បែរមុខទៅទិសខាងកើត ប្រាសាទស៊ីខរភូមិធ្វើអំពីឥដ្ឋ ស្ថិតក្នុងរចនាបថបាពួន ដោយមានប្រាង្គ ៥ ស្ថិតនៅលើខឿនមួយ ដែលជាដីលើក ។ ខឿននេះមានថ្ម ក្រាលពីលើមានរាង ៤ ជ្រុងស្មើ ដោយជ្រុងនីមួយៗមានប្រវែងប្រមាណជា ២៤ ម៉ែត្រ ។ សូមជម្រាបផងដែរថា ជណ្តើរឡើងទៅកាន់ខឿនប្រាសាទនេះ បែរមុខទៅទិសខាងកើត ឆៀងខាងលិច ។
ចាស់ៗពីបុរាណបានប្រាប់តៗគ្នាថា ប្រាសាទនេះមានបារមីព្រាយក្បាល ៨ កាន់ ។ ហេតុនេះនៅមុនឆ្នាំ ១៩២៩-១៩៣០ ស្រុកភូមិជួបគ្រោះភ័យម្តងៗ គេរមែងតែយកក្របីមកថ្វាយព្រាយដៃ ៨ នៅទីនោះ ។ ប៉ុន្តែការប្រតិបត្តិបែបនេះ ត្រូវបាត់បង់ទៅហើយ ។ ចាស់ៗនៅក្នុងភូមិរងាង ក្បែរប្រាសាទនេះ បានឲ្យដឹងទៀតថា ទីតាំងប្រាសាទនេះ ពីដើមមានប្ញទ្ធិអំណាចខ្លាំងពូកែណាស់ ព្រោះគេធ្លាប់សម្លាប់ស្ត្រីទីនោះ ដោយវះពោះ ដើម្បីយកកូនក្នុងគភ៌ ទៅអាំងធ្វើកូនក្រក ។
បើពិចារណាមើលឲ្យសព្វគ្រប់ទៅ យើងឃើញថា ការដែលពោលដូច្នេះ មិនមែនជារឿងភូតកុហកឡើយ ។ សេចក្តីពន្យល់ខាងលើនេះ យើងគួរដឹងយកចិត្តទុកដាក់ ដោយចាត់ទុកថា ប្រកបដោយសច្ចភាព ព្រោះប្រពៃណីជឿលើកូនក្រក មិនមែនមានតែនៅទីនេះទេ ក៏ប៉ុន្តែនៅប្រទេសខ្មែរក៏មានដូចគ្នាដែរ ។
មួយទៀតកាលពីឆ្នាំ ១៩៧៦ នៅពេលដែលយើងបានចុះពិនិត្យ ប្រាសាទស៊ីខរភូមិ យើងក៏បានឃើញមានបង្គោលថ្មឆ្មាមួយយ៉ាងធំ នៅក្បែរចំហៀងប្រាង្គប្រាសាទកណ្តាល ។ តាមទំនង គឺនៅទីនេះហើយ ដែលដូនតារបស់អ្នកស្រុកភូមិ បានយកក្របីមកបូជា ។ ហេតុនេះហើយបានជាពួកគេ យល់ស្របតាមមតិរបស់យើង ហើយនៅតែជឿតាមគ្នា នេះគឺជាថ្មដូនតាចាស់ស្រុក ។ សូមបញ្ជាក់ថា រហូតដល់សព្វថ្ងៃគេនៅតែពោលអះអាងថា ថ្មដូនតានេះតែងតែផ្តល់នូវសេចក្តីសុខសប្បាយដល់ពួកគេ ។ ម្យ៉ាងទៀតដោយហេតុថា ពួកគេតែងតែបាន ទទួលនូវសេចក្តីសុខសប្បាយមិនដាច់ ពួកគេរមែងតែបន់ស្រន់ ថ្មពិសិដ្ឋខាងលើនេះជាប្រចាំ ។
វត្តមានរបស់ក្បាច់ខ្មែរមួយ នៅលើក្លោងទ្វារនៃប្រាង្គកណ្តាល តំណាងឲ្យការរាំរបស់ព្រះឥសូរ គឺជាសញ្ញាបញ្ជាក់ឲ្យយើងដឹងថា ប្រាសាទស៊ីខរភូមិ ពិតជាត្រូវបានស្ថាបនាឡើង ដើម្បីឧទ្ទិសចំពោះព្រះឥសូរ ឬស្រីខេស្វរៈ ដូចករណីនៃប្រាសាទព្រះវិហារដែរ ដែលអាទិទេពនៃភ្នំ ដ៏មានមហិទ្ធិឫទ្ធិក្រៃលែង ក្នុងក្រសែភ្នែក របស់ខ្មែរនាសម័យបុរាណ ៕ (ម.ត្រាណេ)
No comments:
Post a Comment