Monday, April 11, 2011

ប្រាសាទគុកយាយហម ត្រូវជីកកកាយធ្ងន់ធ្ងរ



ការសិក្សាស្រាវជ្រាវថ្មីៗ នេះរបស់ សាស្រ្តាចារ្យនិង និស្សិតបុរាណវិទ្យា ប្រាសាទគុកយាយ ហមត្រូវបាន រកឃើញថា កសាងឡើងដោយ បុព្វបុរសខ្មែរនាសម័យអង្គរនៅក្រោម រជ្ជកាលព្រះបាទ ជយវរ័្មនទី៧ ប៉ុន្តែបើតាមរយៈសំណល់នៃ ស្ថាបត្យកម្មដូចជា ផ្តែរទ្វារ សិលាចារឹក នៅទីនោះ ប្រហែលជាមណ្ឌលសានាដែលជាទីសក្ការៈបួសមួយតាំងពីមុន សម័យអង្គរទៅទៀត ។



    គួរឲសោកស្តាយណាស់ បច្ចុប្បន្នប្រសាទគុកយាយហមមានអាយុជិតមួយពាន់ឆ្នាំហើយ នៅតែខំប្រឹងត្រដរស់យ៉ាងវេទនា កណ្តោចកណ្តែងតែម្នាក់ឯងកណ្តាលព្រៃវាលរហោស្ថានដែល ហ៊ុមព័ទ្ធទៅដោយស្រះ ត្រពាំងទឹក ទន្លេអុំ និងអូរខ្វាត់ខ្វែង ប្រាសាទនេះត្រូវទទួលរងការខូចខាត យ៉ាងដំណំមិនត្រឹមតែថ្មកំពែងប្រាសាទត្រូវអ្នកស្រុកជីកគាស់រំលើងដឹក យកទៅធ្វើស្ពានប្រើប្រាស់ ក្នុងភូមិស្រុក ផ្តែរទ្វារប្រាសាទដែលមានក្បូរក្បាច់រចនាយ៉ាងល្អប្រណីត ក៏ត្រូវបានគេយក ទៅធ្វើស្ពានដែរ។
    សព្វថ្ងៃនេះប្រាសាទយាយហម ស្ថិតនៅក្នុងភូមិជ្រេស ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។ គេចង់ឃើញនិងទស្សនា សិក្សាស្រាវជ្រាវពីប្រាសាទដ៏វ័យចំណាស់មួយបានដោយគ្រាន់តែធ្វើដំ ណើរទៅប្រាសាទតាមផ្លូវជាតិលេខ 6A ដែល មានចម្ងាយប្រហែលជាង៩០គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញ ។ នៅពេលទៅដល់ទីប្រជុំជនស្គន់ មានផ្លូវបំបែកជាពីរ ដោយផ្លូវមួយបត់ឆ្វេងដៃជាផ្លូវទៅ កាន់ខេត្តកំពង់ធំ និងមួយទៀតបត់ទៅស្តាំ ជាផ្លូវទៅកាន់ខេត្តកំពង់ចាម ។ គេត្រូវ បន្តដំណើរពីស្គន់ក្នុងចម្ងាយផ្លូវ ៨គីឡូម៉ែត្រទៀត ត្រូវបត់ឆ្វេងតាមខ្លោងទ្វារវត្តមួយឈ្មោះថា វត្តសង្កែ ។ បន្តពីខ្លោង ទ្វារវត្តទៅដល់វត្តមានចម្ងាយ៣គីឡូម៉ែត្រ និងពីវត្តទៅកាន់ប្រាសាទយាយហមមានចម្ងាយមួយ គីឡូម៉ែត្រ ណ។
