Monday, April 11, 2011

ប្រាសាទបន្ទាយគុកខូចខាតអស់



ប្រាសាទបុរាណមួយដែលត្រូវរងនូវ ការខូចខាតទ្រុឌទ្រោមស្ទើរតែទាំងស្រុង ដោយសារសង្គ្រាម និង ពួកឈ្មួញ ទមិឡឥត សាសនាគាស់ទន្ទ្រានរុករក វត្ថុបុរាណឥតឈប់ឈរនោះ ធ្វើឱ្យ ប្រាង្គប្រាសាទស្ទើរទាំងស្រុងរងនូវការដួលរលំ ជាពិសេសទៅ ទៀតនោះ ក្បាច់រចនានានាដែលបុព្វបុរសដូនតាខ្មែរយើងបាន បន្សល់ទុកជាកេរដំណែលសម្រាប់គោរពបូជា និង ជាការឧទ្ទិស ដល់ដួងវិញ្ញាណក្ខន្ធនៃបុព្វបុរស ដូនតាខ្មែរត្រូវរលាយបាត់អស់ ។

អ្វីៗដែលគួរឱ្យសោកស្តាយនោះ ព្រលឹងដូនតាបានត្រូវ ជនអន្ធពាលល្មោភនឹងប្រាក់បាន ជីកកកាយធ្វើឱ្យបាក់ប្រាសាទ ព្រមទាំងដាប់យក រូបចម្លាក់ផ្សេងៗដែលជាស្ថាបត្យកម្មដ៏ប្រណីត ពុំអាចកាត់ថ្លៃបាននោះ បែរជាត្រូវ បំផ្លាញដោយស្នាដៃក្រុមឈ្មួញទុច្ចរិតទៅវិញ ។ ទាំងនេះក៏សបញ្ជាក់ឱ្យឃើញ ថា ដោយសារតែប្រទេសកម្ពុជាយើងជួបនូវវិបត្តិ សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ទើប បណ្តាលឱ្យប្រាសាទមួយនេះក៏ដូចជាប្រាសាទមួយចំនួនទៀតជួបនូវគ្រោះមហន្ត-រាយ និង ជាឱកាសសម្រាប់ពួកស្រឡាញ់ទឹកប្រាក់ គុបគិតជាមួយប្រទេសជិត ខាងជ្រុលនិយមដែលជាឈ្មួញ ក្នុងគោលបំណងបំផ្លាញឱ្យអស់រាល់ប្រាង្គប្រាសាទ  វត្ថុមានតម្លៃ សិលាចារឹក ដែលជាព័ស្តុតាងសម្រាប់កូន ខ្មែរជំនាន់ក្រោយមិនឱ្យ ស្គាល់អំពីវប្បធម៌ អរិយធម៌ដ៏ត្រចះត្រចង់នៃសម័យកាល ដ៏យូរលង់របស់បុព្វបុរស ដូនតាខ្មែរសម័យមុន ។

បើតាមការឱ្យដឹងរបស់មន្ត្រីវប្បធម៌ខេត្តបន្ទាយមាន ជ័យបានឱ្យដឹងថា ប្រាសាទបន្ទាយគុក ឬ ប្រាសាទគុកនេះ គឺកសាងឡើងអំពីថ្មបាយក្រៀម និង ថ្មភក់ ជារចនាបថសម្បូណ៌ព្រៃគុហ៍ ហើយប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិស ដល់ទេវរូប និង ដួងវិញ្ញាណព្រះមហាក្សត្រដែលជាស្តេចបានធ្វើចម្បាំងឈ្នះអស់ សត្រូវមារទាំងពួង ។ ប្រាសាទបន្ទាយគុកនេះមានទីតាំងស្ថិតនៅភូមិចម្ការគ ឃុំ ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានចម្ងាយពីព្រំប្រទល់ប្រទេស សៀម ២ គីឡូម៉ែត្រ មានចម្ងាយពីទីរួមខេត្តបន្ទាយមាន ជ័យប្រមាណជា ៤៥ គីឡូម៉ែត្រ ពោលគឺយើងធ្វើដំណើរកាត់តាមផ្លូវជាតិលេខ ៦៩ A ឆ្ពោះទៅទីរួមស្រុកស្វាយចេក បន្ទាប់មកទៀតយើងធ្វើដំណើរ បន្តកាត់ភូមិចម្ការគពេលនោះយើងនឹងបានឃើញ ប្រាសាទមួយដែលកំពុងលាក់ខ្លួនពួនអាត្មានៅជ្រក ក្រោមកណ្តាលទ្រូងព្រៃគួរឱ្យ អាណិតអាសូរយ៉ាងពន់ពេក ព្រោះប្រាសាទនេះនៅដាច់ស្រយាលពីទីប្រជុំជន ធ្វើឱ្យក្រុមទមិឡមានឱកាសជីកកកាយរុករកវត្ថុបុរាណមានតម្លៃផ្សេងៗនៅក្នុងតួ ប្រាសាទគ្មានសេសសល់ ។

