Monday, April 11, 2011

សម្បត្តិវប្បធម៏បុរាណដែល គេបោះបង់ចោល

  
      អគារ ឬ សំណង់ផ្សេងៗ មានកុដិ សាលាធម្មសភា ឬ ព្រះវិហារ ជាដើម សុទ្ធតែសាងសង់ឡើងតាមក្បួនខ្នាត ឬ រចនាបថខ្មែរសុទ្ធសាធ ហើយអគារ បុរាណដែលមានវ័យចំណាស់មួយ ចំនួន​ត្រូវបានគេជួសជុល និង រៀបចំអភិរក្ស ឱ្យដូចទ្រង់ទ្រាយដើម ។
      ជាក់ស្តែង វត្តភ្នំសំពៅជាអារាមមួយស្ថិត ក្នុងភូមិភ្នំសំពៅខាងកើត ឃុំភ្នំ សំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ បើយើងធ្វើដំណើរតាមដងផ្លូវជាតិលេខ ៥៧ ( អតីតផ្លូវជាតិលេខ ១០ ) សំ ដៅទៅខេត្តប៉ៃលិន លុះដល់ចំណុចមួយ ចម្ងាយ ១២ គីឡូម៉ែត្រពីខេត្តបាត់ដំបង ក្រឡេកមើលទៅខាងឆ្វេងដៃ យើងនឹងឃើញ្ញ អគារតូចធំៗប្រមូលផ្តុំយ៉ាងមានរបៀប ចម្រុះគ្រប់ពណ៌ លេចធ្លោឡើងតាមចន្លោះ ចុងរុក្ខជាតិខៀវខ្ចី អែបជាប់នឹងជើងភ្នំ ទីនេះហើយគឺវត្តភ្នំសំពៅ ។
      ភ្នំសំពៅជាវត្តមួយដ៏ចំណាស់ គិតមកដល់ពេលនេះមានអាយុ កាលជាង មួយសតវត្សរ៍ទៅហើយ បណ្តាអគារទាំងឡាយក្នុងវត្តមានកុដិ ថែវជាសមិទ្ធិដ៏ចាស់ ជាងគេ ហើយខុសប្លែកពីអគារផ្សេងៗ ឯទៀតដែលមានសម្រស់ស្រស់ត្រកាល ដែលលម្អដោយការលាបថ្នាំថ្មី ប៉ុន្តែកុដិនោះបែរជាទ្រុឌទ្រោមចង់ បាក់ដួលទៅ វិញ្ញ ។ ដោយហេតុថា កុដិនេះសាងសង់ពីឈើប្រក់ក្បឿង កម្ពស់ពីរជាន់ ជញ្ជាំង ធ្វើពីដីឥដ្ឋ និង ចំបើង ដែលពេលនេះកំពុងរងការ គំរាមកំហែងយ៉ាងខ្លាំង ចំណុច ខ្លះនៃជញ្ជាំងបានបាក់ធ្លាក់ចុះមកក្រោម ហើយកន្លែងខ្លះបានជួសដោយក្តារ ។
      បច្ចុប្បន្នកុដិនេះត្រូវទទួលរងនូវភាពទ្រុឌ ទ្រោមយ៉ាងដំណំពោលគឺគ្រឿង ឈើត្រូវពុកផុយជាអន្លើ ជញ្ជាំងប្រេះបាក់ ដំបូលធ្លុះធ្លាយ ពេលភ្លៀងម្តងៗទឹក លិច ឬ បាចសាចពាសពេញ្ញគ្រប់ច្រកល្ហក ។ មូលហេតុនេះហើយទើបព្រះសង្ឃ នាំគ្នាចុះចេញ្ញទៅនៅកុដិផ្សេង ទុកឱ្យសមិទ្ធិដ៏ចំណាស់នេះ នៅកណ្តោចកណ្តែង  ។ ឯពេលថ្ងៃវិញ្ញមិនសូវស្ងាត់ ប៉ុន្មានទេ ព្រោះព្រះសង្ឃបានបើកបង្ហាត់ភាសាបរទេស ដល់សិស្សានុសិស្សនៅ ក្រោមកុដិនេះជាហូរហែ ។