    លោក ប្រាក់ សុវណ្ណារ៉ា ប្រធានការិយាល័យរុករកអង្កេតនៃនាយកដ្ឋានបេតិកភណ្ឌជាតិក្រ សួងវប្បធម៌និង វិចិត្រសិល្បៈនិងជាសាស្រ្តាចារ្យប្រវត្តិសាស្ត្រខ្មែរ និងអាស៊ីអាគ្នេយ៍នៅមហាវិទ្យា ល័យបុរាណដែលនៅក្នុងដំណើរ ដឹកនាំពនិត្យចុះទៅសិក្សាស្រាវជ្រាវដល់កន្លែងប្រាសាទនោះបាន មានប្រសាសន៍ប្រាប់ថា ប្រវត្តិនៃប្រាសាទ គុកយាយហមមានរឿងរ៉ាវជារឿងព្រេងផង និងមានប្រវត្តិ ពិតទាក់ទងទៅនិងការកសាងប្រាសាទនេះផង ។
    រឿងព្រេងនោះគឺគ្រាន់តែចាស់ទុំនិទានតៗគ្នាពីដូនចាស់ម្នាក់មានឈ្មោះថា «យាយហម» បាស្ម័គ្រចិត្តបូជាជីវិត ដើម្បីនៅចាំថែរក្សាប្រាសាទ និងសម្បត្តិទ្រព្យប្រាសាទនៅក្នុងកាលៈទេសៈ មួយដែលស្រុកទេសកើតមានសង្គ្រាម ។ ដូច្នេះហើយក្រោយពីយាយហម ស្លាប់ទៅគេក៏បានហៅ ប្រាសាទនេះថា ប្រាសាទយាយហមជាប់រហូតមកដល់ សព្វថ្ងៃហើយបច្ចុប្បន្ននេះ យើងឃើញមាន រោងមទួយដែលបងប្អូនប្រជាជនយើងបានសាងសង់ដោយមានការធ្វើ ជារូបតំណាងឲរូបយាយហម តម្កល់នៅក្នុងរោងនោះដែលស្ថិតនៅពីខាងមុខប្រាសាទ ។
    ចំណែកតាការសិក្សាពីប្រវត្តិពិតរបស់ប្រាសាទនេះត្រូវបានកសាងដោយបុព្វបុរសខ្មែរនា សម័យអង្គរក្រោម រជ្ជកាលព្រះបាទជយវរ័្មនទី៧ ។ ប្រាសាទនេះគឺជាមណ្ឌលសាសនាមួយនា សម័យបុរាណ ជាពិសេសសម័យអង្គរ ។ ក៏ប៉ុន្តែតាមរយៈសំណង់នៃសំណង់ស្ថាបត្យកម្មនៅទីនោះ ជាទីសក្ការបូជាមួយតាំងពីសម័យអង្គរ គឺប្រហែល នៅសតវត្សរ៍ទី៧,៨នៃគ.ស ហើយប្រហែលជា ក្រោយមកសំណងនោះត្រូវបានខូចខាតទៅ ទើបនៅសម័យអង្គរ ព្រះមហាក្សត្រខ្មែរបានស្ថាបនា ជាសំណង់ប្រាសាទមួយថ្មីនៅទីនោះ តែមិនមែនសង់ពីលើគ្រឹះប្រាសាទចាស់ទេ គឺគ្រាន់តែសង់នៅលើបរិវេណនៃប្រាសាទពីមុន ។
    សព្វថ្ងៃនេះ អ្វីដែលនៅសល់គឺតួប្រាង្គប្រាសាទមួយធ្វើពីថ្មភក់សុទ្ធសាធ ។ ប្រាសាទនេះមាន ទ្វារចូលទាំងបួនទិស តែទ្វារខាងកើតជាច្រកសំខាន់ពោលគឺជាទិសសំខាន់របស់ខ្មែរ ។ នៅជាប់ពី ខាងលិចនៃតួប្រាង្គនេះ យើង ឃើញនៅមានសល់ទួលបុរាណពីរជាតួប្រាសាទឥដ្ឋ ដែលទទួលរង នូវការជីកកកាយយ៉ាងធ្ងន់ធ្ងរ ។ ក្រៅពីនេះ នៅមានសំណង់ផ្ទាំងថ្មជាមេទ្វារប្រាសាទ ផ្តែរទ្វារមាន ចម្លាក់នៅកប់ដី ទម្រលិង្គ ចំណែកជើង ប្រអប់ជើង និង ដងខ្លួនព្រះពុទ្ធថ្មកំពូលប្រាសាទដែលធ្លាក់ មកដី ទម្លាក់បិដមា ក្បាច់ស្លឹករកា និងអំបែងកុលាលភាជន៍ជាដើម ។ល។