តាំងពីឆ្នាំ ២០០២ ប្រជាពលរដ្ឋខ្មែរយើងបានទៅសង់លំនៅស្ថាននៅក្បែរ ប្រាសាទ ព្រមទាំងបានកាប់ឆ្ការព្រៃវល្លិដែលរុំព័ទ្ធជុំវិញប្រាសាទ ក៏បានប្រទះឃើញ ខ្នោះជើងបុរាណដែលបុព្វដូនតាយើងបានបន្សល់ទុកក្នុងបាតប្រាសាទ ទើបអ្នក ស្រុកនៅក្បែរប្រាសាទនេះដាក់នាមឱ្យប្រាសាទនេះថាជា“ប្រាសាទបន្ទាយគុក” ឬ “ប្រាសាទគុក”តមកដល់សព្វថ្ងៃនេះ ។

លោក អុំ សារួន អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបន្ទាយមាន ជ័យបានប្រាប់អ្នកយកព័ត៌មានថា ប្រាសាទបន្ទាយគុក ឬ ប្រាសាទគុក កសាងឡើងនារជ្ជកាលព្រះបាទជយវរ្ម័នទី ៧ ដើមឆ្នាំ ១១៨១ នៃគ.ស. ដែលធ្វើ អំពីថ្មបាយក្រៀម មានទំហំ ៧០០ x ៣០០ ម៉ែត្រ ប៉ុន្តែសព្វថ្ងៃនេះដួលរលំស្ទើរ ទាំងស្រុង ព្រោះប្រាសាទនេះនៅឆ្ងាយពីទីប្រជុំជន ជាពិសេសទៅទៀតនោះ ជាអតីតសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋកម្ពុជា និង ពួកទ័ពព្រៃខ្មែរក្រហម ។

លោកអនុប្រធានមន្ទីរបានឱ្យដឹងទៀតថា ចំពោះឈ្មោះប្រាសាទបន្ទាយគុក នេះ គឺខ្ញុំសន្មតតាមប្រជាពលរដ្ឋហៅតែប៉ុណ្ណោះ “ចំពោះឈ្មោះដើមនៅពុំទាន់ ស្រាវជ្រាវរកឈ្មោះប្រាសាទនេះឃើញនៅឡើយទេ” ។ លើសពីនេះទៅទៀត នោះ លោកអនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈបានបន្ថែមទៀតថា នៅ ខេត្តបន្ទាយមានជ័យថ្វីដ្បិតជាខេត្តមានព្រំប្រទល់ជាប់ នឹងប្រទេសសៀមក៏ពិតមែន ប៉ុន្តែសក្តានុពលផ្នែក វិស័យទេសចរណ៍របស់ប្រាសាទគុកនេះមានការទាក់ ទាញភ្ញៀវទេសចរនៅក្នុងខេត្តនេះបានច្រើនគ្រាន់បើដែរ មិនចាញ់ប្រាសាទផ្សេងៗឡើយ ៕   

No comments:

Post a Comment