ដោយ មណ្ឌល កែវ
2011-03-30
វិទ្យុអាស៊ីសេរី
ការកាប់ព្រៃលិចទឹកនៅតែកើតមាននៅឡើយ ក្នុងខេត្តពោធិ៍សាត់ រហូតមកដល់ពេលនេះបើទោះបីជាប្រមុខរាជរដ្ឋាភិបាលបានចេញបញ្ជា យ៉ាងតឹងរ៉ឹងមិនឲ្យធ្វើការកាប់ព្រៃលិចទឹកទៀតក្ដី។
ព្រៃលិចទឹកក្នុងតំបន់៣ ជិត២០០ហិកតារ កំពុងរងការកាប់ទន្ទ្រានដើម្បីវាតយកដីធ្វើស្រែ នៅឯឃុំកញ្ជរ ស្រុក កណ្ដៀង ខេត្តពោធិ៍សាត់។
មន្ត្រីសម្របសម្រួលនៃសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ជាភាសាអង់គ្លេសថា FACT (Fisheries Action Coalition Team) អ្នកស្រី នូ សារឹម បានឲ្យដឹងថា ការកាប់ទន្ទ្រានព្រៃលិចទឹកនេះ ធ្វើឡើងដោយក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកញ្ជរភាគច្រើន និងមួយចំនួនទៀតមកពីឃុំកំពង់ពោធិ៍។ ពួកគាត់កាប់ព្រៃដើម្បីវាតយកដីធ្វើស្រែប្រាំង ដោយពុំរវល់ពីផលប៉ះពាល់នៃការកាប់ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននេះឡើយ ៖ «យើងឃើញពួកគេកំពុងតែកាប់ និងដុតព្រៃ។ យើងទៅដល់ហ្នឹងឃើញមានកន្លែងខ្លះកំពុងឆេះ និងកន្លែងខ្លះទៀតបានកាប់ហើយថ្មីៗ ប្រហែល ២ឬ៣ថ្ងៃអីហ្នឹង…»។
គួរបញ្ជាក់ថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវរកឃើញការកាប់ទន្ទ្រានព្រៃលិចទឹក យកដីធ្វើស្រែនេះរួចហើយ នៅថ្ងៃទី២៩ មីនា អង្គការហ៊្វែក សហការជាមួយសហគមន៍នេសាទឃុំកំពង់ពោធិ៍ បានធ្វើការអញ្ជើញអាជ្ញាធរដែនដីឃុំ ស្រុក និងផ្នែកជំនាញនានា ឲ្យចូលរួមចុះទៅត្រួតពិនិត្យ ដើម្បីរិះរកវិធានការបង្ក្រាប។
មេឃុំកញ្ជរ គឺលោក ខៀវ ណូន មានប្រសាសន៍ថា ដោយតំបន់នេះជាតំបន់ដាច់ស្រយាល អាជ្ញាធរមិនសូវបានចុះទៅត្រួតពិនិត្យជាប្រចាំ ទើបមានការកាប់ទន្ទ្រានព្រៃលិចទឹក វាតយកដីធ្វើស្រែពីសំណាក់ប្រជាពលរដ្ឋដូច្នេះ។ យ៉ាងនេះក្ដី លោកមេឃុំបានសន្យាថានឹងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងការទប់ស្កាត់សកម្មភាពកាប់រានព្រៃលិចទឹកនេះ មិនឲ្យមានបន្ត។ ព្រមទាំងសុំគោលការណ៍ពីថ្នាក់ខេត្ត ដើម្បីធ្វើការដកហូតដីដែលបានកាប់រួចហើយនោះ មកគ្រប់គ្រងជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ ៖ «ខ្ញុំបានពិភាក្សា ជាមួយជំនាញជលផល និងជំនាញពាក់ព័ន្ធទៅរកឃើញមុខសញ្ញាបងប្អូនដែលកាប់ព្រៃនោះរួច ហើយ។ ដូច្នេះការទប់ស្កាត់ពិតជាបានជោគជ័យ។ យើងមិនបណ្ដោយឲ្យមានការកាប់ទន្ទ្រានដើម្បីយកដីធ្វើជាកម្មសិទ្ធិ បានទៀតទេ ហើយយើងនឹងរក្សាទុកដីទាំងនោះឲ្យដុះព្រៃឡើងវិញ ទុកធ្វើជាសម្បត្តិរួមទាំងអស់គ្នា…»។
ប្រធានសហគមន៍នេសាទឃុំកំពង់ពោធិ៍ ដែលមានភារកិច្ចថែទាំ និងអភិរក្សព្រៃលិចទឹកនៅតំបន់រងការកាប់ទន្ទ្រាននេះគឺលោក អូត ឡុង មានប្រសាសន៍ថា សកម្មភាពកាប់រានព្រៃលិចដើម្បីធ្វើស្រែនេះបានធ្វើឡើងក្នុង ទ្រង់ទ្រាយធំ ដោយមានការប្រើគ្រឿងចក្រដើម្បីភ្ជួររាស់។ លោកថា ការដកហូត ឬការបង្ក្រាបមានប្រសិទ្ធភាពបានលុះត្រាតែអាជ្ញាធរដែនដី និងជំនាញគ្រប់លំដាប់ថ្នាក់មានឆន្ទៈសហការជាមួយសហគមន៍ ៖
«រឿងប្រជាពលរដ្ឋហ្នឹងពិបាកបន្តិច បើថាចង់បានដីហ្នឹងគងវង់ស្ថិតស្ថេរទាល់តែអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ជួយការពារជាមួយសហគមន៍…»។
ឯកសារក្រសួងបរិស្ថានបានបង្ហាញថា ព្រៃលិចទឹកខេត្តពោធិ៍សាត់មានទីតាំងភូមិសាស្ត្រស្ថិតក្នុងស្រុក ក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ដែលមានទំហំប្រមាណ ៥០.៣៨៥ហិកតារ។ តំបន់នេះមានប្រជាពលរដ្ឋរស់នៅចំនួន ២.៧៨៩គ្រួសារ និងគិតជាចំនួនមនុស្ស ១៥.៣០២នាក់៕
No comments:
Post a Comment