    នៅជុំវិញប្រាសាទយាយហម ក៏មានជាប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែងដូចជា ស្រះទឹក , ត្រពាំង ទឹក , ទន្លេអុំ និងអូរ ។ ក្រៅពីនេះនៅខាងក្រៅកំពែងប្រាសាទមានទួលជុំវិញដែលយើងប្រទះឃើញ មានអំបែងកុលាលភាជន៍ជាច្រើនដូចជា ក្អមគម្របពួចជាដើម ។ ដូចនេះ តាមរយៈសំណល់អំបែង កុលាលភាជន៍នេះអាចបញ្ជាក់បានថា ទីតាំងប្រាសាទ យាយហមប្រាកដជាមានសហគមន៍មនុស្ស រស់នៅក្បែរប្រាសាទ និងយកប្រាសាទជាទីសក្ការបូជា ។
    លោកសាស្រ្តាចារ្យ និងជាប្រធានការិយាល័យរុករកអង្កេតរូបនេះបានមានប្រវត្តិសាស្រ្តបន្ត ថា បើពិនិត្យពី ស្ថានភាពប្រាសាទនាពេលសព្វថ្ងៃ ប្រាសាទយាយហម មានការខូចខាតទ្រុឌទ្រោម យ៉ាងខ្លាំង ដោយសារថ្ម កំពូលប្រាសាទរលំបាក់ស្ទើរតែទាំងស្រុង ហើយថ្មបាក់ចូលតួខាងក្នុងប្រា សាទពេញដែលមិនអាចឲយើងចូល ទៅខាងក្នុងបានទេ។មួយចំណែកទៀតតាមព័ត៌មានពីអ្នក ស្រុកខ្លះបានប្រាប់ឲដឹងថា ថ្មកំពែងប្រាសាទត្រូវបានអ្នក ស្រុកជីកគាស់យកទៅធ្វើស្ពាននៅក្នុងភូមិ ស្រុករបស់ពួកគាត់ ។ នេះដោយសារគាត់មិនបានយល់ពីតម្លៃ ប្រវត្តិសាស្រ្តរបស់ប្រាសាទពោល គាត់យល់តែមួយផ្នែកតូចគឺធ្វើបែបនេះវាផ្តល់ផលប្រយោជន៍សម្រាប់អ្នកស្រុកគាត់ ។
    លើសពីនេះទៀត អ្វីដែលគួរឲសោកស្តាយគឺយើងឃើញមានផ្តែរទ្វារប្រាសាទមួយដែលមាន ឆ្លាក់ក្បូរក្បាច់យ៉ាងល្អ ក៏ត្រូវបានយកទៅធ្វើជាស្ពានដែរ ។

    គួរបញ្ជាក់ផងដែរថា ដោយយល់ឃើញពីតម្លៃនៃប្រាសាទនេះ ក្រុមអ្នកស្រាវជ្រាវនិងក្រុម និស្សិតបុរាណវិទ្យា លើកជាសំណើដោយសំណូមពរ និងអំពាវដល់គ្រប់ស្ថាប័នពាក់ព័ទ្ធទាំងឡាយ ជាពិសេសប្រជាពលរដ្ឋនៅតំបន់នោះ មេត្តាជួយថែរក្សានិងការពារបេតិភណ្ឌប្រាសាទដ៏ចំណាស់ នេះឲបានគង់វង្សរហូតផង ។

No comments:

Post a Comment