ្ពស់នៅក្នុងកិច្ចការប៉ុណ្ណោះ ទេ ប៉ុន្តែក៏ដោយសារសំណង់ដ៏ល្អឥតខ្ចោះរបស់វាផងដែរ។ មហាកំពែងត្រូវបានគេចាត់ទុកថា ជាគំរូស្ថាបត្យកម្មដ៏ល្អឥតខ្ចោះមួយដែលបានធ្វើបូរណកម្មទៅក្នុង ផ្ទាំងទេសភាព នៅលើផ្ទាំងទ្វីបដែលមានទំហំធំល្វឹងល្វើយ។ នៅក្នុងសម័យកាលជុនឃ្យូ Chunqiu period ប្រជាជនចិនបានជម្រុញឲ្យមានការគោរពនូវគំរូនៃសាងសង់ និងការរៀបចំចន្លោះទំនេរនៃមហាកំពែង នៅក្នុងការបង្កើតកិច្ចការពារតាមបណ្តោយព្រំដែនភាគខាងជើង។
បច្ចុប្បន្ននេះ មហាកំពែងគឺជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយដែលទទួលបាននូវ កេរ្តិ៍ឈ្មោះល្បីល្បាញគ្រប់ទិសទី មិនតែប៉ុណ្ណោះ មហាកំពែងគឺជាទីកន្លែងស្រស់ស្អាតមួយដែលមានសក្តានុពលទាក់ទាញទេសចរណ៍ បំផុត នៅក្នុងទឹកដីនៃ ប្រទេសចិន ដែលជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសមានចំណាត់ថ្នាក់ទាក់ទាញ ភ្ញៀវទេសចរបរទេសច្រើនជាងគេបំផុតរបស់ពិភពលោក៕
No comments:
Post a Comment