      លោកអ៊ំ ឯម ក្លែប អាយុ ៨២ ឆ្នាំ អាចារ្យវត្តភ្នំសំពៅ បានឱ្យដឹងថា ពេល គាត់ធំដឹងក្តីកាលណា ឃើញ្ញកុដិថែវនេះ នៅទីនេះស្រាប់ ហើយគាត់មិនដឹងកសាង ឡើងក្នុងឆ្នាំណានោះទេ គ្រាន់តែដឹងថាជាស្នាព្រះហស្តរបស់ ព្រះសព កែវ ជួន ហើយដែលគេនិយមហៅថា “កុដិថែវ” នោះ  ព្រោះកុដិនេះមានប្រវែងវែង គឺ បណ្តោយ ២៥ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ។ ព្រះសព កែវ ជួន ជាចៅអធិការទីមួយ លោកមានស្រុកកំណើតនៅដែនដីកម្ពុជាក្រោម ពេលដែលមកដល់ជើងភ្នំសំពៅ ភ្លាមលោកបានមានសង្ឃដីកាថា ទីនេះជាផ្ទះរបស់លោក ភ្នំនេះជា សំពៅរបស់ លោក ហាក់ដូចជាលោកចាំជាតិ ឬ មានប្រវត្តិពីអតីតជាតិជាប់ទាក់ទិនទៅនឹង រឿង នាងរំសាយសក់ ចៅរាជកុល ហើយលោកចេះមន្តអាគមពូកែស័ក្តិសិទ្ធិ ណាស់ ចេះស្តោះផ្លុំបណ្តេញ្ញខ្មោចព្រាយបិសាច កាប់មិនមុត ដុតមិនឆេះ បាញ្ញ់មិនផ្ទុះ បង្រួញ្ញផែនដី បំបាំងកាយ រហូតដល់រាជការបារាំងធ្វើអ្វីលោក មិនកើត ក៏លើកលោកឱ្យកាន់តំណែងជាព្រះ មេគណខេត្តបាត់ដំបង ហើយបំពាក់មេដាយ ឱ្យ លោករហូតដល់ទៅ ៧ មេដាយ ។
វត្តភ្នំសំពៅទាំងមូល រួមទាំងកុដិថែវដ៏ ចាស់នេះផង កើតឡើងជំនាន់ឪពុករបស់ខ្ញុំ ហើយមិនដឹងថាក្នុង ឆ្នាំប៉ុន្មាននោះទេ គ្រាន់តែដឹងថាចៅអធិការ មុនដំបូងបង្អស់គឺព្រះសព កែវ ជួន ហើយរហូតមកដល់សព្វថ្ងៃនេះ គេតែងហៅរូបចម្លាក់របស់លោកថា ព្រះកោដ្ឋ ឬ ព្រះអង្គខ្មៅ ។ ដោយហេតុថាព្រះមេគណ កែវ ជួន បានសុគតក្នុងសម័យសៀម កាន់កាប់ខេត្តបាត់ដំបង ដោយពួកសៀមមានជំនឿយ៉ាងខ្លាំងក្លាលើព្រះសពអង្គ នេះ ទើបពួកគេស្លស្ពាន់ចាក់ជារូបសំណាករបស់ លោកទុកគោរពបូជារហូតមក ដល់សព្វថ្ងៃ” ។
      រីឯភិក្ខុ គឹម ប៊ុនធឿន ព្រះចៅអធិការជំនាន់ទី ៦ នៃវត្តភ្នំសំពៅក្នុងពេល បច្ចុប្បន្នបានមានសង្ឃដីកាថា កុដិថែវដ៏ចំណាស់ និង កំពុងទ្រុឌទ្រោមនេះកសាង ក្នុង ព.ស. ២៤១៧ រហូតមកដល់បច្ចុប្បន្ន ( ព.ស.២៥៥៤ ) អាយុកាលនៃកុដិ នេះ បាន ១៣៧ ឆ្នាំហើយ ។ អ្វីដែលគួរឱ្យស្ញប់ស្ញែងនោះ មិនមែនជាឈើ ឬ ស៊ីម៉ងត៍នោះទេ តាមពិតគឺដីដំបូកជាន់លាយគ្នាជាមួយចំបើង រួចយកមកបិទបន្ត គ្នាធ្វើជាជញ្ជាំងទាំងអស់ ។ ព្រះចៅអធិការអង្គនេះបានបន្តទៀតថា ការដែលថែ រក្សាកុដិនេះទុកជារបស់បុរាណ មិនឱ្យរើរុះទៅណានោះ មិនមែនជាបម្រាមរបស់ ក្រសួងវប្បធម៌ទេ តែជាឆន្ទៈរបស់លោកផ្ទាល់ ។

No comments:

Post a Comment